ដោយ៖ លឹម សុវណ្ណរិទ្ធ

គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ

          ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកងទ័ពថៃបានធ្វើសកម្មភាពឈ្លានពាន និងបង្ក​ហេតុ​ម្ដង​ហើយម្ដងទៀត ដែលចាប់ផ្ដើមឡើងដំបូងដោយព្រឹត្តិការណ៍វាយប្រហារដោយកម្រោល​លើកងទ័ពកម្ពុជានៅក្នុងតំបន់មុំបី បណ្ដាលឱ្យកងទ័ពកម្ពុជាមួយរូបបាត់បង់​ជីវិត​នៅ​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២៥។ ដោយ​មិន​អស់ចិត្ត ព្រោះមិនអាចបញ្ឆេះភ្លើង​សង្គ្រាម​ឱ្យ​កម្ពុជា​វាយ​ប្រហារបក ឆ្លើយតបនឹង​ទង្វើ​ឈ្លាន​ពានរបស់ខ្លួន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថៃ​បាន​បង្កភាពតានតឹងបន្ថែម ដោយ​បានយកបន្លាលួសមករាយព័ទ្ធជុំវិញប្រាសាទតាមាន់ធំ ក្នុង​ដែនអធិបតេយ្យភាពកម្ពុជា និង​ដែល​ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សា​ស្ថានភាព​ដើម​នោះ ព្រមទាំងបានបាញ់ប្រហារជា​មុនមកលើកងទ័ពកម្ពុជា ជាហេតុធ្វើឱ្យកងទ័ព​កម្ពុជា​ត្រូវ​បង្ខំចិត្តប្រើប្រាស់សិទ្ធិការពារខ្លួន និងប្រឆាំងការឈ្លានពានរបស់កងទ័ពថៃ។  ភ្លាមៗក្រោយ​ផ្ទុះ​ការប៉ះ​ទង្គិចគ្នា​នៅតាម​ព្រំដែន​កម្ពុជា-ថៃ ដែលបង្ក​ឡើងដោយក្រុមយោធាថៃ ក្នុង​ថ្ងៃ​ដដែល​នោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានទូរសព្ទមកកាន់នាយករដ្ឋមន្ត្រីកម្ពុជានិងថៃ ស្នើ​សុំ​ឱ្យ​មានបទឈប់បាញ់ជាបន្ទាន់មួយ។ ខណៈនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា​បាន​ឯកភាព និងជំរុញឱ្យ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី បញ្ចុះបញ្ចូលមេដឹកនាំថៃ ដែលជាភាគី​បង្ក​ជម្លោះ ហើយថៃក៏បានឯកភាពផងដែរ ប៉ុន្តែដូច​សព្វមួយ​ដងដែល​ថៃ​តែង​តែ​ស៊ីញ៉េ​នឹង​ដៃ​លុបនឹងជើង នាយករដ្ឋមន្ត្រីស្ដីទីថៃ ក៏​បានបដិសេធនូវបទឈប់បាញ់ ដែល​សម្រប​សម្រួល​ដោយម៉ាឡេស៊ីវិញ។ នេះគឺជាជំហរ​ការ​ទូត​ដែលមិនត្រឹមតែ​បង្ហាញ​ពី​ភាព​ក្រអឺត​​ក្រទម​ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំង​ជា​ការ​ប្រមាថ​តួនាទីរបស់ម៉ាឡេស៊ី​ជា​ប្រធាន​អាស៊ាន​ផងដែរ ព្រោះកន្លងមក ថៃដែលសម្អាង​ខ្លួន​ជា​ប្រទេសមានអំណាចសេដ្ឋកិច្ច​និង​យោធាខ្លាំង​ក្នុងតំបន់ ហាក់មិនទទួលស្គាល់ប្រទេស​ណាមួយ​ជា​បងធំអាស៊ាន ដែលអាច​និយាយ​ស្មើ​មុខមាត់​ជាមួយខ្លួនបានឡើយ។ មិនតែប៉ុណ្ណោះ ថៃ​ថែម​ទាំងបានបដិសេធ និង​ទាត់​ចោល​នូវកិច្ច​ខិត​ខំប្រឹងប្រែងសម្របសម្រួលពី​បណ្តា​ប្រទេស​ទីបី ដើម្បីបញ្ចប់​ជម្លោះ​ជាមួយ​កម្ពុជា និង​អះ​អាងថា​ចង់​ដោះស្រាយ​តាមរយៈ​ការ​ចរចា​ទ្វេ​ភាគី​ថែមទៀតផង។ ការណ៍​​នេះ​ក៏​ព្រោះតែ​ថៃ​យល់យ៉ាងច្បាស់ថា ប្រសិនបើ​ឱ្យ​ភាគី​ទីបី​ចូល​រួមសម្រប​សម្រួល​និង​ដឹងឭ នោះខ្លួន​ច្បាស់​ជា​ពុំ​ត្រឹម​តែ​មិន​អាចបន្តការ​ភូតកុហកពិភពលោកប៉ុណ្ណោះទេ តែ​ក៏​ជាឱកាស​ដែល​កម្ពុជា​នឹង​មាន​ប្រៀប​កាន់​តែ​ខ្លាំង​បន្ថែមទៀតនៅក្នុងវិស័យការទូតផងដែរ។

          ទោះជាយ៉ាងណា ក្រោយមានអន្តរាគមន៍ និងការព្រមានពីលោកប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូណាល់ ត្រាំ ភាគីថៃហាក់បានបន្ទន់ឥរិយាបថទាំងមិនអស់ចិត្តរបស់ខ្លួន ទទួលយកបទឈប់បាញ់ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពី​សំណាក់អ្នកតំណាងសហរដ្ឋអាម៉េរិក និងចិនផងដែរ។ ការទទួលយកបទឈប់បាញ់​ដោយ​ឥត​លក្ខខណ្ឌនេះ ទោះជាថៃមិនយល់ព្រមដោយសុទ្ធចិត្ត ប៉ុន្តែគំនាបរបស់ប្រធានាធិបតី​សហរដ្ឋអាម៉េរិក (កិច្ចព្រមព្រៀងពន្ធបដិការ) និងការប្រឈមនឹងសម្ពាធការទូតប្រទេសធំៗ និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន មេដឹកនាំថៃគ្មានជម្រើសអ្វីផ្សេងនោះឡើយ ក្រៅពីការ​សម្ដែងល្ខោនទទួលយកបទឈប់បាញ់ ហើយបន្តសកម្មភាពបង្កហេតុផ្សេងៗនៅតាម​ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តបោកបញ្ឆោតសាធារណៈមតិអន្តរជាតិ។

          ទោះជាបទឈប់បាញ់បានចូលជាធរមានក្ដី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺ​ប្រមាណ​ជា៨ម៉ោងក្រោយ ថៃបានបើកការវាយប្រហាររយៈពេលខ្លី ក្នុងគោលដៅប៉ុន​ប៉ង​ឱ្យ​កម្ពុជា​ប្រើប្រាស់អាវុធឆ្លើយតបវិញ ដើម្បីបាន​លេសប្រមូលភស្តុតាង​ចោទប្រកាន់​ថា កម្ពុជា​ជា​អ្នក​ផ្ដើមរំលោភ​បទ​ឈប់​បាញ់ រួចខ្លួននឹងបន្តសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាបន្តទៀត ដើម្បី​លុបលាងភាពអាម៉ាស់ និងបន្ថយភាពតានតឹងនយោបាយនៅទីក្រុងបាងកក។ ទោះ​ជា​យ៉ាងណា បន្ទាប់ពីកងទ័ពកម្ពុជាគោរពបទបញ្ជារាជរដ្ឋាភិបាល ដោយមិនធ្វើការតបត​ទៅភាគីថៃវិញ កងទ័ពឈ្លានពានថៃក៏ប្រើល្បិចធ្វើពុតជាសុំជួបចរចា​ជាមួយកងទ័ពកម្ពុជា រួចភ្ជង់​ចាប់​កងទ័ព​ខ្មែរ​ធ្វើជាឈ្លើយសឹកទាំងបំពានច្បាប់អន្តរជាតិ និងដោយគ្មាន​ភាព​អៀន​ខ្មាស់​បំផុត។ ទង្វើរបស់យោធាថៃនេះ គឺដើម្បី​បញ្ឆេះ​កំហឹង​កង​ទ័ពកម្ពុជាផង និងរុញច្រាន​សភាព​ការណ៍​ឱ្យ​មហាជន​ដាក់​បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជាផង ព្រមទាំងយក​កងទ័ព​កម្ពុជា​ដែល​ខ្លួន​ប្រើ​ល្បិច​ចាប់ខ្លួននោះ ធ្វើជាចំណាប់ខ្មាំងដើម្បី​ចរចានៅក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលរៀបចំឡើងនៅម៉ាឡេស៊ី​ផង។

          ទង្វើរំលោភបទឈប់បាញ់របស់កងទ័ពថៃមិនបានបញ្ឈប់ត្រឹមនេះទេ ដោយនៅ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ កងទ័ព​ឈ្លាន​ពាន​ថៃ អមដោយគ្រឿងចក្រធុនធ្ងន់ដូចជា គ្រឿងចក្រ កាយដី  (អេស្កាវ៉ាទ័រ) បានចល័ត​ចូល​តំបន់​អានសេះ ដែលជាដែន​ដី​អធិប​តេយ្យ​ភាពកម្ពុជា ហើយ​ថែម​ទាំងបានរាយបន្លាលួស បើ​ទោះ​បី​ជាត្រូវបានកងកម្លាំងកម្ពុជា​ហាម​ឃាត់​​ខ្លាំង​យ៉ាង​ណាក៏ដោយ។ ភ្លាមៗនោះ កង​ទ័ព​កម្ពុជា​នៅ​ជួរមុខ ក៏បានទាក់ទងជាមួយភាគីថៃ ដើម្បីជំរុញឱ្យកងទ័ព​ថៃ​រុះ​រើ​បន្លាលួស និងដក​​នូវ​គ្រឿងចក្ររបស់ខ្លួនចេញជាបន្ទាន់ពី​ដែនអធិប​តេយ្យ​របស់​កម្ពុជា តែ​រហូត​ដល់​ព្រឹក​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថៃនៅតែ​រឹង​ទទឹង​មិន​ទាន់​រុះ​រើ​នៅឡើយ​ដែរ។ ទោះជា​យ៉ាង​ណា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែល​បន្ត​ប្រកាន់ជំហរ​ដោះ​ស្រាយ​ដោយសន្តិវិធី និងគោរពស្មារតីនៃបទឈប់បាញ់ កងទ័ព​កម្ពុជា​បានរក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត មិនប្រើប្រាស់សព្វាវុធបណ្ដេញកងទ័ព​ថៃ​ឈ្លានពាន ទៅ​តាម​ការញុះញង់បង្ក​ហេតុ​របស់​សត្រូវឈ្លានពាននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថៃបានបន្តជីកលេណដ្ឋាន ដឹក​លេណដ្ឋាន​បេតុង សំបកកង់ និងលូដាក់នៅ​នឹង​មុខ​ប៉ុស្តិ៍​របស់​ខ្លួន និងបន្តដាក់លូនិងកង់ឡានក្នុងលេណដ្ឋាន​ក្នុង​លក្ខណៈ​​ត្រៀម​ប្រយុទ្ធ ដោយ​ចល័ត​ទ័ពរំលោភបំពានអធិបតេយ្យភាពនិងបង្កភាព​តាន​តឹងជាបន្តបន្ទាប់ ផ្ទុយពី​ស្មារតី​នៃ​បទ​ឈប់​បាញ់​រវាងប្រទេសទាំងពីរ។

