Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិតឱ្យផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរអគ្គិសនីកម្ពុជាចុះដោះស្រាយជាបន្ទាន់ដើម្បីឆ្លើយតបចំពោះបញ្ហាតម្លៃអគ្គិសនីនៅតាមទីផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការប្រើប្រាស់អគ្គិសនីតាមការបញ្ចុះតម្លៃ ដូចគ្នាជាមួយតម្លៃដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់។ នេះបើតាមការប្រកាសឱ្យដឹងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
កម្ពុជាដែលកំពុងកសាងប្រទេសលើគ្រប់វិស័យដើម្បីឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលខាងមុខនេះ ត្រូវការជាចាំបាច់នូវប្រភពថាមពលដែលមានតម្លៃសមរម្យសម្រាប់ជាចលករក្នុងការជំរុញសកម្មភាព និងដំណើរការនៃវិស័យនានាដែលជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ទាំងក្នុងវិស័យសិប្បកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម។ ថ្វីត្បិតថាតម្លៃអគ្គិសនីនៅកម្ពុជាហាក់មានតម្លៃខ្ពស់ជាងប្រទេសជិតខាងក៏ដោយក្ដី ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងខិតខំយកចិត្តទុកដាក់លើវិស័យថាមពលអគ្គិសនីនេះជាទីគួរកត់សម្គាល់ តាមរយៈការជំរុញនិងលើកទឹកចិត្តដល់ការវិនិយោគទៅលើស្ថានីយ៍ផលិតថាមពលអគ្គិសនីនានា ពិសេសការកសាងនូវទំនប់វារីអគ្គិសនីនៅតាមទន្លេសំខាន់ៗក្នុងប្រទេសកម្ពុជា។ តួយ៉ាងនាពេលថ្មីៗនេះ ទំនប់វារីអគ្គិសនីដ៏ធំមួយរបស់កម្ពុជាគឺ វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតខេត្តស្ទឹងត្រែង ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។
នាពេលកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានពង្រីកបណ្ដាញបញ្ជូនតង់ស្យុងអគ្គិសនីជាបន្តបន្ទាប់ និងបានផ្ដល់អាជ្ញាបណ្ណដល់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅតាមបណ្ដាខេត្ត និងទីប្រជុំជននានាជាច្រើន ដើម្បីសម្រួលដល់ការផ្គត់ផ្គង់អគ្គិសនីជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយដែលក្នុងនោះ ៩៥% នៃអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន បានប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ដំណើរការរោងចក្រផលិតអគ្គិសនី។ ដោយមើលឃើញពីផលវិបាកដែលកើតចេញពីការកំណត់តម្លៃប្រេងឥន្ធនៈខ្ពស់ខ្លាំងនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានបង្កើតគណៈកម្មការដែលមានសមាសភាពចម្រុះពាក់ព័ន្ធ ធ្វើការកំណត់តម្លៃអតិបរមានៃប្រេងឥន្ធនៈនៅកម្ពុជារៀងរាល់១០ថ្ងៃម្ដង។
ពាក់ព័ន្ធនឹងតម្លៃអគ្គិសនីនេះដែរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ឆ្នាំ២០១៩ ហើយដែលតម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានតម្លៃកាន់តែមានតម្លៃទាបជាបន្តបន្ទាប់ទៅទៀត។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាលទ្ធភាពលើគម្រោងវារីអគ្គិសនីជាច្រើនទៀត (២០១៧ដល់ ២០២៥) ក្នុងតំបន់ភាគឦសាន និងដងទន្លេមេគង្គមានដូចជា ទន្លេសេសានក្រោម៣, ទន្លេសេសានក្រោម១, ទន្លេស្រែពក៣, ព្រែកល្អាង១ និង២, ស្ទឹងពោធិ៍សាត់១, ស្ទឹងបាត់ដំបង២, ព្រែកឆ្លូង២, សេកុង, សំបូរ, រោងចក្រដើរដោយធ្យូងថ្មចំនួន៤គម្រោង និងរោងចក្រដើរដោយថាមពលកំដៅចំនួន១។ល។
RAC Media
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្ដល់អាហារូបករណ៍ជូនដូចខាងក្រោម៖ ១. និទ្ទេស A ផ្ដល់អាហារូបករណ៍ ១០០% រយៈពេល៤ឆ្នាំ ២. និទ្ទេស B ផ្ដល់អាហារូបករណ៍...
នៅក្នុងបរិបទនៃការដណ្ដើមឥទ្ធិពលឥតឈប់ឈររបស់មហាអំណាច និងការប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏តានតឹង កម្ពុជាត្រូវ មានការប្រយ័ត្នប្រយែងបំផុតនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន ដើម្បីរក្សាជំហរប្រកបដោយការប្រុងប...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ច...
ដោយ៖ លឹម សុវណ្ណរិទ្ធ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបនាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា បានឯកភាពគ្នាគ្រោ...
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សាធារណជនទូទៅ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចាត់វិធានការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ២រូប ពាក់ព័ន្ធទៅនឹងករណីឆបោកទ្រង់ទ្រាយធំ។ ការចាត់វិធានការនេះ ត្រូវបានធ្វើឡើងបន្...