ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជាចាត់វិធានការចូលរួមបង្ការការចម្លងជំងឺរាតត្បាតកូវីដ ១៩ (COVID-19)»
47
892

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីចូលរួមចាត់វិធានការបង្ការការពារការចម្លងជំងឺរាតត្បាតកូវីដ-១៩ (COVID-19) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំដាក់ប៉ុស្តិ៍ត្រួតពិនិត្យវាស់ស្ទង់កម្តៅក្នុងខ្លួន និងប្រើប្រាស់ទឹក​អាល់កុល​លាង​សម្អាតដៃដល់ថ្នាក់ដឹកនាំ មន្ត្រី សិស្ស និសិ្សត និងសាធារណជនទាំងអស់ដែលចេញ-ចូលបរិវេណ រាជបណ្ឌិត្យសភាកម្ពុជា​ជាចាំបាច់។

តាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីម្សិលមិញ រាជបណ្ឌិត្យសភាកម្ពុជា បានកំពុងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលមេរោគជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន ក្រសួងសុខាភិបាល បានកំពុងបំពេញភារកិច្ចយ៉ាង​ដុត​ដៃដុតជើង ដើម្បីតាមដាន សង្កេតពីប្រភពជំងឺដែលកំពុងតែលាក់ខ្លួន និងអាចបង្កការចម្លងទៅប្រជាជនផ្សេងៗទៀត។ តាម​ការបញ្ជាក់ពីអ្នកបច្ចេកទេសផ្នែកជំងឺឆ្លងបានបញ្ជាក់ហើយថា អ្នកដែលបានឆ្លងមេរោគកូរ៉ូណាចូលខ្លួន អាចមិនទាន់ចេញរោគសញ្ញា ហើយកំលុងពេលនេះ ក៏អាចចម្លងទៅអ្នកដែលនៅក្បែរខាងបានដែរ។ ហេតុដូចនេះ អ្នកគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារខ្លួន ប្រឆាំងនឹងការចម្លងជំងឺតាមគ្រប់រូបភាព។

ជាក់ស្ដែង ចាប់ពីថ្ងៃនេះតទៅ រាល់ការចេញចូលមករាជបណ្ឌិត្យសភាកម្ពុជា សមត្ថកិច្ចនគរបាលការពារប្រចាំនៅរាជបណ្ឌិត្យសភាកម្ពុជា នឹងវាស់​ស្ទង់កម្តៅក្នុងខ្លួន និងប្រើប្រាស់ទឹកអាល់កុលលាងសម្អាតដៃ ដើម្បីចូលរួមបង្កានិងទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ (COVID-19)។

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ មន្ត្រី សិស្ស និសិ្សត និងសាធារណជនទាំងអស់ ចូលរួមសហការ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ (COVID-19) ទាំងអស់គ្នា៕


សេចក្តីប្រកាស