ព័ត៌មាន

អារម្មណ៍ពុះកញ្ជ្រោលរឿងទឹកដី មិនអាចរំងាប់ទាំងស្រុងដោយជំនឿសាសនាបានទេ

2024-08-26 10:40:31 ថ្ងៃចន្ទ, 26 សីហា 2024 ម៉ោង 05:40 PM
អ្នកមើល 4601
post_detail1

ដោយ៖ បណ្ឌិត គិន ភា

តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) នៅតែក្តៅគគុកថ្វីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានពន្យល់យ៉ាងក្បោះក្បាយនិងគ្រប់ជ្រុងជ្រោយជាច្រើនលើកច្រើនសា ហើយរាជបណ្ឌិត្យសភាកម្ពុជាបានបកស្រាយដោយផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រតាមរយៈកិច្ចពិភាក្សាតុមូលរបស់ខ្លួនកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ កន្លងមកក្តី។

បន្ថែមលើនេះ មួយរយៈចុងក្រោយនេះ ព្រះសង្ឃមួយអង្គព្រះនាមព្រះធម្មវនវាសី ចន្ទ មុនី ដែលមានប្រជាពុទ្ធបរិស័ទនិងអ្នករាជការថ្នាក់មូលដ្ឋាននិងថ្នាក់កំពូលមួយចំនួនជឿងប់លើព្រះអង្គច្រើនគួរសម បានដឹកនាំមនុស្សម្នាជាច្រើនទៅពិនិត្យតាមបណ្ដោយព្រំដែនខេត្តទាំងបួនដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

សំណួរសួរថា តើសកម្មភាពរបស់ព្រះធម្មវនវាសី ចន្ទ មុនី ចុះពិនិត្យព្រំដែនឆ្លុះបញ្ចាំងយ៉ាងដូចម្តេច? តើវត្តមានរបស់ព្រះសង្ឃព្រះនាមព្រះធម្មវនវាសី ចន្ទ មុនី ទៅទីនោះ អាចជួយរំងាប់អារម្មណ៍ របស់អ្នកដែលមិនគាំទ្រ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានដែរទេ?

ជាការណ៍ពិត វត្តមានរបស់ព្រះអង្គព្រះធម្មវនវាសី ចន្ទ មុនី ទៅតំបន់ CLV-DTA ពិតជាមានអ្នកហែរហមអមដំណើរច្រើនមែន មានទាំងមន្ត្រី មានទាំងរាស្ត្រ។ ការណ៍នេះជាការរំលេចឱ្យឃើញថា ជំនឿតាមបែបព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា នៅតែបន្តមានឥទ្ធិពលនៅក្នុងសង្គមខ្មែរ។ ហេតុនេះ អ្នកនយោបាយអាចប្រើប្រាស់ប្រព័ន្ធជំនឿបែបនេះក្នុងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនផងដែរ ព្រោះអ្នកនយោបាយអាចធ្វើនយោបាយនីយកម្មលើគ្រប់វិស័យឱ្យតែអាចទាញផលប្រយោជន៍នយោបាយបាន។ កន្លងមក នយោបាយនីយកម្មត្រូវបានប្រើប្រាស់ក្នុងវិស័យវប្បធម៌ សិល្បៈ ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ កីឡា រហូតដល់វិស័យវិទ្យាសាស្ត្រទៅទៀត។

ក្នុងវិស័យវិទ្យាសាស្ត្រ បើរាជរដ្ឋាភិបាលអាចលើកទឹកចិត្តឱ្យអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញអ្វីដែលថ្មី ហើយអាចផលិតបាននូវផលិតផលវិទ្យាសាស្ត្រទំនើប នោះវានឹងក្លាយជាប្រភពនៃមោទនភាពជាតិ និងជាទុននយោបាយដ៏សំខាន់ជាងបំពោកជំនឿសាសនាទៅទៀត។

