Royal Academy of Cambodia
ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយងាយឡើយប្រសិនបើគ្មានការចរចា។
លោកបណ្ឌិត យង់ ពៅ បានយល់ស្របទៅនឹងប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមេដឹកនាំអ៊ុយក្រែនត្រូវចាប់ផ្ដើមចរចាក្នុងស្ថានភាពវាយផងចរចាផង ជាជាងរង់ចាំឱ្យអ៊ុយក្រែនមានប្រៀបលើសមរភូមិយោធាជាមុនសិន ទើបស្វែងរកការចរចា។ សម្រាប់លោកបណ្ឌិត ប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ គឺជាទស្សនៈឡូហ្ស៊ិកនយោបាយមួយ ពោលគឺដើម្បីសម្រេចបានតាមគោលដៅដែលចង់បាន ការតស៊ូទាំងផ្លូវសមរភូមិអាវុធ និងសមរភូមិការទូត ក៏ដូចជាការចរចា ត្រូវធ្វើឡើងស្របពេលដំណាលគ្នា។
លោកបណ្ឌិត យង់ ពៅ បានបន្តថា សម្ដេចតេជោបានដឹកនាំស្វែងរកសន្តិភាពសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា នៅក្នុងដំណើរការដូច្នេះដែរ ពោលគឺមិនរង់ចាំឱ្យអ្នកខាងក្រៅអន្តរាគមន៍ ឬជួយឱ្យខ្លួនឯងមានប្រៀបជាមុនទើបចរចានោះទេ ប៉ុន្តែ សម្ដេចតេជោបានចាប់ផ្ដើមការចរចាតាំងពីដំបូងទី ព្រោះសម្ដេចតេជោយល់យ៉ាងជាក់ច្បាស់ថា មានតែការចរចាតែប៉ុណ្ណោះ ដែលអាចឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិ។ លោកបណ្ឌិតបញ្ជាក់បន្ថែមថា បទពិសោធន៍នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា គឺជាលំនាំមួយដែលមេដឹកនាំអ៊ុយក្រែនក៏ដូចជាប្រទេសដែលកំពុងជួបសង្គ្រាមអាចយកជាមេរៀននៅក្នុងជ្រុងផ្សេងៗ ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិខ្លួន ព្រោះប្រសិនបើអ្នកនយោបាយនៃជាតិសាសន៍មួយ មិនយល់ឃើញអំពីដំណើរការស្វែងរកសន្តិភាព ហើយរង់ចាំតែការអន្តរាគមន៍ឬជួយពីសំណាក់ភាគីខាងក្រៅ គេពិតជាពិបាកនឹងសម្រេចបានសន្តិភាពសម្រាប់ជាតិសាសន៍ខ្លួនណាស់។
បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងទំនាក់ទំនងអន្តរជាតិ គ្មានប្រទេសណាមួយដែលជួយប្រទេសផ្សេងទៀត ដោយមិនគិតគូរអំពីផលប្រយោជន៍ដែលគេទទួលបានណាស់ ពោលគឺ ការអន្តរាគមន៍ ឬផ្ដល់ជំនួយផ្សេងៗដល់ប្រទេសដទៃ តែងតែស្ថិតនៅក្នុងរបៀបវារៈនយោបាយ ដើម្បីបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជានិច្ច។ ការដែលមេដឹកនាំអ៊ុយក្រែនរង់ចាំជំនួយពីសំណាក់អាម៉េរិកឬអឺរ៉ុប ដើម្បីមានប្រៀបនៅក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ីនេះ គឺជាការពឹងផ្អែកទាំងស្រុងទៅលើភាគីខាងក្រោ ដែលគេមិនអាចគិតគូរផលប្រយោជន៍ជាតិរបស់អ៊ុយក្រែន ជាងមេដឹកនាំនិងប្រជាជនអ៊ុយក្រែនខ្លួនឯងផ្ទាល់នោះទេ។ ហេតុនេះហើយ ប្រសិនបើមេដឹកនាំអ៊ុយក្រែន មិនរូតរះស្វែងរកការចរចាហើយបន្តរង់ចាំជំនួយពីសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេស ដើម្បីមានប្រៀបលើសង្គ្រាមជាមួយនឹងរុស្ស៊ី មុននឹងធ្វើការចរចានោះ គឺប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងទេ ដែលត្រូវបន្តរងគ្រោះក្នុងរយៈពេលកាន់តែយូរបន្ថែមទៅទៀត។
លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេមិនអាចយកប្រទេសខ្លួនឯងធ្វើជាដើមទុនចរចា នៅចំពោះមុខភ្លើងសង្គ្រាមដែលកំពុងបន្តឆាបឆេះនោះ ហើយរង់ចាំពិភពលោកខាងក្រៅមកជួយអន្តរាគមន៍ ដើម្បីមានប្រៀបនៅក្នុងការចរចានោះឡើយ។ ប្រសិនបើមេដឹកនាំអ៊ុយក្រែនមាននិន្នាការសម្រេចចិត្តដូច្នេះ នោះសង្គ្រាមនឹងនៅតែបន្តឆាបឆេះ ហើយប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងដែលជាអ្នកទទួលរងគ្រោះធ្ងន់ជាងគេ។ លោកបណ្ឌិតបានបន្តថា នៅពេលដែលប្រទេសជាតិខ្លួនមានសង្គ្រាម មេដឹកនាំប្រទេសនោះគួរតែជាអ្នកចេញមុខស្វែងរកលទ្ធភាពចរចា ដើម្បីឈានឆ្ពោះទៅកាន់ដំណោះស្រាយសម្រាប់ប្រទេសជាតិរបស់ខ្លួន មិនអាចរង់ចាំការអន្តរាគមន៍ពីសំណាក់ភាគីខាងក្រៅ ដែលគេទន្ទឹងរង់ចាំឱកាសទទួលបានផលប្រយោជន៍ផ្ទាល់របស់គេនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា មានតែអ៊ុយក្រែនខ្លួនឯងទេ ជាអ្នកសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ខេត្តព្រះវិហារ៖ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ និស្សិតឆ្នាំទី៣ និងទី៤ ចំនួន១៧៤នាក់ រួមជាមួយនឹងសាស្ត្រាចារ្យ ចំនួន១០នាក់ នៃដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី បានចាប់អារម្មណ៍ទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្...
ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណ...
Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប...
ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទ...
ភ្នំពេញ៖ វត្តមានប្រជាជនចិននៅកម្ពុជា មានចាប់តាំងពីចុងសតវត្សរ៍ទី១៣ រហូតមកដល់បច្ចុប្បន្ន។ អន្ដោប្រវេសន៍ជនជាតិចិនដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជា...