ដោយ៖ លឹម សុវណ្ណរិទ្ធ
សង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃ បានផ្ទុះឡើងសារជាថ្មី ដោយសារភាគីថៃបានសម្រេចចិត្តជាឯកតោភាគីចង់បិទខ្ទប់ប្រាសាទតាមាន់ធំរបស់កម្ពុជា មិនឱ្យភ្ញៀវទេសចរចូលទស្សនា និងបានបើកការវាយប្រហារដោយកម្រោលមកលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាពកម្ពុជា ជាហេតុធ្វើឱ្យកងទ័ពកម្ពុជា ត្រូវបង្ខំចិត្តប្រើប្រាស់សិទ្ធិការពារខ្លួន និងការពារដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន វាយបកប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃវិញ។ នេះគឺជាការរំលោភបំពានជាថ្មីម្ដងទៀតរបស់កងទ័ពថៃ ដែលប្រមាថទៅលើច្បាប់អន្តរជាតិ បំពានគោលការណ៍ធម្មនុញ្ញសហប្រជាជាតិនិងអាស៊ាន និងជាការរំលោភលើអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរ កម្ពុជា-ថៃបានចុះហត្ថលេខាព្រមព្រៀងគ្នា។
គេអាចយល់ដឹងបានយ៉ាងច្បាស់ថា ហេតុផលដែលថៃឈានដល់ការប្រើប្រាស់យោធាដើម្បីឈ្លានពានវាយប្រហារលើប្រទេសកម្ពុជា គឺដើម្បីលុបលាងភាពអាម៉ាស់របស់ខ្លួន ៥ចំណុចគឺ ១. អសមត្ថភាពរបស់មេដឹកនាំថៃនៅចំពោះមុខវិបត្តិនយោបាយផ្ទៃក្នុងដែលទ័លច្រកនិងបែកបាក់សង្គមធ្ងន់ធ្ងរជាច្រើនក្រុម ២. ភាពអាម៉ាស់មិនហ៊ានតតាំងជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងសំណុំរឿងព្រំដែនប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី (ថៃអះអាងថាប្រាសាទនិងតំបន់ទាំងនេះ ជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន តែបែរជាគ្មានសង្ឃឹមថានឹងប្រើប្រាស់ផែនទីចោររបស់ខ្លួនដើម្បីយកឈ្នះកម្ពុជាបាន) ៣. វិបត្តិសេដ្ឋកិច្ចនិងការស្ដីបន្ទោសពីសំណាក់អ្នករកស៊ីនិងប្រជាជនថៃ ចំពោះបញ្ហាបង្កឡើងដោយការបិទព្រំដែនជាឯកតោភាគីរបស់មេទ័ពថៃ ៤.ការអួតអាងអំពីសមត្ថភាពយោធារបស់ថៃប្រឈមនឹងកម្ពុជា ប៉ុន្តែគ្រាន់តែទាហានខ្លួនមានបំណងរំលោភអធិបតេយ្យភាពកម្ពុជា ដើរខុសតម្រុយចាស់ ក៏ត្រូវជាន់មីន (ដែលបន្សល់សម័យពីសង្គ្រាមស៊ីវិលនៅកម្ពុជានាអតីតកាល) ពិការនិងរងរបួសជាបន្តបន្ទាប់ ៥. ភាពអាម៉ាស់ដោយសារតែការមិនអើពើរបស់ភាគីទូតបរទេស ចំពោះការចោទប្រកាន់របស់ខ្លួនមកលើកម្ពុជាថា បង្កប់មីនថ្មីនៅតាមព្រំដែន ដោយសារតែគេបានដឹងពីពុតត្បុតរបស់ថៃ។ ដោយសារតែហេតុផលខាងលើនេះ ភាគីថៃបានយកលេសថា យុវជនខ្មែរទៅទស្សនាប្រាសាទតាមាន់ធំច្រើនលើសលុប (ខណៈប្រជាជនថៃដែលទៅទស្សនាមានចំនួនតិចតួច ព្រោះដឹងថាប្រាសាទនេះជាកម្មសិទ្ធិរបស់កម្ពុជា) ថៃបានសម្រេចជាឯកតោភាគីបិទប្រាសាទតាមាន់ធំ និងបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជា ដែលស្ថិតក្នុងបរិវេណតំបន់ប្រាសាទនេះ ដែលជាការរំលោភលើបន្ទាត់ក្រហមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងតែបានរក្សាភាពអត់ធ្មត់ជាអតិបរមាចំពោះទង្វើដ៏គឃ្លើនរបស់ថៃ-សៀម និងព្យាយាមប្រើប្រាស់យន្តការច្បាប់អន្តរជាតិ យន្តការការទូត និងការចរចាដើម្បីបញ្ចៀសការប្រឈមខាងអាវុធជាមួយប្រទេសជិតខាង។ ទោះជាយ៉ាងណា ការការពារដែនអធិបតេយ្យភាព គឺជាគោលការណ៍ដ៏ចម្បងនិងកាតព្វកិច្ចដ៏ចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រឈមនឹងទង្វើឈ្លានពានជាក់ស្ដែងម្ដងហើយម្ដងទៀតពីភាគីថៃ ពិសេសការចាប់ផ្ដើមបាញ់ប្រហារមុនពីកងទ័ពឈ្លានពានថៃ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីឆ្លើយតបដោយយោធាទៅវិញនោះទេ។
ទោះជាស្ថានការណ៍ពិតជាក់ស្ដែងគឺយ៉ាងនេះក្ដី ក៏ទាំងរដ្ឋាភិបាលនិងកងទ័ពថៃ ដែលសម្រេចចិត្តប្រើប្រាស់កម្លាំងបាយដើម្បីឈ្លានពានកម្ពុជាថ្មី បែរជាមិនហ៊ានទទួលខុសត្រូវ ដោយខ្លួនហ៊ានធ្វើតែមិនហ៊ានទទួលទៅវិញ និងថែមទាំងបានប្រតិដ្ឋរឿងហេតុ បំភ្លៃព័ត៌មាន បំភ័ន្តសាធារណៈមតិនិងសហគមន៍អន្តរជាតិ តាមទំនៀមទម្លាប់របស់ជនជាតិថៃ ដោយក្រឡាស់រឿងចោទប្រកាន់មកលើកម្ពុជាដែលជាអ្នករងគ្រោះ ថាជាអ្នកចាប់ផ្ដើមការវាយប្រហារទៅវិញ។ ទោះជាយ៉ាងនេះក្ដី បណ្ដាប្រទេសនានាលើពិភពលោកដែលបានតាមដានស្ថានការណ៍វិវត្ត នេះវិវាទព្រំដែនកម្ពុជា-ថៃ ពិតជាអាចស្វែងយល់បានថា នរណាជាចោរ ហើយនរណាជាជនរងគ្រោះ។ ជាក់ស្ដែង ករណីទាហានថៃបានដើរខុសតម្រាយផ្លូវចាស់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា (ដើម្បីចៀសវាងការប៉ះទង្គិចតាមព្រំដែន) ហើយរំលោភចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានជាន់មីន (បន្សល់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា) រដ្ឋាភិបាលថៃបានអញ្ជើញអនុព័ន្ធយោធា ចំនួន៤៧ប្រទេសឱ្យចូលរួមស្ដាប់បទបង្ហាញនិងការបកស្រាយរបស់ខ្លួន តែភាគីចូលរួមមានតែ ១៧ប្រទេស ព្រោះគេបានដឹងអំពីចរិតពុតត្បុតរបស់ថៃ ហើយមិនត្រឹមតែប៉ុណ្ណោះអនុព័ន្ធយោធាដែលចូលរួម ថែមទាំងមិនបានបង្ហាញការចាប់អារម្មណ៍ មិនបានផ្ទៀងផ្ទាត់ រឹតតែមិនបានសួរសំណួរថែមទៅទៀត។ បណ្ដាភាគីទូតនិងប្រទេសជាដៃគូនានារបស់ថៃពិតជាអាចជ្រួតជ្រាបយ៉ាងច្បាស់អំពីចេតនាទុច្ចរឹតរបស់ថៃមកលើកម្ពុជា តាមរយៈការសង្កេតលើការវិវត្តនៃព្រឹត្តិការណ៍ ជំហរជាបន្តបន្ទាប់របស់គូភាគីទាំងពីរ និងហេតុផលសច្ចភាព (ប្រទេសតូចគ្មានហេតុផលទៅឈ្លានពានប្រទេសធំមុន) ប៉ុន្តែនៅក្នុងហេតុផលការទូត និងការរក្សាទំនាក់ទំនងល្អជាមួយភាគីទាំងពីរ គេពិបាកនឹងចេញមុខថ្កោលទោសថៃដែលជាអ្នកបង្កហេតុ ឬគាំទ្រប្រទេសកម្ពុជាដែលជាជនរងគ្រោះណាស់។ ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍ឈ្លានពានជាថ្មី និងការប្រតិដ្ឋស្ថានការណ៍របស់ភាគីថៃ បានបង្ហាញឱ្យគេឃើញបន្ថែមទៀតអំពី ចរិតលក្ខណៈកំសាករបស់អ្នកនយោបាយ និងទាហានស្រេកឃ្លានអំណាចរបស់ថៃ ដែលមិនហ៊ានទទួលស្គាល់នូវសកម្មភាពជាចោរព្រៃរបស់ខ្លួន និងគេចវេសពីការទទួលខុសត្រូវ ដូចគ្នានឹងករណី ដែលទាហានវ័យចំណាស់របស់ថៃមួយរូបបានវាយមកលើកងទ័ពកម្ពុជា ហើយរត់ប្រាសអាយុយ៉ាងលឿន ប៉ុន្តែត្រូវបានប្រជាជនថៃមួយចំនួនលើកតម្កើងថាជា វីរៈបុរស និងករណីដែលថៃអះអាងថាប្រាសាទនិងតំបន់ស្ថិតក្នុងវិវាទជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែមិនហ៊ានឡើងទៅតុលាការយុត្តិធម៌អន្តរជាតិទៅវិញ។
សកម្មភាពឈ្លានពានជាថ្មីនៅក្នុងខែកក្កដា ឆ្នាំ២០២៥ មកលើប្រទេសកម្ពុជា បានសបញ្ជាក់បន្ថែមទៀត អំពីចរិតលក្ខណៈនៃជាតិសាសន៍ថៃ-សៀម ដែលក្នុងប្រវត្តិសាស្ត្រធ្លាប់ជាចោរឈ្លានពានវាតទីទឹកដីលើប្រទេសជិតខាង ដោយមិនស្គាល់នូវអ្វីជាច្បាប់អន្តរជាតិ និងអ្វីជាគោលការណ៍រស់នៅប្រកបដោយសន្តិសហវិជ្ជមាន នៅក្នុងពិភពលោកនាសម័យទំនើប។ ពោលគឺថៃសម្អាងលើសព្វាវុធនិងកម្លាំងយោធាដែលខ្លួនមាន បង្កើតផែនទីចោរ គូសវាសយកទឹកដីប្រទេសជិតខាងដែលខ្លួនត្រូវដណ្ដើមយកមកកាន់កាប់ ដូចគ្នាទៅនឹងទង្វើរបស់ហ៊ីត្លែនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដូច្នោះដែរ។ ហេតុនេះហើយ ទើបបានថៃដែលជាភាគីឈ្លានពាន បានទាត់ចោលនូវសំណើរបស់ សហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី កូរ៉េ និងវៀតណាម អំពីការចរចាបញ្ចប់ជម្លោះជាមួយកម្ពុជា ទង្វើឈ្លានពានដ៏គឃ្លើននេះ ក៏ជាការឆ្លុះបញ្ចាំងឥរិយាបថនៃប្រជាជាតិដែលនិយមប្រើច្បាប់ព្រៃ ប្រមាថច្បាប់អន្តរជាតិ និងគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី ដែលមានចែងទាំងនៅក្នុងធម្មនុញ្ញសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលទាមទារឱ្យសហគមន៍អន្តរជាតិ និងមហាអំណាចដែលមានទំនួលខុសត្រូវចំពោះសន្តិភាព និងសន្តិសុខពិភពលោក ចាត់វិធានការចំពោះប្រទេសថៃជាភាគីឈ្លានពាន