មែនទែនទៅ ការជឿទៅលើជំនឿសាសនា ឬប្រតិបត្តិទៅលើប្រព័ន្ធជំនឿណាមួយពុំមែនជាការខុសឆ្គងនោះឡើយ ព្រោះសេរីភាពនៅក្នុងជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ គេត្រូវជឿដោយបញ្ញា មិនមែនជឿទាំងងងឹតងងល់នោះទេ។

ពាក់ព័ន្ធនឹងវត្តមានរបស់ព្រះអង្គព្រះធម្មវនវាសី ចន្ទ មុនី ទៅតំបន់ CLV-DTA អាចហុចផលពីរយ៉ាងផ្ទុយពីគ្នាគឺ ការរំងាប់អារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភអំពីការបាត់បង់ទឹកដីពីសំណាក់អ្នកដែលមានជំនឿងប់លើព្រះអង្គ ប៉ុន្តែសម្រាប់អ្នកមិនជឿលើព្រះអង្គ គេចាត់ទុកជារឿងអស់សំណើច។ គេត្រូវដឹងថា បញ្ហាព្រំដែន អធិបតេយ្យភាព និងបូរណភាពទឹកដី មានទម្ងន់ធ្ងន់ជាងអំបិយជំនឿ។ ត្រូវចងចាំថា ប្រជាជនខ្មែរបានស្ពាយជាប់ខ្លួនរាប់សតវត្សរ៍នូវស្លាកស្នាមអតីតកាលនៃប្រវត្តិសាស្ត្រដែលបាត់បង់ទឹកដីទៅប្រទេសជិតខាង។

ដូច្នេះ ជំនឿសាសនាមិនអាចរំងាប់អារម្មណ៍ខ្វល់ខ្វាយរឿង CLV-DTA បានទាំងស្រុងទេ ដ្បិតរឿងព្រំដែន គឺជារឿងទឹកដី អធិបតេយ្យភាព និងឯករាជ្យជាតិ ដែលទាមទារភាពច្បាស់លាស់លើទិដ្ឋភាពផ្លូវច្បាប់ និងតម្រូវឱ្យមានការបកស្រាយពន្យល់តាមលក្ខណៈវិទ្យាសាស្ត្រជាក់លាក់។

នៅពេលដែលសង្គមមួយ មានមនុស្សភាគច្រើនជឿលើមន្តអាគម ជាងជាងវិទ្យាសាស្ត្រ, ជឿលើការបន់ស្រន់ ជាជាងសមត្ថភាព, ជឿលើប្រជាភិថុតិ ជាជាងហេតុផល, ជឿលើពាក្យចចាមអារ៉ាម ជាជាងការពន្យល់តាមបែបវិទ្យាសាស្ត្រនិងផ្លូវច្បាប់, ជឿលើវោហាសាសព្ទនយោបាយ ជាជាងសកម្មភាពនិងសមិទ្ធផលជាក់ស្តែង, ជឿលើការញុះញង់របស់បរទេស ជាជាងជាតិខ្លួនឯង, ជឿលើសីលធម៌ក្លែងក្លាយ ជាជាងសច្ចធម៌, ជឿលើសង្គ្រាមស្រមោល ជាជាងសន្តិភាពជាក់ស្តែង, ជឿលើអ្នករត់ចោលស្រុក ជាជាងអ្នកនៅជាមួយគ្នា, ជឿលើមាត់របស់អ្នកនៅឆ្ងាយរាប់ពាន់យោជន៍ ជាជាងភ្នែកខ្លួនឯង, ជឿលើជាតិសាសន៍ដទៃ ជាជាងជាតិសាសន៍ខ្លួនឯង, សង្គមបែបនេះដាច់ខាតមិនអាចស្គាល់ភាពរីកចម្រើនពិតប្រាកដនិងយូរអង្វែងបានទេ។

