(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនិងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលរួមមានសាច់ច្រកក្របី និងងៀតក្របី និងថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋសរុបចំនួន ២៣គ្រួសារ ដែលភៀសខ្លួនមកពីខេត្តព្រះវិហារ និងឧត្ដរមានជ័យ មកស្នាក់នៅក្នុងឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងឱកាសអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនប្រជាពលរដ្ឋភៀសសឹកនាឱកាសនេះ  ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានថ្លែងសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង ២៣គ្រួសារ ដែលកំពុងភៀសខ្លួនមកស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងមូលដ្ឋានឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយគ្នានេះ ឯកឧត្ដមបានមានប្រសាសន៍ផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់នៅក្នុងថែរក្សាសុខភាពនៅក្នុងអំឡុងពេលមកស្នាក់នៅកន្លែងថ្មី និងបានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំង ២៣គ្រួសារ បន្តជម្នះការលំបាកជាបណ្ដោះអាសន្ននេះ មុននឹងសភាពការណ៍វិលទៅរកភាពស្ងប់ស្ងាត់នាពេលខាងមុខ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា ក្រោយសភាពការណ៍នៅតាមព្រំដែនស្ងប់ស្ងាត់ឡើងវិញ សូមបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងភូមិស្រុកវិញ ដោយបន្តការខិតខំប្រឹងប្រែងដាំដុះនិងផលិតផលិតផលផ្សេងៗតាមរយៈអាជីពរៀងៗខ្លួន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនៅក្នុងមូលដ្ឋានរស់នៅរបស់ខ្លួនផ្ទាល់។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា ពលរដ្ឋគឺជារបងព្រំដែនយ៉ាងរឹងមាំរបស់ប្រទេសជាតិមួយ និងជាសាក្សីអំពីស្ថានការណ៍នៅតាមព្រំដែន ដែលអាចតាមដាន និងការពារព្រំដែនជាមួយនឹងបរទេសជិតខាង៕

នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ   |  លឹម សុវណ្ណរិទ្ធ