Royal Academy of Cambodia
បញ្ហាសំណេរភាសាខ្មែរ ជាពិសេសបញ្ហាអក្ខរាវិរុទ្ធ បានក្លាយជាប្រធានបទក្តៅមួយតាមបណ្តាញសង្គម កាលពីសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីមានការបង្ហាញពីសំណេរឈ្មោះប្រទេសមហាអំណាចមួយ នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃ៣០ ខែមេសា កន្លងទៅថ្មីៗនេះ។ មានមតិមហាជនជាច្រើនបានចូលរួមចំណែកជជែកវែកញែក បង្ហាញទឡ្ហីករណ៍ និងលើកហេតុផលមកបញ្ជាក់។
«យើងក៏សប្បាយចិត្ត ដោយមើលឃើញថាប្រជាជនខ្មែរចាប់ផ្តើមឈឺឆ្អាលនិងស្រឡាញ់ភាសាជាតិរបស់ខ្លួន ដោយមានការរិះគន់ពីបញ្ហាអក្ខរាវិរុទ្ធនាពេលកន្លងមក។» នេះ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ មានប្រសាសន៍នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ ៤កើត ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ព្រឹកមិញនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថាប័នរដ្ឋ និង ឯកជនច្រើន បានពឹងផ្អែកលើវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត សម្រាប់ផ្ទៀងផ្ទាត់សំណេរអក្ខរាវិរុទ្ធ ល្គឹកណាមិនទាន់មានវចនានុក្រមភាសាខ្មែរថ្មីដែលមានការឯកភាពគ្នាស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នប្រជុំដោយអ្នកសិក្សាស្រាវជ្រាវមានច្រើនជំនាញ ច្រើនវិស័យពីស្ថាប័នរដ្ឋនិងឯកជនផ្សេងៗគ្នា។ ក្នុងនាមស្ថាប័នសិក្សាស្រាវជ្រាវភាសាខ្មែរ ការប្រើប្រាស់វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលសំខាន់សម្រាប់ការងារបង្កើតបច្ចេកសព្ទថ្មី។ ចំណែករឿងអក្ខរាវិរុទ្ធ នោះជាបញ្ហាមួយ តែអ្វីដែលចាំបាច់បំផុតនោះ គឺខិតខំស្រាវជ្រាវបង្កើតពាក្យថ្មីឱ្យបានច្រើនដើម្បីបំពេញទៅតាមសេចក្តីត្រូវការអ្នកប្រើប្រាស់ដែលខាងក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវធ្វើ ដោយសុំមិនមានការកែទម្រង់ច្រើនទេ គឺយកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលដូចគ្នា។
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានរំឭកផងដែរពីការផ្ដើមបង្កើត«ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា (ហៅកាត់ថា ក.ជ.ភ.ខ.)» ព្រមទាំងសមិទ្ធផលដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានប្រឹងប្រែងបង្កើតឡើងប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗ (ThmeyThmey) និង សារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) កាលពីព្រឹកមិញនេះ។ បើយើងក្រឡេកទៅមើលប្រទេសជិតខាងយើង គឺប្រទេសថៃនិងប្រទេសឡាវ យើងឃើញថាគេប្រើប្រាស់វិធីខុសពីយើងក្នុងការបង្កើតពាក្យ ដោយគេប្រើភាសាសំស្ក្រឹតជាគោល ចំណែកយើងប្រើភាសាបាលីជាគោល។ ជាការពិត យើងតែងមានទំនាស់ក្នុងការបង្កើតពាក្យ ដោយការប្រើប្រាស់គោលការណ៍ខុសៗគ្នា ហើយកន្លងមកក្រុមប្រឹក្សាជាតិភាសាខ្មែរប្រឹងប្រែងសម្របសម្រួល ទើបរាជរដ្ឋាភិបាលសម្រេចឱ្យយកវចនានុក្រមខ្មែរ (ការផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ នៅឆ្នាំ១៩៦៧-៦៨) ដែលមហាជនភាគច្រើនតែងស្គាល់និងនិយមហៅថា «វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត» ជាគោលក្នុងការបង្កើតពាក្យថ្មី»។ លោកបន្តថា «ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះយើងមិនយកតាមតែភាសាបាលីតែម្យ៉ាងទេ ដោយហេតុថាក្នុងភាសាខ្មែរយើងមានផ្នត់ច្រើនក្នុងការបង្កើតពាក្យថ្មី។ ទន្ទឹមនឹងនោះ យើងក៏យកតាមខេមរយានកម្មផងដែរ។»
លោកបានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគណៈកម្មការបច្ចេកសព្ទចំនួន១៧ ទៅតាមមុខជំនាញដែលធ្វើការរៀងខ្លួន បែងចែកជាក្រុមក្នុងការសិក្សាពីការបង្កើតពាក្យតាមជំនាញរៀងនីមួយៗ។ ក្រោយពីគណៈកម្មការបច្ចេកសព្ទតាមជំនាញបានជជែកពិភាក្សាវែកញែកបង្កើតបានពាក្យថ្មីហើយ យើងតែងមានការប្រជុំរួមដើម្បីឆ្លងនិងអនុម័តនៅក្រុមប្រឹក្សាជាតិភាសាខ្មែរនៅរៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធ មុននឹងធ្វើការផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួននិងនៅលើបណ្តាញផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។
សូមបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានប្រជុំអនុម័តបច្ចេកសព្ទថ្មីៗ បានប្រមាណចំនួនជាង ២៥០០ពាក្យហើយ។ ចំណែកពាក្យសម្រាប់មហាជនប្រើប្រាស់ជាទូទៅវិញ ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងប្រមូលពាក្យដែលប្រើប្រាស់ជាប្រចាំដោយដាក់ទៅតាមក្រុមន័យ ហើយការងារនេះបានកំពុងដំណើរការមកបានជាង១ឆ្នាំហើយ ដោយប្រមូលបានប្រហែល៤០០០ពាក្យ។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ស្នើឱ្យខាងសារព័ត៌មានទាំងអស់ មិនថាតែសារព័ត៌មានថ្មីៗ(ThmeyThmey) និងសារព័ត៌មានសំឡេងប្រជាធិបតេយ្យ(VOD) ប៉ុណ្ណោះទេ សូមចូលរួមសហការផ្សព្វផ្សាយនិងលើកតម្កើងភាសាជាតិខ្មែរយើង ជាពិសេសគឺត្រូវចាប់អារម្មណ៍មែនទែនចំពោះអនាគតនៃភាសាជាតិ ព្រោះបើកាលណាពាក្យបង្កើតហើយមិនមានអ្នកប្រើទេ គឺពាក្យឬភាសានោះនឹងស្លាប់។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា «យើងស្វាគមន៍រាល់ការចូលរួមបង្កើតពាក្យថ្មីពីមជ្ឈដ្ឋានខាងក្រៅ រួមទាំងការរិះគន់ពីមហាជនដែលជាអ្នកប្រើប្រាស់ភាសាទាំងអស់។ នៅថ្ងៃមុខ យើងមានគម្រោងថានឹងមានការរៀបចំសិក្ខាសាលាអំពីឈ្មោះប្រទេស រាជធានី/ខេត្ត ពីភាសាបរទេសទៅជាភាសាខ្មែរ និង ពីភាសាខ្មែរទៅបរទេស ហើយយើងគ្រោងបង្កើតកម្មវិធី(Application)ដើម្បីផ្សព្វផ្សាយសទ្ទានុក្រមដែលយើងបង្កើតបាន។ លើសពីនេះ យើងនឹងមានចេញផ្សាយវចនានុក្រមខ្មែរថ្មីមួយនៅឆ្នាំ២០២២ ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាល៕
RAC Media | ម៉ៅ សុគន្ធា
ដោយ៖ បណ្ឌិត គិន ភា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Pattaya Mail បានចុះផ្សាយថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស...
មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថាមានជំនឿកាប់មិ...
ដោយ៖ បណ្ឌិត យង់ ពៅ ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា...
នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព KEI-RAC-LASES-VASS ល...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងសិក្ខាសាលារួមគ្នាដែលរៀបចំដោយវិទ្យាស្ថានបរិស្ថានកូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងស...