ព័ត៌មាន
បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុកការងារក្នុងឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំប៉ុណ្ណោះដែលទទួលបានការកត់សំគាល់ពីសកម្មភាពសំខាន់ៗដោយសារទឹកចិត្តស្រឡាញ់និងចង់រក្សា អភិរក្ស ការពារធនធានដែលមានក្នុងឧទ្យាន។ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានបង្ហាញពីសមិទ្ធផលរបស់ក្រុមការងារដែលសម្រេចបាន ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដូចខាងក្រោម៖
- ការងារដោះស្រាយវិវាទដីធ្លី៖ ក្រុមការងារឧទ្យានបានចាប់ផ្តើមចុះធ្វើអត្តសញ្ញាណកម្មក្បាលដីរបស់ប្រជាពលរដ្ឋដែលតាំងទីលំនៅក្នុងឧទ្យានចាប់ពីខែតុលា ឆ្នាំ២០១៧ រហូតដល់ដើម្បីឆ្នាំ២០១៨ សរុបបានចំនួន ៣១៥ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ៣១ក្បាលដី ផ្ទះ២៣ខ្នង សរុប១៦,៦ហត ដីកសិកម្មមាន ២៨៤ក្បាលដី សរុប ៤៩៩,៤ហត។
- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ៖ ដើមឆ្នាំ២០១៨ ក្រុមការងារឧទ្យានបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តព្រះវិហារ និងកងវិស្វកម្មសម្តេចតេជោប្រចាំទិសព្រះវិហារ និងបានស្នើសុំទៅអង្គភាពកំចាត់មីនកម្ពុជា CMAC ដើម្បីសម្អាតមីនក្នុងបរិវេណឧទ្យានបាន៨ទីតាំង។ ក្រុមការងារឧទ្យាន បានរៀបចំបំពាក់ស្លាកសញ្ញាធំៗ ចំនួន៦ផ្ទាំង, រៀបចំស្លាកបន្ទប់អគារ, បោះបង្គោល BM, ស្លាកឈ្មោះតាមវិទ្យាស្ថាន សាកលវិទ្យាល័យចំនួន២៤ និងស្លាកតាមបន្ទប់ចំនួន១៣សន្លឹក។
- ការងារជីកស្រះនិងទំនប់បង្ហៀរ៖ ដោយមានកិច្ចសហការជាមួយក្រុមការងារជំនាញរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្រះធំៗចំនួន៦ ត្រូវស្តារនិងជីកបន្ថែម ដែលសុទ្ធសឹងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន តាមរយៈឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម។
- ការបណ្តុះនិងដាំកូនឈើ៖ នៅដើមឆ្នាំ២០១៨ ក្រុមការងារឧទ្យានសម្រេចសាងសង់ថ្នាលបណ្តុះកូនឈើមួយរួចរាល់ទំហំ ៣០មX៥០ម ដែលអាចផ្ទុកកូនឈើបានចំនួន៧០.០០០ដើម។ រាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំពីសប្បុរសជននានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន សរុបចំនួន ៧៥.៤៧៥ដើម។
- គម្រោងចិញ្ចឹមគោទឹកដោះ៖ ឧទ្យានបាននិងកំពុងអភិវឌ្ឍគម្រោងចិញ្ចឹមគោយកទឹកដោះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរាជរដ្ឋភិបាលកម្ពុជា។
- ការចិញ្ចឹមសត្វព្រៃ៖ នៅឆ្នាំ២០១៨ ក្រុមការងារឧទ្យានបានសង់ទ្រុង ដោយប្រើរបងព័ទ្ធដីទំហំ១ហត សម្រាប់សត្វប្រើសចំនួន៣ក្បាលរស់នៅ។ ក្រៅពីនេះ ក៏មានទ្រុងដោយឡែកសម្រាប់ជ្រូកព្រៃ ១០ក្បាល (ញី៦ក្បាល), សង់ទ្រុងសម្រាប់សត្វក្ងោក២ក្បាល, សង់ទ្រុងសម្រាប់ចិញ្ចឹមសត្វទោច១គូ។
