News

«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
- លោកស្រីបណ្ឌិត សៀង ហ៊ុយ សមាជិកបម្រុងនៃសមាជិកបណ្ឌិតសភា នៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់ធិបឌិន្ទ»។
- ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់សេនា»។
- លោកស្រីបណ្ឌិត ចេក សុថា អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់អស្សឫទ្ធិ»។
- ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់សេនា»។
- លោកបណ្ឌិត ម៉ុង ស៊ាងងីម អនុប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់សេនា»។
- លោក សួន សុភា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ទទួលបានគ្រឿងឥស្សរិយយសមុន្នីសារាភ័ណ្ឌ «ថ្នាក់អស្សឫទ្ធិ»។
ក្រៅពីនេះ ក៏មានការផ្តល់ជូនគ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមប្រឹក្សាស្តង់ដាជាតិដែលជាថ្នាក់ដឹកនាំនិងសមាជិកនៃក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឆ្លៀតឱកាសមុនចាប់ផ្តើមពិធីបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងសមាជិកដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិនោះ ក្រុមប្រឹក្សាស្តង់ដាជាតិ បានរៀបចំកិច្ចប្រជុំស្តង់ដារលើកទី២០ តាមផែនការកំណត់ ដោយបានអនុម័តនូវស្តង់ដាមួយចំនួនបន្ថែមទៀត មានដូចជា៖ ស្តង់ដារសារធាតុថ្មីបន្ថែម ស្តង់ដារយានយន្ត ស្តង់ដាគ្រឿងសង្ហារិមជាដើម។
គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីស្តង់ដាកម្ពុជា ត្រូវបានប្រកាសឱ្យប្រាស់ផ្លូវការដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ មិថុនា ឆ្នាំ២០០៧។ រហូតដល់ឆ្នាំ២០១៤ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានចេញសេចក្តីប្រកាស លេខ ១៤១ MIH/២០១៤ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅក្រុមប្រឹក្សាស្តង់ដាជាតិ និងបានដាក់ដំណើរការប្រជុំស្តង់ដាជាតិក្នុង១ឆ្នាំ២ដងតាមការដាក់ស្នើសុំអនុម័តរបស់គណៈកម្មការដែលមានសមាជិកមកពីអន្តរក្រសួង។
ប្រភព៖ លោកស្រីបណ្ឌិត សៀង ហ៊ុយ សមាជិកបម្រុងនៃសមាជិកបណ្ឌិតសភា នៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីការពារគម្រោងនិក្ខេបបទលម្អិត» ជូនដល់បេក្ខជនបណ្ឌិត តាន់ ផល្លី (ជំនាញ ទស្សនវិជ្ជា ជំនាន់ ទី២ វគ្គ១)
ប្រធានបទ៖ តម្លៃស្រ្តីខ្មែរក្នុងសង្គមពីឆ្នាំ១៩៤៨-២០១៨។
លទ្ធផល គណៈកម្មការបានសម្រេចជូនដល់បេក្ខជន បណ្ឌិត តាន់ ផល្លី បន្តការស្រាវជ្រាវបន្ទាប់ពីការ កែលម្អរតាមមតិយោបល់របស់គណៈកម្មការ។
ប្រភពព័ត៌មាន៖ លោក សេង មាន មន្រ្តីផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងលោកស្រីបណ្ឌិត Gang Kyoung Hee ជំនួយការស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងសន្និសីទអន្តរជាតិដែលបាន រៀបចំដោយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ ក្រោមប្រធានបទ«សាកលវិទ្យាល័យ និងសង្គមចំណេះដឹងនាពេលអនាគត» នាទីក្រុងសេអ៊ូលរបស់សាធារណៈរដ្ឋកូរ៉េ។
- President, Peking University
- President, Fudan University
- President, Renmin University
- President, Communication University of China
- President, Yanbian University
- President of Academic Committee, Nankai University
