News

«ប្រវត្តិសិល្បៈមហោរីខ្មែរ»
ថ្ងៃសុក្រ, 14 កញ្ញា 2018 ម៉ោង 10:05 AM
ចុចមើល

«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) 

ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួលនោះទេ បើពុំមានភស្តុងតាង ឬតឹងតាងលើកយកមកបង្ហាញឱ្យបានគ្រប់គ្រាន់នោះ។ សិល្បៈខ្មែរក៏មានលក្ខណៈបែបនេះដែរ ថ្វីត្បិតតែមានឯកសារជាច្រើនបាននិយាយអំពីសង្គម និងវប្បធម៌ខ្មែរ និងមានលក្ខណៈសម្បូរបែបយ៉ាងណាតែសម្រាប់សិល្បៈមហោរីនេះ មានភ័ស្តុតាងតិចតួចណាស់ដែលលើកយកមកអះអាងបញ្ជាក់ ហើយស្ទើរតែពិបាក រកឯកសារយកមកបង្ហាញខ្លាំងណាស់។

ពាក្យ«មហោរី»កើតចេញពីពាក្យសំស្រ្តឹតគឺ មនោហារា(ប្រុស) មនោហារី(ស្រី) ហើយបានចាប់បដិសន្ធិ មុនសម័យអង្គរមកម្ល៉េះ។  តាមសិលាចារឹក (K ៤០០ចារនៅសតវត្សទី៩ IC លេខ៦បន្ទាត់ទី៨៥) ពាក្យនេះ ជា ឈ្មោះអ្នកបម្រើទេវតាស្រីប្រុស ដែលមានភារកិច្ចសម្រាប់លេងភ្លេង។ ម្យ៉ាងទៀតតាម សិលាចារឹកនៃប្រាសាទ ប្រែរូប (K៨០៦ នា សតវត្សទី១០ ឯកសាប្រជុំសិលាចារឹក IC លេខ១ បន្ទាត់៩៨) ក៏មានការទាក់ទងជាមួយពាក្យនេះ ដែលពាក្យនេះប្រើក្នុងអត្ថន័យកាព្យឃ្លោក «កវីមនោហរ»។ ពាក្យមហោរីកើតចេញពីមនោហរ >មនោហរី ហើយក្រោយមកទៀតក៏ក្លាយទៅជាមហោរីមកដល់សព្វថ្ងៃ។ តាមរយៈភ័ស្តុតាងរបស់សិល្បកររបស់យើងបានឱ្យដឹងថា សិល្បៈមហោរី គឺជាឈ្មោះសិល្បៈមួយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ (១)។ តាមរយៈស្នាដៃសិល្បៈនេះ បង្ហាញថា ខ្មែរស្រឡាញ់ និងចូលចិត្តសិល្បៈនេះ តាំងពីដើមរៀងមក។ ជីវិតខែ្មរបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជា មួយនឹងសិល្បៈ បើទោះជាមានឧបសគ្គយ៉ាងណាក៏ដោយខ្មែរមិនបានបោះបង់ចោលសិល្បៈនោះដែរ។  

តើភស្តុងតាងអ្វីទៅដែលបង្ហាញថាជីវិតខែ្មរ និងសិល្បៈបានផ្សារភ្ជាប់គ្នាជារៀងរហូតមកនោះ? យើងនឹកដល់រឿងនេះ យើងក៏មិនរារែកក្នុងការលើកយកមកបង្ហាញដែរ ពីព្រោះថាមានភ័ស្តុតាងជាច្រើន ដូចជាសម័យមុនអង្គរ រួមមានវង់ភ្លេងតន្រ្តីប្រពៃណី ឬភ្លេងការដែលមានដើមកំណើតតាំងពីសតវត្សទី១ នៃគ.ស ពោលគឺចាប់តាំងពីពេលរៀបអភិសេក (មង្គលការ) ព្រះថោង និងនាងនាគ។ តាមរយៈការស្រាវជ្រាវ បានរកឃើញរូបសិល្បៈនៅតាមជញ្ជាំងប្រាសាទនានាតាមផ្តែរនៃប្រាសាទ តាមហោជាង និងតាមសរសរផ្អោប សុទ្ធតែបង្ហាញពីជីវិត និងសិល្បៈហាក់មានភាពរស់រវើកបង្ហាញនូវស្នាមញញឹម បង្ហាញនូវភាពល្អវិចិត្រនៃស្នាដៃបុព្វបុរសខ្មែរគួរឱ្យស្ញប់ស្ញែងនេះ ជាមោទនភាពរបស់ជាតិខ្មែរយើង ដែលគួរចងចាំនិងថែរក្សា។ ស្នាដៃទាំងឡាយសុទ្ធតែជាព្រលឹងសម្រាប់កូនៗគោរពបូជា ជាភាពមហិមាដែលកូនខ្មែរមានសំណាងក្នុងការរក្សាបន្តមរតកនេះ។ 

សិល្បៈមហោរីមានប្រភពចេញពីចរន្តអ្នកប្រាជ្ញមានទំនាក់ទំនង ឬផ្សារភ្ជាប់ជាមួយការសប្បាយរីករាយ និង តាមចំណង់ចំណូលចិត្តរបស់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងអ្នកមានឋានៈខ្ពង់ខ្ពស់ (២)។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យមហោរី គឺគ្រឿងភ្លេងដេញដំ ផ្លុំ កូតមួយវង់ គ្រប់ ប្រដាប់ (តន្ត្រី, ភ្លេង ខ្សែ) ខ្មែរច្រើនហៅចំពោះតែតន្រ្តីករចាស់ៗមាន ឃុន អក្ខរា ពិណពាទ្យ សូ អិន ក្រុមភ្លេងព្រះរាជទ្រព្យជំនាន់មុន បានប្រាប់ថា លោកឧកញ៉ាមហាធិបតី មាស ឌី និងលោក ឃុន មាសឌី គឺជា ប្រធានក្រុមវង់ភ្លេងព្រះរាជទ្រព្យ បានមានប្រសាសន៍ថា វង់ភ្លេងមហោរីនេះ មានកំណើតនៅចុងសម័យ មហានគរមានការរីកចម្រើនខ្លាំងនាសម័យលង្វែក។ សម័យលង្វែកមានវង់ភ្លេងមួយបែបហៅថា «វង់ភ្លេងពិណពាទ្យ» ដែល ជា វង់ ភ្លេងបំបែកខ្លួនចេញពីវង់ភ្លេងការ និងវង់ភ្លេងពិណពាទ្យវង់ភ្លេងនេះប្រគំសុទ្ធតែប្រុសៗសុទ្ធសាធជាឯកសារស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ ហ៊ុន សារិន។ នៅក្រោយសម័យលង្វែក វង់ភ្លេងមហោរីពិណពាទ្យនេះមានសុទ្ធតែស្រីជាអ្នកប្រគំវិញ ហើយអ្នកច្រៀងមានសំឡេងពិរោះដូចសត្វមួយប្រភេទ ឈ្មោះថា សត្វណូរី (នោរី)។ ពេលនោះក៏មានទម្លាប់ហៅថា មហោរី ព្រោះថាអ្នកចម្រៀងក៏ជាស្រី អ្នកប្រគំបទភ្លេងក៏ជាស្រី។