          មេដឹកនាំនយោបាយ និងក្រុមឧត្ដមសេនីយ៍យោធាថៃដែលបាននិង​កំពុង​តែបន្ត​ជាន់​ឈ្លី​ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី រំលោភ​លើ​សីលធម៌អន្តរជាតិ និងទាត់​ចោល​តួនាទី​របស់ប្រធានអាស៊ាន និងមហាអំណាច​ពិភព​លោក ហាក់មិនត្រឹមតែ​ព្យាយាម​ញុះ​ឱ្យ​កម្ពុជា​ផ្ទុះអាវុធមុនដើម្បីមានលេសចោទប្រកាន់ប៉ុណ្ណោះទេ តែក៏ជាការស្ទាបស្ទង់ជំហរ​ដោះ​ស្រាយ​របស់ប្រធានអាស៊ាន និងប្រតិកម្មសហរដ្ឋអាម៉េរិកផងដែរ។

          ក្រៅតែពីការរំលោភបទឈប់បាញ់យ៉ាងគឃ្លើន ថៃក៏បាន​ព្យាយាម​បង្កើតព័ត៌មាន​ក្លែង​ក្លាយជាបន្តបន្ទាប់ ដើម្បីលាក់បាំងនិងបំភ័ន្តពិភពលោកដូចជា ការ​ចោទថា​កម្ពុជា​បាន​​រំលោភ​បទឈប់បាញ់, ថៃបានគ្រប់គ្រងទីតាំងសមរភូមិ កងទ័ព​ខ្មែរបាន​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​ត្រូវបានទុកចោលក្នុងព្រៃ និងការចាប់បានចារកម្មជាកងទ័ពកម្ពុជាក្នុងទឹកដី​ថៃ ជា​ដើម។ ការដែលថៃបង្កើត​ព័ត៌​មាន​ក្លែង​ក្លាយ​​ទាំង​នេះ ព្រោះថៃនៅ​តែ​យល់ថាខ្លួនអាចបោក​កុហក​ពិភពលោកបាន​ដូច​អតីត​កាល​បន្ត​​ទៀត តាមរយៈកិច្ច​សហ​ការ​និង​ការមាន​ទំនាក់​ទំនង​ល្អជាមួយនឹងបណ្ដាញ​សារ​ព័ត៌​មាន​ធំៗ ការ​ផលិតនិងផ្សព្វផ្សាយព័ត៌មាន​មិន​ពិត​ដែល​លឿន​រហ័សនិង​សម្បូរ​បែប​របស់ខ្លួន ព្រម​ទាំង​តាមរយៈបុគ្គលិកជនជាតិថៃ ដែល​ធ្វើ​ការ​នៅ​ស្ថាប័នសារ​ព័ត៌​មាន​ធំៗ​លើ​ពិភពលោក​ជា​ដើម។ ជាមួយគ្នានេះ ការបង្កើតព័ត៌មាន​ក្លែង​ក្លាយ​​ទាំង​នេះ ក៏ធ្វើឡើង​ក្នុង​គោល​បំណងបំភ័ន្តសាធារណៈមតិក្នុងប្រទេសថៃ ដើម្បីស្ដារ​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​ថៃលើ​រដ្ឋាភិបាល​និងកងទ័ពថៃ ក៏ដូចជាក្នុង​គោល​ដៅ​ញុះ​ញង់​សាធារណៈ​​មតិ​កម្ពុជាផងដែរ ពោល​​គឺក្នុងចេតនាញុះញង់និងរុញច្រានឱ្យមានការ​បែកបាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ អ្នក​នយោបាយនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋាភិបាល​កម្ពុជា។

