ព័ត៌មាន

«អ្នកទោសជាង៣០០នាក់នឹងត្រូវនាយករដ្ឋមន្ត្រីស្នើសុំលើកលែងនិងបន្ថយទោស»
28
150



ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨

​យោងតាមការផ្សាយព័ត៌មានរបស់ភ្នំពេញប៉ុស្តិ៍ ថាមានអ្នកទោសចំនួន៣១៩នាក់នឹងត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះតាមគោលការណ៍មនុស្សធម៌របស់លោក ខណៈអតីតតំណាងរាស្ត្របក្សប្រឆាំងស្នើឱ្យលើកលែងអ្នកជាប់ឃុំដោយសារនិន្នាការនយោបាយជាអាទិភាព។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់អ្នកគាំទ្រលោកនៅអាមេរិកថា៖«ឆ្នាំនេះខ្ញុំចង់ឱ្យមានការលើកលែងទោសដោយទ្រង់ទ្រាយធំមួយនៅពេលភ្ជុំនៅពេលបុណ្យឯករាជ្យនិងនៅពេលខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលរបស់កម្ពុជា។ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌កំពុងតែពិនិត្យករណីនេះហើយ»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់កាលពីម្សិលមិញដែរថាការស្នើសុំលើកលែង និងបន្ធូរបន្ថយទោសសម្រាប់បុណ្យភ្ជុំបិណ្ឌនេះមានសរុប៣១៩នាក់ក្នុងនោះមានស្ត្រីចំនួន១៣៣នាក់។ប៉ុន្តែលោកបានបញ្ជាក់ថា ចំនួនដែលទទួលបានការលើកលែង ឬ បន្ធូរបន្ថយទោសជាក់ស្តែងគឺ អាស្រ័យលើការវាយតម្លៃរបស់គណៈកម្មការ។លោកបន្ថែមថាការលើកលែងទោសនេះក៏ផ្អែកលើគោលការណ៍ច្បាស់ផងដែររួមមានការកែប្រែខ្លួនក្នុងពន្ធនាគារតាម រយៈការវាយតម្លៃពីពន្ធនាគារពីគណៈកម្មការថ្នាក់ខេត្តដល់ថ្នាក់ជាតិនិងរយៈពេលនៃការអនុវត្តទោសដូចជា អ្នកអនុ វត្តទោសបាន១ភាគ៣នឹងទទួលបានការបន្ធូរបន្ថយទោស ហើយអ្នកអនុវត្តមាន២ភាគ៣ ទទួលបានការលើកលែងទោស។

លោកថា ចំនួននិងឈ្មោះអ្នកទោសដែលទទួលបានការលើកលែង និងបន្ធូរបន្ថយនឹងត្រូវបង្ហាញឲ្យឃើញតាមព្រះរាជក្រឹត្យ៕

ដកស្រង់៖ ភ្នំពេញប៉ុស្តិ៍

RAC Media | ផាញ់ សារឿន





សេចក្តីប្រកាស