News

ជំនួបពិភាក្សាការងារ
នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យាល័យ ជីង ហ៊ួ ខេត្តជៀលជាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅបន្ទប់ប្រជុំស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា។
ខុទ្ទកាល័យ របសក
កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងកូនពាក្យ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ក្នុងការអាន និងសរសេរភាសាជាតិឱ្យបានកាន់តែត្រឹមត្រូវ និងដើម្បីជាការរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
មុនពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមបណ្ឌិត ជួរ គារី បានអានប្រវត្តិនៃការកើតមាន វចនានុក្រមអក្ខរាវិរុទ្ធ ព្រមទាំងការប្រឹងប្រែងរបស់គណៈកម្មការនិពន្ធ ថា្នក់ដឹកនាំវិទ្យាស្ថានភាសាជាតិ និងថា្នក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ដែលបានជួយជ្រោមជ្រែង និងលើកទឹកចិត្តចំពោះការបោះពុម្ភផ្សាយនេះ។ នៅក្នុងពិធីនៃការប្រកាសផ្សព្វផ្សាយនោះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីសំណាក់ប្រធានវិទ្យាស្ថានទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងសុន្ទរកថាបើកកម្មវិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន បានមានប្រសាសន៍ថា “នៅក្នុងប្រទេសកម្ពុជាយើង បានសម្រេចយកវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ធ្វើជាគោលសម្រាប់ការអាន និងការសរសេរភាសាជាតិ ហើយយើងគោរពទៅតាមអ្វីដែលមាននៅក្នុងវចនានុក្រមនោះ តែដោយសារមានពាក្យថ្មីៗ និងមានភាពមិនស្របគ្នាក្នុងការអានពាក្យមួយចំនួន អីចឹងហើយបានជាកើតមានវចនានុរក្រមអក្ខរាវិរុទ្ធភាសាខ្មែរនេះ ”។
កម្មវិធីនៃការប្រកាសផ្សព្វផ្សាយនោះ បានបញ្ចប់នៅវេលាម៉ោង ១០ព្រឹក ដោយការសារទរ និងក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍជាតិ។
ភ្នំពេញ ថ្ងៃអង្គារ៍ ៦កើតខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ RAC Media
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាបន្ទប់ប្រជុំស្លឹករឹត។ ក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពគ្រោងនឹងសហការរួមគ្នា៣ចំណុច៖
- លើផ្នែកបណ្តុះបណ្តាល
- ការសិក្សាស្រាវជ្រាវ
- វិទ្យាសាស្រ្តបច្ចេកវិជ្ជាវិស្វកម្មនិងគណិតវិទ្យា(STEM)
ខុទ្ទកាល័យ របសក
សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើនដែលយើងសម្រេចបានប្រកបដោយភាពវិជ្ជមាន ទន្ទឹមនឹងនេះក៏នៅមានសេសសល់ការងារជាច្រើនទៀតដែលទាមទារឱ្យយើងត្រូវរួមគ្នាគិតនិងរួមគ្នាធ្វើបន្តទៅទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមានការរីកចម្រើនទៅមុខថែមមួយកម្រិតទៀត ស័ក្តសមជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដើម្បីស្វែងរកធាតុចូលថ្មីៗជូនរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨។ នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជាជាង២៤៦នាក់ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា « យើងត្រូវជម្រុះចោលឱ្យអស់នូវមន្ត្រីអសកម្មការងារ រាជបណ្ឌិត្យសភាកម្ពុជាត្រូវការអ្នកដែលមកធ្វើការ បើគ្រាន់តែចុះហត្ថលេខាក៏ពឹងឱ្យគេចុះហត្ថលេខាជំនួសដែរ សូមដាក់ពាក្យព្យួរការងារទៅ យើងត្រូវការមនុស្សដែលមកធ្វើការ មិនត្រូវការអ្នកយកមុខនោះទេ។ នៅខែមេសាខាងមុខនេះ យើងនឹងត្រូវការរើសមន្ត្រីថ្មីដើម្បីធ្វើការ...»សូមជម្រាបជូនថា នៅវេលាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាកំពុងរៀបចំកម្មវិធី បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨។ កម្មវិធីសន្និបាតនេះប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០៧-០៨-០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ សាលរំដួល រាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការទាំងអស់របស់រាជបណ្ឌិត្យភាកម្ពុជា។