ព័ត៌មាន

តើការប្រកាសអត្រាពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិក មានអត្ថន័យយ៉ាងដូចម្ដេចចំពោះប្រទេសកម្ពុជា?

2025-04-07 11:02:08 ថ្ងៃចន្ទ, 07 មេសា 2025 ម៉ោង 06:02 PM
អ្នកមើល 311
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក​បាន​ប្រកាស​ពី​អត្រា​ពន្ធគយសម្រាប់ការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់​ខ្លួន​ នៅជុំវិញ​ពិភពលោក រួម​ទាំង​ប្រទេសកម្ពុជាផងដែរ។ ផែនការរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវ​បាន​កំណត់ពន្ធជាមូលដ្ឋានក្នុងរង្វង់ ១០% លើការនាំចូលទាំងអស់ ដោយធ្វើឡើង​ស្រប​ទៅ​តាម​ការសន្យា​របស់លោក ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី​កាល​ពីឆ្នាំ​មុន។ យោង​តាម​តារាងពន្ធគយថ្មីដែល​ដាក់​ចេញ​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ទំនិញកម្ពុជា ​ដែល​នាំចូលទៅទីផ្សារសហរដ្ឋ​អាម៉េរិក​នឹង​ត្រូវ​ទទួល​រង​នូវ​អត្រា​ពន្ធ​គយ​ជា​មធ្យម៤៩%ផងដែរ។

បើទោះជាការកំណត់អត្រាពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិកនេះ មានលក្ខណៈទូ​ទៅ​ជា​សាកលក្ដី ប៉ុន្តែមានមតិចម្រុះមួយចំនួនបានព្យាយាមទាញភ្ជាប់បញ្ហានេះទៅនឹង​ការ​វិវត្តស្ថានការណ៍នយោបាយ សេរីភាព និងសិទ្ធិមនុស្សនៅកម្ពុជា ព្រមជាមួយនឹងការ​សម្ដែង​ការព្រួយបារម្ភចំពោះការនាំចេញ អត្រានិកម្ម អត្រាកំណើនសេដ្ឋកិច្ច និង​ផល​ប៉ះ​ពាល់​ផ្សេងៗទៀតដែល​អាចកើតមានចំពោះប្រទេសកម្ពុជា។ ប្រាកដណាស់ គេពិតជា​មិន​អាច​ប្រកែកបាន​ឡើយ​ចំពោះផលប៉ះពាល់ដោយផ្ទាល់ កើតចេញពីការ​កំណត់​អត្រាពន្ធ​គយ​ថ្មី​នេះឡើយ តែ​ចំណុច​សំខាន់ដែលត្រូវពិចារណានោះគឺ ដើមហេតុដែលនាំទៅដល់ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលគេអាចសាកល្បងប៉ាន់ស្មានបានដោយ​ចាប់​ផ្ដើម​ពីការ​ស្វែង​​យល់​អំពី​ចិត្តសា​ស្ត្ររបស់ប្រធានាធិបតីអាម៉េរិករូបនេះ។

