ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការផលិតព័ត៌មានបែប​វិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ»
27
813

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវ​ជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានការយល់ដឹង និង​ទំនុកចិត្តព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់មួយរបស់ជាតិ។ នេះជាប្រ​សា​ស​​​ន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការផលិតព័ត៌​មានបែបវិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានរាជ​បណ្ឌិត្យ​សភា​កម្ពុជា (RAC Media) ថ្មី​តាម​រយៈ​សេចក្តីសម្រេច​លេខ​០០៥/២០ ស.ស.រ. ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គ​លេខាធិការ​​រាជ​​បណ្ឌិត្យ​​សភា​​កម្ពុជា​ ​បាន​លើក​ឡើង​ថា ក្រុម​ការងារ​ព័ត៌មាន​រាជបណ្ឌិត្យសភាកម្ពុជា​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​បែប​វិទ្យាសាស្រ្តពី​​រាជ​​បណ្ឌិត្យ​​សភា​​កម្ពុជា​​ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រួត​ជ្រាប​ពី​ការងារ​វិទ្យាសាស្ត្រ​ឱ្យ​កាន់តែប្រសើរឡើង។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ​ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែរៀបចំ​ផលិត​ព័ត៌មាន​ជា​អត្ថបទ បទសម្ភាសន៍ បទយកការណ៍ រូបថត សំឡេង និងវីដេអូដែលមាន​ខ្លឹមសារ​ច្បាស់លាស់​ ងាយយល់​​ដែល​អាច​ធ្វើ​ឱ្យ​​សាធារ​ណ​​ជន​​មានគំនិត មានព័ត៌មាន និងចំណេះដឹងវិទ្យាសាស្ត្រទូលំទូលាយដែលអាចទុកចិត្តបាន៕

RAC Media | រឿន ភារុន


សេចក្តីប្រកាស