ព័ត៌មាន

«ប្រវត្តិសិល្បៈមហោរីខ្មែរ»

2018-09-14 03:05:51 ថ្ងៃសុក្រ, 14 កញ្ញា 2018 ម៉ោង 10:05 AM
អ្នកមើល 6227
post_detail

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) 

ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួលនោះទេ បើពុំមានភស្តុងតាង ឬតឹងតាងលើកយកមកបង្ហាញឱ្យបានគ្រប់គ្រាន់នោះ។ សិល្បៈខ្មែរក៏មានលក្ខណៈបែបនេះដែរ ថ្វីត្បិតតែមានឯកសារជាច្រើនបាននិយាយអំពីសង្គម និងវប្បធម៌ខ្មែរ និងមានលក្ខណៈសម្បូរបែបយ៉ាងណាតែសម្រាប់សិល្បៈមហោរីនេះ មានភ័ស្តុតាងតិចតួចណាស់ដែលលើកយកមកអះអាងបញ្ជាក់ ហើយស្ទើរតែពិបាក រកឯកសារយកមកបង្ហាញខ្លាំងណាស់។

ពាក្យ«មហោរី»កើតចេញពីពាក្យសំស្រ្តឹតគឺ មនោហារា(ប្រុស) មនោហារី(ស្រី) ហើយបានចាប់បដិសន្ធិ មុនសម័យអង្គរមកម្ល៉េះ។  តាមសិលាចារឹក (K ៤០០ចារនៅសតវត្សទី៩ IC លេខ៦បន្ទាត់ទី៨៥) ពាក្យនេះ ជា ឈ្មោះអ្នកបម្រើទេវតាស្រីប្រុស ដែលមានភារកិច្ចសម្រាប់លេងភ្លេង។ ម្យ៉ាងទៀតតាម សិលាចារឹកនៃប្រាសាទ ប្រែរូប (K៨០៦ នា សតវត្សទី១០ ឯកសាប្រជុំសិលាចារឹក IC លេខ១ បន្ទាត់៩៨) ក៏មានការទាក់ទងជាមួយពាក្យនេះ ដែលពាក្យនេះប្រើក្នុងអត្ថន័យកាព្យឃ្លោក «កវីមនោហរ»។ ពាក្យមហោរីកើតចេញពីមនោហរ >មនោហរី ហើយក្រោយមកទៀតក៏ក្លាយទៅជាមហោរីមកដល់សព្វថ្ងៃ។ តាមរយៈភ័ស្តុតាងរបស់សិល្បកររបស់យើងបានឱ្យដឹងថា សិល្បៈមហោរី គឺជាឈ្មោះសិល្បៈមួយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ (១)។ តាមរយៈស្នាដៃសិល្បៈនេះ បង្ហាញថា ខ្មែរស្រឡាញ់ និងចូលចិត្តសិល្បៈនេះ តាំងពីដើមរៀងមក។ ជីវិតខែ្មរបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជា មួយនឹងសិល្បៈ បើទោះជាមានឧបសគ្គយ៉ាងណាក៏ដោយខ្មែរមិនបានបោះបង់ចោលសិល្បៈនោះដែរ។  

