ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ខ្មែរយើងមានមរតកវប្បធម៌ដ៏អស្ចារ្យ ប៉ុន្តែកន្លងមកវិធីសាស្ត្រក្នុងការបង្ហាញរបស់យើង នៅមិនទាន់អាចឱ្យគេស្គាល់និងឃើញបានទូលំទូលាយនៅឡើយ

2019-11-29 04:52:34 ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 11:52 AM
អ្នកមើល 7124
post_detail

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងអំពីគុណតម្លៃនៃស្ថាបត្យកម្ម ការវិវត្តសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ ភាពសម្បូរបែប ព្រមទាំងភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរបុរាណ ប៉ុន្តែឯកឧត្ដមបានគូសបញ្ជាក់ថា វិធីសាស្ត្រក្នុងការបង្ហាញរបស់ខ្មែរ ទៅកាន់ពិភពលោកនៅមិនទាន់ទូលំទូលាយនៅឡើយ។

បើតាមឯកឧត្ដមបណ្ឌិត យង់ ពៅ ស្ថាបត្យកម្មនីមួយៗ ត្រូវគោរពទៅតាមក្បួនខ្នាតជាចាំបាច់របស់មរតកវប្បធម៌នៃប្រជាជាតិនីមួយៗ ហើយស្ថាបត្យកម្មបានចារឹកនូវឥរិយាបថ វប្បធម៌ និងសង្គមរបស់ប្រជាជាតិ ដោយតាមរយៈការសង្កេតមើលសំណង់អគារ គេអាចយល់នូវចរឹកលក្ខណៈ ឥរិយាបថសង្គម និងឥរិយាបថជនជាតិ ភ្ជាប់ទៅនឹងទស្សនវិជ្ជាសង្គម នៃប្រជាជាតិនីមួយៗបាន។ ជាមួយគ្នានេះដែរ ស្ថាបត្យកម្មរបស់ជាតិសាសន៍មួយ ត្រូវបានផ្លាស់ប្ដូរដោយសារកត្តាសង្គម សេដ្ឋកិច្ច ប្រវត្តិសាស្ត្ររបស់ប្រជាជាតិនីមួយៗ ហើយវាក៏អាចក្លាយទៅជាភស្តុតាងដែលបង្ហាញអំពីស្ថានភាពប្រែប្រួលនៃឥរិយាបថសង្គម ទិដ្ឋភាពសង្គមជាហូរហែរ ដោយពេលខ្លះមិនមានអ្វីជាសំណេរនោះទេ ប៉ុន្តែគេអាចមើលទៅលើស្ថាបត្យកម្ម ក៏គេអាចមើលឃើញអំពីឥរិយាបថសង្គម ទិដ្ឋភាពសង្គមផងដែរ។

ជាមួយគ្នានេះដែរ ការវិវត្តនៃស្ថាបត្យកម្ម គឺជាបង្ហាញអំពីវឌ្ឍនភាពនៃសង្គមមនុស្ស ដោយមនុស្សបានវិវត្តពីការរស់នៅក្នុងរូងភ្នំ រហូតដល់ដំណាក់កាលកសាងប្រាសាទភ្នំ និងចុងក្រោយដូចជារហូតមកដល់សម័យឧដុង្គ ដែលខ្មែរយើងបានកសាងជាលក្ខណៈវត្តច្រើនជាងលក្ខណៈប្រាសាទ ពោលគឺវាជាការវិវត្តនៃសង្គមរបស់មនុស្សខ្មែរជំនាន់មុន ដែលទាំងនេះជាការប្រែប្រួលនៃស្ថាបត្យកម្មនៃប្រជាជាតិនីមួយៗ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កន្លងមកខ្មែរយើងតែងតែនិយាយថា «ភាពអស្ចារ្យនៃវប្បធម៌របស់យើង» ប៉ុន្តែវិធីបង្ហាញរបស់យើង គេមិនបានឃើញនោះទេ ដូច្នេះរាជបណ្ឌិត្យសភាកម្ពុជាមានតួនាទីឆ្កឹះបង្ហាញនូវវិធីនេះ ដែលកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយនឹងឯកឧត្ដមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងទេសចរណ៍រួចហើយ និងបានឯកភាពគ្នាជាកម្រិតអន្តរស្ថាប័ន ដើម្បីធ្វើការលើកតម្កើងវិស័យទេសចរណ៍វប្បធម៌ និងផលិតផលថ្មី ដែលនេះជាអ្វីដែលយើងបានធ្វើដើម្បីមរតកវប្បធម៌របស់ជាតិយើង។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយនឹងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ បានរៀបចំនូវសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីវាគ្មិនដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់សរុប ៨រូប៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ថៃកំពុងយកបញ្ហានយោបាយខ្លួនឯង មកផ្លោងដាក់បន្ទុកលើកម្ពុជា

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាទំនាក់ទំនងកម្ពុជា-ថៃ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងពេលនេះ ថៃដែលកំពុងមានបញ្ហានយោបា...

2025-03-03 07:44:16   ថ្ងៃចន្ទ, 03 មីនា 2025 ម៉ោង 02:44 PM
Rain Schools progress in Cambodia

As Cambodia and Korea position themselves as leaders in rainwater awareness, education and training, Cambodia has launched the Rain School Initiative which is aiming to establish 1,000 ‘Rain Sch...

2025-02-27 02:05:53   ថ្ងៃព្រហស្បតិ៍, 27 កុម្ភៈ 2025 ម៉ោង 09:05 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN

          នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោក...

2025-02-25 09:50:01   ថ្ងៃអង្គារ, 25 កុម្ភៈ 2025 ម៉ោង 04:50 PM
បណ្ឌិត យង់ ពៅ៖ សម្ដេចតេជោ ហ៊ុន សែន គឺជាគ្រូបង្គោលសន្តិភាពរបស់អាស៊ាន

          នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការអញ្ជើញរបស់វិទ្យាស្ថានមួយនៃប្រតេសឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅថ្លែងសុន្ទរកថា ស្ដីពី «បទពិសោធន៍ក្នុងការកស...

2025-02-14 01:56:46   ថ្ងៃសុក្រ, 14 កុម្ភៈ 2025 ម៉ោង 08:56 AM
ការផ្អាកជំនួយជាសាកលរបស់អាម៉េរិកនឹងក្លាយជាវិញ្ញាសាឆ្លុះបញ្ចាំងពីសមត្ថភាពនិងថាមភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងនយោបាយការបរទេស និងកំណែទម្រង់មុខងារសាធារណៈ

          ក្រោយចូលកាន់តំណែងជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់​នៃ​ជំនួយបរទេសរបស់សហរ...

2025-02-11 09:17:28   ថ្ងៃអង្គារ, 11 កុម្ភៈ 2025 ម៉ោង 04:17 PM
បណ្ឌិត យង់ ពៅ៖ ដើម្បីជំរុញថាមភាព និងប្រសិទ្ធភាពការងារកាន់តែប្រសើរ រាជរដ្ឋាភិបាលចាំបាច់ត្រូវបន្តកំណែទម្រង់ស្របតាមភាពចាំបាច់

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការកែសម្រួលបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបា...

2025-02-11 04:58:54   ថ្ងៃអង្គារ, 11 កុម្ភៈ 2025 ម៉ោង 11:58 AM

សេចក្តីប្រកាស