បើតាមប្រភពឯកសារតន្រ្តី និងរបាំនៅសម័យកាលបុរាណរបស់កម្ពុជា (Music  and dance  in Ancient Cambodia) ដែលបានបញ្ជាក់ជាភ័ស្តុតាងក្នុង old Khmer Epigraphy របស់ Saveros Pou បានបញ្ចាក់ថា មនោហរា មនោហារី ជាឈ្មោះសិល្បករដ៏មានប្រជាប្រិយដែលមិនមាននាពេលបច្ចុប្បន្ននេះទេ។ ទម្រង់មហោរីបានបង្ហាញតាមរយៈតន្រ្តីមហោរី មានការចូលរួមរវាងឧបករណ៍សំឡេងស្រាលដែលធ្វើឱ្យអ្នកស្តាប់កម្រើកអារម្មណ៍ មានភាពរីករាយ និងបន្ថយភាពតានតឹង។

សិល្បៈមហោរី បែងចែកទៅតាមវង់ភ្លេងរបស់វាមានដូចជា ៖ 

  1. វង់ភ្លេងមហោរីគ្រឿងពិណពាទ្យ
  2. វង់ភ្លេងមហោរីគ្រឿងខ្សែ
  3. វង់ភ្លេង មហោរីព្រះរាជទ្រព្យឬវង់ភ្លេងប៉ីកែវ
  4. វង់ភ្លេងមហោរីធំ
  5. វង់ភ្លេងមហោរីឆ្នៃ។

ឯកសារយោង៖ 

  1. ពេជ្រ ទុំក្រវិល, របាំខ្មែរ, ឧបត្ថម្ភដោយ មូលនិធិតូយ៉ាតា, ឆ្នាំ២០០១ 
  2. ហ៊ុន សារិន, វង់ភ្លេងខ្មែរ 

រូបភាពក្រុមសិល្បៈមហោរី


រូបភាពវង់ភ្លេងមហោរី សិល្បករ តន្រ្តីបុរាណ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈRAC Media

«បេក្ខជនបណ្ឌិតមកពីអាម៉េរិក សិក្សាពីវប្បធម៌ខ្មែរ»

កញ្ញា អេមីលី ហាវ ជាបេក្ខជនបណ្ឌិត ជនជាតិអាម៉េរិក មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក សិក្សា ពីវប្បធម៌ខ្មែរ ហើយកញ្ញាជាស្រ្តីបរទេសដែលកំពុងតែជក់ចិត្តនឹងការសិក្សាពីតូរតន្ត្រីរបស់កម្ពុជា ជាមួយឯកឧត្តមបណ្ឌិត ហ៊ឹម សុភី នៅឯសាលាតូរតន្ត្រីហ៊ឹមសុភី។ 

កាលពីវេលាព្រឹកម៉ិញនេះ ក្នុងឱកាសធ្វើបាឋកថាស្តីពី៖ «ស្នាដៃតន្ត្រីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» ដែលប្រព្រឹត្តឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា អេមីលី ហាវ ក៏ជាតន្ត្រីការិនីម្នាក់​នៅក្នុងវង់ភ្លេងសំដែងបទ «បង្សុកូល» នេះដែរ។ កញ្ញា អាចប្រើប្រាស់និងដេញព្យ៉ាណូ បានយ៉ាងស្ទាត់ជំនាញ ប្រដេញគ្នាយ៉ាងពិរោះរណ្តំ អមជាមួយនឹងសូរសៀងនៃឧបករណ៍ភ្លេងបុរាណខ្មែរយើងផ្សេងទៀត រួមគ្នាបង្កើតជា​បទភ្លេង «បង្សុកូល» ឡើង។ សូមបញ្ជាក់ថា បទភ្លេងបង្សុកូល នេះ ជាបទនិពន្ធដោយឯកឧត្តមបណ្ឌិត ហ៊ឹម សុភី ជាមួយនឹងលោក ប៉ាន ឫទ្ធី ដោយរួមបញ្ចូលសាច់ភ្លេងពីឧបករណ៍បុរាណខ្មែរ ជា មួយនឹងឧបករណ៍ភ្លេងរបស់បស្ចឹមប្រទេស។ 

បើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត ហ៊ឹម សុភី កញ្ញា អេមីលី ហាវ បានជក់ចិត្តនឹងស្នាដៃតន្ត្រី បង្សុកូល ដែលក្រុមតន្ត្រីកររបស់របស់ឯកឧត្តម បានទៅសំដែងនៅសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០១៧ ហើយបានតាមទៅចូលរួមស្តាប់ទាំងនៅបូស្តុន និងនៅញ៉ូវយ៉ក។ បច្ចុប្បន្នកំពុងសិក្សាបន្ថែមពីតន្ត្រីនៅសាលាតូរតន្ត្រី ហ៊ឹម សុភី។ 

ខាងក្រោមនេះ ជាសកម្មភាពហាត់ច្រៀងរបស់ កញ្ញា អេមីលី ហាវ ដែលកំពុងហាត់សូត្រ​កំណាព្យខ្មែរ​ បទ​ «អនិច្ចា​ តោថ្ម»​ ជាមួយ​អ្នកគ្រូ​ កែម​ ចន្ធូ​ ថ្នាក់ចម្រៀងបុរាណខ្មែរ​ នៅសាលាតូរ្យ​តន្រ្តី​ ហុឹម​ សុភី​ នៅទួលគោក​ ខាងជើង​ TK AVENUE ។

