ព័ត៌មាន

«ស្ថានភាពនិងពាណិជ្ជកម្មប្រេងឆៅក្នុងទីផ្សារពិភពលោក» ដោយបណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-03 08:33:39 ថ្ងៃអង្គារ, 03 មីនា 2020, 08:33 AM
post_detail

ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេង​កាត​បានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្ម​ទាញ​យក​ប្រេង​កាតពីធម្មជាតិ បានផលិតចេញជាផលិតផលប្រេងច្រើនប្រភេទសម្រាប់បំពេញតម្រូវការប្រើប្រាស់។ ការផ្គត់ផ្គង់ ការស្តុក ការចម្រាញ់ តម្លៃ និងពាណិជ្ជកម្មប្រេងបច្ចុប្បន្ន បានក្លាយជាប្រធានបទសំខាន់ និងចាប់អារម្មណ៍របស់ពិភពលោក ហើយ​មានការប្រែប្រួលទៅតាមស្ថានភាពនយោបាយ សន្តិសុខមិនមែនប្រពៃណី និងការកើនឡើងនៃតម្រូវការពិភពលោក ពិសេស ប្រទេសដែលមានឧស្សាហកម្មរីកចម្រើន។

មកទល់នឹងខែកុម្ភៈ ឆ្នាំ២០២០ នេះ យោងតាមរបាយការណ៍របស់ភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency​-IEA) បានបញ្ជាក់ថា តម្រូវការប្រេងសាកលត្រូវបានទទួលរងគ្រោះយ៉ាងខ្លាំងពីមេរោគឆ្លងខូវីដ-១៩ (Covid-19) និងការធ្លាក់ចុះ​នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ការផ្ទុះឡើងនៃមេរោគនេះបាននាំឱ្យប៉ះពាល់ដល់ដំណើរការរោងចក្រចម្រាញ់ប្រេងពិភព​លោក ពិសេសអង្គការអូប៉ិច។ តម្រូវការប្រេងឆៅរបស់ចិនសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ ត្រូវបានកាត់បន្ថយត្រឹម ១,១លាន​បារ៉ែល​ក្នុង១ថ្ងៃ។ ជារួម ដំណើរការផលិតប្រេងទូទាំងពិភពលោកត្រូវបានព្យាករថា អាចផលិតបាន ០,៧លានបារ៉ែលក្នុង១ថ្ងៃ។

ទាក់ទងនឹងការឃ្លាំងស្តុកប្រេងវិញឃើញថា ទិន្នន័យក្នុងខែមករា ដើមឆ្នាំ២០២០ បានបង្ហាញពីឃ្លាំងស្តុកនៅអាម៉េរិក និងជប៉ុន​មានការកើនឡើង ខណៈពេលការស្តុកនេះកំពុងធ្លាក់ចុះនៅអឺរ៉ុប។ រីឯតម្លៃវិញក្នុងរយៈពេលដូចគ្នា តម្លៃប្រេងឆៅបានធ្លាក់ចុះ១០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដោយមានផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតខូវីដ-១៩ (Covid-19)។ តម្លៃនៅមជ្ឈិមបូព៌ា សមុទ្រខាងជើងនិងអាហ្វ្រិកខាងលិច (Middle East, North Sea and West Africa) ទទួលបានការពេញនិយមពីសំណាក់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន ប៉ុន្តែក៏បានធ្លាក់ចុះខណៈពេលដែលការផ្គត់ផ្គង់ប្រេងរបស់ប្រទេសលីប៊ី (Libya) ត្រូវបាន​គាំទ្រពីប្រទេសអាល់ហ្សេរី និងអាស៊ែបៃហ្សង់ (Algeria and Azerbaijan)។

