ព័ត៌មាន

«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»
72
344

សម្រាប់ឆ្នាំថ្មីនេះ នៅព្រឹកថ្ងៃព្រហសុ្បតិ៍ ទី៣ ខែមករា នេះ ក្រុមការងារស្រាវជ្រាវដែលមានសមាជិកចំនួន៤រូប ដែលដឹកនាំដោយ​លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំមួយដើម្បីសិក្សា និងលើកគម្រោង​ស្រាវជ្រាវ​មួយស្ដីពី«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»។ 

មូលហេតុអ្វីបានជាក្រុមការងារស្រាវជ្រាវលើកយកគម្រោងនេះមកសិក្សា?

យើងដឹងហើយថាព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ គ.ស.) ជាព្រះរាជាមួយអង្គដែលគេស្គាល់ថាចូលចិត្ត​ធ្វើសង្រ្គាម បានចូលរួមចំណែកឱ្យប្រទេសកម្ពុជាក្លាយជាអាណាចក្រ។ ស្នាដៃរបស់ព្រះអង្គដែលមនុស្សជាតិក្នុងពិភពលោកស្គាល់គឺ «ប្រាសាទអង្គរ​វត្ត» ដែលជាសំណង់ប្រាសាទសាសនាធំជាងគេក្នុងពិភពលោក ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តដែលជាស្នាដៃរបស់ព្រះបាទសូរ្យវរ្ម័នទី២ ត្រូវបានគេទទួលស្គាល់ថា ជាស្នាដៃឯក មានទំហំ​ធំ និងកម្ពស់ស្កឹមស្កៃ។ ក្រៅពីប្រាសាទអង្គរវត្ត ព្រះអង្គបានកសាងប្រាសាទធំជាច្រើនទៀត ទាំងក្នុងតំបន់អង្គរ និងនៅតាម​ខេត្តនានាក្នុងព្រះជារាណាចក្រកម្ពុជា។ គោលបំណងនៃការស្រាវជ្រាវនេះគឺផ្ដោតសំខាន់ទៅលើចំណុចមួយចំនួនដូចខាង​ក្រោម៖

  • សិក្សាស្រាវជ្រាវអំពីគំនិតនៃការដឹកនាំ
  • ស្នាដៃរបស់ព្រះអង្គដែលលេចធ្លោ 
  • លក្ខណៈពិសេសក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។

គម្រោងស្រាវជ្រាវនេះ គឺមានរយៈពេល៤ខែ ដោយសិក្សាផ្ដោតទៅលើប្រាសាទមួយចំនួន ដូចជា ប្រាសាទអង្គរវត្ដ ប្រាសាទចៅសាយទេវតា និងប្រាសាទបន្ទាយសំរែជាដើម។ 

ជាលទ្ធផលនៃកិច្ចប្រជុំព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារ និងក្រុមការងារស្រាវជ្រាវ នឹងរៀបចំគម្រោងស្រាវជ្រាវដើម្បីដាក់ស្នើទៅនាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី​ដើម្បីស្នើការគាំទ្រ។   

សូមបញ្ជាក់ផងដែរថា សាធារណជន អាចអញ្ជើញចូលរួមស្ដាប់ក្នុងសិក្ខាសាលាដែលនឹងរៀបចំឡើងបន្ទាប់ពីគម្រោងស្រាវជ្រាវត្រូវបានបញ្ចប់ ដើម្បីជជែកពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមសម្រាប់លទ្ធផលស្រាវជ្រាវ។

RAC Media


សេចក្តីប្រកាស