RAC Media
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យើងខ្ញុំត្រូវការជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត ជំនាញអគ្គិសនីចំនួន ០២រូប ដើម្បីបំពេញការងារនៅទីស្នាក់ការ ឧទ្យានផ្ទាល់នៅ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។

លក្ខណៈសម្បត្តិ៖

  • បេក្ខជនត្រូវមានបរិញ្ញាបត្រជំនាញអគ្គិសនី ឬ មានសញ្ញាបត្រវិជ្ជាជីវៈផ្នែកអគ្គិសនី 
  • អាចធ្វើការជាក្រុម និងមានទំនួលខុសត្រូវលើការងារ
  • មានកាយសម្បទាល្អ និងមានសុខភាពល្អ 
  • មានឆន្ទៈក្នុងការបំពេញភារកិច្ច អត់ធ្មត់នឹងការងារ ឧស្សាហ៍ព្យាយាម
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស ឬ ថៃ អាចទំនាក់ទំនងបាន រឹតតែប្រសើរ

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបាន៖

  • បេក្ខជននឹងទទួលបានប្រាក់ឧបត្ថម្ភ ទីកន្លែងស្នាក់នៅ និងអាហារហូបចុកប្រចាំថ្ងៃ
  • បេក្ខជននឹងទទួលបានឱកាសទៅចូលរួមការបណ្តុះបណ្តាលជំនាញបន្ថែម នៅប្រទេសថៃ។
បេក្ខជនដែលចាប់អារម្មណ៍ សូមទំនាក់ទំនង និងផ្ញើប្រវត្តិរូបសង្ខេបចាប់ពីថ្ងៃនេះតទៅ តាម៖
លេខទូរសព្ទ : 081 400 998 / 0977 123 744
អ៊ីម៉ែល : [email protected]



«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន​បច្ចុប្បន្នដើម្បីអនាគត»

«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃ​និពន្ធថ្មី​​ស្រឡាងមួយដែលកើតចេញពីគំនិត និងការ​​​ច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរ​​​ដោយរួមបញ្ចូល​ការនិពន្ធ​បទភ្លេងថ្មី ចម្រៀង​​បែបរចនាបទស្មូត្រខ្មែរ ការបញ្ចាំងកុនឯកសារ និងចលនាសម្ដែង ហើយ​ក៏ដូចជា​ការប្រគំតន្ត្រី​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពីមុនមក​​​ដែលរួមមាន ឧបករណ៍តន្ត្រីខ្មែរ ជាច្រើនប្រភេទ​​​​ដូចជា គ្រឿងខ្សែកេះ ​​​(ពិណ​​​​​​ខ្មែរ) គ្រឿង​ខ្សែកូត (ទ្រសោ ទ្រអ៊ូ ទ្រខ្មែរ) គ្រឿងផ្លុំ (ស្រឡៃ​​​ ខ្លុយ ខ្លុយដី ​ប៉ីពក​ ស្នែង) រនាតភ្លោះ​ គងភ្លោះ​ ស្គរឆៃយ៉ាំ ចំនួន៥ ស្គរសម្ភោរមួយ គងម៉ឹងមួយ ឆាបតូចមួយគូរ។ ទាំងនេះ ជាការ​រៀបរាប់បង្ហាញ​ពីឯកឧត្តម​បណ្ឌិត ហ៊ឹម សុភី សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសធ្វើ បាឋកថាស្តីពី «បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត»​ដែលរៀបចំឡើង​ដោយ​រាជបណ្ឌិត្យ សភាកម្ពុជា វេលាម៉ោង ៨:៣០ព្រឹក​នៅព្រឹថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៨។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ក្នុងសុន្ទរកថា​បើក​កម្មវិធីបាឋាកថានេះ ការធ្វើបទបង្ហាញស្នាដៃរបស់ឯកឧត្តមបណ្ឌិត ហ៊ឹម សុភី សមាជិកបម្រុងនៃ​ក្រុម​ប្រឹក្សា​បណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខា​ន់​សម្រាប់​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ក្នុងការបំពេញបេសកកម្មរបស់ខ្លួនស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការ​ចែករំលែកបទ​ពិសោធន៍ និងចំណេះដឹងដ៏មាន​សារៈសំខាន់​ជូនដល់សិក្ខាកាម ក៏ដូចជាជូនដល់ប្រជាពលរដ្ឋខ្មែរទាំងមូលដែរ។ ការខិត​ខំ​ស្រាវជ្រាវបន្ថែមនូវស្នាដៃ​ក្នុង​វិស័យ​តូរតន្ត្រីនេះ បានរួមចំណែកស្របគ្នានឹងបេសកកម្មរបស់រាជបណ្ឌិត្យ​សភា​កម្ពុជា ក្នុងការជំរុញការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ ឱ្យមាន​សន្ទុះ​កាន់តែប្រសើរឡើង។ 

ឯកឧត្តមអគ្គលេខាធិការបាន​បញ្ជាក់​បន្ថែមថា «ប្រធានបទ​ដែល​លើក​ឡើងមកនេះ បានបង្ហាញយ៉ាងច្បាស់ពី តួនាទី និងការរួមចំណែករបស់តូរតន្ត្រី«បង្សុកូល» គាស់កកាយពី​តម្លៃ​វប្បធម៌​ដ៏​វិសេស​វិសាល​របស់​ខ្មែរ​យើង​ដែល​ត្រូវរងការ​ខូច​ខាត និងការបាត់បង់នូវធនធានមនុស្សល្អៗ​នៅក្នុង​សម័យ​សង្គ្រាម ហើយ​លើស​ពីនេះ តូរតន្ត្រីនេះ ជា​ចំណែក​​នៃ​ការ​សាបព្រួសនូវវប្បធម៌សន្តិភាព ដើម្បីរួមចំណែករក្សា​ស្ថិរភាព និងការអភិវឌ្ឍសង្គម និងជា​គោលសំខាន់មួយ​សម្រាប់ការអប់រំចិត្តមនុស្សគ្រប់គ្នាឱ្យយល់អំពីតម្លៃ​នៃ​ការរស់នៅ ពីការបាត់បង់ ពី​ភាព​រងគ្រោះដោយសារ​វិនាសកម្ម​នានា ហើយតន្ត្រី មាននាទីជួយកសាង និងអប់រំចិត្ត​ដល់​មនុស្សគ្រប់រូប»។

