ព័ត៌មាន

«សង្គមខ្មែរបច្ចុប្បន្នបានផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត»
34
874

(លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ)

ឯកឧត្តមបណ្ឌិត យង់ ពៅ ក្នុងឱកាសប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ព្រឹកមិញនេះ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែគាំទ្រសមាសភាពស្ត្រីដែលមានសមត្ថភាព សីលធម៌នៅក្នុងតំណែងគ្រប់គ្រងដឹកនាំ។

ជាមួយនេះដែរ លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ និងជាប្រធានគណៈកម្មការការពារផលប្រយោជន៍ស្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នេះ រាជបណ្ឌិត្យសភាកម្ពុជាមានមន្ដ្រីនិងបុគ្គលិកនារី ចំនួន៦១នាក់ ដែលមានសមាមាត្រប្រហាក់ប្រហែលនឹង២៣,៧៣% នៃមន្ដ្រីរាជការសរុបរបស់រាជបណ្ឌិត្យសភាកម្ពុជា។

លោកស្រី កែវ ខេមរ៉ា បានមានប្រសាសន៍ថា នារីនៅរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូប មានសមត្ថភាព សកម្មការងារ និងបានដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងសកម្មភាពដឹកនាំមួយចំនួននៅផងដែរ ដែលក្នុងនោះស្ត្រីជាច្រើនរូបកំពុងបំពេញតួនាទីក្នុងជួរអ្នកដឹកនាំ និងបំពេញតួនាទីភារកិច្ចគ្រប់គ្រងអង្គភាពចំណុះមួយចំនួននៃរាជបណ្ឌិត្យសភាកម្ពុជា។ កន្លងមក លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ក៏ធ្លាប់មានតួនាទីជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅអណត្តិទី២ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ផងដែរ។ ដូច្នេះ នារី មានសមត្ថភាពបំពេញភារកិច្ច និង ធ្វើកិច្ចការស្មើមុខស្មើមាត់ជាមួយបុស ឱ្យស័ក្ដិសមនឹងបរិបទនៃការលើកកម្ពស់សមភាពយេនឌ័រ របស់ព្រះរាជាណាចក្រកម្ពុជា៕

RAC Media | រឿន ភារុន

សេចក្តីប្រកាស