ព័ត៌មាន

«ជ្រុងមួយនៃភាពរុងរឿងពីសម័យកាលអាណាចក្រអង្គរ»
91
337

តាមអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានធ្វើបទបង្ហាញអំពីប្រធានបទមួយ ស្តីពី «ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ» នៅក្នុងសន្និសីទអន្តរជាតិ ស្តីពី តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក នៅខេត្តសៀមរាបកន្លងទៅនេះ បានឱ្យដឹងថា «អាណាចក្រអង្គរជាសរណដ្ឋានដ៏ពិសិដ្ឋ មានអរិយធម៌ខ្ពង់ខ្ពស់ មានទេពកោសល្យឧបនិស្ស័យនិងគំនិតច្នៃប្រឌិតខ្ពស់ ព្រមទាំងមានការលូតលាស់ខាងបញ្ញាដល់កំពូលនាសតវត្សរ៍ទី១១ និង១២‍»។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា តាមការបង្ហាញរបស់ព្រឹទ្ធាចារ្យ ឆេង ផុន មានភ័ស្តុតាងជាច្រើនដែលអាចបង្ហាញឱ្យឃើញអំពីភាពរុងរឿងដ៏កម្រិតកំពូលនៃអាណាចក្រអង្គរ នាសម័យកាលនោះ មានដូចខាងក្រោម៖

  • ប្រាសាទធ្វើអំពីថ្ម ចំនួន១០៨០ ជាភ័ស្តុតាង
  • មហាវិទ្យាល័យពីរ គឺមហាវិទ្យាល័យជ័យស្រី និងមហាវិទ្យាល័យរាជវិហារ (សតវត្សរ៍ទី១១-១២) ដែលមានសាស្រ្តាចារ្យចំនួន ២៧៤០នាក់ និងមានបណ្ឌិត១៨អង្គ។
  • មានសិលាចារិក ចំនួន៥៥០ផ្ទាំង
  • មានរូបចម្លាក់ទូទាំងប្រទេស ចំនួន២០៤០០
  • មានសិល្បករដាប់ថ្ម ចំនួន៦៤៦៥នាក់
  • មានអ្នករបាំ ចំនួន១៦២២នាក់
  • មានបញ្ញាជនចំនួន ៣៨៥៧៣៧នាក់។
ក្រោយមកនៅក្នុងរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១២ បានបង្ហាញថា ប្រាសាទនៅក្នុងប្រទេសកម្ពុជា មានចំនួន១១៩៨ប្រាសាទ។ របាំក្បាច់បុរាណមានក្បាច់មូលដ្ឋានចំនួន៤៥០០ ជាតម្លៃខាងស្មារតី និងសោភ័ណស្ថិតនៅក្នុងចរន្តវប្បធម៌ទាំងពីរ គឺចរន្តបញ្ញាជន និងចរន្តមហាជន ។ តម្លៃពិតទាំងពីរនេះបូកបញ្ចូលមក ទើបចេញជាអត្តសញ្ញាណពិតរបស់ខ្មែរ។


ប្រភពឯកសារ៖ កុល សារូ ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ ឆ្នាំ២០១៨

RAC Media


                                            


សេចក្តីប្រកាស