- President, Chulalongkorn University
- Rector, University of Yangon
- President, Royal Academy of Cambodia
- President, Korea University
- President, Yonsei Universit
ស្ថិតនៅក្នុងបរិយាកាសនោះ ក្នុងនាមជាវាគ្មិនប្រកបដោយកិត្តិយសឧត្តុង្គឧត្តមស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងនូវចំណុចធំៗចំនួន៥ទាក់ទងនឹងគុណតម្លៃ ព្រមទាំងសមិទ្ធផលជាជំហានរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលបាននឹងកំពុងតែបន្តការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ក្នុងនោះមាន៖
- តួនាទីរបស់រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវជាតិ ដែលផ្តោតលើការសិក្សាស្រាវជ្រាវ រួមមានវិទ្យាសាស្រ្តសង្គមនិងវិទ្យាសាស្រ្តពិតព្រមទាំងការបណ្តុះបណ្តាល កម្រិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
- រាជបណ្ឌិត្យសភាកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការការស្រាវជ្រាវទាំងថ្នាក់ជាតិ និងអន្តរជាតិតាមរយៈការចុះ អនុស្សារណៈយោគយល់(MOU)ជាច្រើន។
- យោងលើលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានៅមានកម្រិត ជាពិសេសផ្នែកវិទ្យាសាស្រ្ត ក្នុងនោះឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធាន បានស្នើសុំធ្វើកិច្ចសហប្រតិបត្តិការពិសេសលើការសិក្សាស្រាវជ្រាវ។
- រាជបណ្ឌិត្យសភាកម្ពុជា ស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបតិ្តការនានាដែលមានចក្ខុវិស័យដូចគ្នាសម្រាប់ រយៈពេលវែង និងខ្លី រួមទាំងការអនុវត្តគម្រោងស្រាវជ្រាវនិងគម្រោងអភិវឌ្ឍន៍។
- គ្រប់ស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺមានការគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។
ប្រភពព័ត៌មាន៖ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា
RAC Media
កាលព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប្រជុំក្រុមការងាររួមគ្នារវាង កម្ពុជា-រុស្ស៊ី សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីបម្រើឱ្យគោលបំណងសន្តិភាព។
កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក ប្រធានក្រុមការងារថ្នាក់ជាតិ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក.ជ.អ.ច. និងលោក GONCHARUK Artem ប្រធានគណៈប្រតិភូ Rosatom (សហព័ន្ធរុស្ស៊ី) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីពា្រងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ» នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃកចិ្ចប្រជុំនេះបានផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការរៀបចំពិភាក្សាគ្នាចំពោះគម្រោង IGA ការដឹកជញ្ជូននិងការលើកលែងពន្ធសម្ភារៈបរិក្ខារសាងសង់ ផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងផែនការនៃការផ្សារភ្ជាប់ទំនាក់ទំនងគ្នារួម។
ស្ថិតនៅក្នុងដំណើរពង្រាងខ្លឹមសារក្នុងកិច្ចព្រមព្រៀងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅកម្ពុជា ដែលបានចងក្រងឡើងរហូតដល់១៨ប្រការ ក្នុងនោះមានខ្លឹមសារសំខាន់ៗដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន រួមទាំងការលើកលែងពន្ធផងនោះ ជាលទ្ធផលភាគីទាំងពីរបានពង្រាងសេចក្តីដោយធ្វើកំណែរ ខ្លឹមសារខ្លះៗតាមប្រការនីមួយៗ បន្ទាប់អំពីកំណត់បង្ហាញយោបល់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន៖
