ព័ត៌មាន

«ផលប៉ះពាល់នៃមេរោគកូរ៉ូណាមកលើវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ពិភពលោក» ដោយបណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
127
834

(រូបភាពពី METRO News)

ការកើតឡើង និងការរីករាលដាលនៃមេរោគកូរ៉ូណា តាំងពីចុងឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន កំពុងតែបង្កើតឱ្យមានបញ្ហាជាច្រើនដល់ពិភពលោក ទាំងសុខភាពសាកល ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមផលប៉ះពាល់ទាំងអស់ យើងសង្កេតឃើញថា មានការប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចពិភពលោក ជាពិសេស ប្រទេសចិនខ្លួនឯងដែលជាប្រភពនៃការកើតមានមេរោគនេះ។ តើផលប៉ះពាល់នេះមានស្ថានភាពបែបណា? តើប្រទេសដែលមានផលប៉ះពាល់ទាំងនោះ មានវិធានការបែបណាខ្លះដើម្បីទប់ទល់នឹងសភាពការណ៍នេះ?

បើ​យោងតាមអង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា ការកើតមាននូវមេរោគកូរ៉ូណា គឺជា «ភាពអាសន្នសុខភាពពិភពលោក» ដែលជាបញ្ហាគ្រោះថ្នាក់ដំបូងបង្អស់នៃយុគសម័យថ្មីក្នុងដើមឆ្នាំ២០២០នេះ។ ផលប៉ះពាល់មេរោគនេះ កំពុងតែរីករាលដាលពាសពេញពិភពលោកទាំងក្នុងទិដ្ឋភាពទីផ្សារពិភពលោក ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយផងដែរ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃចិន ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា មានចំនួនមនុស្សស្លាប់ដោយសារមេរោគនេះបានកើនឡើងដល់ ជាងមួយពាន់នាក់ អ្នកឆ្លងមេរោគនេះមានជាងបួនម៉ឺននាក់ ក្នុងប្រទេសជិត៣០។ អង្គការសុខភាពពិភពលោកបានដាក់ឈ្មោះវីរុសផ្លូវដង្ហើមកូរ៉ូណានេះទៅជា ខូវីដ-១៩ (COVID-19) វិញ និងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាលក្ខណៈសាកល។

ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក អាចនឹងរីកធំឡើងៗដែលមិនទាន់ប៉ាន់ស្មានបានពិតប្រាកដឡើយ ពិសេស វាកើតឡើងស្របពេលដែលសេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ ខណៈពេលដែលក្រុមហ៊ុនអាម៉េរិកមួយចំនួននិងបណ្តាប្រទេសផ្សេងទៀតកំពុងផ្លាស់ប្តូរខ្សែផ្គត់ផ្គង់ពីប្រទេសចិនទៅកន្លែងផ្សេងទៀតដោយសារពន្ធថ្មី និងភាពតានតឹងខាងពាណិជ្ជកម្ម។ វីរុសនេះក៏បានដើរតួជាអង្គរំខានមួយផ្សេងទៀតសម្រាប់ក្រុមហ៊ុនដើម្បីធ្វើពិពិធកម្មខ្សែផ្គត់ផ្គង់របស់ពួកគេឱ្យកាន់តែឆាប់រហ័ស។ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងសហរដ្ឋអាម៉េរិកនិងចិន ការឆ្លងមេរោគនេះ ក៏ធ្វើឱ្យអន្តរាយដល់សុទិដ្ឋិនិយមពាណិជ្ជកម្មទ្វេភាគី ដែលបានជះឥទ្ធិពលដល់ទីផ្សារផងដែរ ពោលបានផ្លាស់ប្តូរ និងបានបង្កើនអត្រានៃការធ្លាក់ចុះនៃទីផ្សារពិភពលោកក្នុងឆ្នាំ ២០២០។ ធនាគារពិភពលោកនឹងកែប្រែឡើងវិញ នូវការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនថា នឹងធ្លាក់ចុះដោយសារការផ្ទុះឡើងនៃមេរោគ និងជំងឺ ខូវីដ-១៩ថ្មី ដោយសារតែបណ្តាញផ្គត់ផ្គង់សាកល។ ទំនិញចិនជាច្រើនបានចេញទៅកាន់ពិភពលោក តាមរយៈយន្តហោះដែលដឹកអ្នកដំណើរនិងទំនិញ ហើយក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោកបានផ្អាកការហោះហើរទៅកាន់និងពីប្រទេសចិន ចំណែកឯប្រទេសជិតខាងមួយចំនួនរបស់ចិនក៏បានបិទព្រំដែនរបស់ខ្លួន។ ទស្សនវិស័យសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងដល់ ២,៥% នៅឆ្នាំនេះបើធៀបនឹង២,៤%កាលពីឆ្នាំ២០១៩។

