ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យគួយចូវ
8
1761


(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យគួយចូវ ដឹកនាំដោយលោក Zhang Dalin សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យគួយចូវ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងអំពីចំណងមិត្តភាពដ៏ស្អិតល្មួតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាននិងកំពុងបន្តពូនជ្រំទំនាក់ទំនងនេះ ឱ្យក្លាយទៅជាទំនាក់ទំនងដែលមានលក្ខណៈស៊ីជម្រៅ ពោលគឺជាទំនាក់ទំនងដែកថែប ដែលចុងក្រោយនេះបានឈានទៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ការកំណត់គោលដៅជំរុញទំនាក់ទំនងរវាងប្រជាជនដែលប្រមុខដឹកនាំទាំងពីរបានលើកឡើង ទាមទារឱ្យស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ ត្រូវពង្រីកកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែកពង្រឹងទំនាក់ទំនងនៃប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៅទៀត។

នៅក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានពិនិត្យនិងពិភាក្សាទៅលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងគម្រោងស្រាវជ្រាវស្ដីពី ការស្រាវជ្រាវនិងអភិវឌ្ឍវិស័យកសិកម្ម ពិសេសទៅលើដំណាំស្រូវ ក្នុងពេលដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន បានកំណត់ទិសដៅលើកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងកសិកម្មនៅប្រទេសកម្ពុជា។ នៅក្នុងនោះ លោក Zhang Dalin បានស្នើសុំឱ្យរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយសាកលវិទ្យាល័យគួយចូវដើម្បីបង្កើតមន្ទីរពិសោធន៍រួមគ្នា "កម្ពុជា-ចិន” ហើយនឹងឈានទៅបង្កើត “សួនកសិកម្មគំរូ” នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នាពេលខាងមុខ។

បន្ថែមពីលើនេះ រាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យគួយចូវ ក៏គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា ដោយផ្ដោតទៅលើការផ្លាស់ប្ដូរនិស្សិត និងការរៀបចំគម្រោងស្រាវជ្រាវរួមគ្នាផងដែរ

RAC Media | លឹម សុវណ្ណរិទ្ធ

សេចក្តីប្រកាស