Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
ទំនាក់ទំនងកម្ពុជានិងចិន ដែលបានតភ្ជាប់នៅក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំមុន និងបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ត្រូវបានត្រួសត្រាយផ្លូវដោយសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងនាយករដ្ឋមន្ដ្រីចិន ឯកឧត្ដម ជូ អេនឡាយ ដែលបានជួបគ្នា និងកសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥ នៅពេលដែលមេដឹកនាំប្រទេសទាំងពីរ បានចូលរួមនៅក្នុងសន្និសីទបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ីមកម្ល៉េះ។ គេអាចចាត់ទុកថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនក្នុងពេលបច្ចុប្បន្ននេះ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសដែលគោរព និងផ្ដល់តម្លៃក្នុងភាពស្មើមុខស្មើមាត់ កិច្ចសហប្រតិបត្តិការនិងការគាំទ្រក៏ដូចជាគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក ការគាំទ្រគោលនយោបាយចិនតែមួយ តួនាទីនិងការចូលរួមចំណែករបស់កម្ពុជានៅក្នុងឆាកតំបន់និងអន្តរជាតិ និងការជំរុញវិស័យសំខាន់ៗផ្សេងទៀតជាបន្តបន្ទាប់ដូចជា ជំនួយអភិវឌ្ឍ ការវិនិយោគ និងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងកម្ពុជា-ចិន បានវិវត្តពីទំនាក់ទំនងជាយុទ្ធសាស្ត្រ ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មកក្លាយជាទំនាក់ទំនងមិត្តភាពដែកថែប ការកសាងសហគមន៍ជោគវាសនារួមគ្នា និងចុងក្រោយនេះបានវិវត្តឈានដល់ដំណាក់កាលកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ
ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងទ្វេភាគីដែលល្អប្រសើរនេះ មិនបានទទួលការសាទរ និងវាយតម្លៃជាវិជ្ជមានពីគ្រប់បណ្ដាប្រទេសទាំងអស់លើពិភពលោក និងមហាអំណាចមួយចំនួន ដែលជាភាគីទីបីមួយចំនួននោះឡើយ។ គេសង្កេតឃើញថា មានការលើកឡើងជាពាក្យពេចន៍និងការវិភាគប្រកបដោយវោហាសាស្ត្រជាច្រើន ដែលមានលក្ខណៈជាការវាយប្រហារ បន្ទុចបង្អាក់ និងដាក់បន្ទុកទៅលើទំនាក់ទំនងទ្វេភាគីនេះ ពីសំណាក់មជ្ឈដ្ឋានខាងក្រៅ និងអ្នកវិភាគនយោបាយមួយចំនួន។ ការព្យាយាមវាយប្រហារលើទំនាក់ទំនងល្អរវាងកម្ពុជានិងចិន កន្លងមករួមមានដូចជា ការបំភិតបំភ័យថាកម្ពុជាអាចនឹងធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលរបស់ចិនដូចប្រទេសមួយចំនួន ករណីចោទប្រកាន់ថាមូលដ្ឋានកងទ័ពជើងទឹកកម្ពុជាត្រូវបានចិនប្រើប្រាស់, ជំហរការបរទេសរបស់កម្ពុជា អាស្រ័យលើចិនដែលជាបងធំ, ចិនលួចយកព័ត៌មានសន្តិសុខផ្ទៃក្នុងនិងសន្តិសុខជាតិកម្ពុជា, ការលើកឡើងថាចិនចង់ប្រើប្រាស់ព្រែកជីកហ្វូណនតេជោ ដើម្បីចល័តកងទ័ពក្នុងតំបន់, គម្រោងព្រែកជីកហ្វូណនតេជោ នៅទ្រឹងដោយសារតែចិនមានបញ្ហានៅក្នុងគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) និងលែងគាំទ្រកម្ពុជាក្នុងគម្រោងនេះ និងសារថ្មីៗនេះគឺការបំផុសបំផុលពាក្យចចាមអារ៉ាមថា ចិនឈប់ផ្ដល់កម្ចីនិងជំនួយដល់កម្ពុជាជាដើម។ សារនយោបាយ និងការវិភាគដែលផ្អែកលើជ្រុងផ្សេងៗគ្នាទាំងនេះ ហាក់បានផ្ដោតលើគោលដៅដូចគ្នាមួយគឺ បន្ទុចបង្អាក់ការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន ដែលត្រូវបានគេមើលឃើញថា បានរីកចម្រើនគួរកត់សម្គាល់ខ្លាំងនៅក្នុងនីតិកាលទី៥ និងទី៦នៃរដ្ឋសភា បន្តមកដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបច្ចុប្បន្ន។ ការវាយប្រហារជាសារនយោបាយនិងការវិភាគទាំងនេះ ហាក់ត្រូវបានធ្វើឡើងក្នុងហេតុផលផ្សេងៗគ្នា។ ហេតុផលទីមួយដែលគេអាចមើលឃើញនៅក្នុងទិដ្ឋភាពទំនាក់ទំនងអន្តរជាតិនោះគឺ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពិភពលោក ដែលបានប្រជែងឥទ្ធិពលគ្នានៅគ្រប់តំបន់ទាំងអស់នៅលើពិភពលោក។ នៅតំបន់អាស៊ី ចាប់តាំងពីអាណត្តិដឹកនាំរបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលបានអនុវត្តនយោបាយការបរទេសងាកមកកាន់អាស៊ី ចិនបានក្លាយជាគោលដៅចម្បងបំផុតរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីការផុងខ្លួនរបស់មហាអំណាចនេះនៅក្នុងតំបន់មជ្ឈិមបូព៌ាអស់រយៈពេលជាច្រើនសតវត្សរ៍។ សម្រាប់សហរដ្ឋអាម៉េរិក គេពិតជាមិនអាចប្រកែកបាននោះទេថា មហាអំណាចពិភពលោកមួយនេះមានការព្រួយបារម្ភដោយចៀសមិនរួច អំពីការរីកចម្រើន និងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់នេះ។ តំបន់អាស៊ីនិងប៉ាស៊ីហ្វិកដែលជាដែនសុវត្ថិភាព និងមានសារៈសំខាន់ជាខ្លាំងចំពោះសន្តិសុខជាតិអាម៉េរិក បានក្លាយជាចំណុចក្ដៅសារជាថ្មី រាប់ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក ដែលកាលនោះ ជប៉ុនធ្លាប់បានវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាម៉េរិកនៅហាវៃ។ ដូច្នេះហើយ អាម៉េរិកពិតជាមិនអាចមើលរំលងបានឡើយនូវការរីកចម្រើនទាំងសេដ្ឋកិច្ច និងយោធា ក៏ដូចជាឥទ្ធិពលរបស់ចិនទៅលើបណ្ដាប្រទេសនានាក្នុងតំបន់នេះ ពិសេសការរីកចម្រើនទំនាក់ទំនងជាលំដាប់រវាងចិន និងកម្ពុជា ដែលជាសមាជិកអង្គការតំបន់ដ៏មានសក្ដានុពលមួយគឺ អាស៊ាន។ សម្រាប់សហរដ្ឋអាម៉េរិក ការឈរជើងយ៉ាងរឹងមាំរបស់ចិននៅក្នុងតំបន់ គឺជាការគំរាមកំហែងដល់ឥទ្ធិពល និងយុទ្ធភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាម៉េរិក។
ចំណុចសំខាន់មួយផ្សេងទៀត ដែលអាចជាហេតុផលដែលនាំឱ្យមានការវាយប្រហារទៅលើទំនាក់ទំនងរវាងកម្ពុជានិងចិននោះគឺ ការប្រជែងឥទ្ធិពលគ្នាលើប្រទេសកម្ពុជា រវាងចិន និងប្រទេសមានឥទ្ធិពលនៅក្នុងតំបន់។ ប្រទេសកម្ពុជា ដែលក្នុងពេលអតីតកាល ត្រូវបានគេមើលឃើញថា ហាក់ត្រូវរងឥទ្ធិពលនយោបាយការបរទេស ស្ថានការណ៍វិវត្តនៃទំនាក់ទំនងអន្តរជាតិ និងឥទ្ធិពលពាណិជ្ជកម្មពីបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ បានសម្រេចបាននូវវឌ្ឍនភាពថ្មីបន្ថែមទៀត ទាំងនៅក្នុងវិស័យការបរទេស សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កម្ពុជាទទួលបាននូវការទទួលស្គាល់មុខមាត់ថ្មី នៅក្នុងតួនាទីលើឆាកតំបន់និងអន្តរជាតិ ដូចជា ការចូលរួមចំណែកស្វែងរកដំណោះស្រាយកលើបញ្ហាក្នុងតំបន់ ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាសន្តិសុខនិងសន្តិភាពសាកលផងដែរ។ តាមរយៈគោលនយោបាយការបរទេសបើកចំហររបស់ខ្លួន ប្រទេសកម្ពុជាកសាងបាននូវភាពជាដៃគូជាមួយនឹងបណ្ដាប្រទេសជាមិត្តថ្មីៗជាច្រើន ដែលក្នុងនោះរាប់ទាំងចិនផង ជាហេតុធ្វើឱ្យកម្ពុជាបានបើកច្រកការទូតរបស់ខ្លួនកាន់តែទូលាយបន្ថែមទៀត ព្រមទាំងទទួលបានជំនួយ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាច្រើនផ្សេងៗទៀត។ ត្រង់ចំណុចនេះ គឺជាវឌ្ឍនភាពថ្មីដែលគួរឱ្យសាទរសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា ប៉ុន្តែសម្រាប់ប្រទេសដែលធ្លាប់មានឥទ្ធិពលលើកម្ពុជា គឺជារឿងផ្សេងទៅវិញ ព្រោះបើទោះបីជាការរីកចម្រើនរបស់កម្ពុជា មិនមានគោលដៅបង្កការគំរាមកំហែង ឬរុញច្រានឱ្យមានការប្រែប្រួលដល់បញ្ហាសន្តិសុខប្រទេសណាមួយក្នុងតំបន់ក្ដី ក៏ប៉ុន្តែវាពិតជាអាចនឹងបង្កឱ្យមានការការប្រែប្រួលក្នុងកម្រិតណាមួយទៅលើយុទ្ធសាស្ត្ររបស់ប្រទេសធំក្នុងតំបន់ ដែលជាហេតុនាំឱ្យមានការប្រតិកម្មនៅក្នុងទិដ្ឋភាពផ្សេងៗជាបន្តបន្ទាប់។ ប្រតិកម្មទាំងនោះ ក៏មានបង្កប់ផងដែរ នូវចេតនាការរារាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា ព្រោះនៅពេលដែលកម្ពុជាមានការរីកចម្រើនជាលំដាប់ឈានឆ្ពោះទៅមុខ ប្រទេសទាំងនោះក៏ពិតជាព្រួយបារម្ភចំពោះឥទ្ធិលរបស់ខ្លួននៅក្នុងការសម្រេចចិត្តនានានៅក្នុងតំបន់ និងការប្រែប្រួលនៃស្ថានភាពយុទ្ធសាស្ត្រនៅក្នុងតំបន់ ក៏ដូចជាទៅលើបញ្ហាពាក់ព័ន្ធនឹងកម្ពុជាផងដែរ។
ក្រៅពីហេតុផលឥទ្ធិពលនយោបាយ និងយុទ្ធសាស្ត្រនៅក្នុងតំបន់ ហេតុផលចម្បងមួយផ្សេងទៀតសម្រាប់ប្រទេសទាំងនោះគឺ ការប្រជែងផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយនឹងចិននៅក្នុងប្រទេសកម្ពុជា ពោលគឺប្រទេសទាំងនោះត្រូវប្រឈមនូវការបាត់បង់ប្រភពនាំចូលវត្ថុធាតុដើមមានតម្លៃទាប (ដូចជាស្រូវ ពោត ដំឡូង និងកសិផលផ្សេងៗ) តាមរយៈការវិនិយោគរបស់ចិននៅកម្ពុជា ដែលជាហេតុធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងប្រទេសទាំងនោះប្រែប្រួល។ បន្ថែមពីនេះ ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន ក៏បានបង្កផលប៉ះពាល់ប៉ះពាល់ដល់ការនាំចូលទំនិញខ្លួនចូលមកកម្ពុជា តាមរយៈការហូរចូលនៃទំនិញចិន ព្រមទាំងគំរាមកំហែងចំពោះកំណើនវិនិយោគនៅក្នុងប្រទេសខ្លួនផងដែរ តាមរយៈការរបូតនូវឱកាសវិនិយោគពីប្រទេសចិន ឬបណ្ដាប្រទេសនានាចេញពីប្រទេសខ្លួនចូលមកក្នុងប្រទេសកម្ពុជាជាដើម។
ចំណែកឯហេតុផលមួយផ្សេងទៀត ដែលនាំឱ្យមានការរិះគន់ ឬវាយប្រហារលើទំនាក់ទំនងកម្ពុជា-ចិន ផងដែរនោះគឺ ភាពខុសប្លែកគ្នានៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងរបបនយោបាយនៃប្រទេសទាំងពីរ ដោយកម្ពុជាប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ចំណែកចិន គឺជាប្រទេសសង្គមនិយម ដឹកនាំដោយបក្សតែមួយ។ នៅត្រង់ចំណុចនេះ មានការរិះគន់ថា ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន អាចជះឥទ្ធិពលដល់ការដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងរុញច្រានឱ្យមាននិន្នាការប្រមូលផ្ដុំអំណាចជាដើម។ ទោះជាមានការលើកឡើងយ៉ាងនេះក្ដី ប៉ុន្ែប្រសិនបើគេពិនិត្យទៅលើស្ថានភាពទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ន ពិភពលោក លែងជាទីលានប្រកួតប្រជែងមនោគមវិជ្ជាដូចសម័យសង្គ្រាមត្រជាក់ទៀតហើយ ហើយការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិនីមួយៗ ក៏មិនមានការរើសអើងឬបែងចែកមនោគមវិជ្ជានយោបាយនោះដែរ។ ម្យ៉ាងវិញទៀត បណ្ដាប្រទេសប្រជាធិបតេយ្យនានាលើពិភពលោក ពិសេសសហរដ្ឋអាម៉េរិកផ្ទាល់ សុទ្ធសឹងតែមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសចិន ហើយសហរដ្ឋអាម៉េរិកផ្ទាល់ ក៏មានទំនាក់ទំនងល្អជាមួយនឹងវៀតណាមដែលជាប្រទេសសង្គមនិយម និងជាអតីតគូសត្រូវក្នុងសង្គ្រាមឥណ្ឌូចិននាសម័យសង្គ្រាមត្រជាក់ផងដែរ។ ហេតុនេះហើយ ការវាយតម្លៃថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន អាចជះឥទ្ធិពលដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់មិនសមហេតុផលនោះឡើយ ហើយនៅក្នុងទំនាក់ទំនងទ្វេភាគីនេះ ចិនក៏ពុំធ្លាប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬកំណត់តម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តដូចនេះ ឬដូចនោះ ដើម្បីទទួលបានជំនួយ កម្ចី ឬការវិនិយោគពីចិននោះដែរ។
ទោះជាយ៉ាងណា សារនយោបាយ ការវិភាគ/វាយតម្លៃ និងភាសាបន្ទុចបង្អាក់ពីសំណាក់ភាគីទីបី គ្រាន់តែជាវោហាសាស្ត្ររបស់មជ្ឈដ្ឋានខាងក្រៅតែប៉ុណ្ណោះ តែភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីនេះ គឺអាស្រ័យដោយផ្ទាល់លើប្រទេសជាមិត្តទាំងពីរ ហើយដើម្បីឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំឆ្ពោះទៅមុខបន្ថែម ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន គប្បីជំរុញទំនាក់ទំនងបន្ថែមពីលើការគាំទ្រខាងនយោបាយ ការផ្ដល់ជំនួយ ក៏ដូចជាការវិនិយោគ ដោយផ្ដោតទៅលើការជំរុញកាត់បន្ថយភាពលម្អៀងនៃជញ្ជីងពាណិជ្ជកម្ម ព្រមទាំងការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍនិងអភិបាលកិច្ចល្អ។ ជាមួយគ្នានេះ ក្នុងនាមជារដ្ឋឯករាជ្យនិងអធិបតេយ្យ កម្ពុជាពិតជាមានសិទ្ធិនៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ធ្វើយ៉ាងណាបំពេញឱ្យបាននូវតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន។ បន្ថែមពីលើនេះ នៅក្នុងទំនាក់ទំនងជាមួយមហាអំណាច កម្ពុជាត្រូវតែមានភាពម្ចាស់ការ និងជំហរនយោបាយការបរទេសឯករាជ្យ ដោយសម្រេចឱ្យបាននូវតុល្យភាពនៃទំនាក់ទំនងជាមួយគ្រប់មហាអំណាច ពោលគឺត្រូវរក្សាឱ្យបាននូវនយោបាយអព្យាក្រឹត្យប្រាកដនិយម និងមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ដើម្បីរក្សាឧត្ដមប្រយោជន៍ជាតិ ចៀសវាងបាននូវការធ្លាក់ចូលទៅក្នុងរណ្ដៅនៃការប្រកួតប្រជែងរវាងមហាអំណាច ដូចដែលកម្ពុជាធ្លាប់បានជួបប្រទះក្នុងទសវត្សរ៍ទី៦០ និងទសវត្សរ៍ទី៧០កន្លងទៅ និងដែលបណ្ដាប្រទេសមួយចំនួនកំពុងតែងរងគ្រោះដោយសារតែការប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចនៅក្នុងពេលបច្ចុប្បន្ន៕
នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៤ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងអគ្គលេខាធិការដ្ឋាន នៃរាជ...
Dr. Seun Sam The increasing trade rivalry between the United States and China has effects on nations in the Asia Pacific area like Cambodia. This becomes more critical with the possibility of Donald...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល មានការរៀបចំនូវ កម្មវិធីប្រកួតចម្រៀងចិន «ពាន់រង្វាន់...
Dr. Kin Phea, Director General of the International Relations Institute of Cambodia (IRIC) at the Royal Academy of Cambodia, emphasized that building a community with a shared future is both a moral a...
The Lancang-Mekong River spans over 4 000 kilometers across China and five Asian countries – it's not a river but also a crucial lifeline and economic hub that signifies a shared destiny among n...