ជាការពិតណាស់ លោក ដូណាល់ ត្រាំ ដែលបានក្លាយជាប្រធានាធិបតីអាម៉េរិក​ជាថ្មី​ម្ដងទៀតនា​អាណត្តិ​ទីពីរ ពិតជាប្រាថ្នាចង់បន្សល់កេរ្តិ៍ឈ្មោះជាប្រធានាធិបតីដែលលេចធ្លោ​មួយរូបនៅអាណត្តិដឹកនាំចុងក្រោយរបស់លោក។ ក្នុងអាណត្តិដឹកនាំលើកទីពីររបស់លោក កិច្ចការ​ទីមួយ​ដែលលោកបានធ្វើគឺ ព្យាយាមកសាងកេរ្តិ៍ឈ្មោះ ដែលលោកប៉ង​ក្លាយជា​មេ​ដឹក​នាំ​ដែល​សន្សំ​ថវិកាកម្រិតខ្ពស់និងចាត់ចែងថវិកាជាតិប្រកបដោយប្រសិទ្ធភាព និង​ការ​ពារបាន​នូវ​ផល​ប្រយោជន៍​ជាតិ​របស់​សហរដ្ឋអាម៉េរិក បានប្រសើរជាងគេបំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ដោយទំនោរនេះស្រប​គ្នាទៅ​នឹងសារនយោបាយដែលលោក​ធ្លាប់បាន​លើក​ឡើង​ដូច​ជា “American First” និង “Make American great again”។ នៅក្នុងន័យនេះ សម្រាប់​លោក​ត្រាំ ដៃគូ​ពាណិជ្ជ​កម្ម​របស់​សហរដ្ឋ​អាម៉េរិកប្រមាណ ៦០ប្រទេស ត្រូវបាន​លោក​ចាត់ទុក​ថា​ជា “ជនល្មើសដ៏​អាក្រក់​បំផុត” ដែលត្រូវបង់សងតម្លៃត្រឡប់ឱ្យ​អាម៉េរិកវិញ​ជាមួយ​អត្រា​ពន្ធ​គយ​​ខ្ពស់មួយ ដែលលោកអះអាងថា ដោយ​សារ​តែការអនុវត្តគោល​នយោបាយពាណិជ្ជកម្ម​មិន​យុត្តិ​ធម៌ពីសំណាក់ប្រទេស​ទាំង​នោះ។ ​​លោក ដូណាល់ ត្រាំ ចាត់​ទុកដៃគូ​ពាណិជ្ជ​កម្ម​ទាំងឡាយរបស់អាម៉េរិក ទទួលអត្រាពន្ធគយយ៉ាង​អនុ​គ្រោះ​ពី​សហរដ្ឋអាម៉េរិក​ច្រើន​លើស​លុប​លើស បើធៀបនឹងការកំណត់ពន្ធឬប្រយោជន៍ដែលប្រទេសទាំងនេះផ្ដល់ឱ្យអាម៉េរិក។

មានមតិខ្លះបានលើកឡើងផងដែរថា ការកំណត់តម្លើងអត្រាពន្ធគយថ្មីរបស់អាម៉េរិក​លើប្រទេសមួយចំនួន ក៏ដោយសារតែការអនុគ្រោះពន្ធដល់បណ្ដាប្រទេសទាំងនោះ បែរ​ជា​បាន​ហុចផលដល់ចិនជាដៃគូប្រឈមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ធំរបស់អាម៉េរិក ដោយ​ចិនបានដាក់ទុនវិនិយោគទៅ​លើរោងចក្រ​ឬ​សហ​គ្រាស ដែល​ផលិតទំនិញសម្រាប់ការ​នាំ​ចេញ​ទៅសហរដ្ឋអាម៉េរិក។ ជាការពិតណាស់ កន្លង​មក លោក​ដូណាល់ ត្រាំ ក៏ធ្លាប់​ព្រមាន​ចាត់ការសហគ្រាស​ឬក្រុមហ៊ុន​ដែល​មានបំណង​រើ​រោង​​ចក្រចេញពីចិន ដើម្បីគេចការ​តម្លើង​ពន្ធផងដែរ។ នៅត្រង់ចំណុចនេះ មានការលើក​ឡើងពីមជ្ឈដ្ឋានមួយចំនួន ថាការដំឡើង​អត្រា​ពន្ធគយថ្មីរបស់អាម៉េរិកមកលើប្រទេស​កម្ពុជា អាចបណ្ដាលមក​ពីសាធារណរដ្ឋ​ប្រជា​មានិតចិនបានវិនិយោគលើរោងចក្រ​និងសហ​គ្រាសជាច្រើននៅកម្ពុជា ដែលភាគ​ច្រើន​មាន​គោល​ដៅនាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ មជ្ឈដ្ឋានខ្លះ ថែមទាំងបានអះអាងបន្ថែម​ទៀត​ថា ការប្រកាសអត្រាពន្ធគយថ្មីរបស់សហរដ្ឋ​អាម៉េរិក​នេះ អាចជាសារមួយប្រាប់មក​កាន់​កម្ពុជា ឱ្យពិចារណាឡើងវិញ​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនងជាមួយនឹងសហរដ្ឋអាម៉េរិក និង​ចិន។ រោងចក្រនិងសហគ្រាសនៅកម្ពុជា ដែល​ភាគ​ច្រើនលើសលប់ពឹងផ្អែកទៅលើ​វត្ថុធាតុ​ដើម​មានប្រភពមកពីចិន ព្រមទាំង​ទទួល​បាន​ទុនវិនិយោគពីចិនផងដែរ។ បើតាម​ហេតុ​ផលទាំងនេះ ការតម្លើងពន្ធគយលើមុខ​ទំនិញ​របស់​កម្ពុជា នាំចូលទៅសហរដ្ឋអាម៉េរិក អាច​ជា​សារនយោបាយ ដែលសហរដ្ឋអាម៉េរិក​មានបំណងបង្ហាញទៅកាន់​បណ្ដាប្រទេស​ដទៃ​ទៀត ដែលចិនបានវិនិយោគយកធ្វើជា​គោល​ដៅដើម្បីគេចចេញពីការដំឡើងពន្ធ និង​ការ​ដាក់​សម្ពាធរបស់អាម៉េរិកទៅលើ​រោង​ចក្រឬសហគ្រាសដែលមានមូលដ្ឋាននៅប្រទេសចិន។

ទោះជាយ៉ាងណា នេះមិនមែនជាហេតុផលពិតប្រាកដនោះទេ ព្រោះគេត្រូវដឹងថា ការដំឡើងអត្រាពន្ធគយរបស់អាម៉េរិកនាពេល​នេះ មិនបានធ្វើឡើងទៅលើប្រទេសកម្ពុជា​តែមួយ​នោះឡើយ តែជាការដំឡើងពន្ធគយទូទៅជា​សាកលចំពោះបណ្ដាប្រទេសដៃ​គូ​ពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ ហេតុនេះ ការលើកឡើងខាង​លើពិតជាពុំ​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះឡើយ។ ម្យ៉ាងវិញទៀត បើផ្អែកតាមតារាងអត្រាពន្ធគយ​ថ្មីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ការដំឡើងពន្ធគយលើប្រទេសកម្ពុជារហូតដល់ ៤៩% ដោយសារ​តែ​អាម៉េរិក​ប្រើប្រាស់រូបមន្តគិតពន្ធ ដោយយកអត្រាឱនភាពពាណិជ្ជកម្មជាមួយអាម៉េរិកចែកនឹង២ ហើយខណៈ​ទំហំនាំចេញរបស់កម្ពុជាទៅកាន់អាម៉េរិក មានរហូតដល់ទៅ៩៧% ក្នុងពេល​ដែល​ទំហំនៃ​នាំ​ទំនិញ​ពី​អាម៉េរិក​មកកម្ពុជាមានត្រឹមតែ៣% នៃទំហំពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេសទាំងពីរ។ ត្រង់ចំណុចនេះ បង្ហាញថា ការសម្រេចកំណត់​អត្រាពន្ធគយថ្មី​របស់​អាម៉េរិក គឺជាសារ​ព្រមាន​ជាថ្មីម្ដងទៀត​ ដល់បណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មទាំង​អស់​របស់​សហរដ្ឋអាម៉េរិក ឱ្យ​ពិនិត្យ​​និងពិចារណាជាថ្មី​លើ​ទំនាក់ទំនង​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាម៉េរិក និង​រំឭក​ឡើង​វិញ​នូវសាររបស់លោក ដូណាល់ ត្រាំ អំពីការធ្វើពាណិជ្ជកម្ម ដែលប្រធានាធិបតី​អាម៉េរិក​រូបនេះអះអាងថា មិនមាន​យុត្តិធម៌សម្រាប់សហរដ្ឋអាម៉េរិក ទាំង​ដែល​នេះគឺជា​ករណី​ទូទៅ​សម្រាប់​ទំហំទំនាក់ទំនងរវាងប្រទេសតូច និងមហាអំណាច​សេដ្ឋ​កិច្ច​ក៏ដោយក្ដី។