          ជាមួយគ្នានេះ មេដឹកនាំក្រុងបាងកក ក៏ប្រហែលជាយល់ឃើញថា ម៉ាឡេស៊ីដែលជា​ប្រធាន​អាស៊ានទំនងជានឹងមិនហ៊ានធ្វើអ្វី ដែលប៉ះពាល់ដល់ទំនាក់ទំនងជាមួយថៃនោះ​ឡើយ ព្រោះថៃសម្អាងថាខ្លួនគឺជាប្រទេសស្ថាបនិកអាស៊ាន មានសេដ្ឋកិច្ចខ្ពស់ និងមាន​ទំនាក់​​ទំនង​ការទូតល្អជាមួយបណ្ដាមហាអំណាចជាដើម។ បន្ថែមពីនេះ មេដឹកនាំថៃក៏​ទំនង​​ជា​ជឿ​ជាក់​ថា ទំនាក់ទំនង​សេដ្ឋកិច្ចល្អ​រវាង​ប្រទេស​ថៃនិងម៉ាឡេស៊ី ក៏ជាហេតុផល​មួយ​ផ្សេង​ទៀត ដែលម៉ាឡេស៊ីអាចនឹងប្រកាន់ជំហរថ្នាក់ថ្នម មិនហ៊ានចោទប្រកាន់ឬ​ចង្អុល​មុខ​ថៃ​ថា​ជាប្រទេសរំលោភបទឈប់បាញ់នោះឡើយ។ ទំនង​ជាដោយសារហេតុ​ផល​ទាំង​នេះ​ហើយ ទើបមេដឹកនាំថៃជឿជាក់ថា ម៉ាឡេស៊ីមិន​មាន​ប្រតិកម្មអ្វីជាសាធារណៈខ្លាំងក្លាទេ ក្រោយ​ថៃ​ក្រឡាស់សម្ដីទាត់ចោលបទឈប់​បាញ់​ដែល​ម៉ាឡេស៊ី​ផ្ដើម​គំនិត និង​សម្រប​សម្រួល។ ទោះ​ជា​យ៉ាងណា មេដឹកនាំថៃក៏ប្រហែលជាបាន​ពិចារណាផងដែរអំពី​បញ្ហា​ប្រឈម​រវាងថៃ​និង​ម៉ាឡេស៊ី ដែលអាចរុញច្រាន​ឱ្យម៉ាឡេស៊ី​នឹង​ប្រកាន់ជំហរមុតមាំនៅ​ចំពោះ​មុខវិវាទ​កម្ពុជា​ថៃ​គឺ បញ្ហាការបង្ក្រាប​ការ​បះ​បោរ​របស់​ជន​ជាតិ​អ៊ីស្លាមនៅខេត្តភាគ​ខាង​ត្បូងរបស់​រដ្ឋាភិបាល​ថៃ បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និង​ជំងឺ​ប្រវត្តិសាស្ត្រ ដែលក្នុងអតីតកាលខេត្ត​ភាគខាង​ជើង​របស់​ម៉ាឡេស៊ីត្រូវបានកាត់បញ្ចូលជាទឹកដី​ប្រទេស​ថៃ​ជាដើម។ ទាំង​នេះ​អាច​ជា​មូល​ហេតុ​ដែលមេដឹកនាំថៃកំពុងបន្តស្ទាបស្ទង់ជំហររបស់​ម៉ាឡេស៊ី ព្រោះបើទោះ​បី​ជាខ្លួន​មាន​មោទកភាពចំពោះភាពជាសមាជិកស្ថាបនិកសមាគមអាស៊ាន ជាប្រទេសមាន​សេដ្ឋ​កិច្ច​និង​យោធាឈានមុខនៅក្នុងតំបន់ មានទំនាក់ទំនងការទូតល្អជាមួយ​បណ្ដាមហា​អំណាច ហើយ​ខ្លួនមិនបានផ្ដល់សារៈសំខាន់ដល់តួនាទី​អាស៊ានរបស់ម៉ាឡេស៊ីក្ដី ក៏បញ្ហា​ប្រឈមរវាង​ខ្លួន​នឹង​ម៉ាឡេស៊ី ធ្វើឱ្យថៃត្រូវតែពិចារណាម្ដងទៀត ហើយស្ទាបស្ទង់បន្ថែមអំពី​ជំហររបស់​ប្រធាន​អាស៊ានផ្លាស់វេននេះផងដែរ។ ជាការពិតណាស់ ជំហររបស់ប្រធានអាស៊ានដែលជា​អ្នកសម្របសម្រួលជម្លោះកម្ពុជា-ថៃ គឺជាចំណុចត្រូវគិតគូរឱ្យបានហ្មត់ចត់ និងដោយប្រុង​ប្រយ័ត្ននៅក្នុងសមរភូមិការទូតរបស់ថៃ ខណៈប្រទេសនេះបានបរាជ័យជាច្រើនដងរួច​មក​ហើយនៅក្នុងសមរភូមិការទូត ប្រឈមជាមួយនឹងកម្ពុជា។

