ព័ត៌មាន

ក្នុងឋានៈជារដ្ឋអធិបតេយ្យ កម្ពុជាត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួនតែមួយគត់

2024-10-24 02:17:29 ថ្ងៃព្រហស្បតិ៍, 24 តុលា 2024 ម៉ោង 09:17 AM
អ្នកមើល 12327
post_detail1

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣រួចមកហើយ និងដែលរាជរដ្ឋាភិបាលបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់កំពូលរបស់ជាតិមួយនេះ បើទោះបីជាកន្លងមក មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដោយយោងទៅលើតម្រូវនៃការវិវត្តស្ថានភាពសង្គម និងនយោបាយនៃប្រទេសកម្ពុជាក្ដី ក៏ច្បាប់កំពូលដែលត្រូវបានធ្វើវិសោធនកម្មនេះ នៅតែអនុលោមតាមស្មារតីដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

នៅក្នុងឆ្នាំ២០២៤នេះ នាឱកាសខួប ៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានភាគីតំណាងទូតមួយចំនួន បានចេញសេចក្ដីប្រកាសអបអរខួបនៃកិច្ចព្រមព្រៀងនេះ និងក៏បានថ្លែងជំរុញឱ្យកម្ពុជា ដកនូវអ្វីដែលភាគីទូតទាំងនោះចាត់ទុកថាជាឧបសគ្គនៅក្នុងការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ជាមួយគ្នានេះការប្រកាសស្ថានទូតអឺរ៉ុបប្រចាំកម្ពុជានេះ គឺជាជ្រុងមួយនៃការយល់ឃើញពីអ្នកការទូតអឺរ៉ុប ដែលយោងទៅតាមការមើលឃើញផ្អែកតាមទស្សនៈនយោបាយអឺរ៉ុប ពាក់ព័ន្ធទៅការគោរពនិងអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលមិនបានឆ្លុះបញ្ចាំងអំពីការពិតជាក់ស្ដែងនៅកម្ពុជាទាំងស្រុងនោះទេ។ នៅក្នុងតថភាពជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិ និងសេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលជាស្មារតីដើមនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏គួរតែថ្លែងអំណរគុណដល់បណ្ដាប្រទេសអឺរ៉ុបដែលជាមិត្ត ដែលតែងតែងបង្ហាញពីកង្វល់ និងការជ្រោមជ្រែងដល់កម្ពុជាចាប់តាំងពីដំណើរការស្វែងរកសន្តិភាព ការការពារសន្តិភាព និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាជាដើម ដោយសហភាពអឺរ៉ុបតែងតែចូលរួមជាមួយកម្ពុជា ហើយមកទល់នឹងពេលនេះ សហភាពអឺរ៉ុបក៏នៅតែចំណែកទីផ្សារដ៏សំខាន់របស់កម្ពុជាផងដែរ។

នៅក្នុងទិដ្ឋភាពមួយទៀត គឺអឺរ៉ុបកំពុងព្យាយាមជួយឈឺឆ្អាល ជ្រោមជ្រែងកម្ពុជា ទៅតាមទស្សនៈយល់ឃើញរបស់ខ្លួន ខណៈដែលកន្លងទៅនេះ សហភាពអឺរ៉ុប បានកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ២០% ពីកម្ពុជា។ ហេតុនេះហើយ សហភាពអឺរ៉ុប នៅតែបន្តបង្ហាញអំពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់អំណាចការទូតស្រទន់បែបអឺរ៉ុប។

ទោះជាយ៉ាងណា កម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ មានអធិបតេយ្យពេញលេញ នៅក្នុងការសម្រេចចិត្តជ្រើសរើសមាគ៌ាអភិវឌ្ឍប្រទេសដោយផ្អែកលើគោលការណ៍ និងទស្សនៈអភិវឌ្ឍផ្ទាល់ខ្លួន ស្របទៅនឹងស្ថានភាពសង្គមនិងនយោបាយរបស់កម្ពុជាផ្ទាល់ ដោយពុំមានភាពចាំបាច់នៅក្នុងការឆ្លើយតប ឬប្រតិកម្មនឹងការលើកឡើងនេះឡើយ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តការគិតគូរទៅលើការបើកទូលាយនូវសិទ្ធិសេរីភាព សិទ្ធិនយោបាយ និងប្រជាធិបតេយ្យនៅក្នុងប្រទេស ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ដែលមានជាធរមាន ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុចរិតភាពរបស់អ្នកនយោបាយ ព្រមទាំងថែរក្សាបាននូវសន្តិភាពដែលកម្ពុជាទទួលបានក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ជាមួយគ្នានេះដែរ រហូតមកបច្ចុប្បន្ន ប្រទេសទាំងអស់ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពុំមានកាតព្វកិច្ចចាប់បង្ខំ ឬចង្អុលបង្ហាញឱ្យកម្ពុជាអនុវត្តទៅលើកិច្ចព្រមព្រៀងនេះតាមទម្រង់បែបនេះ ឬបែបនោះបាននោះឡើយ។ ពិតប្រាកដណាស់ នៅក្នុងទស្សនទាននយោបាយ រដ្ឋមួយមិនអាចមានរដ្ឋធម្មនុញ្ញពីរនោះទេ ហើយស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដោយគ្រប់ភាគីនយោបាយខ្មែរទាំងអស់ដែលបានចូលរួមការបោះឆ្នោតនីតិកាលទី១ និងបានក្លាយទៅជាសមាជិកសភាធម្មនុញ្ញនាពេលនោះ សុទ្ធតែបានចូលរួមតាក់តែងរដ្ឋធម្មនុញ្ញនេះ។

ដូច្នេះ ក្នុងនាមកម្ពុជាជាឯករាជ្យមួយ ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល រាជរដ្ឋាភិបាលកម្ពុជាមានអធិបតេយ្យគ្រប់គ្រាន់នៅក្នុងការដឹកនាំប្រទេសរបស់ខ្លួនដោយស្វ័យភាព។ ចំណែកប្រទេសជាដៃគូ ដែលមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងឋានៈជាប្រទេសស្មើមុខស្មើមាត់ មិនមានសិទ្ធិ ឬកាតព្វកិច្ចចាប់បង្ខំរដ្ឋអធិបតេយ្យផ្សេងទៀតឱ្យអនុវត្តទៅតាមទស្សនៈយល់ឃើញរបស់ខ្លួនដូចនៅក្នុងសម័យកាលសង្គ្រាមត្រជាក់នោះទេ។ ចេតនាទាំងឡាយដែលចង់បង្ហាញឱ្យប្រទេសមួយអនុវត្តទៅតាមការចង់បានរបស់ខ្លួន គឺស្មើនឹងការចាត់ទុកប្រទេសមួយទៀតគឺជារដ្ឋរណប រដ្ឋចំណុះ ឬរដ្ឋសម្ព័ន្ធរបស់ខ្លួន ដូចស្ថានភាពនៃការប្រកួតប្រជែងនៃប្លុកទាំងពីរក្នុងសម័យសង្គ្រាមត្រជាក់ដូច្នោះដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ កម្ពុជាពិតជាត្រូវការប្រើប្រាស់យន្តការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីបញ្ចប់មហិច្ឆតារំលោភអធិបតេយ្យភាពពីអ្នកនយោបាយជ្រុលនិយម និងយោធានិយមរបស់ថៃ

ពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេសថៃ ជាបន្តបន្ទាប់តាំងពីអតីតកាល​រហូតមកដល់ពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា មិនខុសពីសៀមនោះទេ ពិសេសអ្នកនយោបាយជាតិនិយមនិងយោធានិយមថៃ នៅតែបន្តចេតនាទុច្ចរឹតរប...

2025-06-02 09:13:20   ថ្ងៃចន្ទ, 02 មិថុនា 2025 ម៉ោង 04:13 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបន្តពង្រឹងសមត្ថភាពជាតិ និងអភិវឌ្ឍសមត្ថភាពយោធាដើម្បីការពារអធិបតេយ្យភាពជាតិកម្ពុជា

រូបថតបណ្ឌិត យង់ ពៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨ នៅផ្សារជើងប្រាសាទព្រះវិហារ ដែលក្រោយមកត្រូវទាហាថៃបាញ់ដុតកម្ទេច ហេតុការណ៍ឈ្លានពាន និងបាញ់ប្រហារពីសំណាក់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្...

2025-05-30 10:10:01   ថ្ងៃសុក្រ, 30 ឧសភា 2025 ម៉ោង 05:10 PM
បណ្ឌិត យង់ ពៅ៖ ផ្អែកលើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រ តំបន់មុំ៣នៃព្រំដែនកម្ពុជា-ថៃ មិនមានតំបន់សទេ ហើយមជ្ឈដ្ឋាននយោបាយថៃមិនគួរបន្តយកបញ្ហាព្រំដែន បង្កើតជារបៀបវារៈនយោបាយឡើយ

នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធ​គ្នានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកល...

2025-05-28 11:04:44   ថ្ងៃពុធ, 28 ឧសភា 2025 ម៉ោង 06:04 PM
ករណីចាប់ជនល្មើសមិនបាន ត្រូវតែទទួលវិន័យទើបត្រឹមត្រូវ មិនគួរនិយាយពីការផ្ដល់រង្វាន់ដល់សមត្ថកិច្ចចាប់ចោរបាននោះទេ

​ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះក...

2025-05-23 09:42:29   ថ្ងៃសុក្រ, 23 ឧសភា 2025 ម៉ោង 04:42 PM
Preserving the Old Airport for Public Benefit Is Worth Celebrating both in terms of Historical Value and Concluding its Future Connection to Political Matter

  In response to a journalist's question about Samdech BovorThibadei Prime Minister's announcement regarding the preservation of the Pochentong International Airport as state...

2025-05-21 05:22:46   ថ្ងៃពុធ, 21 ឧសភា 2025 ម៉ោង 12:22 PM
តើកម្ពុជាគួរនាំចូលម្ហូបអាហារពីប្រទេសជិតខាងដែរឬទេ?

ដោយ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​កម្ពុជា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែល​សម្បូរធនធានធម្មជាតិនិងសក្តានុពលកសិកម្ម កំពុងប្រឈមនឹងការសម្រេចចិត្តដ៏ស្មុគស្មាញមួយ ពោលគឺ ថាតើ កម្ព...

2025-05-20 08:27:23   ថ្ងៃអង្គារ, 20 ឧសភា 2025 ម៉ោង 03:27 PM

សេចក្តីប្រកាស