និងអន្តរាគមន៍ទប់ស្កាត់ការបង្ហូរឈាមរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ទោះបីជាយ៉ាងណា ក្រោយការដាក់សំណើរបស់រាជរដ្ឋាភិបាល ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ថាប័នដែលធានាសន្តិភាព និងសន្តិសុខពិភពលោកមួយនេះ បានចេញសេចក្ដីសម្រេច ៣ចំណុចគឺ ១-អំពាវនាវឱ្យប្រកាន់យកការអត់ធ្មត់ជាអតិបរមា ២-បញ្ឈប់ហិង្សាប្រដាប់អាវុធ និង៣-ដោះស្រាយជម្លោះដោយសន្តិវិធី។ សហគមន៍អន្តរជាតិពិតជាបានមើលឃើញយ៉ាងប្រត្សក្រថា ចំណុចទាំង៣នេះសុទ្ធសឹងតែជាជំហរដែលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនជារៀងរហូតមកហើយ តែគឺភាគីថៃទៅវិញទេ ដែលបានបំពានឥតឈប់ឈរ រហូតប្រើប្រាស់កម្លាំងយោធាវាយប្រហារលើអធិបតេយ្យភាពកម្ពុជាជាថ្មីទៀត ដែលជាការបង្ខំឱ្យកម្ពុជាអស់ការអត់ធ្មត់ និងត្រូវតែចាត់វិធានការឆ្លើយតបដោយម៉ឺងម៉ាត់ ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់និងគោលការណ៍អន្តរជាតិ។ ត្រង់ចំណុចនេះ សហគមន៍អន្តរជាតិ គួរតែពិនិត្យលទ្ធភាពចាត់វិធានការអន្តរាគមន៍ឱ្យកាន់តែជាក់ស្ដែង និងកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញថែរក្សា និងការពារសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងបង្ហាញតួនាទីកាន់តែប្រសើរបន្ថែមទៀតរបស់មហាអំណាចពិភពលោក ពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័នមានសមត្ថកិច្ចកំពូលនិងតែមួយគត់របស់ពិភពលោក។
ជារួម អ្វីដែលបានលើកឡើងទាំងអស់ខាងលើនេះបានសបញ្ជាក់យ៉ាងប្រាកដថា ប្រទេសថៃបច្ចុប្បន្ន ក្រៅតែពីមានមហិច្ឆតាឈ្លានពានកាន់កាប់ទឹកដីប្រទេសជិតខាងបន្តពីអតីតកាលរហូតមក ប្រទេសនេះថែមទាំងមានក្បាលម៉ាស៊ីនដឹកនាំដែលគ្មានយុទ្ធសាស្ត្រជាក់លាក់នៅក្នុងការដឹកនាំ ព្រួយបារម្ភតែការបាត់បង់អំណាចរបស់ខ្លួន ចាប់អ្វីក៏ខុស ធ្វើអ្វីក៏មិនកើត បង្កើតបញ្ហាព្រំដែនជាមួយប្រទេសនៅជុំវិញខ្លួន ពិសេសបង្កវិវាទព្រំដែនជាមួយកម្ពុជាដើម្បីលុបលាងភាពអាម៉ាស់ និងបញ្ឆេះចរន្តជាតិនិយម ក្នុងគោលដៅបង្វែរស្ថានការណ៍និងប្រមូលការគាំទ្រពីប្រជាជនរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តឈ្លានពានដើម្បីតែអំណាច និងលុបលាងភាពអាម៉ាស់ទាំង៥ចំណុចរបស់អ្នកនយោបាយនិងក្រុមមេទ័ពថៃទាំងនេះ គ្រាន់តែជាការបង្ហាញបន្ថែមទៀតដល់សហគមន៍អន្តរជាតិនូវរូបភាព “ប្រទេសស៊ីវិល័យ តែមានចរិតប្រើច្បាប់ព្រៃ” ដូចដែលថៃធ្លាប់ប្រទេសមហាអំណាចហៅថា “ប្រទេសអសីលធម៌ចំពោះច្បាប់អន្តរជាតិ” នៅក្នុងពេលអតីតកាលតែប៉ុណ្ណោះ៕