មកទល់នឹងពេលនេះ វីរុសកូរ៉ូណាកំពុងមានឥទ្ធិពលលើអារម្មណ៍មនុស្សស្ទើរជុំវិញពិភពលោក ហើយក៏មានសក្តានុពលផលប៉ះពាល់យ៉ាងខ្លាំងផងដែរលើទីផ្សារប្រេងអន្តរជាតិ។ ការរីករាលដាលនៃវីរុសឆ្លងនៅ ប្រទេសចិន សកម្មភាពដឹកជញ្ជូននិងអាជីវកម្មធំៗជាច្រើនត្រូវផ្អាកសកម្មភាព ដូចជា ផលិតផលប្រេងយន្តហោះ ជាពិសេសយន្តហោះប្រតិកម្ម និងយន្តហោះផ្សេងៗ។ យោង​តាមទិន្នន័យរបស់ក្រុមហ៊ុនដឹកប្រេងផ្លូវសមុទ្រឈ្មោះ IHS Markit Commodities បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មប្រេង​ឆៅ​នៅក្នុងសមុទ្រហាក់ដូចជា មិនបានទទួលផលប៉ះពាល់ពីមេរោគកូរ៉ូណា ដោយដំណើរការដឹកប្រេងឆ្ពោះទៅកាន់ប្រទេសចិននៅ​តែមានតម្រូវការខ្លាំងជិត ២៩០លានបារ៉ែល។ ការដឹកទំនិញភាគច្រើនមានប្រភពមកពីមជ្ឈឹមបូព៌ាដែលមានចំណែកមានចំណែកទីផ្សារប្រមាណ ៣៥%ពេញក្នុងខែមករា ឆ្នាំ២០២០។ ការនាំចេញរបស់អាហ្វ្រិក (អាហ្វ្រិកខាងលិច) និងអ្នកផ្គត់ផ្គង់នៅអាម៉េរិកកណ្តាល និងខាងត្បូង មានចំណែកទីផ្សារ ២៤% និង ១៨%។ ការព្រួយបារម្ភជុំវិញប្រតិកម្មរបស់ចិន គឺច្បាស់នៅក្នុងទីផ្សារ ប៉ុន្តែផលប៉ះពាល់មិនទាន់មាននៅឡើយទេ។ ប៉ុន្តែ អ្នកវិភាគជាច្រើនរំពឹងថា កំណើន GDP របស់ចិនអាចនឹងទទួល​រង​សម្ពាធ​កម្រិតណាមួយបណ្តាលមកពីវិបត្តិនេះដែលនាំឱ្យមានការប៉ះពាល់ដល់តម្រូវការប្រេងរបស់ប្រទេសចិន និងតម្រូវការនេះនឹង​មិនមានការកើនឡើងលឿនដូចការរំពឹងទុក។ ដើម្បីឆ្លើយតបនឹងបញ្ហានេះដែរ មន្ត្រីនៃអង្គការ OPEC+ (អូប៉ិចបូក) បាន​​បង្ហាញពីចេតនារបស់ខ្លួនដើម្បីទប់ស្កាត់អតិរេកប្រេង ប្រសិនបើតម្រូវការរបស់ចិន មិនមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងកិច្ច​ប្រជុំអ្នកជំនាញ OPEC+ នៅទីក្រុងវីយែន ដើម្បីវាយតម្លៃពីស្ថានភាពតម្រូវការនេះ។

ស្ថានភាពនៃមេរោគខូវីដ១៩ នៅទីក្រុងវូហានដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវទឹកដ៏ធំបំផុតមួយរបស់ប្រទេសចិន ក៏បានធ្វើឱ្យរោងចក្រចំរាញ់ប្រេងក្នុងស្រុកកាត់បន្ថយកម្លាំងផលិតកម្មប្រេងពី១០%ទៅ២០%ដែរ។ តាមការប៉ាន់ស្មានបានបង្ហាញថា ការបាត់បង់បរិមាណនៃការផលិតប្រេងឆៅ និងតម្រូវការអាចចន្លោះពី១,៤ ទៅ ២,៨លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២០នេះ។ មកទល់ពេលនេះ ផលិតកម្មប្រេងឆៅ និងតម្រូវការទាំងអស់ គឺស្ថិតនៅលើការសម្រេចចិត្តដែលមិនទាន់មានភាពច្បាស់លាស់របស់អង្គការ OPEC+ ថាតើនឹងត្រូវកាត់បន្ថយ ឬបន្ថែមយ៉ាងណា ឬត្រូវការចំនួនប៉ុន្មានលានបារ៉ែលក្នុងមួយថ្ងៃដើម្បីធានាថ្លៃ និងតម្រូវការប្រើប្រាស់បាន។

បើយើងពិនិត្យមើលទីផ្សារដឹកជញ្ជូនតាមផ្លូវសមុទ្រយើងឃើញថា សកម្មភាពនៅតែស្ថិតក្នុងកម្រិតធម្មតាដោយការនាំចូលប្រេង​តាមផ្លូវសមុទ្ររបស់ប្រទេសចិនមានចំនួនលើស ៨លានបារ៉ែលក្នុងមួយខែ ពិសេសក្នុងខែមករា ប៉ុន្តែនៅតែទាបជាងបរិមាណ​ដែលបានមានតម្រូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ត្រង់នេះគេអាចសន្មតថា ការផ្ទុះឡើងជំងឺខូវីដ-១៩ មិនទាន់អាច​កាត់បន្ថយតម្រូវការប្រេងរបស់ប្រទេសចិន ដោយគំហុកខ្លាំងទេ។ ទន្ទឹមនឹងនេះដែរ ការនាំចេញប្រេងរបស់លីប៊ីបានធ្លាក់ចុះ​យ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បើទោះបីជាចាប់តាំងពីក្នុងខែកុម្ភៈ សហរដ្ឋអាម៉េរិកក៏បានសម្រេចចិត្តដក​ទណ្ឌកម្មលើក្រុមហ៊ុនដឹកទំនិញឈ្មោះ កូស្កូ (Cosco Shipping Tanker (Dalian) Co) ដែលជំរុញឱ្យមានការព្រួយបារម្ភហួស​តម្រូវ​​ការ​ដល់ទីផ្សារដឹកទំនិញតាមផ្លូវសមុទ្រទៅវិញ។