ការកំណត់អត្រាពន្ធគយថ្មី ដែលសហរដ្ឋអាម៉េរិកហាក់ទាម​ទារឱ្យដៃគូពាណិជ្ជ​កម្ម​របស់ខ្លួនកំណត់​ពន្ធ​គយ​មានលក្ខណៈអនុគ្រោះលើទំនិញអាម៉េរិក ពោលគឺអាម៉េរិកចង់​ទទួល​បានការយោគយល់ផ្នែកពន្ធគយពីបណ្ដាប្រទេសនានា​នេះ ហាក់បាន​ធ្វើ​ឱ្យ​គេ​ពិចារណា​អំពីភាពជាអ្នកដឹកនាំ​​ពិភព​លោក​របស់​សហរដ្ឋអាម៉េរិក។ ត្រង់​ចំណុចនេះ ធ្វើ​ឱ្យ​មេដឹកនាំបណ្ដាប្រទេសនានា ពិតជាមានការភ្ញាក់ផ្អើលនឹងជំហរប្រធានាធិបតីអាម៉េរិករូប​នេះ។ ចំពោះករណីឱនភាពពាណិជ្ជកម្មរវាងអាម៉េរិកនិងដៃគូពាណិជ្ជកម្មរបស់ខ្លួន គឺ​ជា​រឿងសាមញ្ញមួយដែលគេអាចឈ្វេង​យល់​បាន​ថា ទំហំជញ្ជីង​ពាណិជ្ជ​កម្ម​រវាងមហាអំណាច និងប្រទេសតូចៗ ពិតជាមាន​អតុល្យ​ភាព​ដោយ​មិនអាចចៀសផុតបាន ពោល​គេ​មិន​អាច​ប្រៀបទំហំនៃការនាំចេញពីប្រទេសតូច​​ ទៅនឹងការនាំទំនិញចូលពី​មហា​អំណាចមក​ប្រទេស​តូច​នោះ​ទេ អាស្រ័យ​ដោយ​ប្រទេស​តូចៗ​ដែលមានចំនួនប្រជាជនតិច ពិតជាមាន​តម្រូវ​ការតិចជាង ហើយ​ក៏មានអំណាចទិញ​ទាបជាងខ្លាំងដែរ ​បើធៀប​ទៅ​នឹង​មហា​អំណាច។ ជាក់ស្ដែង ប្រទេសកម្ពុជាមានប្រជាជនតិច (ត្រឹមតែប្រមាណ ១៧​លាន​នាក់) និងមានអំណាច​ទិញ (purchasing power parity: PPP) ត្រឹមតែជាង ៦ ០០០ ដុល្លារ​សហ​រដ្ឋអាម៉េរិក (២០២៣) ខណៈសហរដ្ឋអាម៉េរិក មាន​ប្រជា​ជន​រហូតដល់ទៅ ៣៤០​លាន​នាក់ និងមាន​អំណាច​ទិញ​រហូត​ដល់ទៅ ជាង ៨២ ០០០ ដុល្លារសហរដ្ឋអាម៉េរិក (២០២៣) ហេតុនេះហើយ គេមិន​អាចដាក់បង្ខំ​ឱ្យ​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្មមានតុល្យភាព​នឹងគ្នា​តាម​ដែល​ចង់បាននោះឡើយ។ ​ព្យាយាមធ្វើឱ្យ ចំពោះ​ការ​ដោះ​ដូរពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​កម្ពុជា ទំហំនាំចេញពីកម្ពុជាទៅអាម៉េរិក។