តើភស្តុងតាងអ្វីទៅដែលបង្ហាញថាជីវិតខែ្មរ និងសិល្បៈបានផ្សារភ្ជាប់គ្នាជារៀងរហូតមកនោះ? យើងនឹកដល់រឿងនេះ យើងក៏មិនរារែកក្នុងការលើកយកមកបង្ហាញដែរ ពីព្រោះថាមានភ័ស្តុតាងជាច្រើន ដូចជាសម័យមុនអង្គរ រួមមានវង់ភ្លេងតន្រ្តីប្រពៃណី ឬភ្លេងការដែលមានដើមកំណើតតាំងពីសតវត្សទី១ នៃគ.ស ពោលគឺចាប់តាំងពីពេលរៀបអភិសេក (មង្គលការ) ព្រះថោង និងនាងនាគ។ តាមរយៈការស្រាវជ្រាវ បានរកឃើញរូបសិល្បៈនៅតាមជញ្ជាំងប្រាសាទនានាតាមផ្តែរនៃប្រាសាទ តាមហោជាង និងតាមសរសរផ្អោប សុទ្ធតែបង្ហាញពីជីវិត និងសិល្បៈហាក់មានភាពរស់រវើកបង្ហាញនូវស្នាមញញឹម បង្ហាញនូវភាពល្អវិចិត្រនៃស្នាដៃបុព្វបុរសខ្មែរគួរឱ្យស្ញប់ស្ញែងនេះ ជាមោទនភាពរបស់ជាតិខ្មែរយើង ដែលគួរចងចាំនិងថែរក្សា។ ស្នាដៃទាំងឡាយសុទ្ធតែជាព្រលឹងសម្រាប់កូនៗគោរពបូជា ជាភាពមហិមាដែលកូនខ្មែរមានសំណាងក្នុងការរក្សាបន្តមរតកនេះ។ 

សិល្បៈមហោរីមានប្រភពចេញពីចរន្តអ្នកប្រាជ្ញមានទំនាក់ទំនង ឬផ្សារភ្ជាប់ជាមួយការសប្បាយរីករាយ និង តាមចំណង់ចំណូលចិត្តរបស់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងអ្នកមានឋានៈខ្ពង់ខ្ពស់ (២)។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យមហោរី គឺគ្រឿងភ្លេងដេញដំ ផ្លុំ កូតមួយវង់ គ្រប់ ប្រដាប់ (តន្ត្រី, ភ្លេង ខ្សែ) ខ្មែរច្រើនហៅចំពោះតែតន្រ្តីករចាស់ៗមាន ឃុន អក្ខរា ពិណពាទ្យ សូ អិន ក្រុមភ្លេងព្រះរាជទ្រព្យជំនាន់មុន បានប្រាប់ថា លោកឧកញ៉ាមហាធិបតី មាស ឌី និងលោក ឃុន មាសឌី គឺជា ប្រធានក្រុមវង់ភ្លេងព្រះរាជទ្រព្យ បានមានប្រសាសន៍ថា វង់ភ្លេងមហោរីនេះ មានកំណើតនៅចុងសម័យ មហានគរមានការរីកចម្រើនខ្លាំងនាសម័យលង្វែក។ សម័យលង្វែកមានវង់ភ្លេងមួយបែបហៅថា «វង់ភ្លេងពិណពាទ្យ» ដែល ជា វង់ ភ្លេងបំបែកខ្លួនចេញពីវង់ភ្លេងការ និងវង់ភ្លេងពិណពាទ្យវង់ភ្លេងនេះប្រគំសុទ្ធតែប្រុសៗសុទ្ធសាធជាឯកសារស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ ហ៊ុន សារិន។ នៅក្រោយសម័យលង្វែក វង់ភ្លេងមហោរីពិណពាទ្យនេះមានសុទ្ធតែស្រីជាអ្នកប្រគំវិញ ហើយអ្នកច្រៀងមានសំឡេងពិរោះដូចសត្វមួយប្រភេទ ឈ្មោះថា សត្វណូរី (នោរី)។ ពេលនោះក៏មានទម្លាប់ហៅថា មហោរី ព្រោះថាអ្នកចម្រៀងក៏ជាស្រី អ្នកប្រគំបទភ្លេងក៏ជាស្រី។

បើតាមប្រភពឯកសារតន្រ្តី និងរបាំនៅសម័យកាលបុរាណរបស់កម្ពុជា (Music  and dance  in Ancient Cambodia) ដែលបានបញ្ជាក់ជាភ័ស្តុតាងក្នុង old Khmer Epigraphy របស់ Saveros Pou បានបញ្ចាក់ថា មនោហរា មនោហារី ជាឈ្មោះសិល្បករដ៏មានប្រជាប្រិយដែលមិនមាននាពេលបច្ចុប្បន្ននេះទេ។ ទម្រង់មហោរីបានបង្ហាញតាមរយៈតន្រ្តីមហោរី មានការចូលរួមរវាងឧបករណ៍សំឡេងស្រាលដែលធ្វើឱ្យអ្នកស្តាប់កម្រើកអារម្មណ៍ មានភាពរីករាយ និងបន្ថយភាពតានតឹង។

