Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
ព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ ដែលបង្កប់នូវសេនារីយ៉ូបង្វែរស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួនមកព្រំដែនកម្ពុជា-ថៃ តាមរយៈការលួចវាយប្រហារលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន កាលពីចុងខែឧសភា ឆ្នាំ២០២៥ និងបណ្ដាលឱ្យទាហានកម្ពុជាមួយរូបបានបាត់បង់ជីវិតនោះ បានរុញច្រានស្ថានការណ៍តំបន់ព្រំដែននៃប្រទេសទាំងពីរឱ្យកើនឡើងកម្ដៅជាថ្មីម្ដងទៀត និងចុងក្រោយនេះបានឈានដល់ការប្រឈមមុខគ្នាយ៉ាងក្ដៅគគុករវាងកងទ័ពប្រទេសទាំងពីរ។ នេះជាការបង្កហេតុដែលនាំឱ្យវិវាទព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់មានភាពតានតឹងកាលពីឆ្នាំ២០០៨ និងឈានដល់ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅតាមព្រំដែននៃប្រទេសទាំងពីរ ពិសេសនៅឆ្នាំ២០១០-២០១១នោះ ក្លាយជាប្រធានបទចម្រូងចម្រាស់ថ្មីនៅក្នុងទំនាក់ទំនងកម្ពុជា-ថៃ។
មិនខុសពីករណីជម្លោះប្រាសាទព្រះវិហារក្នុងសម័យតេជោនោះទេ ប្រឈមមុខនឹងទង្វើឈ្លានពានពីសំណាក់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានវាយតម្លៃការវិវត្តនិងគ្រប់គ្រងស្ថានការណ៍ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាខាងកងទ័ព រក្សាសន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែន ប្រើប្រាស់យន្តការសម្របសម្រួលគ្រប់កម្រិត វាយតម្លៃសភាពការណ៍និងត្រៀមលក្ខណៈបង្ការទុកជាមុន ប្រើប្រាស់យន្តការការទូត ប្រកាន់ជំហរម៉ឺងម៉ាត់និងឆ្លើយតបយ៉ាងជាក់លាក់ដើម្បីការពារមុខមាត់ប្រជាជាតិ ក៏ដូចជាប្រកាន់យកជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការតុលាការអន្តរជាតិជាដើម។
នៅចំពោះមុខការឈ្លានពានពីបរទេស ចរន្តជាតិនិយមនិងសាមគ្គីភាពរបស់ខ្មែរបានលេចចេញជារូបរាងកាន់តែច្បាស់និងកាន់តែរឹងមាំ តាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជនទាំងអស់នៅកម្ពុជានៅក្នុងចលនាឧបត្ថម្ភគាំទ្រដល់កងទ័ពកម្ពុជាដែលឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ការអញ្ជើញទៅសាកសួរសុខទុក្ខពលទាហាននិងនាយទាហានចំណុះអង្គភាពនានានៅសមរភូមិមុខ ការដោះស្រាយបញ្ហាកសិផលដែលជោរជន់ដោយសារតែការបិទច្រកជាឯកតោភាគីពីភាគីថៃ ការចូលរួមប្រមូលផ្ដុំគ្នាពីសំណាក់យុវជន