ដូច្នេះ សង្គមយើងមិនត្រូវលើកទឹកចិត្តឱ្យមនុស្សលង់លក់វង្វេងវង្វាន់ក្នុងជំនឿអរូបីមិនសមហេតុផលនោះទេ។ បច្ចុប្បន្ននេះ វិទ្យាសាស្ត្ររីកចម្រើន កប់ពពកគេបានរុករកឃើញភពជាច្រើនដែលនៅជុំវិញផែនដីហើយ គេបង្កើតមនុស្សយន្ត (Robot) បញ្ញាសិប្បនិម្មិត (AI) និងសម្ភារៈទំនើបៗផ្សេងទៀត ដែលបានកសាងសង្គមមនុស្សជាតិមួយប្រកបដោយភាពស៊ីវិលនិងវឌ្ឍនភាពឥតឈប់ឈរ។ ប្រទេសដែលមានការរីកចម្រើននិងមានវិទ្យាសាស្ត្រជឿនលឿន ប្រជាជននៃប្រទេសទាំងនោះ ពុំបានផ្អែកទៅលើការបន់ស្រន់ ឬសុំពរពីព្រះជាម្ចាស់ ឬក៏វត្ថុស័ក្តិសិទ្ធិណាដើម្បីភាពមានបាន សេចក្តីសុខចម្រើន និងដើម្បីជួយឱ្យប្រទេសជាតិរបស់ខ្លួនក្លាយទៅជាមហាអំណាចនោះឡើយ។

ងាកមករឿងការពារខ្សែបន្ទាត់ព្រំដែនយើងវិញ ដើម្បីឱ្យខ្សែបន្ទាត់ព្រំដែនយើងរឹងមាំ និងគង់វង្សយូរអង្វែងនោះ គេត្រូវតែកំណត់យកយន្តការច្បាប់ជាចម្បង ដូចជាការបោះបង្គោលព្រំដែនជាមួយនឹងបណ្ដាប្រទេសជាប់ខាងរបស់កម្ពុជា ដែលត្រូវមានការទទួលស្គាល់ទៅវិញទៅមកដោយប្រទេសទាំងសងខាង និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតិ ហ៊ុន ម៉ាណែត បានអះអាងថា ប្រជាពលរដ្ឋគឺជារបងការពារព្រំដែនយ៉ាងរឹងមាំ និងយូរអង្វែង។

ជាមួយគ្នានេះ ការប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន គឺជាការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលពោរពេញទៅដោយស្មារតីជាតិនិយម ស្នេហាប្រទេស និងទឹកដីរបស់ខ្លួន អាចចូលរួមចំណែកទៅតាមលទ្ធភាពធនធានដែលមាន និងស្មារតីជាតិនិយមដែលខ្លួនបានប្រកាន់ខ្ជាប់ដោយមោះមុត។ លើសពីនេះទៅទៀត ការលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទូទៅ ពិសេសការផ្ដល់ដីទៅដល់ពលរដ្ឋដែលខ្វះខាតដីធ្លីសម្រាប់ការរស់នៅ ឱ្យទៅរស់នៅតាមតំបន់ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយទៀត ដើម្បីរួមចំណែកប្រែក្លាយតំបន់ព្រំដែនទៅជាទីប្រជុំជន ជាទីកន្លែងដែលមានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីផ្សារ និងមធ្យោបាយផ្សេងៗទៀត។

នៅពេលដែលមានភូមិករប្រជាជន មានចរន្តសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើដំណើរបានងាយស្រួល នោះគឺជាការសម្រេចបាននូវរបងព្រំដែនដែលមានភាពរឹងមាំនិងគង់វង្សយូរអង្វែង ហើយតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ក៏នឹងលែងក្លាយទៅជារឿងនិទានឬអាថ៌កំបាំង ដែលអ្នកនយោបាយប្រឆាំងអាចទាញធ្វើជាលេសដើម្បីវាយប្រហារ ចោទប្រកាន់ និងបំភ្លៃការពិតទៀតហើយ។