          បន្ថែមពីលើនេះ ការដែលថៃមិនទាន់បើកការវាយប្រហារ​ទ្រង់ទ្រាយធំ ក៏ព្រោះតែ​បារម្ភពីប្រតិកម្មពីសហរដ្ឋអាម៉េរិក ព្រោះបើទោះបីជាថៃគឺជាសម្ព័ន្ធមិត្តចាស់វស្សា​របស់​សហរដ្ឋអាម៉េរិក ប៉ុន្តែករណីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចេញមុខសម្របសម្រួលនិងផ្ដួចផ្ដើមបទឈប់បាញ់ដោយ​ផ្ទាល់។ មិនតែប៉ុណ្ណោះ ការសម្រេចបាននូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា​និង​ថៃ ត្រូវបានលោក ដូណាល់ ត្រាំ ចាត់ទុកថាជាស្នាដៃលេចធ្លោមួយក្នុង​នាម​ជា​ប្រធានាធិបតីសហរដ្ឋអាម៉េរិកក្រោយពីបានបញ្ឈប់សង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថាន ហើយ​បាន​បញ្ជាក់​ថា លោក​អាចស្វែង​រក​សន្តិ​ភាព​ដល់​ប្រទេសទាំងពីរកម្ពុជា-ថៃ ដែល​លោក​បាន​អះ​អាងថា មានជម្លោះជាង៥០០ឆ្នាំកន្លងមកហើយនោះ។ ទោះជាយ៉ាងណា សម្រាប់​ប្រទេស​ថៃ ការ​យល់ព្រមដោយបង្ខំចិត្តលើបទឈប់បាញ់ជាមួយកម្ពុជា មិនត្រឹមតែដោយ​សារ​តែកិច្ច​ព្រម​ព្រៀងពន្ធបដិការជាមួយសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថៃក៏ទំនង​ជា​បារម្ភ​​អំពី​អន្តរាគមន៍​ផ្សេងណាមួយពីសហរដ្ឋអាម៉េរិកលើជម្លោះរវាងថៃនិងកម្ពុជា ដែល​​អាច​ធ្វើ​ឱ្យ​​ថៃត្រូវ​រង​ភាពអាម៉ាស់​កាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើសូម្បីតែសហរដ្ឋ​អាម៉េរិក​ជា​សម្ព័ន្ធ​មិត្តចាក់ទឹកមិនលិចជាមួយខ្លួន ក៏ថ្កោលទោសឬដាក់សម្ពាធលើថៃដោយសារតែ​ទង្វើ​ឈ្លាន​ពានលើប្រទេសកម្ពុជាដែរនោះ។ ហេតុនេះហើយ ក្រៅតែពីការ​សម្ដែងថាខ្លួន​មាន​​ឆន្ទៈគោរពបទឈប់បាញ់ ថៃដែលនៅតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជា នឹងនៅតែ​បន្ត​សកម្ម​​ភាពបង្កអរិភាពនៅតាមព្រំដែនជាមួយកម្ពុជា ធ្វើយ៉ាងណាបង្កើតសេនារីយ៉ូទុច្ចរឹត​ដើម្បី​ញុះ​ញង់ឱ្យកងទ័ពកម្ពុជាអស់ការអត់ធ្មត់ ហើយឆ្លើយតបទៅនឹងកងទ័ពថៃ ដើម្បីខ្លួន​បាន​លេស​ចោទប្រកាន់កម្ពុជាថាជាអ្នករំលោភបទឈប់បាញ់ រួចបន្តសង្គ្រាមឈ្លានពាន​អធិប​តេយ្យ​ភាពកម្ពុជាជាបន្តទៅទៀតនាពេលខាងមុខ។ ទោះជាយ៉ាងនេះក្ដី ស្របពេល​ដែល​ខ្លួន​កំពុងបង្កភាពតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា ដើម្បីបញ្ឆេះកំហឹង​កងទ័ព​កម្ពុជា​ឱ្យ​តប​ត​នឹង​ខ្លួន ថៃក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីប្រតិកម្ម​របស់​សហរដ្ឋអាម៉េរិកលើ​ករណី​នេះផងដែរ ហើយក្នុងករណីសហរដ្ឋអាម៉េរិកមិន​មានប្រតិកម្ម​គួរ​ឱ្យ​កត់សម្គាល់ទេនោះ ថៃនឹងកាន់តែបង្កើនសកម្មភាពបង្កហេតុរបស់ខ្លួនជាបន្ថែមទៀត។

          ជា​ការ​ពិតណាស់ នៅក្នុងទំនាក់ទំនងអន្តរជាតិ “គ្មានមិត្តជារៀងរហូត ក៏គ្មាន​សត្រូវ​ជាអមតៈ​នោះ​ដែរ តែផលប្រយោជន៍គឺសំខាន់ជាង” ប្រសិនបើប្រទេសថៃ​ទាត់​ចោល​នូវ​បទ​ឈប់​បាញ់ដែលផ្ដួចផ្ដើមដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក នោះសហរដ្ឋអាម៉េរិក​ក៏​មិន​អាច​​នៅ​ស្ងៀមនោះដែរ ពិសេសនៅក្នុងអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ លោក​តែងតែ​បង្ហាញឥរិយាបថនយោបាយទៅកាន់ប្រទេសទាំងឡាយ ទាំងជាដៃគូ ក៏ដូចជាគូ​ប្រឈម​ថា ការទទួលស្គាល់ឥទ្ធិពលដែលមិនអាចប្រកែកបានរបស់អាម៉េរិក គឺជាការចាំបាច់ ហើយ​លោក​ក៏បានប្ដេជ្ញាដែរថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី “ធ្វើឱ្យអាម៉េរិកអស្ចារ្យម្ដងទៀត” (Make American great again)។ ហេតុនេះ ប្រសិនបើថៃហ៊ានសាកល្បងបង្កសង្គ្រាមជាថ្មី​ម្ដង​ទៀតរំលោភលើបទឈប់បាញ់ខាងលើ ថៃនឹងត្រូវបង់តម្លៃបន្ថែមទ្វេគុណ​លើសពី​លើ​ការ​ខាតបង់សេដ្ឋកិច្ច និងបរាជ័យខាងការទូតនិងយោធា ដែលខ្លួនបានជួបប្រទះ​កន្លង​ទៅ​ថ្មីៗ​នេះ​នៅក្នុងករណីកាត់ផ្ដាច់ច្រកនាំចូល ការហាមឃាត់មុខទំនិញសំខាន់ៗ និង​សង្គ្រាម​ឈ្លាន​ពានមក​លើ​ប្រទេស​កម្ពុជា។ ពិតប្រាកដ​ណាស់ សម្រាប់សហរដ្ឋអាម៉េរិក ​ភាព​ជាអ្នក​ដឹក​នាំ​ពិភពលោកពិតជាសំខាន់លើសអ្វីៗទាំងអស់ ហើយដើម្បី​រក្សា​កិត្យានុភាព​ជាមហាអំណាច​ផុត​លេខរបស់ពិភពលោកបាននោះ ការគាំទ្រ​ពី​សំណាក់​​បណ្ដាប្រទេស​ទាំង​ឡាយ​លើ​ពិភព​លោកគឺជារឿងចាំបាច់បំផុតមួយ ហេតុនេះ​ហើយ​សហរដ្ឋអាម៉េរិកត្រូវតែចេញមុខ​ការពារ​បទ​ឈប់បាញ់ដែលខ្លួនផ្ដួចផ្ដើម ជំរុញ​ឱ្យថៃ​អនុវត្ត​តាមគោលការណ៍ច្បាប់អន្តរជាតិ គិតគូរ​យកចិត្តទុកដាក់​លើការ​គោរព​សីល​ធម៌​អន្តរជាតិ និងការពារ​ភាព​យុត្តិធម៌​សម្រាប់​ប្រទេស​នីមួយៗ៕