និងប្រជាពលរដ្ឋរាប់សែននាក់មកពីគ្រប់ស្រទាប់វណ្ណៈ ដើម្បីបង្ហាញការគាំទ្រនិងលើកទឹកចិត្តកងទ័ពកម្ពុជា និងការអញ្ជើញទៅពិនិត្យស្ថានការណ៍ដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាជាដើម។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវ ស្មារតីជាតិនិយម និងឆន្ទៈសាមគ្គីជាតិយ៉ាងមុតមាំ និងបានបង្ហាញពីមនសិកាជាតិនិងឯកភាពជាតិរួមគ្នាតែមួយរបស់ជនជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់និន្នាការ ជាតិពន្ធុ សាសនា ពណ៌សម្បុរ និងសាវតាសង្គមនោះឡើយ។ មិនតែប៉ុណ្ណោះ ការរួបរួមគ្នាក្នុងជំហរជាតិតែមួយ ក៏បានបង្ហាញអំពីជំនឿជាក់របស់ប្រជាពលរដ្ឋខ្មែរទៅលើមេដឹកនាំរបស់ខ្លួនផងដែរ។
ការរួបរួមគ្នាក្នុងជំហរជាតិតែមួយ នៅពេលដែលមានបរទេសឈ្លានពាន ពិតជាមានសារៈសំខាន់និងចាំបាច់បំផុត ព្រោះប្រជាជាតិមួយដែលខ្លាំងនិងអាចប្រឈមតទល់ជាមួយនឹងសត្រូវខាងក្រៅបាន លុះត្រាតែមេដឹកនាំនៃប្រជាជាតិនោះមានភាពម្ចាស់ការលើការកិច្ចការងារធំៗ ដើម្បីដោះស្រាយ និងឆ្លើយតបទៅកាន់គូបដិបក្ខខាងក្រៅបានពេញលេញនិងដោយជំហរម៉ឺងម៉ាត់ និងប្រាកដនិយម។ ជាការពិតណាស់ ទោះជានៅក្នុងការតតាំងលើសមរភូមិយោធា ឬការទូតក្ដី ប្រជាជាតិមួយដែលមេដឹកនាំនិងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានសាមគ្គីភាព ឯកភាពជាតិ និងមានឆន្ទៈរួមគ្នាតែមួយ ពិតជានឹងងាយស្រួលទទួលបានជោគជ័យជាងប្រជាជាតិដែលបែកបាក់ ព្រោះគេអាចផ្ដោតការយកចិត្តទុកដាក់ទាំងកម្លាំងប្រាជ្ញានិងស្មារតីទៅលើបញ្ហាតែមួយរួមគ្នា ហើយប្រមូលគ្រប់ធនធាននិងមធ្យោបាយទាំងឡាយក៏ដូចជាប្រើប្រាស់ថាមពលទាំងស្រុងរបស់ជាតិ ហើយសម្រេចបាននូវគោលដៅដែលប្រជាជាតិទាំងមូលប្រាថ្នារួមគ្នា ដូចសុភាសិតខ្មែរមួយឃ្លាចារឹកមកថា “ចង្កឹះមួយបាច់ កាច់មិនបាក់”។
បទពិសោធន៍នយោបាយទាំងក្នុងប្រវត្តិសាស្ត្រខ្មែរ និងក្នុងប្រវត្តិសាស្ត្រពិភពលោក បានឱ្យយើងដឹងថា នៅពេលដែលត្រូវប្រឈមនឹងកម្លាំងឬគូសត្រូវខាងក្រៅ មានតែការរួបរួមគ្នាតែមួយប៉ុណ្ណោះ ដែលអាចសង្គ្រោះប្រជាជាតិមួយឱ្យផុតចាកពីមហន្តរាយ ពិសេសការឈ្លានពាន។ យើងត្រូវចងចាំថា ការបែកបាក់នៃប្រជាជាតិមួយ គឺជាឱកាសសម្រាប់គូបដិបក្ខឬសត្រូវខាងក្រៅ នៅក្នុងការលូកដៃជ្រៀតជ្រែកនិងកកូរកកាយកិច្ចការផ្ទៃក្នុងនៃជាតិសាសន៍នីមួយៗ ដូចជាមេរៀននៅចុងសម័យចុងអង្គរ សម័យលង្វែក និងសម័យចតុមុខជាដើម។ មេរៀនសម័យកាលទាំងនេះបានបង្ហាញថា