ព័ត៌មាន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម

2025-01-16 04:18:24 ថ្ងៃព្រហស្បតិ៍, 16 មករា 2025 ម៉ោង 11:18 AM
អ្នកមើល 691
post_detail1

          ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយងាយឡើយប្រសិនបើគ្មានការចរចា។

          លោកបណ្ឌិត យង់ ពៅ បានយល់ស្របទៅនឹងប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមេដឹកនាំអ៊ុយក្រែនត្រូវចាប់ផ្ដើមចរចាក្នុងស្ថានភាពវាយផងចរចាផង ជាជាងរង់ចាំឱ្យអ៊ុយក្រែនមានប្រៀបលើសមរភូមិយោធាជាមុនសិន ទើបស្វែងរកការចរចា។ សម្រាប់លោកបណ្ឌិត ប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ គឺជាទស្សនៈឡូហ្ស៊ិកនយោបាយមួយ ពោលគឺដើម្បីសម្រេចបានតាមគោលដៅដែលចង់បាន ការតស៊ូទាំងផ្លូវសមរភូមិអាវុធ និងសមរភូមិការទូត ក៏ដូចជាការចរចា ត្រូវធ្វើឡើងស្របពេលដំណាលគ្នា។

          លោកបណ្ឌិត យង់ ពៅ បានបន្តថា សម្ដេចតេជោបានដឹកនាំស្វែងរកសន្តិភាពសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា នៅក្នុងដំណើរការដូច្នេះដែរ ពោលគឺមិនរង់ចាំឱ្យអ្នកខាងក្រៅអន្តរាគមន៍ ឬជួយឱ្យខ្លួនឯងមានប្រៀបជាមុនទើបចរចានោះទេ ប៉ុន្តែ សម្ដេចតេជោបានចាប់ផ្ដើមការចរចាតាំងពីដំបូងទី ព្រោះសម្ដេចតេជោយល់យ៉ាងជាក់ច្បាស់ថា មានតែការចរចាតែប៉ុណ្ណោះ ដែលអាចឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិ។ លោកបណ្ឌិតបញ្ជាក់បន្ថែមថា បទពិសោធន៍នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា គឺជាលំនាំមួយដែលមេដឹកនាំអ៊ុយក្រែនក៏ដូចជាប្រទេសដែលកំពុងជួបសង្គ្រាមអាចយកជាមេរៀននៅក្នុងជ្រុងផ្សេងៗ ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិខ្លួន ព្រោះប្រសិនបើអ្នកនយោបាយនៃជាតិសាសន៍មួយ មិនយល់ឃើញអំពីដំណើរការស្វែងរកសន្តិភាព ហើយរង់ចាំតែការអន្តរាគមន៍ឬជួយពីសំណាក់ភាគីខាងក្រៅ គេពិតជាពិបាកនឹងសម្រេចបានសន្តិភាពសម្រាប់ជាតិសាសន៍ខ្លួនណាស់។

          បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងទំនាក់ទំនងអន្តរជាតិ គ្មានប្រទេសណាមួយដែលជួយប្រទេសផ្សេងទៀត ដោយមិនគិតគូរអំពីផលប្រយោជន៍ដែលគេទទួលបានណាស់ ពោលគឺ ការអន្តរាគមន៍ ឬផ្ដល់ជំនួយផ្សេងៗដល់ប្រទេសដទៃ តែងតែស្ថិតនៅក្នុងរបៀបវារៈនយោបាយ ដើម្បីបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជានិច្ច។ ការដែលមេដឹកនាំអ៊ុយក្រែនរង់ចាំជំនួយពីសំណាក់អាម៉េរិកឬអឺរ៉ុប ដើម្បីមានប្រៀបនៅក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ីនេះ គឺជាការពឹងផ្អែកទាំងស្រុងទៅលើភាគីខាងក្រោ ដែលគេមិនអាចគិតគូរផលប្រយោជន៍ជាតិរបស់អ៊ុយក្រែន ជាងមេដឹកនាំនិងប្រជាជនអ៊ុយក្រែនខ្លួនឯងផ្ទាល់នោះទេ។ ហេតុនេះហើយ ប្រសិនបើមេដឹកនាំអ៊ុយក្រែន មិនរូតរះស្វែងរកការចរចាហើយបន្តរង់ចាំជំនួយពីសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេស ដើម្បីមានប្រៀបលើសង្គ្រាមជាមួយនឹងរុស្ស៊ី មុននឹងធ្វើការចរចានោះ គឺប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងទេ ដែលត្រូវបន្តរងគ្រោះក្នុងរយៈពេលកាន់តែយូរបន្ថែមទៅទៀត។

          លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេមិនអាចយកប្រទេសខ្លួនឯងធ្វើជាដើមទុនចរចា នៅចំពោះមុខភ្លើងសង្គ្រាមដែលកំពុងបន្តឆាបឆេះនោះ ហើយរង់ចាំពិភពលោកខាងក្រៅមកជួយអន្តរាគមន៍ ដើម្បីមានប្រៀបនៅក្នុងការចរចានោះឡើយ។ ប្រសិនបើមេដឹកនាំអ៊ុយក្រែនមាននិន្នាការសម្រេចចិត្តដូច្នេះ នោះសង្គ្រាមនឹងនៅតែបន្តឆាបឆេះ ហើយប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងដែលជាអ្នកទទួលរងគ្រោះធ្ងន់ជាងគេ។ លោកបណ្ឌិតបានបន្តថា នៅពេលដែលប្រទេសជាតិខ្លួនមានសង្គ្រាម មេដឹកនាំប្រទេសនោះគួរតែជាអ្នកចេញមុខស្វែងរកលទ្ធភាពចរចា ដើម្បីឈានឆ្ពោះទៅកាន់ដំណោះស្រាយសម្រាប់ប្រទេសជាតិរបស់ខ្លួន មិនអាចរង់ចាំការអន្តរាគមន៍ពីសំណាក់ភាគីខាងក្រៅ ដែលគេទន្ទឹងរង់ចាំឱកាសទទួលបានផលប្រយោជន៍ផ្ទាល់របស់គេនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា មានតែអ៊ុយក្រែនខ្លួនឯងទេ ជាអ្នកសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួន​៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»

ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន...

2019-02-12 16:27:57   ថ្ងៃអង្គារ, 12 កុម្ភៈ 2019 ម៉ោង 11:27 PM
សម្ដេចតេជោ៖ កម្ពុជាមិនត្រូវយកឯករាជភាពនិងអធិបតេយ្យទៅដោះដូរនឹងអ្វីមួយឡើយ

ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង ១០ : ៤០ នាទីភ្នំពេញ៖ «កម្ពុជាមិនអាចរំពឹងលើជំនួសបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាពនិងអធិប តេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។» សម្ដេចអ...

2019-02-12 03:47:13   ថ្ងៃអង្គារ, 12 កុម្ភៈ 2019 ម៉ោង 10:47 AM
«កម្ពុជាជាប់លេខ១ ក្នុងនាមជាប្រទេសទីតាំងល្អដែលមានការចំណាយតិចបំផុតសម្រាប់និវត្តជនបរទេស» ដោយ៖ ផាញ់ សារឿន

ភ្នំពេញ៖ នៅក្នុងរយៈពេល៤ឆ្នាំជាប់គ្នាកម្ពុជាបន្តឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីតាំងល្អដែលមានការចំណាយតិចបំផុតសម្រាប់និវត្តជនបរទេស ពោលគឺនៅប្រទេសកម្ពុជាដោយគ្រាន់តែចំណាយប្រាក់១២៥០ដុល្លារក្នុង១ខែ។ នេះបើយោ...

2019-02-12 03:28:21   ថ្ងៃអង្គារ, 12 កុម្ភៈ 2019 ម៉ោង 10:28 AM
សេចក្តីជូនព័ត៌មានស្តីពី​ «ការស្នើសុំមូលនិធិស្រាវជ្រាវ ដែលនឹងផ្តល់ជូនដល់ស្ថាប័នស្រាវជ្រាវនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា...»

បេក្ខជនចាប់អារម្មណ៍ សូមអញ្ជើញមកទំនាក់ទំនងនៅមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ឬ ទាក់ទងតាមលេខ៖ ០១២ ៩៩៦ ០៣៣ ឬ ០៨១ ៤១៤ ៣៥៨។

2019-02-11 06:55:10   ថ្ងៃចន្ទ, 11 កុម្ភៈ 2019 ម៉ោង 01:55 PM
«ផ្លូវក្រវាត់ឧទ្យាន និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងឧទ្យាន នឹងចាប់ផ្តើមកសាងក្នុងពេលឆាប់ៗនេះ Boundary roads for conservation will be built soon...» ដោយ៖ ស្រី សីហា

ក្រុមវិស្វកម្មសម្តេច តេជោ ហ៊ុន សែន បានចុះសិក្សាទិន្នន័យលម្អិត ពិភាក្សាជាមួយក្រុមការងារឧទ្យាន ហើយនឹងបន្តចុះទៅតាមភូមិសាស្ត្រព័ន្ធជុំវិញ ដើម្បីមើលប្រភពទឹកហូរនិងផ្លូវឆ្លងកាត់ ដើម្បីកសាងស្ពាន ឬដាក់លូ និងក...

2019-02-10 09:14:21   ថ្ងៃអាទិត្យ, 10 កុម្ភៈ 2019 ម៉ោង 04:14 PM
សហគមន៍ខ្មែរអ‍៊ិស្លាម(ជ្វា)នៅខេត្តកំពត - ករណីសិក្សា ៖ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយ៖ ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

នៅកម្ពុជា នៅពេលគេលើកឡើងអំពីសាសនិកគោរពប្រតិបត្តិសាសនាអ‍៊ិស្លាម គឺគេតែងគិតសំដៅដល់​ជន​ជាតិ​ចាមដែលមានប្រភពកំណើតនៅប្រទេសចម្ប៉ា ហើយដែលបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងដែន​រដ្ឋ​កម្ពុជា​​​នៅអំឡុងសតវត្សរ៍...

2019-02-08 10:31:23   ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 05:31 PM

សេចក្តីប្រកាស