- គ្មានការដាក់ស្នើសុំកិច្ចសន្យាចាំបាច់នៅក្នុងសេចក្តីសន្និដ្ឋានកិច្ចសន្យាពាក់ព័ន្ធជាមួយនឹង IGA (ប្រការ៤)
- គ្មានការបង់ថ្លៃជាគោល (ប្រការ៦)
- ការធ្វើឱ្យខូចខាតនុយក្លេអ៊ែររបស់ប្រតិបត្តិករក្នុងកំឡុងពេលសាងសង់ (ប្រការ១១)
- ការលើកលែងពន្ធ (ប្រការ១២)
- ត្រង់ប្រការទី១៤ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងធ្វើការពិភាក្សាជាមួយនឹងអ្នកច្បាប់បន្ត និងទទួលការប្រឹក្សាយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ អង្គភាពរដ្ឋាភិបាល ស្តីពីអ្នកទទួលខុសត្រូវខាងភាគីរបស់កម្ពុជាដោយយោងតាម IGA ហើយនឹងរៀបចំសេចក្តីស្នើសុំរៀបចំ (ប្រការ ៦)។
រីឯខ្លឹមសារនៃកិច្ចភិភាក្សាគ្នាក្នុងផែនការទំនាក់ទំនងរវាងភាគីទាំងពីរបានព្រមព្រៀងគ្នាថា៖
- បង្កើតព្រឹត្តិការណ៍លើកទីមួយដែលនឹងត្រូវធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ស្របតាមទម្រង់មេរៀនស្តីពី បច្ចេកទេសនុយក្លេអ៊ែរនៅក្នុង ITC។
- ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមព្រៀងបកប្រែខ្លឹមសារនុយក្លែអ៊ែរ ABC រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៨ ហើយភាគីខាងរុស្ស៊ី នឹងរៀបចំធ្វើបទបង្ហាញនៅក្នុងកំឡុងពេលផ្តល់មេរៀននាខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
- ភាគីខាងរុស្ស៊ី បានត្រៀមគោលជំហរជាស្រេចដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតដែលស្ថិតនៅក្រោមផែនការទំនាក់ទំនងរួមគ្នាមួយ ( ថ្ងៃវិទ្យាសាស្ត្រប្រើប្រាស់នុយក្លេអ៊ែរ កិច្ចពិភាក្សាជាក្រុម និងរៀបចំជាអត្ថបទព័ត៌មានខ្លី)។
- ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំពេលវេលាសមរម្យដើម្បីព្រឹត្តិការណ៍ទាំងអស់នោះ និងរៀបចំបញ្ជីឈ្មោះសមាសភាព អ្នកជំនាញក្នុងស្រុក សាស្រ្តាចារ្យ ថ្នាក់ដឹកនាំដែលពាក់ព័ន្ធបានចូលរួមជាភាគី។
- ភាគីទាំងពីរក៏បានសម្រេចផងដែរថានឹងមានកិច្ចពិភាក្សាលើកទី៣បន្តទៀតក្រោមភាពជាដៃគូ ចំណងការទូតជាមួយគ្នា ដើម្បីពិនិត្យមើលពីដំណើរការវិវឌ្ឍនៃ IGA នឹងដើម្បីបានបញ្ចប់កិច្ចពិភាក្សា ដែលគ្រោងនឹងធ្វើជាដំណាក់កាលបន្តក្នុងខែវិច្ឆិកា នៅក្រុងព្រះសីហនុ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន់ ទីក្រុងគុនមីង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការនាំផលិតផលកសិកម្មក្នុងទីជនបទរបស់ប្រទេសកម្ពុជាទៅលក់នៅក្នុងប្រទេសចិន។ ជាកិច្ចចាប់ផ្តើមនៃជំនួបឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះលោកបណ្ឌិត Yimin YU ហើយរំពឹងថា ស្ថាប័នទាំងពីរ អាចបំពេញការងារជាមួយគ្នា ក្រៅពីការចុះអនុស្សរណៈនៃការយោគយល់នេះ។
គោលបំណងនៃជំនួបរវាងស្ថាប័នទាំងពីរគឺ៖
- កិច្ចសហប្រតិបត្តិការលើទម្រង់នៃគម្រោងជំនួយ នៃថវិកាសហប្រតិបត្តិការសម្រាប់ប្រទេស LDC៖ ផ្តោតលើការផលិតដែលធានាគុណភាព ដោយពឹងផ្អែកទម្រង់ពាណិជ្ជកម្មក្នុងទីជនបទរបស់ប្រទេសកម្ពុជា
- កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវពាណិជ្ជកម្ម ការបោះពុម្ព និងបង្កើនការគាំទ្រចំពោះកម្មវិធីបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវ។
