ព័ត៌មាន

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ មន្ត្រីរាជការដែលប្រឡងជាប់ថ្មី ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្តវេនជាអ្នកធានានូវសុចរិត តម្លាភាព និងយុត្តិធម៌
54
884

(រាជបណ្ឌិត្យសភាកម្ពុជា)៖ កាលពីព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចាប់ផ្ដើមពីម៉ោង ៩:០០ នាទីព្រឹកនៅ​សាល​ប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់អនុសាសន៍និងណែនាំការប្រកាន់ឥរិយាបថក្នុងការបំពេញការងារ ដល់មន្ត្រីរាជការទាំង១៧រូប ដែលទើបប្រឡងជាប់នាពេលថ្មីៗកន្លងមក​នេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ដល់មន្ត្រីរាជការទាំង១៧រូបថា មន្ត្រីរាជការថ្មីដែលនឹងត្រូវចូលបំពេញការងារនាពេលខាងមុខនេះ ត្រូវប្រកាន់យកនូវឥរិយាបថភាតរភាពរវាងគ្នា ចេះផ្ដល់និងចែករំលែកព័ត៌មានដល់គ្នា និងបើកចំហបេះដូងចំពោះគ្នាទៅវិញទៅមកក្នុងនាមជាបញ្ញវន្តនិងជាមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ។ បន្ថែមពីនេះ មន្ត្រីថ្មីទាំង១៧រូបត្រូវមកបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវតាមការចាត់តាំង នៅតាមអង្គភាពដែលថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា សូមឱ្យមន្ត្រីថ្មីទាំងអស់ ដែលទទួលឱកាសក្លាយជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការប្រឡងប្រជែងជ្រើសរើសប្រកបដោយតម្លាភាពនិងយុត្តិធម៌នេះត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្ត​វេន ជាអ្នកធានានូវសុចរិត តម្លាភាព និងយុត្តិធម៌។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា «ប្អូនៗដែលទទួលបានឱកាសក្លាយជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការប្រឡងប្រជែងជ្រើសរើសប្រកបដោយតម្លាភាពនិងយុត្តិធម៌នេះ ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្តវេន គឺត្រូវធ្វើចរិតឱ្យដូចដែលខ្ញុំបានធ្វើចំពោះប្អូន ដោយនៅពេលខ្លួនឯងក្លាយជាមេដឹកនាំ ត្រូវជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាពនិងយុត្តិធម៌។ សូមប្អូនចងចាំ!»។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការចំនួន១៧នាក់ លើឯកទេសចំនួន ១១។ ការប្រឡងជ្រើសរើសនេះ ត្រូវបានធ្វើឡើងជា២ដំណាក់កាល ដោយដំណាក់កាលទីមួយជា ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំណែកដំណាក់កាលទីពីរ ដែលជាការប្រឡងវិញ្ញាសាផ្ទាល់មាត់ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលទ្ធផលនៃការប្រឡងត្រូវបានប្រកាសនៅល្ងាចថ្ងៃដដែល៕

RAC Media | លឹម សុវណ្ណរិទ្ធ


សេចក្តីប្រកាស