យើងអាចនិយាយបានថា ផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេងនៅតែកើតឡើងនៅទូទាំងពិភពលោក ដោយសារតម្រូវការក្នុងការប្រើប្រាស់ប្រេងនិងសេដ្ឋកិច្ចក្នុងប្រទេសចិនធ្លាក់ចុះ ជាពិសេសបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន និងបណ្តាល​មកពីមេរោគកូរ៉ូណានេះឯង។ ប្រទេសចិនហាក់ដូចជាចំណុចកណ្តាលនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយហានិភ័យនៃការរីករាលដាលនៃវីរុស ហាក់បានធ្វើឱ្យ សេដ្ឋកិច្ចពិភពលោករង្គោះរង្គើយ៉ាងខ្លាំងមកទល់នឹងពេលនេះ។ នៅឆ្នាំ២០០៣ តម្រូវ​ការប្រេងរបស់ចិនមានចំនួន ៥,៧លានបារ៉ែលក្នុងមួយថ្ងៃ ហើយនៅឆ្នាំ២០១៩ ប្រទេសនេះបានកើនឡើងទ្វេដងដល់ ១៣,៧លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹង១៤%នៃចំនួនសរុបពិភពលោក។ លើសពីនេះ កាលពីឆ្នាំ២០១៩ នោះ ប្រទេសចិនក៏មានតម្រូវការប្រេងច្រើនជាងបីភាគបួននៃកំណើនតម្រូវការប្រេងពិភពលោក។

ផលប៉ះពាល់នៃជំងឺ Covid-19 ចំពោះតម្លៃប្រេង មានសភាពធ្ងន់ធ្ងរឡើងៗមកទល់នឹងពេលនេះ។ តម្លៃប្រេងប្រភេទ Brent ធ្លាក់ចុះប្រហែល ១០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ឬស្មើ២០% មកនៅក្រោម ៥៥ ដុល្លារអាម៉េរិកក្នុង១បារ៉ែល។ មុនពេលដែលផ្ទុះ​ជំងឺ Covid-19 ទីផ្សារនេះមានការប៉ាន់ស្មានទុកជាមុននូវការផ្គត់ផ្គង់លើស១លានបារ៉ែលក្នុង១ថ្ងៃ ក្នុងឆមាសទីមួយនៃឆ្នាំ​២០២០ ដោយសារតែការបន្តពង្រីកទីផ្សារនៅសហរដ្ឋអាម៉េរិក ប្រេស៊ីល កាណាដា និងន័រវែស។ បើទោះបីជាមានការគម្រាមកំហែង​ដល់សុវត្ថិភាពនៃការផ្គត់ផ្គង់ប្រេង ពីភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ាក់យ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យការផ្គត់ផ្គង់ប្រេង​ធ្លាក់ក្រោម១លានបារ៉ែលក្នុង១ថ្ងៃដែរ។ នៅដើមខែមីនា ប្រទេសចិនបានកាត់បន្ថយការបញ្ជាទិញរបស់ខ្លួនរួចហើយពីអា​រ៉ាប់​ប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងដ៏ធំរបស់អង្គការ OPEC និងជាប្រទេសនាំចេញប្រេងធំជាងគេរបស់ពិភព​លោក​។ ប្រទេស​ចិន គឺជាអតិថិជនសំខាន់បំផុតរបស់អារ៉ាប់ប៊ីសាអូឌីត រួមជាមួយបណ្តាប្រទេសអាស៊ីផ្សេងទៀតដូចជា ឥណ្ឌានិងកូរ៉េខាង​ត្បូងដែលជាប្រទេសមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសផលិតប្រេងធំៗ នៅជុំវិញឈូងសមុទ្រពែរ្ស។ រាល់ការធ្លាក់ចុះនៃសេដ្ឋ​កិច្ច​ទាំងនេះនឹងកាត់បន្ថយតម្រូវការប្រេង ការឡើងថ្លៃ និងចំណូលអង្គការអូប៉ិច ដែលពឹងផ្អែកលើវិស័យប្រេង។