សូមបញ្ជាក់ដែរថាស្នាដៃនិពន្ធតន្រ្តីថ្មីឈ្មោះ “បង្សុកូល” គឺជាកិច្ចការតែងនិពន្ធតន្រ្តីសម្រាប់ក្រុមតន្រ្តីចម្រុះខ្នាតធំមួយ​​​ដែល​ពុំដែលមានពីមុន​មកនៅប្រទេសកម្ពុជាយើង។ ឯកឧត្តមបណ្ឌិត ហ៊ឹម សុភី បានផ្តួចផ្តើម មានគំនិត និពន្ធវណ្ណកម្មធំមួយនេះតាំងពីឆ្នាំ២០០៨ មកម៉្លេះ គឺបន្ទាប់ពីការសំដែងរ៉ុកអូប៉េរ៉ាខ្មែរដែលជាស្នាដៃទីមួយ រឿង “ទីដំរីយំ”។ គោលបំណងនៃការនិពន្ធស្នាដៃតន្រ្តី “បង្សុកូល” គឺដើម្បីឧទ្ទិសកុសលជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋខ្មែរ​ដែល​បានបាត់បង់ជីវិត​​​ដោយសារសង្រ្គាមដ៏ឈឺចាប់ ខ្លោចផ្សា នៅប្រទេស​កម្ពុជាយើង ហើយក៏ជាសារមួយដ៏​មាន​សារៈសំខាន់ជូនទៅដល់ពិភពលោកយើងនេះ ក្នុងការថែរក្សាសុខសន្តិភាព​ជូនមនុស្សលោកទាំងមូល និងដើម្បី​ប្រឆាំង​ចំពោះការបង្កសង្រ្គាម វិនាសកម្មគ្រប់បែបយ៉ាង។ ​​​ម្យ៉ាង​​​វិញទៀត នេះគឺជាស្នាដៃតន្រ្តីដ៏ធំមួយ​ដែលប្រគំ​ឡើង​ដើម្បី​បង្ហាញពិភពលោកឱ្យមានចំណាប់អារម្មណ៍​​​មកលើ​​​សិល្បៈ​​​​​​តន្រ្តីខ្មែរ​​​ ជាពិសេសទៅលើវប្បធម៌​​​​​​ខ្មែរទាំងមូល។ តន្ត្រី​បង្សុកូល ធ្លាប់បានប្រគំជាលក្ខណៈអន្តរជាតិនៅឯប្រទេសអូស្ត្រាលី និងនៅសហរដ្ឋអាម៉េរិក ដោយមាន​ការគាំទ្រ​ពីសំណាក់សាធារណជនទូទៅ តន្ត្រីវិទូ និងសិល្បករ សិល្បការិនីល្បីៗជាច្រើន។ ទាំងនេះ បានបញ្ជាក់​យ៉ាង​ច្បាស់ថា វិស័យតូរតន្ត្រី ជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាននៅក្នុងសង្គម ហើយក៏ជាវិស័យមួយ​ដែល​អាច​បញ្រ្ជាបនូវ​ទស្សនវិជ្ជា ភ្ជាប់ជាមួយ​

ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនពីកម្មវិធីបាឋកថាព្រឹកនេះ៖












RAC Media

បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏មិនភ្លេចអំពីការងាររដ្ឋបាលរបស់ស្ថាប័នដែរ គឺការបោកខោអាវក្នុងផ្ទះ។ ការបោកខោអាវក្នុងផ្ទះគឺជាការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល ដើម្បីបង្កើនប្រសិទ្ធិភាពការងារ និងប្រសិទ្ធិភាពរបស់ស្ថាប័ន។ ​ ​គួររំលឹកដែរថា      វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យា សាស្ដ្រសង្គមគឺជាវិទ្យាស្ថានទី២ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានធ្វើការកោះហៅភ្លាមៗ ដើម្បីចូលរួមប្រជុំក្នុងការត្រួតពិនិត្យការងារ និងភាពអសកម្មរបស់មន្ដ្រីមួយចំនួន។   សូមជម្រាប ថាវិទ្យាស្ថាននេះ គឺជាវិទ្យាស្ថានធំជាងគេនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា        ដែលមានលទ្ធភាពក្នុងការស្រាវជ្រាវលើវិស័យជាច្រើន គឺជាងពាក់កណ្ដាលនៃស្ថាប័នជាតិក្នុងការផ្ដល់ធាតុចូលជូនរាជរដ្ឋាភិបាល។   វិទ្យាស្ថាននេះមាន៨ផ្នែកដូចជា  

  1. ធម្មសាស្ដ្រ និងចរិយាសាស្ដ្រ
  2. ផ្នែកនីតិសាស្រ្តនិងវិទ្យាសាស្រ្ត សេដ្ឋកិច្ច 
  3. ផ្នែកពាណិជ្ជកម្មនិងការគ្រប់គ្រង 
  4. ផ្នែកប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ  
  5. ផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម    
  6.  ផ្នែកទស្សនវិជ្ជានិងសង្គមវិជ្ជា   
  7.  ផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា    
  8.  ផែ្នកវិទ្យាសាស្រ្តអប់រំ  

ក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍មួយចំនួនដូចជា

  1. ដល់ពេលដែលរាជបណ្ឌិត្យសភាកម្ពុជាត្រូវធ្វើអ្វីសម្រាប់មនុស្សជំនាន់ក្រោយ
  2. ត្រូវធ្វើស្រែខ្លួនឯងឱ្យអស់មុននឹងទៅធ្វើស្រែគេ
  3. មន្ដ្រីត្រូវតែមានឯកសារជាប់ខ្លួនជានិច្ច និងទ្រឹស្ដីត្រូវនៅជាប់នៅខាងក្រោយខ្នង
  4. ការប្រគល់ជូនគម្រោងគឺអាស្រ័យលើសមត្ថភាព និងសកម្មភាពការងារ  

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ប្រាប់ដល់មន្ដ្រីវិទ្យាស្ថានទាំងអស់ថា   ត្រូវតែផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនក្នុងការបម្រើការងារដល់ស្ថាប័ន។ ពីព្រោះមជ្ឈមណ្ឌលមួយត្រូវបានធ្វើកំណែទម្រង់ភ្លាមៗរួចហើយបន្ទាប់ពីភាពអសកម្មបានកើតឡើង។      ការធ្វើកំណែទម្រង់នេះគឺ ដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការណ៍រវាងរាជបណ្ឌិត្យសភាកម្ពុជា និងដៃគូអភិវឌ្ឍអន្ដរជាតិឱ្យកាន់តែមានប្រសិទ្ធិភាព។ ជាលទ្ធផលនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម នឹងរៀបចំរចនាសម្ព័ន្ធ ប្រគល់ភារកិច្ចនិងគោលការណ៍ ត្រូវតែរៀបចំឡើងវិញក្នុងរយៈពេលមួយខែ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការគ្រប់គ្រង និងប្រសិទ្ធិភាពការងារ ជូនប្រធានរាជបណ្ឌិត្យសភាកម្ពុជា។  

RAC Media


«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្នាក់​ដឹកនាំ​នៃស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះ បានប្តេជ្ញា​ក្នុងការ​ធ្វើកំណែទម្រង់រាប់​តាំង​ពី​រដ្ឋបាល​​ការងារ​ផ្ទៃក្នុង ដើម្បីជំរុញប្រសិទ្ធភាពការងារ ជាពិសេសការងារស្រាវជ្រាវនៅតាមវិទ្យាស្ថានជំនាញទាំង៦ នៃ​រាជ​​បណ្ឌិត្យ​សភាកម្ពុជា។ 

សូមរំឭកជូនថា កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងពិធីដាំដើឈើនៅឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែនឫស្សីត្រឹប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា បានជួយ​ឧបត្ថម្ភ​ទឹកប្រាក់ក្នុងការចិញ្ចឹមគោយកទឹកដោះនេះ ចំនួន ១០ ម៉ឺនដុល្លារអាម៉េរិក និងមានការ​ចូលរួម​ពីមន្ត្រី​រាជការ និង​សប្បុរសជន​នានា​ជាច្រើនទៀត ដែលសរុបទឹកប្រាក់ទាំងអស់ជាង ១៧ ម៉ឺនដុល្លារអាម៉េរិក។ ដោយមានការលើកទឹកចិត្ត​ពី​ថ្នាក់​ដឹកនាំ​រាជបណ្ឌិត្យសភាកម្ពុជា បានកំណត់គោលដៅ​យ៉ាង​ច្បាស់ថា​នឹង​បង្កើតគម្រោងការចិញ្ចឹមគោយកទឹកដោះ ហើយ​កម្ពុជា​​នឹង​មានទឹកដោះគោស្រស់ដែល សមិទ្ធផល​​​របស់​ស្ថាប័ន​រដ្ឋ​យើង​​នៅឆ្នាំក្រោយនេះ។ 

មកដល់ពេលនេះ គម្រោងសិក្សានិងចិញ្ចឹមគោយកទឹកដោះនៅ​ឧទ្យាន​ឫស្សី​ត្រឹប បាន​ឈាន​ដល់ដំណាក់កាលសំខាន់មួយ ​ហើយក៏ជាដំណាក់កាលសិក្សាចុងក្រោយ មុននឹងបន្ត​កិច្ច​សហការ​ជំហ៊ាន​បន្ទាប់​ជាមួយ​ដៃគូ​ពី​កសិដ្ឋាន​​ចិញ្ចឹមគោ​ទឹកដោះ​នៅ​ខេត្ត​ស្រះកែវ។  

ការសិក្សាចុងក្រោយអំពីបច្ចេកទេសចិញ្ចឹមគោយកទឹកដោះ ការថែទាំ និងការកែច្នៃ​ទឹកដោះ​គោ​ស្រស់​ទៅជា​ផលិតផល​​​សម្រេច ជាគោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមស្រាវជ្រាវរាជបណ្ឌិត្យសភា​កម្ពុជា​ទៅកាន់ សហគមន៍​ចិញ្ចឹម​គោយក​ទឹកដោះ វ៉ាងណាំយិន ស្ថិតក្នុង​ខេត្ត​ស្រះកែវ ប្រទេសថៃ នៅថ្ងៃសុក្រ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ដំណើរ​ទស្សនកិច្ច​នេះ ដឹកនាំដោយ​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវទស្សនៈជាវិជ្ជមានពីដំណើរទស្សនកិច្ចសិក្សាមួយ នៅ​កសិដ្ឋាន​គោ​ទឹក​ដោះ​នៅ​ខេត្តស្រះកែវ តាមទំព័រហ្វេសប៊ុគ ថា «ថ្ងៃនេះខ្ញុំបានមកដល់ខេត្តស្រះកែវក្នុងប្រទេសថៃ ដើម្បី​សិក្សាចុងក្រោយ ក្នុងការយកគោទឹកដោះទៅចិញ្ចឹមនៅប្រទេសកម្ពុជាយើង ហើយធ្វើការសរសេរជាសៀវភៅក៏ដូចជាចេញវីដេអូខ្លីៗ​សម្រាប់​ប្រជាកសិករ​អាចយក​ទៅ​ចិញ្ចឹមបន្តទៅទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ​»​។ 

នេះជាការសិក្សាដំណាក់កាលចុងបញ្ចប់លើបច្ចេកទេសចិញ្ចឹមគោយកទឹកដោះ​របស់​ក្រុមការងារ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ត្បិតនៅចុងឆ្នាំ២០១៨នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងនាំយកគោទឹកដោះចំនួន​១០០​ក្បាល​ មក​ចិញ្ចឹម​​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេជោសែន​ឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ។ ការចិញ្ចឹមនៅដំណាក់កាល​ដំបូង ជា​ការ​សិក្សា និងពិសោធន៍​ដោយក្រុមការងារ​ស្រាវជ្រាវ​រាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់​មក​ក្រុមការងារ​ស្រាវជ្រាវ នឹងចងក្រង​ជា​ឯកសារ និងជាវីដេអូ ដើម្បីចែកចាយពីបច្ចេកទេស និងរបៀបថែទាំគោ របៀបបូមយកទឹកដោះគោ របៀបដាំស្មៅ ក៏ដូចជា​របៀប​រៀបចំ​អាហារ​បំប៉ន សម្រាប់​ផ្សព្វផ្សាយ​ជូនដល់​ប្រជាកសិករ​ខ្មែរ​យើង​ដែលមាន​បំណង​​បង្កើន​​ប្រាក់ចំណូល​​តាមរយៈ​ការចិញ្ចឹមគោ​យកទឹកដោះនេះ។

គួររំឭកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តួចផ្តើមគម្រោង​ការ​ចិញ្ចឹម​​គោ​យក​ទឹកដោះ ក្នុងគោលបំណងសំខាន់បង្កើតការងារថ្មីសម្រាប់អ្នកស្រាវជ្រាវ រៀបចំចងក្រងនូវឯកសារ​​​សម្រាប់​អ្នក​ចិញ្ចឹម​គ្រប់គ្នា។ រាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែផលិតនូវឯកសារជាសៀវភៅប៉ុណ្ណោះទេ គឺ​​រៀបចំ​ផលិត​ទាំង​ឯកសារ​ជា​វីដេអូ​ខ្លី ជា​រូបភាព​ផ្សេងពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្រាប់ធ្វើជាជំនួយដល់អ្នកសិក្សា និង​កសិករ ដែល​មាន​ចំណាប់​​អារម្មណ៍​ក្នុង​វិស័យ​កសិកម្ម។ ក្រៅពីគម្រោងការ​ចិញ្ចឹមគោ​យកទឹកដោះ​នេះ នៅ​​មាន​គម្រោង​ជាច្រើន​នឹង​អនុវត្ត​​នៅ​​ឧទ្យាន​​​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​​​តេជោសែន​​ឫស្សីត្រឹប ដូចជា គម្រោងការ​បង្កើតសួន​សត្វសាហ្វារី គម្រោង​បង្កើត​​កសិដ្ឋាន​​ចិញ្ចឹម​ដង្កូវនាង ជាដើម ហើយគម្រោងការទាំងនេះ សុទ្ធតែមានគោលដៅបង្កើតការងារជូន​​ប្រជា​ពលរដ្ឋ​​ដែល​រស់នៅ​ជុំវិញ​​តំបន់​ឧទ្យាន​ឫស្សីត្រឹប ដែល​នឹងក្លាយជាចំណែកមួយជួយបង្កើនប្រាក់ចំណូលប្រចាំ​គ្រួសារ​ និង​ជួយ​កាត់បន្ថយ​ការ​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ដូចជា ការកាប់ឈើ ការរានដីព្រៃ និងការ​ប្រមាញ់​សត្វ​ព្រៃ ជាដើម។ រាជបណ្ឌិត្យសភាកម្ពុជា មាន​គោលដៅ​ចូលរួមចំណែក​ស្រាវជ្រាវ​រករបកគំហើញ​ថ្មីៗ​បន្ថែម​ទៀត ដើម្បីជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សំដៅលើកកម្ពស់​កម្រិត​ជីវភាព​របស់​កសិករ​យើង​ឱ្យស្រប​នឹង​គោលនយោបាយជាតិ​ដែល​បាន​កំណត់​ថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ និងក្នុងឆ្នាំ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕

ខាងក្រោមនេះ ជារូបភាពពីដំណើរទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅខេត្តស្រះកែវ របស់ថ្នាក់​ដឹកនាំ​រាជ​បណ្ឌិត្យ​សភាកម្ពុជា៖ 


RAC Media

«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»

បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អគារ ខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ 

គួររំឭកថា អាគារខេមរវិទូនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីនីតិកាលទី៥ បានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ប្រើប្រាស់បម្រើការងារដល់វិស័យស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា។ សំណង់អគារនេះ រចនាឡើងដោយក្រុមស្ថាបត្យករ និងវិស្វករ ដោយយកលំនាំតាមរចនាបទខ្មែរបែបទំនើប ដោយបង្កប់នូវមូលដ្ឋាននៃឧត្តមភាពស្ថាបត្យកម្មសំខាន់ៗ និងទស្សនវិជ្ជាដូចខាងក្រោម៖

ប្លង់ស្ថាបត្យកម្មអគារខេមរវិទូ បង្កើតឡើងដោយឈរលើទស្សនៈលោកធាតុទាំង៤ និងសាងសង់តាមបែបប្រាសាទភ្នំ មានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េ មានសរុបចំនួន ៤ជាន់។ ស្ថាបត្យកម្មអគារខេមរវិទូ បានប្រតិស្ថឡើងក្រោមស្មារតីនៃដួងព្រលឹងរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយផ្តើមចេញពីការកំណត់មាត្រដ្ឋានដែលមាន៧ខ្នាតសម្រាប់គណនារាល់ប្រវែង និងសមាមាត្រគ្រប់បែបយ៉ាងនៃសំណង់នេះ។ លេខ៧ នេះ សម្រាប់ឧទ្ទិសថ្វាយចំពោះព្រះបាទជ័យវរ្ម័នទៅ៧ ហើយក៏សម្រាប់អរិយទ្រព្យទាំង៧ និងសញ្ញាខន្ធទាំង៧នៅក្នុងព្រះពុទ្ធសាសនា។

ប្លង់អគារមានរាងចតុកោណកែង ត្រូវបានប្រើប្រាស់ខ្យល់ និងពន្លឺធម្មជាតិ តាមរយៈការបើកលំហរួម និងមានការកំណត់នូវលំហរួមតាមវិទ្យាស្ថាន និងមានច្រកចេញចូលព្រមទាំងជណ្តើរជើង និងជណ្តើរយន្តគ្រប់ជាន់។ បច្ចេកទេសវិស្វកម្ម សាងសង់ឡើងដោយច្របាច់ដោយមានប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ដោយប្រើប្រាស់បច្ចេកទេសថ្មីនិងមានប្រសិទ្ធភាពបំផុត។

ខាងក្រោមនេះ ជារូបភាពមួយចំនួនពីការសាងសង់តាំងពីដើមរហូតមកទល់ពេលនេះ ៖

- រូបភាពពីពិធីក្រុងពាលី និងបញ្ចុះបឋមសីលា អគារខេមរវិទូ ឆ្នាំ២០១៧៖

ទិដ្ឋភាពកិច្ចប្រជុំបង្ហាញពីប្លង់លំអិតអគារខេមរវិទូ របស់ក្រុមស្ថាបត្យករ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧៖

ទិដ្ឋភាពនៃការសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨៖

ស្ថានភាពនៃសំណង់ដែលសម្រេេចបាន រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨៖


RAC Media

«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ។ កិច្ចការស្រាវជ្រាវ ត្រូវការពេលវេលា ប្រើប្រាស់ពេលវេលាច្រើន និងអាចនឹងមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណសម្រាប់សុខភាពផ្ទាល់ខ្លួន។ 