ក្រោយការបញ្ចប់ជំនួប ភាគីទាំងពីរបានព្រមព្រៀងគ្នានូវចំណុចដូចខាងក្រោម៖
- បង្កើតទិន្នន័យផលិតផលកសិកម្មដែលមានអាជ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា
- បង្កើតគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាភាសាខ្មែរ សម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជា
- បង្កើតគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាភាសាចិន សម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជា ដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រឡិកឆ្លងដែន និងការទិញដោយផ្ទាល់តាមអនឡាញ។
- បង្កើតប្រព័ន្ធទុកទិន្នន័យលើអាកាស ( Cloud Storage System) សម្រាប់ផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ដែលរួមទាំងឃ្លាំងឥវ៉ាន់សម្រាប់ការនាំចេញផលិតផលកសិកម្មមួយនៅក្នុងផែក្រុងព្រះសីហនុ និងឃ្លាំងទីស្នាក់ការកណ្តាលប្រាំ (៥)ទៀត ដែលមានទីតាំងនៅក្នុងទីតាំងផលិត។
- បង្កើតប្រព័ន្ធតាមដានមួយសម្រាប់ផលិតផលកសិកម្មកម្ពុជា ដើម្បីធ្វើឱ្យសម្រេចនូវការតាមដាន និងធានាគុណភាពសម្រាប់ផលិតផលសំខាន់ៗរបស់កម្ពុជា
- បង្កើតទីតាំងបណ្តុះបណ្តាលពាណិជ្ជកម្មអេឡិចត្រូនិកចំនួនដប់កន្លែង (១០) សម្រាប់ផលិតផលកសិកម្មកម្ពុជា
- ការផ្លាស់ប្តូរទស្សនកិច្ចបញ្ញវន្ត អ្នកស្រាវជ្រាវ ធ្វើបាឋកថា និងការស្រាវជ្រាវ ការបោះពុម្ពស្នាដៃវិទ្យាសាស្ត្រ សម្ភារៈស្រាវជ្រាវ សិក្ខាកាម និងនិស្សិតថា្នក់បណ្ឌិត
- សិក្ខាសាលា គម្រោងស្រាវជ្រាវ និងសន្និសីទរួមគ្នា លើប្រធានបទដែលបានព្រមព្រៀងគ្នា។
ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៌ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅសាលស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
កាលពីឆ្នាំកន្លង រាជបណ្ឌិត្យសភាកម្ពុជា បានរៀបធ្វើពិធីក្រុងពាលីសាងសង់«អគារខេមរវិទូ»កំពស់៤ជាន់មួយ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ចំណែកនៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធី «សែនក្រុងពាលីបុកគ្រឹះសាងសង់អគារឥន្ទ្រទេវី» ជាផ្លូវការនៅវេលាម៉ោង៣ៈ០០ រសៀល ថ្ងៃអាទិត្យ ១៥ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា។
សំណង់«អគារឥន្ទ្រទេវី» ជាសមិទ្ធផលជាប្រវត្តិសាស្ត្រទី២ ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបានក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាត្រឹមរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ។ សំណង់អគារនេះ នឹងមានបំពាក់ដោយឧបករណ៍ និងសម្ភារៈបរិក្ខារសម្រាប់បម្រើដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងក្លាយជាកន្លែងសម្រាប់ប្រមូលផ្តុំបញ្ញវន្ត ដែលមានឧបនិស្ស័យនឹងការស្រាវជ្រាវ សម្រាប់ផ្តល់ធាតុចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ការកសាងអគារឥន្ទ្រទេវីនេះឡើង គឺមានគោលសំខាន់បី៖ ទី១. សម្រាប់ជាកន្លែងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ដែលជួយគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលពីវិទ្យាស្ថានខុងជឺហាន់ប៉ាន់, ទី២. ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេសជាខេមរភាសាលើរាល់ផលិតផលនាំចូលមកក្នុងប្រទេសកម្ពុជា, ទី៣. ប្រមូលផ្តុំបញ្ញវន្តដែលចូលនិវត្តន៍ ដោយបង្កើតជាតុមូលបញ្ញវន្តផ្នែកវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏លើកទឹកចិត្តដល់បញ្ញវន្តបង្ហាញពីស្នាដៃសម្រាប់រួមចំណែកអភិវឌ្ឍសង្គម។
គួរបញ្ជាក់ដែរថា អគារឥន្ទ្រទេវីនេះ មានកំពស់៤ជាន់ សម្រាប់បម្រើដល់វិស័យអភិវឌ្ឍធនធានមនុស្ស និងជាកន្លែងប្រមូលផ្តុំនូវបញ្ញវន្តកម្រឹតខ្ពស់សម្រាប់ជួយដល់ប្រទេសជាតិ។ បច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជា មិនទាន់មានទីកន្លែងសម្រាប់រៀបចំកម្មវិធីនានាដែលអាចឱ្យអ្នកចូលរួមលើសពី២០០នាក់នៅឡើយទេ តែអគារឥន្ទ្រទេវីនេះ មានកន្លែងដែលអាចរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមជាង ៤០០នាក់។ អគារនេះ ឧបត្ថម្ភសាងសង់ដោយអ្នកឧកញ៉ា ពុង ឃាវសែ ដែលនឹងចំណាយទឹកប្រាក់ជាង ២លានដុល្លារអាម៉េរិក ហើយគ្រោងសាងសង់រួចរាល់នៅឆ្នាំក្រោយនេះ។
RAC Media
កិច្ចសម្ភាសន៍ស្ដីពី ការសាងសង់អគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា៖
រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកទេសនុយក្លេអែរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានដល់ដំណាក់កាលដែលជិតទទួលបានផ្លែផ្កា។ ក្នុងនាមស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ រាជបណ្ឌិត្យសភាកម្ពុជា បានកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការពិភាក្សា និងត្រួតពិនិត្យលើពង្រាងកិច្ចព្រមព្រាងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយមានឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាតំណាងរាជបណ្ឌិត្យសភាកម្ពុជា។នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានទៅចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅឯនាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន ហើយ នេះក៏មិនមែនជាកិច្ចប្រជុំលើកដំបូងមកដែរអំពីបញ្ហាសេចក្តីព្រៀងកិច្ចព្រមព្រៀងនេះ។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ទិន ពន្លក ប្រធានក្រុមការងារថ្នាក់ជាតិ ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យបំណងសន្តិភាព ក្នុងគោលបំណងពិនិត្យឡើងវិញអំពីខ្លឹមសារនៅក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសយកចិត្តទុកដាក់លើមាត្រានានាពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងសម្ភារៈបរិក្ខារនុយក្លេអ៊ែរសម្រាប់ការសាងសង់មជ្ឈមណ្ឌល និងការលើកលែងពន្ធនានាដល់ការនាំចូលសម្ភារៈ និងការសាងសង់ជាដើម។
បន្តពីកិច្ចប្រជុំថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ និងលោកបណ្ឌិត លឹម សេងឌី តំណាងឱ្យរាជបណ្ឌិត្យសភាកម្ពុជា តបតាមការអញ្ជើញរបស់ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ដើម្បីពិភាក្សាផ្លាស់ប្តូរមតិយោបល់ស្តីពីភាពចាំបាច់ និងសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំកិច្ចប្រជុំជាមួយក្រុមការងារនៃប្រទេសរុស្ស៊ី Rosatom នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះនៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងនៃកិច្ចព្រមព្រាងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឍមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅព្រះរាជាណាចក្រកម្ពុជា។