ក្រៅពីអង្គការអូប៉ិច ប្រទេសរុស្ស៊ីដែលជាប្រទេសផលិតប្រេងផ្គត់ផ្គង់និងពឹងផ្អែកលើការលក់ទៅឱ្យប្រទេសចិន ក៏រងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចរបស់ខ្លួនច្រើនដែរ។ កាលពីខែធ្នូ ឆ្នាំ២០១៩ មុនពេលមានវិបត្តិសេដ្ឋកិច្ច ប្រទេសចិនបាននាំចូលប្រេងជិត ១១លានបារ៉ែល។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាអ្នកផ្គត់ផ្គង់ធំជាងគេរបស់ប្រទេសចិន ជាមធ្យមប្រហែល១,៧លានបារ៉ែល ឬជិតមួយភាគបួននៃការនាំចេញរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសរុស្ស៊ី គឺជាប្រទេសទី២ ក្រៅពីនេះ ក៏មានប្រទេសអង់ហ្គោឡា ប្រេស៊ីល និងអ៊ីរ៉ាក់។

សរុបមក ការផ្ទុះឡើងនូវមេរោគរាតត្បាតជំងឺខូវីដ-១៩ ពិតជាធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសដែលជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសចិន បន្ទាប់មកស្ថានភាពនេះបានរុញច្រានសេដ្ឋកិច្ចពិភពលោក ពិសេសវិស័យពាណិជ្ជកម្មប្រេងពិភពលោក​ជួប​វិបត្តិ​វឹកវរ ទាំងការផលិតនិងការលក់នៅក្នុងទីផ្សារអន្តរជាតិ។ ចំណុចនេះយើងអាចនិយាយបានថា ការអាក់ខាននៃការបញ្ជា​ទិញ​ប្រេង​របស់ប្រទេសចិន ពិតជាមានឥទ្ធិពលខ្លាំងដែលមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសក្នុងអង្គការអូប៉ិចទេ ថែមទាំងដល់ប្រទេសជាច្រើនក្នុងពិភពលោក។ ដូចនេះ រាល់បញ្ហាអ្វីមួយដែលកើតឡើងមិនថាឡើយក្នុងប្រទេសចិន បើ​ទោះ​​​ជា​​នៅប្រទេសណាក៏ដោយ ក៏គួររួមគ្នាដោះស្រាយប្រកបដោយសន្តិវិធីដើម្បីសុខដុមនីយកម្មពិភពលោក។ ដូច្នេះ យើងសន្និដ្ឋាន​​បានថា ទីផ្សារប្រេងនឹងឆ្ពោះទៅរកភាពលំនឹងនិងតុល្យភាពឡើងវិញបានលុះណាមានការមានដំណោះស្រាយរួមរវាង​វិបត្តិ​ពាណិជ្ជកម្មអាម៉េរិក-ចិន និងភាពស្រាកស្រាន្តឬធូរស្បើយនៃវិបត្តិជំងឺខូវីដ-១៩ នោះប្រទេសមហាអំណាច និងបណ្តាប្រទេស G២០ អាចត្រូវបង្កើនតម្រូវការកាន់តែខ្លាំងក្នុងសង្វាក់ផលិតកម្ម ដែលអាចធ្វើឱ្យកំណើនផ្គត់ផ្គង់ផលិតប្រេងក្នុងចំណោម​សមាជិក​អូប៉ិច (OPEC)៕ 

អត្ថបទទាក់ទង

ហេតុអ្វីបានជាអ្នកនយោបាយមួយចំនួន ក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួន? ដោយ៖ លឹម សុវណ្ណារិទ្ធ

​នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បី​មានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពព...

2024-05-01 02:13:27   Wed, 01,05,2024, 02:13 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបយើងទទួលបានប្រទេសជាតិមួយដ៏ខ្លាំង

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០...

2024-04-30 09:05:31   Tue, 30,04,2024, 09:05 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅ...

2024-04-30 08:41:36   Tue, 30,04,2024, 08:41 AM
ព្រែកជីកហ្វូណនតេជោ សមិទ្ធផលមិនធ្លាប់មានក្នុងរយៈពេលជាង ៤០០ឆ្នាំ និងជានិមិត្តរូបនៃស្មារតីឯកភាពជាតិដ៏មោះមុតបំផុតរបស់ខ្មែរ ដោយ៖ លឹម សុវណ្ណរិទ្ធ

​ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់​ថា ប្រទេស​កម្ពុជា​បានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅ​តំបន់ដីសណ្ដទន្លេមេគង្គ (បច្ចុប្បន្ន​ជាដែនដីភា...

2024-04-27 06:38:58   Sat, 27,04,2024, 06:38 AM
បណ្ឌិត គិន ភា: «ប្រជាពលរដ្ឋខ្មែរមានក្តីរំភើប និងមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន សែន សាងសង់ព្រែកជីកហ្វូណនតេជោ»

យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ព...

2024-04-27 05:09:55   Sat, 27,04,2024, 05:09 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន តាមរយៈការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក ពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត...

2024-04-27 03:00:49   Sat, 27,04,2024, 03:00 AM

សេចក្តីប្រកាស