ហេតុដូច្នេះទើបឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សម្រេចឱ្យអគ្គលេខាធិការ​ដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា សាងសង់ទីលានលេងកីឡាចំនួន៣ប្រភេទ រួមមាន៖ ទីលានបាល់ទះ ទីលានវាយកូនបាល់ (តិននីស) និងទីលានកីឡាប៉េតង់ (ប៊ូល)។ ទីលានកីឡាទាំង៣ប្រភេទនេះ អាចផ្តល់ឱ្យមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា លេងកីឡានៅរៀងរាល់ក្រៅម៉ោងការងារដើម្បីថែរក្សាសុខភាពឱ្យកាន់តែល្អប្រសើរ។ មកទល់ពេលនេះ ការងារសាងសង់ទីលានកីឡាទាំង៣ប្រភេទនេះ សម្រេចបានជាង៩០%ហើយ។ 

សូមជម្រាបជូនថា ចាប់តាំងពីទទួលតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាមក ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច បានធ្វើកំណែទម្រង់ជាច្រើនសំដៅបង្កើននូវប្រសិទ្ធភាពការងារក្នុងស្ថាប័នស្រាវជ្រាវមួយនេះ ជាពិសេសប្រសិទ្ធភាពការងារនៅតាមវិទ្យាស្ថានទាំង៦ និងស្ថាប័នឧបសម្ព័ន្ធ ចំនួន៥។

RAC Media

«អភិក្រមទាំង៥ត្រូវបានយកមកអនុវត្ដជាលើកដំបូងសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូចជាការស្វែងរកធាតុចូលបន្ថែមឱ្យកាន់តែមានប្រសិទ្ធភាពជូនរាជរដ្ឋាភិបាលកម្ពុជា។

អ្វីទៅជាអភិក្រមទាំង៥?

១. ឆ្លុះកញ្ចក់ គឺត្រូវចេះស្វ័យទិតៀន ឬដាក់ខ្លួនឱ្យមហាជនរិះគន់រាល់ចំណុចអវិជ្ជមាននានា។

២. ងូតទឹក គឺត្រូវសម្អាតកាយ វាចា និងចិត្ដ ពោលគឺ រៀបចំការស្លៀកពាក់សមរម្យឱ្យសក្ដិសមជាមន្ដ្រីរាជការ និយាយស្ដីពីពីរោះពិសាជាមួយមិត្ដរួមការងារ ក៏ដូចជាមហាជនទូទៅ មិនត្រូវឈ្នានីស ប្រកាន់ ច្រណែន ខឹង ស្អប់ ព្យាបាទ។

៣. ដុសក្អែល គឺត្រូវលុបបំបាត់នូវទម្លាប់អាក្រក់ និងទង្វើអសកម្មទាំងឡាយដូចជាអំពើពុករលួយ បក្សពួកនិយម។

៤. ព្យាបាល គឺត្រូវដាក់វិន័យរាល់កំហុសឆ្គង ចេះកែប្រែឥរិយាបថរបស់ខ្លួនដែលឆ្គាំឆ្គង ដើម្បីជាគំរូផង និងជួយដាស់តឿនមនុស្សជុំវិញខ្លួនផងដែរ។

៥. វះកាត់ 

គួររំលឹកដែរថា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ គឺជាវិទ្យាស្ថានទី១ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានកោះប្រជុំកាលពីព្រឹកម៉ិញនេះ ដើម្បីធ្វើការត្រួតពិនិត្យ និងតាម​ដាន​ការងារបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន។ 

សូមជម្រាបថាវិទ្យាស្ថាននេះមានផ្នែកចំនួន៥រួមមាន៖ ផ្នែកវប្បធម៌វិទ្យា ផ្នែកសិល្បៈនិងឥស្សរិយយស ផ្នែកស្ថាបត្យកម្ម ផ្នែកបុរាណវិទ្យា និងផ្នែកទស្សនីយភាព។ សម្រាប់ឆ្នាំ២០១៨នេះ វិទ្យាស្ថានបានទទួលនៅគម្រោង​ស្រាវជ្រាវ​មួយ គឺគម្រោងសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបី និងអរូបីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំនេះឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍ ដល់វិទ្យាស្ថានថា៖

១. សូមមន្ដ្រីកុំដេកលក់ទាំងអស់គ្នា។

២. សូមកុំទម្លាប់អាក្រក់ ហែកកេរ្តិ៍គ្នា និយាយដើម។ល។

៣. ការរកឃើញអ្វីមួយ ត្រូវតែបង្ហាញដល់សាធារណជនទូទៅ ដើម្បីធ្វើការបង្ហាញដល់ពលរដ្ឋជំនាន់ក្រោយ សូមកុំយកទុកក្នុងបន្ទប់។

ជាលទ្ធផលនៃកិច្ចប្រជុំ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានសន្យានឹងប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា នៅឆ្នាំក្រោយវិទ្យាស្ថាននឹងបង្កើតឱ្យមានការសម្ដែង​សិល្បៈ វប្បធម៌ ដែលជាសមិទ្ធផលបានមកពីការស្រាវជ្រាវរបស់វិទ្យាស្ថាន៕

RAC Media

«ការបង្កើនប្រសិទ្ធភាព និងវិន័យការងារនៅតាមវិទ្យាស្ថានចំណុះ»

«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួចហើយកន្លងមក ត្រូវរៀបចំជាឈុតឆាកផ្សារភ្ជាប់ជាមួយផ្នែកសិល្បៈដើម្បីសម្តែងជូនទៅកាន់មហាជន ចៀសវាងរកអ្វីដែលថ្មីឃើញហើយលាក់ស្នាដៃទុកតែក្នុងបន្ទប់....» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត្យ​សភាចារ្យ​ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ច​ប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។ 


គួររំលឹកដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការកោះអញ្ជើញមន្ត្រីវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បះ នៃរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំដោយមិនបានជម្រាបជាមុន ដើម្បីធ្វើការតាមដានស្ថានការនៃការបំពេញការងាររបស់មន្ត្រីវិទ្យាស្ថាន។ 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ទៅ​លើ​ប្រសិទ្ធភាព និងវិន័យការងារ សំដៅលើកកម្ពស់ឱ្យ​កាន់តែមាន​ប្រសិទ្ធភាពខ្ពស់ មិនសំដៅតែវិទ្យាស្ថាន តែការពង្រឹងវិន័យការងារនេះ ត្រូវធ្វើទាំងនៅក្នុងផ្នែកចំណុះទាំងប្រាំ របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖ (១) ផ្នែកវប្បធម៌វិទ្យា, (២)ផ្នែកសិល្បៈនិងឥស្សរិយយស, (៣) ផ្នែកស្ថាបត្យកម្ម, (៤) ផ្នែកបុរាណវិទ្យា និងទី(៥) ផ្នែកទស្សនីយភាព។ សរុបថ្នាក់ដឹកនាំ និង មន្ត្រីកំពុងបម្រើការនៅវិទ្យាស្ថាន មានចំនួន ១៤នាក់ (ស្រី៤នាក់)។ 

ក្នុងឆ្នាំ២០១៨ វិទ្យាស្ថានបានទទួលគម្រោងស្រាវជ្រាវលើគម្រោងរូបី និងអរូបី ហើយបានចុះទៅស្រាវជ្រាវតាមខេត្តនានាដើម្បីធ្វើការសិក្សាដោយផ្ទាល់ និងបានបញ្ចប់ហើយ នៅតែការសរសេរសេចក្តីលំអឹតអំពីសកម្មភាពនិងលទ្ធផលនៃការស្រាវជ្រាវប៉ុណ្ណោះ។ នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត ផុន កសិកា ប្រធានផ្នែកបុរាណវិទ្យា នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បះ  បានមានប្រសាសន៍ថា នៅពេលនេះផ្នែករបស់លោកបានទទួលគម្រោងស្រាវជ្រាវនៅឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនៅខេត្តព្រះវិហារ ហើយក្រុមការងាររបស់វិទ្យាស្ថាន ក៏បានរកឃើញ​សន្លុងបន្ថែមទៀតជាច្រើនបន្ថែមពីលើការរកឃើញពីមុន។ ទាំងនេះ ជាភស្តុតាងថ្មីបន្ថែមទៀតដែលត្រូវការឱ្យ​មានការសិក្សាស្រាវជ្រាវបន្ថែម អំពីការរីកចម្រើនវិស័យស្លដែកនៅកម្ពុជាកាលពីសម័យបុរាណ ជាពិសេសនៅសម័យអង្គរ និងសម័យកាលក្រោយអង្គរ។ 

លោកបណ្ឌិត ផុន កសិកា បានបញ្ជាក់បន្ថែមថា សន្លុង គឺជាទួលសម្រាប់ធ្វើការស្លដែក (សន្លុង គឺជាពាក្យដែលប្រជាជនដើមនៅតំបន់ស្រាវជ្រាវបានហៅ) ហើយនៅពេលនេះ ក្រុមកាងារបានរកឃើញថា មានសន្លុងចំនួន៥៤កន្លែង តែចំនួននេះ អាចនៅមានច្រើនជាងនេះទៀតដែលក្រុមការងាររកមិនទាន់ឃើញ។ នៅឆ្នាំក្រោយក្រុមការងារ នឹងស្នើសុំគម្រោងបន្ថែមទៀត ដើម្បីស្វែងរកទីតាំងសន្លុងដែលអាចមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប។

ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ក្រោយពេលធ្វើកំណាយរួចមកហើយ យើងមិនត្រូវយកមកលាក់ទុកទេ តែត្រូវបង្ហាញដល់សាធារណជនទូទៅ ដើម្បីជាការបង្ហាញជូនដល់ប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយឱ្យបានដឹងផង។ ជាធម្មតាយើងត្រូវបង្ហាញស្នាដៃរបស់យើង ហើយសម័យសព្វថ្ងៃ មានភាពងាយស្រួលណាស់ដើម្បីធ្វើការផ្សព្វផ្សាយឱ្យសាធារណជនបានដឹងពីកិច្ចការរបស់យើង។ 

កំណែទម្រង់​ការងារក្នុងស្ថាប័ន ជាកិច្ចការសំខាន់ដែលថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសជាទូទៅ​នៅរាល់ពេលមានកម្មវិធីសំខាន់ៗ សំដៅពង្រឹងវិន័យ និងប្រសិទ្ធភាព​ការងារនៅ​ក្នុងស្ថាប័ន ក៏ដូចជានៅតាមវិទ្យាស្ថាន និង​ស្ថាប័ន​ឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។ សមិទ្ធផល​ការងារ​ជាច្រើនដែលសម្រេចបាន នឹងរៀបចំបូកសរុបនិងបង្ហាញជូនក្នុងកម្មវិធីសន្និ​បាតបូកសរុបការងារ​ប្រចាំឆ្នាំ​ ជាពិសេសវេទិកាវិទ្យាសាស្រ្តដែលរៀបចំធ្វើឡើងជារាល់ចុងឆ្នាំនីមួយៗ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ៖
  1. ឯកឧត្តមបណ្ឌិត នូ ចាន់សុភី  ប្រធានវិទ្យាស្ថាន
  2. លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថាន
  3. លោក ប្រែង ពិសិដ្ឋ លេខាអចិន្ត្រៃយ៍
  4. លោក ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា
  5. លោក លេង ណៃគីម មន្ត្រីស្រាវជ្រាវ ផ្នែកវប្បធម៌វិទ្យា
  6. លោក សាល់ ខាន់ មន្ត្រីស្រាវជ្រាវ ផ្នែកវប្បធម៌វិទ្យា
  7. លោកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវ ផ្នែកវប្បធម៌វិទ្យា
  8. លោកស្រី សរ សិលា អនុប្រធានផ្នែកសិល្បៈនិងឥស្សរិយយស                  
  9. លោក លឹម សូក្រាត មន្ត្រីស្រាវជ្រាវ ផ្នែកស្ថាបត្យកម្ម 
  10. លោកបណ្ឌិត ផុន កសិកា ប្រធានផ្នែកផ្នែកបុរាណវិទ្យា
  11. លោក ហឿង សុធារស់ មន្ត្រីស្រាវជ្រាវផ្នែកបុរាណវិទ្យា
  12. លោក ជ័យ រតនា មន្ត្រីស្រាវជ្រាវផ្នែកបុរាណវិទ្យា
  13. កញ្ញា តាកេត សក័ដា មន្ត្រីស្ម័គ្រចិត្តផ្នែកបុរាណវិទ្យា
  14. លោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព           
RAC  Media