ទោះជាយ៉ាងនេះក្ដី សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ហាក់កំពុង​បន្តប្រើ​ប្រាស់យុទ្ធសាស្ត្រសម្លុតនិងគំរាមទុកជាមុន ជាជាងការសម្រេចចិត្តជាស្ថាពរ​ភ្លាមៗ​តែម្ដង ដោយ​បាន​ទុក​ពេលវេលាឱ្យបណ្ដាប្រទេសដែលត្រូវបានកំណត់អត្រាពន្ធគយថ្មី ស្វែង​​រក​ឱកាស​ចរចា​ជាមួយ​នឹងមន្ត្រីសហរដ្ឋអាម៉េរិកផងដែរ។ បំណងរបស់​លោក ដូណាល់ ត្រាំ គ្រាន់តែចង់បង្ហាញថា រដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលដែលគិតគូរ និងទាមទារ​បានផលប្រយោជន៍សម្រាប់សហរដ្ឋអាម៉េរិកក្នុងកម្រិតអតិបរមាតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ចំណុចមួយដែលគេគួរកត់សម្គាល់នោះគឺ ជំហរ​នយោបាយសហរដ្ឋ​អាម៉េរិកតែង​តែ​ប្រែ​ប្រួល​រៀង​រាល់ ៤​ឆ្នាំ​ម្ដង នៅពេលមាន​ការ​ផ្លាស់​ប្ដូរ​ប្រធានាធិបតី។ ដូច្នេះហើយ ក្រៅតែពី​ការពិចារណា​អំពីការស​ម្របខ្លួន​ក្នុង​ទំនាក់​ទំនង​នយោបាយនិងពាណិជ្ជកម្មជាមួយអាម៉េរិក ក្រោម​រដ្ឋបាល​ប្រធានា​ធិបតី​​បច្ចុប្បន្ន គេ​ក៏​គួរ​តែពិនិត្យ​ពិចារណា​ចំពោះ​ស្ថាន​ភាព ​ដែលអាចនឹងប្រែប្រួលទៅ​តាមបុគ្គលជា​មេ​ដឹក​នាំ​អាម៉េរិកនីមួយៗ នៅ​រៀង​រាល់ឱកាសរៀបចំការបោះឆ្នោតប្រធានាធិបតី​អាម៉េរិក​ដែល​​ធ្វើ​ឡើង​រៀង​រាល់៤ឆ្នាំម្ដងផងដែរ។ បន្ថែមពីនេះ បើទោះបីជាការព្យាយាម​រក្សា​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការល្អនៅក្នុងអាណត្តិដឹកនាំរបស់​ប្រធានាធិបតី​បច្ចុប្បន្ន​ពិត​ជា​សំខាន់ តែ​កម្ពុជា​ក៏ត្រូវប៉ាន់ប្រមាណចំពោះការផ្លាស់ប្ដូរនៅក្នុងរយៈពេល៤ឆ្នាំបន្ទាប់ផងដែរ ពោល កម្ពុជាត្រូវរក្សាលទ្ធភាពនិងជំហរដែលអាចបន្តការចរចាបន្ថែមទៀត នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់​ប្រធានាធិបតីបន្ទាប់ ដោយមិនគួរប្រកាន់ជំហរស្របតាមទាំងស្រុង ដើម្បី​ផ្គាប់​ចិត្ត​រដ្ឋ​បាលលោក​ដូណាល់ ត្រាំ ទាំងស្រុងនោះទេ។ នៅក្នុងការចរចាជាមួយ​នឹងមន្ត្រី​រដ្ឋបាល​លោក ដូណាល់ ត្រាំ នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជាគួរតែរក្សាចន្លោះមួយនៅក្នុងការចរចា ដោយមិន​ត្រូវ​ប្រកាន់​ជំហររឹង​ត្អឹងពេក ឬក៏ទោរទន់តាមការដាក់សម្ពាធពីភាគី​ម្ខាងទៀតទាំង​ស្រុង​នោះ​ទេ។ ជាការ​ពិតណាស់ ទោះបីជាបេក្ខភាព​ប្រធានា​ធិបតីថ្មីរូប​ណា​ឡើងមក​កាន់​អំណាច​បន្ត​នៅអាណត្តិ​បន្ទាប់​ក្ដី មេដឹកនាំ​សហ​រដ្ឋ​អាម៉េរិក​បន្ទាប់ នឹងបន្តពិនិត្យ​លទ្ធ​ភាព​ដើម្បី​ទាញ​យក​​ផល​ចំណេញ ​ពីស្ថានភាពជាបច្ចុប្បន្ន​ភាព​​ក្នុង​ទំនាក់ទំនងជាមួយនឹងបណ្ដា​ប្រទេស​ទាំង​ឡាយ ដូចជាស្ថានភាព ដែលជាវិបាកក្រោយ​ការប្រកាស​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាម៉េរិក​និងចិន ដែលផ្ដើមឡើងនៅក្នុងអាណត្តិទីមួយរបស់លោក ដូណាល់ ត្រាំ ជាឧទាហរណ៍ស្រាប់ជា​ដើម។

ជាមួយគ្នានេះដែរ សម្រាប់ប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងបញ្ជីនៃការ​ដំឡើង​ពន្ធ​គយលើមុខទំនិញ​នាំ​ចូលទៅសហរដ្ឋអាម៉េរិកនោះ ពិតជាពិបាកចៀសផុតពីការប្រឈម​នឹង​របាំង​ពន្ធគយនេះ​ណាស់ ទោះបីជារាជរដ្ឋាភិបាលបានជូនដំណឹងអំពីឆន្ទៈ​នៃការ​បញ្ចុះ​អត្រា​ពន្ធសម្រាប់​មុខ​ទំនិញអាម៉េរិក ដែលនាំចូលមកកម្ពុជាតាមរយៈការបង្កើតក្រុម​ការ​ងារ​ដើម្បីចរចាក៏ដោយ ក៏​ទំនិញ​កម្ពុជា អាចនឹងត្រូវបានដំឡើងពន្ធ​បន្ថែមលើអត្រាពន្ធ​បច្ចុប្បន្ន​ក៏ដោយក្ដី។ ប្រការនេះ នឹងបង្កផលវិបាកមួយចំនួនដូចជា ការ​បាត់​បង់ភាព​ប្រកួត​ប្រជែង​នៃ​ទំនិញរបស់​កម្ពុជា​ក្នុង​ទីផ្សារ​អាម៉េរិក ការធ្លាក់ចុះនូវចំណូល​ពីការនាំចេញដោយសារ​ការ​​បញ្ជាទិញ​អាច​នឹង​ត្រូវកាត់បន្ថយ និងការប៉ះពាល់ដល់​កំណើនសេដ្ឋកិច្ចក្នុងកម្រិត​ណាមួយ​ជាដើម។ នៅ​ចំពោះមុខស្ថានការណ៍នេះ រាជ​រដ្ឋាភិបាលគួរតែចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយ​ផលប៉ះពាល់ដែលមានដូចជា ការបន្តយុទ្ធសាស្ត្រនៅក្នុងការបន្ទាប​តម្លៃ​មូល​ដ្ឋានផលិត​កម្ម​ក្នុង​ស្រុក (ដូចជាថ្លៃអគ្គិសនី តម្លៃដឹកជញ្ជូនផលិតផល និងការ​អនុ​គ្រោះ​ផ្សេងៗ​ដល់រោង​ចក្រ/សហគ្រាសសម្រាប់ការនាំចេញ) ការពង្រឹងប្រសិទ្ធភាពនៃយន្តការ​គាំទ្រ​​ដល់រោងចក្រ/សហគ្រាសក្នុងស្រុក ការបន្តធ្វើ​ពិពិធ​កម្មមុខទំនិញនាំចេញនិងទីផ្សារ​គោល​ដៅបន្ថែម ការបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស និងពលកម្មជំនាញដើម្បី​ទាក់​ទាញ​ការ​វិនិយោគ និងការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឱ្យកាន់តែ​សកម្ម និងមានប្រសិទ្ធភាពបន្ថែមទៀត។

ម្យ៉ាងវិញទៀត កម្ពុជាក៏គួរតែពិនិត្យពិចារណាទៅលើការ​បង្កើនចំណូលរដ្ឋ​ពី​ប្រភព​​ចំណូលសំខាន់ៗបន្ថែមទៀត ដោយពុំគួររំពឹងតែលើពន្ធគយពេកនោះទេ ព្រោះ​បណ្ដា​ប្រទេសរីកចម្រើនជាច្រើន ដែលជាប្រទេសអ្នកផលិតរបស់ពិភពលោក​បាន​ផ្ដោត​លើការ​ពង្រឹង​ការប្រមូលចំណូលផ្សេងបន្ថែមពីការនាំចេញ និងចំណូលពន្ធដារ​នៅ​ក្នុង​​មុខចំណូល​ជា​ច្រើនផ្សេងៗ​ទៀត។ ត្រង់ចំណុចនេះ គេអាចកត់សម្គាល់ឃើញថា ការ​ប្រមូល​ចំណូល​ថវិកា​ជាតិនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងខ្លឹម​សារដែល​បាន​កំណត់​នៅ​ក្នុង​​ច្បាប់ជាធរមាន។ ការពង្រឹងការប្រមូលចំណូលរដ្ឋនៅត្រង់​នេះមិនមែនជាការបង្កើត​ពន្ធ​ថ្មី​នោះទេ ប៉ុន្តែគឺជាការបង្កើនប្រសិទ្ធភាព និងការចាប់ផ្ដើម​ជំរុញអនុវត្ត​កាតព្វ​កិច្ច​បង់​ពន្ធ ទៅលើប្រភេទមួយចំនួន ដែលរដ្ឋបានអនុគ្រោះឬលើក​លែង​រហូត​​មក​ដល់បច្ចុប្បន្ន។  ពោលគឺនៅមានមុខចំណូលពន្ធជាច្រើនទៀតដែលរាជរដ្ឋាភិបាល​អាច​​ចាប់​ផ្ដើម​ប្រមូល​ក្នុង​ដំណាក់កាលចាប់ផ្ដើម (ស្ថិតក្នុងកម្រិតអនុគ្រោះណាមួយ) ដើម្បីឈានទៅប្រមូល​ពន្ធ​ក្នុង​ពេញលេញនាពេលអនាគតខាងមុខ៕