ប្រសិនបើវិបត្តិនេះនឹងអូសបន្លាយរយៈពេលមួយខែឬច្រើនខែទៅមុខទៀត នោះសេដ្ឋកិច្ចចិនអាចនឹង ធ្លាក់ចុះពី ២% ភាគរយនៃកំណើនដល់ ៤% ឬទាបជាងនេះ។ គួររំលឹកដែរថា ផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកមានច្រើនគួរឱ្យកត់សម្គាល់ជាងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកាលពីឆ្នាំ២០០៣ ដែលត្រូវបានគេប៉ាន់ស្មានថា បានបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចពិភពលោកចំនួន៤០ពាន់លានដុល្លារ និងកើនឡើង០,១% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ជាមួយនេះដែរ រដ្ឋាភិបាលចិនបានបញ្ចេញប្រាក់ជាង៥០ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចចិនឡើងវិញ ប៉ុន្តែមិនបានកំណត់ថា លើវិស័យណាជាអាទិភាពទេ។

ការឆ្លងមេរោគខូវីដ១៩ថ្មីនេះ ក៏បានប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍ពិភពលោកផងដែរ ពោលគឺមានចំនួន ១០,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) និង១០% នៃនិកម្មភាពសាកលលោក។ ដូច្នេះ ស្ថានភាពនេះអាចដើរផ្ទុយនឹងការព្យាកររបស់អង្គការទេសចរណ៍អង្គការសហប្រជាជាតិ (UNWTO) ដែលបានព្យាករតាំងពីឆ្នាំ២០១៩ ថាទេសចរណ៍ពិភពលោកនឹងកើនឡើងពី ៣-៤% ក្នុងឆ្នាំ២០២០។ ចំណែកទីផ្សារទេសចរណ៍ចិនដែលមានភាពទាក់ទាញខ្លាំងសម្រាប់ពិភពលោក តួយ៉ាងទេសចរចិនប្រមាណ ១៦៣លាននាក់ ក្នុងឆ្នាំ២០១៨ មានចំនួនជិត ១ ភាគ ៣ នៃការលក់រាយនូវកញ្ចប់នៃការធ្វើដំណើរទូទាំងពិភពលោក ត្រូវបានកាត់បន្ថយយ៉ាងច្រើនសន្ធឹកសន្ធាប់។ គួររំលឹកថា ប្រទេសថៃទទួលទេសចរចិនប្រមាណ១០លាននាក់ក្នុងរយៈពេល២ទៅ៣ឆ្នាំជាប់ៗគ្នានេះ ប្រទេសវៀតណាមទទួលទេសចរចិនចំនួនប្រមាណ ៦លាននាក់ក្នុងមួយឆ្នាំៗ ដូចនេះ វត្តមាននៃមេរោគកូរ៉ូណាក្នុងដើមត្រីមាសឆ្នាំ២០២០ បានប៉ះពាល់ដល់វិស័យទេសចរណ៍ពិភពលោក ស្ទើរតែទាំងស្រុង។ ឧទាហរណ៍ប្រទេសថៃបានកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២០ របស់ខ្លួន ហើយត្រៀមការខាតបង់ប្រាក់ចំណូលដែលបានរំពឹងទុកប្រមាណ ១,៦ពាន់លានដុល្លារ ក្រោយមានវិធានការរឹតបន្តឹងការធ្វើដំណើរបន្តរយៈពេល ៣ ខែទៀត។

