ព័ត៌មាន

«ជំនួបស្វែងរកឱកាសសហការរួមគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនថាមពល Huaneng »
16
722

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនថាមពល Huaneng ដែលជាក្រុមហ៊ុនវិនិយោគថាមពលដ៏ធំមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងរកឱកាសសហការរួមគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវរវាងរាជ បណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន។

ជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តឡើងនៅបន្ទប់លេខ ១១ អគារឥន្ទ្រទេវី ដោយមានសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិត លោកបណ្ឌិត អស់លោក លោកស្រី អ្នកនាង និងកញ្ញាភាគីរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនសរុបចំនួន ១២រូប។

ជំនួបពិភាក្សាការងារនេះ មានគោលបំណង៖

១. ស្វែងរកឱកាសសហការលើការបណ្តុះបណ្តាល និងស្រាវជ្រាវរួមគ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនថាមពល Huaneng

២. ការអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា

៣. បញ្ហាផ្សេងៗ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅអស់រយៈពេលប្រមាណ ២ម៉ោង ភាគីចិនបានព្រមព្រៀងធ្វើការស្រាវជ្រាវរួមគ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវអំពី «ផលប៉ះពាល់សេដ្ឋកិច្ចសង្គមប្រជាជន ដែលកើតមានដោយសារការវិនិយោគសហគ្រាសចិននៅកម្ពុជា» ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យថាមពលនៅក្នុងប្រទេសកម្ពុជាឱ្យមាននិរន្តរភាព៕

RAC Media 


សេចក្តីប្រកាស