សិល្បៈមហោរី បែងចែកទៅតាមវង់ភ្លេងរបស់វាមានដូចជា ៖ 

  1. វង់ភ្លេងមហោរីគ្រឿងពិណពាទ្យ
  2. វង់ភ្លេងមហោរីគ្រឿងខ្សែ
  3. វង់ភ្លេង មហោរីព្រះរាជទ្រព្យឬវង់ភ្លេងប៉ីកែវ
  4. វង់ភ្លេងមហោរីធំ
  5. វង់ភ្លេងមហោរីឆ្នៃ។

ឯកសារយោង៖ 

  1. ពេជ្រ ទុំក្រវិល, របាំខ្មែរ, ឧបត្ថម្ភដោយ មូលនិធិតូយ៉ាតា, ឆ្នាំ២០០១ 
  2. ហ៊ុន សារិន, វង់ភ្លេងខ្មែរ 

រូបភាពក្រុមសិល្បៈមហោរី


រូបភាពវង់ភ្លេងមហោរី សិល្បករ តន្រ្តីបុរាណ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈRAC Media

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ កម្ពុជា ប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍

ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រ...

2024-09-25 03:56:04   ថ្ងៃពុធ, 25 កញ្ញា 2024 ម៉ោង 10:56 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា"

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស...

2024-09-23 09:29:26   ថ្ងៃចន្ទ, 23 កញ្ញា 2024 ម៉ោង 04:29 PM
បណ្ឌិត យង់ ពៅ៖ ការប្រកាសដកកម្ពុជាចេញពី CLV-DTA ជាការគិតគូរពីភាពសុខដុមសង្គម ទប់ស្កាត់ចេតនាដុតរោលសង្គម ដែលធ្វើឡើងដោយអ្នកនយោបាយប្រឆាំង

រយៈពេលកន្លងទៅនេះ មានការលើកឡើងនូវទស្សនៈផ្ទុយគ្នាអំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានទស្សនៈនយោបាយមួយចំនួន ដែលអ្នកនយោបាយបានដុតរោលបញ្ហានេះ ដើម្បីបំភ័ន្តសាធារណៈមតិកម្ពុជាថា ការច...

2024-09-21 11:10:11   ថ្ងៃសៅរ៍, 21 កញ្ញា 2024 ម៉ោង 06:10 PM
បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្ត្រីតែម្នាក់ មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ឬវិស័យមួយនោះទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូល

ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាស...

2024-09-21 09:55:19   ថ្ងៃសៅរ៍, 21 កញ្ញា 2024 ម៉ោង 04:55 PM
បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ ផ្អែកលើភាពចាំបាច់ តែការដឹកនាំស្ថាប័នអាស្រ័យលើលទ្ធភាព សមត្ថភាព និងការរៀបចំដំណើរការការងារជាប្រព័ន្ធ

តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរ...

2024-09-19 10:20:30   ថ្ងៃព្រហស្បតិ៍, 19 កញ្ញា 2024 ម៉ោង 05:20 PM
បណ្ឌិត យង់ ពៅ៖ បញ្ហាវិស័យទេសចរណ៍កម្ពុជា គឺជាបញ្ហាដែលត្រូវការដំណោះស្រាយជាប្រព័ន្ធ

វិស័យទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងតែជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ត្រូវបានគេមើលឃើញជាទូទៅដោយសារតែបញ្ហាជាលក្ខណៈសាកលផង និងហេតុផលមួយចំនួនដែលមានលក្ខណៈផ្ទៃក្នុងប្រទេសផងដែរនោះ គឺជាចំណុច...

2024-09-18 04:18:32   ថ្ងៃពុធ, 18 កញ្ញា 2024 ម៉ោង 11:18 AM

សេចក្តីប្រកាស