ព័ត៌មាន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម

2025-01-16 04:18:24 ថ្ងៃព្រហស្បតិ៍, 16 មករា 2025 ម៉ោង 11:18 AM
អ្នកមើល 689
post_detail1

          ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយងាយឡើយប្រសិនបើគ្មានការចរចា។

          លោកបណ្ឌិត យង់ ពៅ បានយល់ស្របទៅនឹងប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមេដឹកនាំអ៊ុយក្រែនត្រូវចាប់ផ្ដើមចរចាក្នុងស្ថានភាពវាយផងចរចាផង ជាជាងរង់ចាំឱ្យអ៊ុយក្រែនមានប្រៀបលើសមរភូមិយោធាជាមុនសិន ទើបស្វែងរកការចរចា។ សម្រាប់លោកបណ្ឌិត ប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ គឺជាទស្សនៈឡូហ្ស៊ិកនយោបាយមួយ ពោលគឺដើម្បីសម្រេចបានតាមគោលដៅដែលចង់បាន ការតស៊ូទាំងផ្លូវសមរភូមិអាវុធ និងសមរភូមិការទូត ក៏ដូចជាការចរចា ត្រូវធ្វើឡើងស្របពេលដំណាលគ្នា។

          លោកបណ្ឌិត យង់ ពៅ បានបន្តថា សម្ដេចតេជោបានដឹកនាំស្វែងរកសន្តិភាពសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា នៅក្នុងដំណើរការដូច្នេះដែរ ពោលគឺមិនរង់ចាំឱ្យអ្នកខាងក្រៅអន្តរាគមន៍ ឬជួយឱ្យខ្លួនឯងមានប្រៀបជាមុនទើបចរចានោះទេ ប៉ុន្តែ សម្ដេចតេជោបានចាប់ផ្ដើមការចរចាតាំងពីដំបូងទី ព្រោះសម្ដេចតេជោយល់យ៉ាងជាក់ច្បាស់ថា មានតែការចរចាតែប៉ុណ្ណោះ ដែលអាចឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិ។ លោកបណ្ឌិតបញ្ជាក់បន្ថែមថា បទពិសោធន៍នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា គឺជាលំនាំមួយដែលមេដឹកនាំអ៊ុយក្រែនក៏ដូចជាប្រទេសដែលកំពុងជួបសង្គ្រាមអាចយកជាមេរៀននៅក្នុងជ្រុងផ្សេងៗ ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិខ្លួន ព្រោះប្រសិនបើអ្នកនយោបាយនៃជាតិសាសន៍មួយ មិនយល់ឃើញអំពីដំណើរការស្វែងរកសន្តិភាព ហើយរង់ចាំតែការអន្តរាគមន៍ឬជួយពីសំណាក់ភាគីខាងក្រៅ គេពិតជាពិបាកនឹងសម្រេចបានសន្តិភាពសម្រាប់ជាតិសាសន៍ខ្លួនណាស់។

          បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងទំនាក់ទំនងអន្តរជាតិ គ្មានប្រទេសណាមួយដែលជួយប្រទេសផ្សេងទៀត ដោយមិនគិតគូរអំពីផលប្រយោជន៍ដែលគេទទួលបានណាស់ ពោលគឺ ការអន្តរាគមន៍ ឬផ្ដល់ជំនួយផ្សេងៗដល់ប្រទេសដទៃ តែងតែស្ថិតនៅក្នុងរបៀបវារៈនយោបាយ ដើម្បីបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជានិច្ច។ ការដែលមេដឹកនាំអ៊ុយក្រែនរង់ចាំជំនួយពីសំណាក់អាម៉េរិកឬអឺរ៉ុប ដើម្បីមានប្រៀបនៅក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ីនេះ គឺជាការពឹងផ្អែកទាំងស្រុងទៅលើភាគីខាងក្រោ ដែលគេមិនអាចគិតគូរផលប្រយោជន៍ជាតិរបស់អ៊ុយក្រែន ជាងមេដឹកនាំនិងប្រជាជនអ៊ុយក្រែនខ្លួនឯងផ្ទាល់នោះទេ។ ហេតុនេះហើយ ប្រសិនបើមេដឹកនាំអ៊ុយក្រែន មិនរូតរះស្វែងរកការចរចាហើយបន្តរង់ចាំជំនួយពីសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេស ដើម្បីមានប្រៀបលើសង្គ្រាមជាមួយនឹងរុស្ស៊ី មុននឹងធ្វើការចរចានោះ គឺប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងទេ ដែលត្រូវបន្តរងគ្រោះក្នុងរយៈពេលកាន់តែយូរបន្ថែមទៅទៀត។

          លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេមិនអាចយកប្រទេសខ្លួនឯងធ្វើជាដើមទុនចរចា នៅចំពោះមុខភ្លើងសង្គ្រាមដែលកំពុងបន្តឆាបឆេះនោះ ហើយរង់ចាំពិភពលោកខាងក្រៅមកជួយអន្តរាគមន៍ ដើម្បីមានប្រៀបនៅក្នុងការចរចានោះឡើយ។ ប្រសិនបើមេដឹកនាំអ៊ុយក្រែនមាននិន្នាការសម្រេចចិត្តដូច្នេះ នោះសង្គ្រាមនឹងនៅតែបន្តឆាបឆេះ ហើយប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងដែលជាអ្នកទទួលរងគ្រោះធ្ងន់ជាងគេ។ លោកបណ្ឌិតបានបន្តថា នៅពេលដែលប្រទេសជាតិខ្លួនមានសង្គ្រាម មេដឹកនាំប្រទេសនោះគួរតែជាអ្នកចេញមុខស្វែងរកលទ្ធភាពចរចា ដើម្បីឈានឆ្ពោះទៅកាន់ដំណោះស្រាយសម្រាប់ប្រទេសជាតិរបស់ខ្លួន មិនអាចរង់ចាំការអន្តរាគមន៍ពីសំណាក់ភាគីខាងក្រៅ ដែលគេទន្ទឹងរង់ចាំឱកាសទទួលបានផលប្រយោជន៍ផ្ទាល់របស់គេនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា មានតែអ៊ុយក្រែនខ្លួនឯងទេ ជាអ្នកសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួន​៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកពង្រីកប្រតិបត្តិការទីផ្សារនៅកម្ពុជា»

ភ្នំពេញ៖ Crown Holdings Inc ជាក្រុមហ៊ុនផលិតផលសម្រាប់ការវេចខ្ចប់ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយនៅខែមករា បានដាក់ដំណើរការខ្សែចង្វាក់ផលិតផលសម្បកកំប៉ុងទី៣របស់ខ្លួននៅរាជធានីភ្នំពេញ ប៉ុន្តែក្រុមហ៊ុនមិនទាន...

2019-02-08 08:37:48   ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 03:37 PM
«ដំណឹងអាហាររូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិឆ្នាំ ២០១៩-២០២០»

សូមជម្រាបជូនអ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់មេត្តាជ្រាបថា, មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (Asia Research Center) នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (មូលន...

2019-02-08 08:36:50   ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 03:36 PM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត នាថ្ងៃអង្គារ ១កើត ខែម...

2019-02-08 05:07:02   ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 12:07 PM
«កម្ពុជា និងឥណ្ឌូណេស៊ីគ្រោងរៀបចំព្រឹត្តការណ៍កីឡាវាយកូនហ្គូលមិត្តភាព និងពិព័រណ៍ទេសចរណ៍នៅឆ្នាំ២០១៩​នេះ...»

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងឥណ្ឌូណេស៊ី​ឱ្យកាន់តែរឹងមាំនោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នៅទីស្ដី​ការក្រសួងទេសចរណ៍  មានជំនួបការទូតមួយបានរៀបចំឡើង ដោយមានការអញ្ជ...

2019-02-07 16:59:31   ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 11:59 PM
«កម្ពុជា និងឥណ្ឌូណេស៊ីនឹងមានការហោះហើរត្រង់នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៩នេះ»

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយឯកឧត្តមស៊ួឌីរាសម៉ាន់ ហាសសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រស...

2019-02-07 16:12:33   ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 11:12 PM
«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

ថ្ងៃពុធ ២កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បា...

2019-02-07 05:11:56   ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 12:11 PM

សេចក្តីប្រកាស