បញ្ហាព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង ក៏នឹងលែងក្លាយទៅជារបៀបវារៈនយោបាយ ដែលគេប្រើប្រាស់ដើម្បីដុតរោលបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដើម្បីតែមហិច្ឆតាអំណាចឬផលប្រយោជន៍នយោបាយរបស់គេតទៅទៀត ក៏ព្រោះតែនៅពេលដែលមានការមន្ទិលសង្ស័យ ឬចម្ងល់ចំពោះតំបន់ព្រំដែនណាមួយ ប្រជាពលរដ្ឋខ្មែរទាំងអស់ សុទ្ធតែអាចធ្វើដំណើរទៅពិនិត្យនិងស្វែងយល់បានដោយខ្លួនឯងបាន ជាជាងជឿទៅតាមការញុះញង់និងការបំផុសបំផុលប្រាសចាកការណ៍ពិតជាក់ស្ដែង ពីសំណាក់អ្នកនយោបាយទ្រុស្តជាតិនិងបរទេសអមិត្ត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ករណីដែនសមុទ្រត្រួតស៊ីគ្នា៖ កម្ពុជា-ថៃ ត្រូវបន្តដោះស្រាយ ដោយសន្តិវិធី

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។...

2024-11-23 13:48:04   ថ្ងៃសៅរ៍, 23 វិច្ឆិកា 2024 ម៉ោង 08:48 PM
បញ្ហាគ្រឿងស្រវឹង៖ ដល់ពេលដែលកម្ពុជាត្រូវគិតគូរផលប្រយោជន៍ទាំងនៅក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋហើយ

បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវច...

2024-11-22 08:55:12   ថ្ងៃសុក្រ, 22 វិច្ឆិកា 2024 ម៉ោង 03:55 PM
ទំនាក់ទំនងកម្ពុជា-វៀតណាម៖ ទំនាក់ទំនងដែលផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដែលគប្បីត្រូវយកចិត្តទុកដាក់បន្ត

ចុះផ្សាយ៖ ២៩ ឧសភា ២០២៤  - ចុះផ្សាយឡើងវិញ ២២ វិច្ឆិកា ២០២៤   ដោយ៖ លឹម សុវណ្ណរិទ្ធ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏​ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខ...

2024-11-22 02:42:28   ថ្ងៃសុក្រ, 22 វិច្ឆិកា 2024 ម៉ោង 09:42 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៦៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នា...

2024-11-21 04:16:07   ថ្ងៃព្រហស្បតិ៍, 21 វិច្ឆិកា 2024 ម៉ោង 11:16 AM
ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសថ្មីបង្ហាញពីភាពដឹកនាំប្រកបដោយថាមភាព ភាពបត់បែន និងឆ្លើយតបលឿនរហ័សទៅនឹងរបត់ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសណ្ដាប់ធ្នាប់ពិភពលោកថ្មី

ដោយ៖ បណ្ឌិត យង់ ពៅ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជា...

2024-11-20 07:43:15   ថ្ងៃពុធ, 20 វិច្ឆិកា 2024 ម៉ោង 02:43 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាគ្មានភាពចាំបាច់ ត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ

នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិ...

2024-11-19 09:26:14   ថ្ងៃអង្គារ, 19 វិច្ឆិកា 2024 ម៉ោង 04:26 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្...

 ចុចមើល
2024-04-08 07:35:30   ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចា...

 ចុចមើល
2023-06-02 14:21:24   ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦...

 ចុចមើល
2023-01-31 03:35:34   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈ...

 ចុចមើល
2022-09-14 07:59:09   ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិ...

 ចុចមើល
2022-09-14 07:58:12   ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ប...

 ចុចមើល
2022-08-22 08:11:47   ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវ...

 ចុចមើល
2022-08-03 11:15:00   ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្ន...

 ចុចមើល
2022-07-20 02:42:35   ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិ...

 ចុចមើល
2022-03-02 05:01:03   ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទ...

 ចុចមើល
2021-08-31 13:46:01   ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី១ ឆ្នាំ២០២១របស់រាជបណ...

 ចុចមើល
2021-02-26 08:46:19   ថ្ងៃសុក្រ, 26 កុម្ភៈ 2021 ម៉ោង 03:46 PM

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យឆ្នាំ២០២១សម្រាប់រាជបណ្ឌិត្យស...

 ចុចមើល
2021-02-26 08:44:35   ថ្ងៃសុក្រ, 26 កុម្ភៈ 2021 ម៉ោង 03:44 PM