ព័ត៌មាន

«លោកបណ្ឌិតសភាចារ្យ សុខ ទូច ជូនសារពន្យល់ដល់អ្នកវិភាគមួយចំនួន អំពីវិនិយោគចិននៅកម្ពុជា»
54
355

ភ្នំពេញ៖ បច្ចុប្បន្នក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនថាតែអ្នកនិយាយភាសាចិន ឬ ជាបញ្ញវន្តនោះទេ ច្រើនមានទស្សនបែបអវិជ្ជមាននៅពេលដែលវត្តមានជនជាតិចិន បានហូរចូលមកប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។ ការវិភាគពីលំហូរជនជាតិចិនក្នុងប្រទេសកម្ពុជា បានក្លាយជាប្រធានបទក្តៅ ហើយក៏មានការ​បង្ហោះការវិភាគផ្សេងៗតាមរបៀបផ្សេងគ្នា ជាពិសេសតាមបណ្តាញសង្គម។ 

ជនជាតិចិនខ្លះមកក្នុងនាមជាទេសចរ ខ្លះក៏មកជាវិនិយោគិន ហើយខ្លះទៀតក៏មកក្នុងនាមប្រជាពលរដ្ឋសាមញ្ញ មកប្រកបរបរចិញ្ចឹមជីវិតតាមរបៀបជាតិសាសន៍ចិន នៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។ 

ក្នុងឱកាសធ្វើបទ​ឧទ្ទេស​នាម​ក្នុងបាឋកថា ស្តីពី «រដ្ឋាភិបាលដើមស្រល់» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភា​ចារ្យ​ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ដល់អ្នកវិភាគមួយចំនួនដែលតែងរិះគន់ និងបង្ហាញការព្រួយបារម្ភផ្សេងៗចំពោះវត្តមានរបស់ជនជាតិចិន និងការវិនិយោគរបស់ចិននៅក្នុងប្រទេស​កម្ពុជាថា ជនចិនចូលមក កម្ពុជានា​ពេលនេះ មិនដូចចិនដែលមកកាន់កម្ពុជាកាលពីទសវត្សរ៍ទី៦០ នោះទេ។ ចិនពីអតីត​កាល​មកកម្ពុជាដោយហែលទឹក ហើយចិនជំនាន់ឆ្នាំ១៩៧៩ បានយកមនោគមន៍វិជ្ជាមកសាបព្រួសនៅកម្ពុជា ប៉ុន្តែចិនសម័យនេះ យកវិនិយោគ និងគម្រោងសាងសង់អគារខ្ពស់ៗ មកកម្ពុជា ហើយ លំហូរចិន នៅមានកម្រិតតិចតួចនៅឡើយ បើ​ប្រៀប​ធៀបនឹងប្រទេសជិតខាង ដូចជាថៃ ជាដើម ដែលបច្ចុប្បន្ន លំហូរចិនចូលស្រុកថៃ មានមិនតិចជាង​១០លាន​នាក់​នោះ​ទេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថែមជូនទៅអ្នកវិភាគទាំងអស់ សូមឱ្យវិភាគពិចារណាឡើងវិញ ថាតើមានជនជាតិប៉ុន្មាននាក់ដែលកាន់ប៉ាស្ព័រខ្មែរ​ និងកាន់អត្តសញ្ញាណបណ្ណខ្មែរ។ គ្រប់ជន​បរទេស មិនថាបារាំងឬចិន មិនមានសិទ្ធិទិញនិងកាន់កាប់ដីធ្លីនៅកម្ពុជាទេ កម្ពុជា បានផ្តល់សិទ្ធិដល់ជនបរទេស ឱ្យ​មានសិទ្ធិទិញចាប់ពីជាន់ទី១ឡើងប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ ទូច បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអនុវត្តច្បាប់ចំពោះជនបរទេសទាំងឡាយ ទាំងជនចិន និងជនជាតិផ្សេងៗទៀត ដែលធ្វើខុសច្បាប់នៅកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យសង្ឃឹមថា សម្តីរបស់​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី  នឹងជំរុញការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕

RAC Media

សេចក្តីប្រកាស