RAC Media
នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញសុទិដ្ឋនិយមចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ ដាវីដ ឡែមតុន (David M. Lampton) អ្នកស្រាវជ្រាវជាន់ខ្ពស់ពីសាកលវិទ្យាល័យ Johns Hopkins ដែលបានអញ្ជើញមកចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃពាក់ព័ន្ធនឹងគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្នុងបរិបទប្រវត្តិសាស្ត្រ។ និយាយជារួម និងនិយាយដោយឡែក គឺគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក Donald Trump និងតួនាទីរបស់សហរដ្ឋអាម៉េរិកក្នុងតំបន់អាស៊ី។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖
- គោលនយោបាយការបរទេសរដ្ឋបាលរបស់លោក អូបាម៉ា និងរដ្ឋបាលលោក ដូណាល់ត្រាំ ហាក់បីដូចជាបានបង្ហាញពីភាពខុសគ្នា។ ចំពោះទ្វីបអាស៊ី រដ្ឋបាលលោក ដូណាល់ ត្រាំ គិតគូរខ្លាំងលើបញ្ហាសេដ្ឋកិច្ច គឺការធ្វើពាណិជ្ជកម្មឆ្លាត តែមិនមែនពាណិជ្ជកម្មសេរី ហើយក៏មិនសូវគិតគូរពីបញ្ហាសម្ព័ន្ធមិត្ត ដែលខុសពីរដ្ឋបាលលោកអូបាម៉ា ដែលយកចិត្តទុកដាក់លើការលើកស្ទួយពហុស្ថាប័ន តែទោះយ៉ាងណា អាម៉េរិកនៅតែមិនបោះបង់់ចោលអាស៊ី។
- នេះជាការពិតមួយ អាម៉េរិកមិនមែនជាអ្នកបង្កសង្គ្រាមនោះទេ អាម៉េរិកអាចជាជនរងគ្រោះមួយដែរ នេះប្រសិនបើយើងសិក្សានៅក្នុងទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមលោក ពីព្រោះប្រវត្តិសាស្ត្រវាមិនអាចកែប្រែបានឡើយ។
- អាម៉េរិកក៏ជាមហាអំណាចខាងសេដ្ឋកិច្ច យោធា សំខាន់គឺប្រព័ន្ធព័ត៌មានដែលងាយគ្រប់គ្រង និងឆាប់រហ័ស បើទោះមានបញ្ហា១០០០ដងក៏នៅតែឈ្នះជានិច្ច ប៉ុន្តែភាពទន់ខ្សោយមានតែម្តងប៉ុណ្ណោះ ក្នុងករណីយន្តហោះបំបុក World Trade Centre របស់អាម៉េរិក នេះគឹជាការបរាជ័យមួយ។ នោះក៏ជារឿងមួយដែលអាម៉េរិកខ្លាចបំផុតនោះគឺ បញ្ហាភេរវកម្មដែលត្រូវតែទប់ស្កាត់។
- ដំណើរឆ្ពោះមកអាស៊ីរបស់សហរដ្ឋអាមេរិកធ្វើឡើងស្របពេលដែលនាគភ្ញាក់ពីដំណេក គឺមហាយក្សចិន។ ឥទ្ធិពលរបស់មហាអំណាចអាស៊ី និងជាមហាអំណាចសេដ្ឋកិច្ចទី២មួយនេះ ហាក់ដូចជាមិនថមថយឡើយ ហើយបានក្លាយជាដៃគូប្រកួតប្រជែងរបស់សហរដ្ឋ អាមេរិកទាំងវិស័យសេដ្ឋកិច្ច និងយោធា។
- គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអាស៊ី ទទួលបានលាយឡំគ្នា រវាងការសាទរ និងការមិនសប្បាយចិត្តពីសំណាក់បណ្តាប្រទេសនៅអាស៊ី។ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន គឺជាគ្រឹះសំខាន់សម្រាប់ការរក្សាសន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកទាំងមូល។ រាល់ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរជាហានិភ័យរបស់ពិភពលោក ដូច្នេះមហាអំណាចទាំងពីរ មិនគួរជ្រើសរើសយកជម្រើសនៃការប្រឈមមុខដាក់គ្នានោះទេ។
- ប្រទេសចិន គឺជាក្តីបារម្ភ ជាដៃគូប្រជែងផ្នែកពាណិជ្ជកម្ម ជាអ្នកប្រកួតប្រជែងខាងវិស័យយោធាផងដែរជាមួយសហរដ្ឋអាម៉េរិក។ ខណៈពេលនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងផ្តោតការយកចិត្តទុកដាក់លើប្រទេសមហាអំណាចអាស៊ី ដូចជាជប៉ុននិងកូរ៉េខាងត្បូងផងដែរ ដោយហេតុ ប្រទេសកូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ធំមួយ។