RAC Media

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ដើម្បីរក្សាបាននូវឧត្ដមប្រយោជន៍ជាតិ ខ្មែរត្រូវជំហរឯកភាពជាតិតែមួយលើបញ្ហាអធិបតេយ្យ ចៀសវាងចូលរួមធ្វើសកម្មភាពទាំងឡាយណា ទៅតាមការបញ្ឆេះរបស់អ្នកនយោបាយដែលបង្កប់នូវរបៀបវារៈនយោបាយ

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពី ការអំពាវនាវរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ឱ្យពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្មនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥  ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យលើកោះគុជ លោកបណ្ឌិត...

2024-12-23 07:07:51   ថ្ងៃចន្ទ, 23 ធ្នូ 2024 ម៉ោង 02:07 PM
បណ្ឌិត យង់ ពៅ៖ ការក្លាយជាសមាជិកនៃOCPBC ជាការបើកទំព័រថ្មីក្នុងនយោបាយការបរទេស និងឆ្លុះបញ្ចាំងពីការទទួលស្គាល់ឆន្ទៈនិងតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងការរួមចំណែកដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក

  ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្...

2024-12-22 09:19:53   ថ្ងៃអាទិត្យ, 22 ធ្នូ 2024 ម៉ោង 04:19 PM
ទម្រង់ផ្ការីកដែលប្រជាជាតិខ្មែរត្រូវការ

ដោយ៖ លឹម សុវណ្ណរិទ្ធ    ឈានមកដល់រដូវធ្លាក់ខ្យល់ពីជើង អាកាសធាតុបានចាប់ផ្ដើមត្រជាក់ខ្លាំងទៅតាម​រដូវ ប៉ុន្តែបរិយាកាសនយោបាយនៅកម្ពុជាមិនបានត្រជាក់ទៅតាមរដូវនោះទេ ពោលគឺអ្នក​នយោបាយខ្មែរមួយចំនួន តែង...

2024-12-18 06:48:53   ថ្ងៃពុធ, 18 ធ្នូ 2024 ម៉ោង 01:48 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញជួបពិភាក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងតំណាងមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម...

2024-12-17 05:00:41   ថ្ងៃអង្គារ, 17 ធ្នូ 2024 ម៉ោង 12:00 PM
បណ្ឌិត យង់ ពៅ លើកឡើងអំពីមូលដ្ឋាន៥ចំណុចនៅក្នុងការវិភាគនយោបាយនិងសង្គម

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន និងជាការចែករំលែកបទពិសោធផ្ទាល់ខ្លួន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គមមួយរូបនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងអំពីមូលដ្ឋានសំខាន់ៗ៥ច...

2024-12-11 10:13:13   ថ្ងៃពុធ, 11 ធ្នូ 2024 ម៉ោង 05:13 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ក្រោមប្រធានបទ ៖ “ទីក្រុង និងជនបទ” ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត្យកម្មកម្ពុជា-ចិន”

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យ សភាកម្ពុជាបានរៀបចំ កម្មវិធីពិព័រណ៌ «ទីក្រុងនិងជនបទ ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត...

2024-12-11 09:31:51   ថ្ងៃពុធ, 11 ធ្នូ 2024 ម៉ោង 04:31 PM

សេចក្តីប្រកាស