នៅពេលដែលខ្មែរបែកបាក់សាមគ្គីភាព ហើយយកគ្នាជាសត្រូវដើម្បីតែអំណាច បំភ្លេចអស់មោទកភាពជាតិនិងកាតព្វកិច្ចថែរក្សាទឹកដីដែលជាមរតកបន្សល់ដោយដូនតា ហុចឱកាសឱ្យបរទេសជិតខាងអាចលូកដៃធ្វើអន្តរាគមន៍យោធា វាតទីយកទឹកដីខ្មែរ និងរុញច្រាននិងចូលរួមក្នុងជម្លោះរវាងខ្មែរនឹងខ្មែរ ដើម្បីខ្លួនមានឥទ្ធិពលនិងកេងប្រវ័ញ្ចផលប្រយោជន៍លើប្រជាជាតិខ្មែរ។ ឧទាហរណ៍ពីប្រវត្តិសាស្ត្រពិភពលោកមួយទៀតគឺ នៅក្នុងសង្គ្រាមជប៉ុន-ចិន (១៩៣៧-១៩៤៥) ដោយមើលឃើញពីគ្រោះថ្នាក់របស់ជាតិនៅចំពោះមុខការវាយប្រហារពីកងទ័ពជប៉ុន កម្លាំងនយោបាយទាំងពីររបស់ចិនគឺ កងទ័ពជាតិនិយម និងកងទ័ពកុម្មុយនីស្ត បានសម្រេចចិត្តតម្កល់ប្រយោជន៍ជាតិជាចម្បង ហើយរួមគ្នាដើម្បីប្រយុទ្ធតតាំងនឹងកងទ័ពជប៉ុនដែលមានបំណងវាយយកប្រទេសចិនដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយជាលទ្ធផលកងទ័ពចិនដែលបានរួបរួមគ្នា បានទទួលជ័យជម្នះទៅលើកងទ័ពជប៉ុន។ មេរៀនទាំងនេះបានធ្វើឱ្យយើងនឹកឃើញដល់សុភាសិតខ្មែរមួយឃ្លាដែលលើកឡើងថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។
ជាមួយគ្នានេះ ការរួបរួមគ្នារវាងខ្មែរនិងខ្មែរក្នុងជំហរជាតិតែមួយ ក៏ជាការណ៍មួយដែលបង្ហាញអំពីភាពថ្លៃថ្នូរ ការរក្សាបាននូវកិត្តិយសនិងមុខមាត់នៃ ប្រទេសជាតិនិងជាតិសាសន៍ខ្មែរទាំងមូលផងដែរ។ នៅក្នុងសភាពការណ៍បច្ចុប្បន្នដែលប្រឈមនឹងការរំលោភបំពានជាថ្មីម្ដងហើយម្ដងទៀតពីសំណាក់ភាគីថៃ អ្នកនយោបាយនិងប្រជាពលរដ្ឋខ្មែរ គប្បីត្រូវបង្ហាញជំហររួមគ្នាតែមួយ បង្ហាញទៅបរទេសឈ្លានពានថា ខ្មែរមិនមែនជាប្រជាជាតិដែលបែកបាក់ និងមិនអាចបង្រួបបង្រួមបានដូចជាថៃនោះឡើយ។ គេត្រូវចងចាំថា សេនារីយ៉ូនយោបាយរបស់ថៃនៅក្នុងករណីព្រំដែនជាមួយកម្ពុជា ធ្វើឡើងគឺដើម្បីបញ្ឆេះកំហឹងជាតិនិយម និងប្រមូលការគាំទ្រពីប្រជាជនខ្លួនក្នុងជំហរតែមួយ ទោះបីជាក្នុងចេតនាសម្រេចមហិច្ឆតានយោបាយខ្លួនក្ដី ដូច្នេះខ្មែរដែលជាប្រជាជាតិថ្លៃថ្នូរ មានកិត្តិយសនិងមុខមាត់លើឆាកអន្តរជាតិ (ជាប្រជាជាតិមានវប្បធម៌រុងរឿង ស្គាល់ប្រវត្តិសាស្ត្រ និងគោរពច្បាប់អន្តរជាតិ) ត្រូវតែបង្ហាញនិងផ្ដល់មេរៀនទៅភាគីថៃ អំពីសាមគ្គីភាពនិងឯកភាពជាតិនៃប្រជាជាតិខ្មែរ ដែលមិនអាស្រ័យលើការបង្កហេតុជាមួយប្រទេសជិតខាងឡើយ។ ការបង្ហាញអំពីសាមគ្គីភាពនិងឯកភាពជាតិខ្លួន ទៅកាន់ប្រជាជាតិដែលបែកបាក់ មិនត្រឹមតែជាមេរៀនដ៏ល្អមួយ ដែលផ្ដល់ដោយនៃប្រជាជាតិដ៏ថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញអំពីគុណធម៌ធម្មជាតិនៃមនុស្សជាតិផងដែរ ព្រោះចរិតលក្ខណៈរបស់មនុស្សជាតិគឺមានសេចក្ដីករុណា ចិត្តសប្បុរស និងការចេះជួយគ្នាទៅវិញទៅមកជាដើម។ បន្ថែមពីនេះ គេក៏គួរតែពិចារណានូវហេតុផលសំខាន់មួយទៀតផងដែរគឺ សូម្បីតែហ្វូងស្រមោច នៅពេលបានជួបនឹងគ្រោះថ្នាក់ ឬការយាយីពីខាងក្រៅណាមួយ ក៏ស្រមោចចេះរួបរួមសាមគ្គីគ្នាជាកម្លាំងតែមួយដើម្បីការពារសម្បុកនិងហ្វូងខ្លួនផងដែរ។
លើសពីនេះ ការសម្រេចបាននូវជំហរជាតិរួមគ្នាតែមួយនៅចំពោះមុខការឈ្លានពានរបស់បរទេស ក៏នឹងក្លាយទៅជាអត្តសញ្ញាណនិងនិមិត្តរូបនៃការកសាងសុខដុមនីយកម្មនិងបន្តថែរក្សាសន្តិភាពរបស់មនុស្សខ្មែរជំនាន់ថ្មីផងដែរ ព្រោះនៅក្រោយការជម្នះបាននូវការប្រឈមនិងផលប៉ះពាល់បណ្ដាលមកពីការឈ្លានពានរបស់បរទេសជិតខាង គេអាចនឹងទាញចេញនូវទស្សនទានសុខដុមនីយកម្មនិងសន្តិភាពមួយ សម្រាប់សង្គមខ្មែរនាសម័យទំនើប។ ទស្សនទានថ្មីនោះគឺ នៅពេលដែលខ្មែរបានរួបរួមគ្នាក្នុងជំហរជាតិតែមួយ ខ្មែរពិតជារឹងមាំ ខ្មែរពិតជាអាចឈរនៅមាំមួនដោយខ្លួនឯងតទល់នឹងការគម្រាមឬដាក់សម្ពាធពីរដ្ឋបរទេសឬប្រទេសជិតខាងណាមួយ ហើយខ្មែរពិតជាអាចដោះស្រាយនូវបញ្ហាចំពោះមុខ ដោយរួមគ្នាតម្កល់ផលប្រយោជន៍ជាតិ ថែរក្សាស្ថិរភាពនយោបាយ និងផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងសេដ្ឋកិច្ចនិងសង្គមប្រកបដោយវឌ្ឍនភាព។ មិនត្រឹមតែប៉ុណ្ណោះ ការណ៍នេះ ក៏នឹងក្លាយជាមោទកភាពថ្មីមួយបន្ថែមទៀត សម្រាប់មនុស្សជំនាន់ក្រោយដែលសម្លឹងមកមើលប្រជាជាតិខ្មែរនាសម័យបច្ចុប្បន្នផងដែរ៕
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាល...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរៀបចំសមាជិករវាងរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត យង់ ពៅ បានចែករំលែកទស្សនៈយល់ឃើញថា នេះគឺជាសមាជជាប្រវត្តិសាស្ត្រលើកទីមួយនៅក្...
By Dr. Kin Phea, Director General of the International Relations Institute of Cambodia, Royal Academy of Cambodia May 13, 2025, marks the 69th anniversary of diplomatic relations between Cambodia and...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្...
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែល...