ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការព្យួរមុខតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថុងថាន ជានយោបាយផ្ទៃក្នុងថៃសុទ្ធសាធ មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ

2025-07-03 02:36:48 ថ្ងៃព្រហស្បតិ៍, 03 កក្កដា 2025 ម៉ោង 09:36 AM
អ្នកមើល 1380
post_detail1

ករណីតុលាការធម្មនុញ្ញថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថុងថាន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ គឺជាកិច្ចការនយោបាយផ្ទៃក្នុងរបស់ថៃសុទ្ធសាធ បើទោះបីជាការព្យួរតំណែងនេះ ពាក់ព័ន្ធនឹងការបែកធ្លាយសារសន្ទនារវាងសម្ដេចតេជោ និងលោកស្រី ផែ ថុងថាន នាពេលកន្លងមកក៏ដោយក្ដី។ នៅក្នុងសារសម្លេងដែលបែកធ្លាយនោះ គេឃើញថា នាយករដ្ឋមន្ត្រីថៃបានស្នើសុំសម្ដេចតេជោ អំពីការអន្តរាគមន៍មួយចំនួន ហើយលោកស្រីក៏បានលើកឡើងអំពីករណីមេបញ្ជាការភូមិភាគ២របស់ថៃជាដើម ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន ពុំបានបំភ្លឺ ឬឆ្លើយតបទៅតាមសំណើររបស់លោកស្រីឡើយ។ ការណ៍បានបញ្ជាក់ថា លោកស្រី ផែ ថុងថាន ខ្លួនឯងគឺជាអ្នកបញ្ចេញនូវនយោបាយផ្ទៃក្នុងរបស់ខ្លួនដោយផ្ទាល់ ហើយសម្ដេចតេជោ គ្រាន់តែបានស្ដាប់ និងមិនបានទទួលយកនូវសំណើរ ឬដំណោះស្រាយណាមួយឡើយ។ នេះបានបញ្ជាក់ថា ករណីនេះជាបញ្ហាផ្ទាល់របស់លោកស្រី ផែ ថុងថាន និងជាបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសថៃតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធ​នឹងកម្ពុជានោះឡើយ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ករណីព្យួរតំណែងនាយករដ្ឋមន្ត្រីថៃនាពេលនេះ ពិតជាកិច្ចការផ្ទៃក្នុងរបស់ថៃសុទ្ធសាធ ប៉ុន្តែបែរជាមានអ្នកនយោបាយមួយចំនួន បែរជាបានព្យាយាមភ្ជាប់បញ្ហានេះមកកម្ពុជា និងមកកាន់សម្ដេចតេជោ ដែលជាប្រការដ៏ខុសឆ្គងមួយបណ្ដាលមកពីការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទៅលើខ្លឹមសារនៃសារសម្លេងជជែកពិភាក្សាគ្នាដែលបានបែកធ្លាយនោះ។ លោកបណ្ឌិតបន្តថា អ្នកនយោបាយដែលបានចោទប្រកាន់និងព្យាយាមទាញភ្ជាប់ករណីព្យួរតំណែងនាយករដ្ឋមន្ត្រីថៃនេះ មកកាន់កម្ពុជានិងសម្ដេចតេជោ ទំនងជាដោយសារតែគេមិនបានស្ដាប់ ឬស្ដាប់មិនអស់ ទើបមិនបានយល់ច្បាស់អំពីខ្លឹមសារទាំងស្រុងនៃកិច្ចសន្ទនានេះ ហើយបកស្រាយទៅតាមអារម្មណ៍យល់ឃើញរបស់ខ្លួនទៅវិញ។

លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់បន្ថែមថា ការព្យួរតំណែងរបស់លោកស្រី ផែ ថុងថាន គឺជាបញ្ហាផ្ទៃក្នុងរបស់ថៃ ដែលស្ថានភាពនយោបាយថៃបាននិងកំពុងធ្លាក់ចុះដុនដាប​យ៉ាងខ្លាំង និងមានការបែកបាក់គ្នាជាច្រើនជំពូក ជាច្រើនក្រុម និងច្រើនលំដាប់ថ្នាក់នៅក្នុងប្រទេសថៃ ដែលជាការបែកបាក់រវាងរដ្ឋាភិបាលនិងយោធា រវាងយោធានិងយោធា និងនៅក្នុងរង្វង់រដ្ឋាភិបាលថៃខ្លួនឯងផង។ បើតាមលោកបណ្ឌិត រដ្ឋាភិបាលថៃមានការបែកបាក់គ្នាយ៉ាង ដោយគណបក្សក្នុងរដ្ឋាភិបាលចម្រុះបានសម្រេចចិត្តដើរចេញពីគណបក្សកាន់អំណាច ហើយទស្សនៈនៅក្នុងរដ្ឋាភិបាលក៏មិនស្របគ្នា និងសូម្បីតែសម្លេងរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ក៏បានគូសបញ្ជាក់ខុសគ្នាផងដែរ អំពីទំនាក់ទំនងកម្ពុជា-ថៃ ខណៈរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការភូមិភាគ២របស់ថៃ ក៏និយាយផ្សេងគ្នា និងអនុវត្ត​ខុសគ្នាផងដែរ។ ត្រង់ចំណុចទាំងនេះ បានឆ្លុះបញ្ចាំងអំពីការបែកបាក់គ្នាដ៏ធ្ងន់ធ្ងរនៅក្នុងសង្គមនយោបាយថៃ ដែលជាហេតុនាំឱ្យឈានទៅដល់ការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន តាមរយៈយន្តការតុលាការធម្មនុញ្ញថៃ ដើម្បីបញ្ចៀសការបែកបាក់គ្នាកាន់តែខ្លាំងបន្ថែមទៀត។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានបន្តលើកឡើងថែមទៀតថា តុលាការធម្មនុញ្ញថៃ នឹងស៊ើបអង្កេតបន្តទៅលើករណីលោកស្រី ផែ ថុងថាន ដែលបានបញ្ចេញការសម្ងាត់យោធារបស់ជាតិទៅឱ្យរដ្ឋបរទេស (កម្ពុជា) បានដឹងឭ ទោះបីជាកម្ពុជាពុំមានចេតនាចង់ដឹងឭបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃក៏ដោយក្ដី។ នេះគឺជាការឆ្លុះបញ្ចាំងអំពីទង្វើរបស់អ្នកនយោបាយទៅនឹងច្បាប់ជាធរមានរបស់ប្រទេសជាតិមួយ ខណៈនៅតាមបណ្ដាប្រទេសនានា ទង្វើនេះត្រូវបានចាត់ទុកថាជាការឃុបឃិតជាមួយនឹងរដ្ឋបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួន។ សម្រាប់ប្រទេសកម្ពុជា បញ្ហានយោបាយផ្ទៃក្នុងថៃ បានជះឥទ្ធិពលអវិជ្ជមានលើប្រទេសកម្ពុជា តាំងពីមុនមានការបែកធ្លាយសារសន្ទនាគ្នារវាងមេដឹកនាំទាំងពីរទៅទៀត ពោលគឺ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានចូលមកលបបាញ់លើទាហានកម្ពុជា រហូតបណ្ដាលឱ្យមានការបាត់បង់យោធិនកម្ពុជាមួយរូប មុននឹងមានការបែកធ្លាយសារសម្លេងនេះទៅទៀត។ ជាមួយគ្នានេះ ការបិទច្រកព្រំដែនជាឯកតោភាគីដោយភាគីថៃ ក៏ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១៧ ខែមិថុនា ថែមទៀតផង។ ទោះជាយ៉ាងណា នៅក្រោយការបែកធ្លាយសារសម្លេង មានព្រឹត្តិការណ៍ផ្សេងៗទៀតដូចជា ការគម្រាមផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃជាដើម។

សម្រាប់លោកបណ្ឌិត យង់ ពៅ ក្រោយការព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែ ថុងថាន ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ អាចនឹងឈានទៅដល់សេនារីយ៉ូរំលាយគណបក្សភឿថៃ ការរៀបចំការបោះឆ្នោតឡើងវិញ ឬសេនារីយ៉ូរដ្ឋប្រហារយោធា​ជាដើម។ ទោះជាយ៉ាងណា សេនារីយ៉ូទាំងនេះ មិនអាចសន្មត់ឬវាយតម្លៃជាការខាតឬ​ចំណេញ​​សម្រាប់ប្រទេសកម្ពុជានោះឡើយ ព្រោះដូចបានលើកឡើងខាងលើ ទាំងនេះគឺជាបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃសុទ្ធសាធ ហើយដូចដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង ថ្នាក់ដឹកនាំកម្ពុជារង់ចាំតែធ្វើការជាមួយនឹងមេដឹកនាំដែលមានអំណាចពេញលេញនៅទីក្រុងបាងកក ដែលមានអំណាចពេញលេញនៅក្នុងការចាត់ចែងនយោបាយ កិច្ចការទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈបច្ចុប្បន្ន មិនមានមេដឹកនាំថៃណាមួយដែលមានអំណាចអាចសម្រេចចិត្ត ឬធ្វើការចរចាស្មើមុខមាត់ជាមួយនឹង​កម្ពុជានោះឡើយ ព្រោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ថា នរណាជាអ្នកមានសិទ្ធិសម្រេចចិត្តពិតប្រាកដ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM

សេចក្តីប្រកាស