- ការងារជួសជុលនិងសាងសង់អគារ៖ ឧទ្យានបានជួសជុលអគារការិយាល័យចំនួន៤ខ្នង មាន១៣បន្ទប់ និងបន្ទប់ទឹក៨។ សាងសង់អាស្រមថ្មីរបស់អ្នកតាត្រឹប, បុកអណ្ដូងចំនួន៣, សង់អាងស្ដុកទឹក២កន្លែង, តម្លើងត្រង់ស្វូអគ្គីសនី50KvA, ប្រព័ន្ធភ្លើងក្នុងឧទ្យាន, សង់ផ្ទះដើមចារ១ខ្នង, រោងត្រាក់ទ័រ១ខ្នង, និងបន្ទប់ទឹកថ្មីមាន៤បន្ទប់។
- ការងារផ្សព្វផ្សាយ៖ ក្រុមការងារឧទ្យានបានផ្សព្វផ្សាយអំពីគុណតម្លៃឧទ្យាន និងការចូលរួមចំណែកដាំកូនឈើដល់និស្សិតបានចំនួន៨សាកលវិទ្យាល័យ និងចុះ MOU ដើម្បីបោះជំរំនិងដាំកូនឈើប្រចាំឆ្នាំ។ការសិក្សាស្រាវជ្រាវនិងសិក្ខាសាលា៖ ថ្មីៗនេះ ឧទ្យានបានអនុវត្តគម្រោងធ្វើផែនទីព្រៃឈើ ដោយសហការជាមួយវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI)។
- ការរុករកសន្លុងបុរាណ៖ ក្រុមការងារបានស្រាវជ្រាវរកឃើញតំបន់សន្លុងដែកបុរាណ១កន្លែងបន្ថែម ដែលមានទំហំ១ហត នៅតំបន់ភ្នំសំរឹទ្ធ។
- ការចងក្រងឯកសារនិងបោះពុម្ព៖ ក្រុមការងារឧទ្យានបានចងក្រងឯកសារស្រាវជ្រាវ គម្រោងនិងផែនការគ្រប់គ្រង ដូចមានបង្ហាញជូនខាងក្រោម៖
- ឯកសារអត្តសញ្ញាណកម្មក្បាលដីរបស់ប្រជាពលរដ្ឋក្នុងឧទ្យាន
- ឯកសារជំនួយស្មារតីសម្រាប់ពិធីដាំកូនឈើ(៤១ទំព័រ)
- ផែនការគ្រប់គ្រងឧទ្យាន (ខ្មែរ២៣ទំព័រ, អង់គ្លេស១៩ទំព័រ)
- ផែនការយុទ្ធសាស្ត្រ២០១៩-២០២៣ (១៧ទំព័រ)
- របាយការណ៍បូកសរុបការងារឆរមាសទី១ ឆ្នាំ២០១៨ និងទិសដៅឆមាសទី៣(៦១ទំព័រ)
- ការបណ្តុះនិងដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប (២៦ទំព័រ)
- Background information of Techo Sen Russey Treb Park of Royal Academy of Cambodia (18 pages)
- របាយការណ៍ស្តីពីបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ (២០ទំព័រ)។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ដែលមានទំហំផ្ទៃដី ១១ ៤៣៥ ហិកតា ដែលមានទីតាំងស្ថិតក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ក្រៅពីគោលដៅនៃការអភិរក្សធនធានធម្មជាតិដែលមានស្រាប់ ឧទ្យាននេះ នឹងក្លាយជាគោលដៅនៃការអភិរក្សនូវប្រភេទសត្វ និងរុក្ខជាតិកម្រ ឬកំពុងរងការគំរាមកំហែង ឬជិតផុតពូជ។ ហើយអ្វីដែលសំខាន់គឺឧទ្យាន នឹងផ្សារភ្ជាប់រវាងការសិក្សាស្រាវជ្រាវ និងការអនុវត្តផ្ទាល់ក៏ដូចជាការរៀបចំ និងចងក្រងជាឯកសារស្រាវជ្រាវ សម្រាប់ផ្តល់ជូនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្តល់លទ្ធភាពជូនប្រជាកសិករតាមរយៈការងារកសិកម្មដែលបានដកពិសោធន៍ច្បាស់លាស់។