បើពិនិត្យមើលវិស័យទីផ្សារហិរញ្ញវត្ថុវិញ យើងសង្កេតឃើញថា មានវិបត្តិច្រើនហួសពីការរំពឹងគិត។ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះដំបូងនៅអាស៊ី ប៉ុន្តែ ទីផ្សារផ្សេងទៀតនៅអឺរ៉ុប និងអាម៉េរិកកំពុងមានដំណើរការល្អ មិនទាន់ជួបបញ្ហានៅឡើយ។ ក្នុងពេលនេះសន្ទស្សន៍ហង្សសេងបានបាត់បង់ប្រហែល ៦% ការខាតបង់គឺតិចតួចជាង ១% ការខាតបង់ត្រូវបានគេមើលឃើញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដូចជា រតនាគារសហរដ្ឋអាម៉េរិក ធ្លាក់ចុះក្រោម ១,៦%។ លើសពីនេះទៅទៀតប្រាក់ដុល្លារអាម៉េរិកនិងប្រាក់យ៉េនជប៉ុនបានកើនឡើង ខណៈរូបិយប័ណ្ណចិន និងតម្លៃប្រេងកាតកំពុងចុះខ្សោយ។

បើយើងប្រៀបធៀបបញ្ហាជំងឺសារដែលបានកើតឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០០២ យើងឃើញថា ពេលនោះមានអ្នកឆ្លងជំងឺសាររហូតចំនួន៨០៩៦នាក់ អ្នកស្លាប់ចំនួន ៧៧៤នាក់ ហើយជំងឺនោះបានរាលដាលដល់ប្រទេសចំនួន២៦។ រីឯមេរោគកូរ៉ូណាវិញ លេចរូបរាងដំបូងក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយអត្រាស្លាប់ មានចំនួនច្រើនជាង។ បញ្ហាជម្ងឺសារបានធ្វើឱ្យធ្លាក់ចុះទេសចរអន្តរជាតិចំនួន ៩,៤លាននាក់ គិតជាប្រាក់ប្រហែល ៣០ទៅ៥០ពាន់លានដុល្លារ ដែលកាលណោះ ប្រទេសចិនបានទទួលទេសចរបរទេសចំនួនតែ៣៨លាននាក់ ចំណែកទេសចរចិនខ្លួនឯងបានធ្វើដំណើរទៅក្រៅប្រទេសមានចំនួន១៧លាននាក់។ បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ប្រទេសចិនបានទទួលទេសចរអន្តរជាតិចំនួន ១៤២លាននាក់ ហើយទេសចរចិនទៅទស្សនាបរទេសចំនួន១៣៤លាននាក់ រីឯទេសចរក្នុងស្រុកមានចំនួន ៥,៥ពាន់លាននាក់។

ប្រទេសមួយចំនួននៅអាស៊ាន និងប្រទេសមួយចំនួនទៀតលើពិភពលោកបានផ្អាកជើងហោះហើរទៅកាន់ខេត្ត ហ៊ូប៉ី (Hubei) ប្រទេសចិន។ ហេតុការណ៍នេះបានធ្វើឱ្យក្រុមហ៊ុនបរទេស ក្រុមហ៊ុនចិនជាច្រើនទាំងនៅក្នុងប្រទេសចិន និងបរទេសជួបការលំបាក់ក្នុងដំណើរការផលិតកម្មរបស់ខ្លួន។ តាមការប៉ាន់ស្មានផល ប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសចិនពីជំងឺសារមានប្រហែល ១% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៣ ចំណែកឯផលប៉ះពាល់សេដ្ឋកិច្ចពីមេរោគកូរ៉ូណាមានរហូតដល់ ១,១% នៃកម្រិតព្យាករណ៍ចំនួន៥,៨%។

ដោយឡែកផលប៉ះពាល់លើសេដ្ឋកិច្ចកម្ពុជាវិញឃើញថា ដោយការវិនិយោគ និងពាណិជ្ជកម្មភាគច្រើនរបស់កម្ពុជា ពឹងផ្អែកទៅលើការវិនិយោគរបស់ជនជាតិចិន ដូច្នេះ ការផ្ទុះមេរោគកូរ៉ូណាថ្មីក៏បានធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ពិសេស វិនិយោគិនចិនតែម្តង។ ជារួម ចំនួនទេសចរ ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ និងអចលនទ្រព្យ នៅប្រទេសកម្ពុជា ជនជាតិចិនឈរ ក្នុងលំដាប់ថ្នាក់លេខ១ ដែលជាឆ្អឹង​ខ្នង​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ដូច្នេះ មេរោគកូរ៉ូណាថ្មីនេះ ពិតជាធ្វើ ឱ្យសេដ្ឋកិច្ចកម្ពុជាប្រឈមបញ្ហាធំជាងមុន​សម្រាប់ឆ្នាំ២០២០នេះ។ ជាមួយគ្នានេះដែរ យោងតាមស្ថិតិរបស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងឆ្នាំ​២០១៩ កន្លងទៅ ភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជា មាន ចំនួន ៦,៦លាន នាក់ ក្នុងនោះ ទេសចរជន​ជាតិ​ចិន​មានចំនួន ២,៣ លាន នាក់ ដែលចំនួននេះធ្វើឱ្យទេសចរជនជាតិចិនឈរក្នុងលំដាប់ថ្នាក់លេខ១ ពោលគឺស្មើនឹង​៣៥%នៃទេសចរសរុប ក្នុងចំណោម ១១០ សញ្ជាតិ។ ដូច្នេះ ការផ្ទុះមេរោគកូរ៉ូណា នឹងធ្វើឱ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាជួបបញ្ហាដោយសារភ្ញៀវទេសចរភាគច្រើនបានលុបចោលការធ្វើដំណើររបស់ខ្លួនមកកាន់កម្ពុជា។

ជារួម ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដែលកើតចេញពីវីរុសកូរ៉ូណា ដែលមានប្រភពពីប្រទេសចិននេះ មានលក្ខណៈធ្ងន់ធ្ងរជាងមេរោគផ្សេងៗ ដូចជា គ្រុនផ្តាសសាយបក្សី ជម្ងឺសារ និងហ្ស៊ីកា។ និយាយឱ្យចំទៅប្រទេសចិន ជាប្រទេសរងគ្រោះជាងគេ ហើយបានសាយភាយកាន់តែធំទៅលើពិភពលោក។ នេះឆ្លុះបញ្ជាំងឱ្យឃើញថា ភាពប្រទាក់គ្នានៃសេដ្ឋកិច្ច​ពិភពលោកមានទំនាក់ទំនងគ្នាខ្លាំងក្លា។ ម្យ៉ាងទៀត ក៏អាចនិយាយបានថា សេដ្ឋកិច្ចប្រទេសចិនបានចាក់​ស្រេះ​ពហុនិយម នៅក្នុងសេដ្ឋកិច្ចពិភពលោកលើគ្រប់វិស័យ។ យើងក៏អាចនិយាយបានទៀតថា ប្រសិនបើចិនមាន​វិបត្តិ​សេដ្ឋកិច្ច សេដ្ឋកិច្ចពិភពលោកក៏រងផលប៉ះពាល់ដែរ។ ប្រសិនបើបញ្ហាមេរោគនេះ នៅតែរាតត្បាតបន្ត នោះការប៉ាន់​ស្មានផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក ក៏មានភាពមិនច្បាស់លាស់ដែរ៕

សេចក្តីប្រកាស