- ប្រទេសជប៉ុន ជាដៃគូល្អបំផុតជាមួយអាម៉េរិកក្នុងសេដ្ឋកិច្ចទីផ្សារ គឺប្រទេសទាំងពីរបានទុកឱកាសវិនិយោគដល់គ្នាទៅវិញទៅមក។ ជាឧទាហរណ៍ បើយើងក្រឡេកមើលការនាំចេញនូវផលិតផលទូរទស្សន៍ និងរថយន្តជាដើម។
- ពិភពលោកហាក់ស្ថិតក្នុងស្ថិតនៅក្បែរមាត់ជ្រោះនៃសង្គ្រាម ខណៈសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកជាមួយសហភាពអឺរ៉ុប កាណាដា ជាពិសេសជាមួយចិន និងឥណ្ឌាសុទ្ធតែជាមហាយក្សអាស៊ី កំពុងឆាបឆេះទៅហើយ។ បាតុភូតនេះ គឺពិតជាហានិភ័យធំណាស់ចំពោះសេដ្ឋកិច្ចពិភពលោក។
- សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសនានា គួរតែរកដំណោះស្រាយសមស្របដោយសន្តិវិធីក្នុងស្ថានភាពឈ្នះ-ឈ្នះ ដើម្បីបញ្ចៀសឱ្យបាននូវហានិភ័យទាំងនេះ និងដើម្បីវិបុលភាពពិភពលោក។
RAC Media
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយគ្រឺះស្ថានឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេសជាច្រើន។ ភ្ជាប់គ្នានឹងបញ្ហានេះ សាកលវិទ្យាល័យត្រាវិញនៃប្រទេសវៀតណាម បានមកដល់រាជបណ្ឌិត្យសភាកម្ពុជាក្នុងគោលបំណងសំខាន់ភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាអន្តរជាតិរវាងស្ថាប័នទាំងពីរ កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

- ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម,
- ឯកឧត្តមបណិ្ឌត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងកម្ពុជា,
- លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, និង
- លោក ស៊ឺន សំ មន្ត្រីខុទ្ទកាល័យ រាជបណ្ឌិត្យសភាកម្ពុជា។
- លោកស្រី Thi Dan សាកលវិទ្យាធិការរង និងជាប្រធានគណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញ
- លោកស្រី Nguyen Thi Mai Khanh នាយកសម្រាប់សហប្រតិបត្តិការអន្តរជាតិ,
- លោកស្រី Tran Kim Khanh នាយករងនៃនាយកដ្ឋានសម្រាប់ការធ្វើតេស្តសមត្ថភាព,
- លោក Eng Van Be នាយករងនៃគណៈកម្មការរៀបចំអន្តេវាសិកដ្ឋាន, និង
- លោក Ngo Phu Hai ប្រធាននាយកដ្ឋានភាសាខ្មែរ។
- ភាគីទាំងពីរព្រមព្រៀងគ្នាចំពោះការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាលភាសាខ្មែរ-វៀតណាម និង ភាសាវៀតណាម-ខ្មែរ,
- ភាគីទាំងពីរព្រមព្រៀងគ្នាចំពោះការផ្លាស់ប្តូរនិស្សិត,
- ភាគីវៀតណាមព្រមព្រៀងជួយលើកិច្ចការបច្ចេកទេសនៅពេលរាជបណ្ឌិត្យសភាកម្ពុជា ធ្វើវចនានុក្រម «ខ្មែរ-វៀតណាម»,
- ការសិក្សាររួមគ្នាលើបញ្ហាកសិកម្ម, និង
- ការសិក្សារួមគ្នាលើបញ្ហាទេសចរណ៍ និងសេដ្ឋកិច្ច។





ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃសុក្រ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកែសម្រួល និងសាងសង់ថ្មីបន្ថែមចំនួន៤ទីតាំង ដើម្បីកែលម្អរសោភណ្ឌភាពរាជបណ្ឌិត្យសភាកម្ពុជា។ទីតាំងទី១៖ការចាក់សាបឡើងវីញលើផ្ទៃដីប្រហែល១២០ម៉ែត្រក្រឡា នៅខាងមុខអគារ F។ ទីតាំងទី២៖ ការរៀបចំថ្មី ទីលានបាល់ទះ និងទីលានបោះប៊ូល នៅចន្លោះអាគារ F និងអាគារខេមរៈវិទូ ។ទីតាំងទី៣៖ នៅសួនច្បារវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា កសាងបុស្បុក សម្រាប់តម្កល់រូបសំណាកព្រះបាទជ័យវរ័ន្មទី៧ និងទីតាំងទី៤៖ នៅខាងក្រោយអគារ F ជាប់របងខាងត្បួងសាងសង់ឡ សម្រាប់ដាក់សម្រាម។ទាំងនេះជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជានាដំណាក់កាលថ្មីនេះ ។
RAC Media