ព័ត៌មាន

«តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?»

2021-01-30 07:58:39 ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 02:58 PM
អ្នកមើល 9870
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អ្នកស្រាវជ្រាវជំនាញដែលមានបទពិសោធន៍ការងារយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងកំពុងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗសុទ្ធតែបានផ្តល់តម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវវិភាគ វែកញែកបែបវិទ្យាសាស្រ្តស៊ីជម្រៅនៅមុនពេលអនុវត្តផែនការអ្វីមួយ ដើម្បីសម្រេចបានលទ្ធផលចំគោលដៅល្អប្រសើរ។ អ្នកស្រាវជ្រាវជឿជាក់យ៉ាងមុតមាំថា ការស្រាវជ្រាវបែបវិទ្យាសាស្រ្តគ្រប់ជ្រុងជ្រោយនឹងជួយឱ្យប្រទេសជាតិកាន់តែអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តរភាព។ ដូចបណ្តាប្រទេសកំពុងអភិវឌ្ឍន៍លើពិភពលោក ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ដែលទាមទារឱ្យមានការបណ្តុះស្មារតី និងលើកកម្ពស់ការស្រាវជ្រាវស៊ីជម្រៅ។ ក្នុងន័យនេះ តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?

ថ្លែងពីកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា ដែលមានបទពិសោធន៍ការងារជិត២០ឆ្នាំនៅរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ប្រទេសអភិវឌ្ឍន៍លើសកលលោកឥទ្ធិពលទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យា ដោយសារប្រទេសទាំងអស់នោះបានចំណាយថវិកាច្រើនសន្ធឹកទៅលើការសិក្សាស្រាវជ្រាវស៊ីជម្រៅនៅមុនពេលពួកគេដាក់ចេញនូវគោលនយោបាយជាក់លាក់ ដើម្បីអភិវឌ្ឍប្រទេសពួកគេឱ្យរីកចម្រើន។

ដើម្បីលើកស្ទួយការស្រាវជ្រាវ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា ឯកទេសវិទ្យាសាស្ត្រនយោបាយបានផ្តល់អនុសាសន៍ចំនួន៨ចំណុចមាន៖ ១. បណ្តុះគំនិតស្រាវជ្រាវតាំងពីថា្នក់ទាប ជាពិសេសថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យ។ ការស្រាវជ្រាវបែបការ អនុវត្តងាយៗដែលសិស្សងាយយល់។ សំណើផេ្សងៗទៀត មានជាអារទិ៍ ការពិសោធន៍ងាយៗទាក់ទងជីវភាពប្រចំាថ្ងៃ ទសន្សកិច្ចសិក្សាក្នុងក្រុមហ៊ុនឬរោងចក្រជាដើម។ ២. បណ្តុះគំនិតឱ្យស្រឡាញ់ការអាន ការសរសេរ ការត្រឹះរិះការស្រាវជ្រាវ។ ៣. កម្រិតឧត្តមសិក្សាឡើងទៅ ត្រូវតែបញ្ចប់ការសិក្សាដោយការស្រាវជ្រាវនិងសរសេរនិក្ខេបបទ។ រៀនមិនមែនដើម្បីឱ្យតែបានសញ្ញាបត្រទេ តែរៀនដើម្បីឱ្យចេះ ឱ្យមានចំណោះស្មើនឹងសញ្ញាបត្រ និងអាចធ្វើការកើត។ ៤. បន្ស៊ីការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវជាមួយនឹងតម្រូវការនៃការងារជាក់ស្ដែង។ ៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្ដាលនិងផ្នែកឯកជន ក៏ដូចជាផ្នែកសាធារណៈដើម្បីផ្តល់ទីលានដល់និស្សិតអនុវត្តចំណេះដឹងនិងទ្រឹស្ដី។ ៦. ជំរុញឱ្យមានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍នៅតាមអង្គភាពរដ្ឋនិងឯកជន។ ៧. ស្ថាប័នស្រាវជ្រាវគួរត្រូវបានផ្តល់ធនធានគ្រប់គ្រាន់សម្រាប់បម្រើការងារស្រាវជ្រាវ និង៨. អ្នកស្រាវជ្រាវគួរត្រូវបានយកចិត្តទុកដាក់ខាងផ្នែកជីវភាព។

«សោកនាដកម្មនិងមរតកនៃសង្គ្រាម ធ្វើឱ្យសង្គមយើងគិតតែពីបញ្ហាក្រពះ ជាជាងការគិតគូរលើវិស័យវិទ្យាសាស្រ្ត។ តែពេលនេះ យើងបានឆ្លងផុតដំណាក់កាលគិតតែបញ្ហាក្រពះនោះហើយ។ ដូច្នេះ យើងត្រូវតែចាប់ផ្តើមគិតគូរលើវិស័យវិទ្យាសាស្ត្រ យើងមិនមានពេលវេលាត្រូវរង់ចាំទៀតទេ។ អ្វីដែលសំខាន់នោះ អ្នកដឹកនាំ អ្នកធ្វើគោលនយោបាយអ្នកនយោបាយ ក៏ដូចជាផ្នែកឯកជន និងសង្គមស៊ីវិល ត្រូវតែជឿជាក់និងផ្តល់តម្លៃលើការស្រាវជ្រាវ»។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បញ្ជាក់បន្ថែម។

ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈដូចនឹងឯកឧត្តមបណ្ឌិត គិន ភា ដែរថា គ្មានអ្វីមួយកើតឡើងដោយគ្មានការស្រាវជ្រាវនោះទេ ប៉ុន្តែ ការស្រាវជ្រាវអាចទទួលជោគជ័យទៅបាន លុះត្រាតែមានការគាំទ្រពីរដ្ឋ ដូច្នេះ គោលនយោបាយជាតិស្តីពីការស្រាវជ្រាវចាំបាច់ត្រូវតែមាន។ ការស្រាវជ្រាវនៅប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទាំងអស់នៅលើពិភពលោក គឺពឹងផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត។ ក្នុងនាមជាអ្នកស្រាវជ្រាវមួយរូប ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម មានប្រសាសន៍ជឿជាក់យ៉ាងមុតមាំថា ការបញ្ជ្រាបស្មារតីស្រាវជ្រាវ ការត្រិះរិះពិចារណាចូលទៅក្នុងកម្មវិធីសិក្សាចាប់ពីកម្រិតបឋមសិក្សាដល់ថ្នាក់ឧត្តមសិក្សា ដើម្បីជួយលើកស្ទួយការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម មានប្រសាសន៍សង្កត់ធ្ងន់ដូច្នេះថា៖ «ដរាបណា សា្មរតីស្រាវជ្រាវត្រឹមត្រូវស្ថិតក្នុងសតិអារម្មណ៍ប្រជាជនយើងគ្រប់រូបនោះប្រទេសយើងកាន់តែជឿនលឿន»។

ក្រឡេកមក បណ្ឌិត បេងហុង សុជាតិខេមរ៉ូ ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់តម្លៃខ្ពស់ចំពោះការស្រាវជ្រាវបែបវិទ្យាសាស្រ្តផងដែរ។ ឯកឧត្តមបណ្ឌិតបានទទួលស្គាល់ថា សារប្រយោជន៍នៃការស្រាវជ្រាវគឺស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សដែលជាការរៀបចំផែនការជារូបវ័ន្ត ដូច្នេះគ្មានការស្រាវជ្រាវ គ្មានទិន្នន័យ គេនឹងមិនអាចរៀបចំផែនការច្បាស់លាស់ និងអនុវត្តផែនការចំគោលដៅបានទេ។

«ប្រសិនបើគ្មានការស្រាវជ្រាវ គឺគ្មានការអភិវឌ្ឍដោយចរីភាព និងបរិយាប័ន្ននោះទេ»។ បណ្ឌិត បេងហុង សុជាតិខេមរ៉ូ បញ្ជាក់បន្ថែមពីការសិក្សាស្រាវជ្រាវជាស្នូលមួយសំខាន់ម្បងនៃការអនុវត្តការងារជាក់ស្តែងនៅលើគ្រប់វិស័យទាំងអស់។ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ថា អ្នកស្រាវជ្រាវគួរតែទទួលបានការលើកទឹកចិត្តជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវនេះដែរ លោកស្រីបណ្ឌិត អេង នេត្រា នាយិកា នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានថ្លែងថា អ្នកស្រាវជ្រាវគួរតែត្រូវទទួលបានការបណ្តុះបណ្តាលធនធានសមត្ថភាពបន្ថែម ការកសាងសាងអគារហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងធនធានហិរញ្ញវត្ថុផងដែរ ដើម្បីលើកស្ទួយការស្រាវជ្រាវឱ្យកាន់តែប្រសើរ។

ក្នុងនាមអ្នកស្រាវជ្រាវ ដែលមានបទពិសោធក្នុងការងាររយៈពេលជិត១០ឆ្នាំមកនេះ លោកស្រីបណ្ឌិតវិទ្យាសាស្រ្តមកពីប្រទេសអូស្ត្រាលីបានចាត់ទុកការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីមើលឃើញថា បច្ចុប្បន្ន ធនធានមនុស្សផ្នែកការស្រាវជ្រាវរបស់ខ្មែរមានច្រើនគួរសម ធៀបនឹងរយៈពេល១០ឆ្នាំមុន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការសិក្សាស្រាវជ្រាវផងដែរ។

ស្រដៀងនឹងទស្សនៈលោកស្រីបណ្ឌិត អេង នេត្រា ដែរ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានបង្ហាញការជឿជាក់ថា ដើម្បីលើកស្ទួយការស្រាវជ្រាវ អ្នកស្រាវជ្រាវគួរតែទទួលបានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងឧបករណ៍សម្ភារៈដែលបម្រើដល់ការងារគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ លោកបណ្ឌិតឯកទេសសេដ្ឋកិច្ចពីប្រទេសអូស្ត្រាលីរូបនេះបានក្រើនរម្លឹកពីវិជ្ជាជីវៈអ្នកស្រាវជ្រាវដែរ ដោយលោកបណ្ឌិតបានបញ្ជាក់ថា អ្នកស្រាវជ្រាវត្រូវមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយ ដើម្បីទទួលបានទិន្នន័យសុក្រឹតច្បាស់លាស់ដែលឈានវិភាគវាយតម្លៃ និងដាក់ផែនការអនុវត្តដោះស្រាយចំបញ្ហា។ ជាងនោះទៅទៀត ដើម្បីមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយបាន អ្នកស្រាវជ្រាវដែលមានសមត្ថភាពត្រូវមានគោល ការណ៍ចំនួន ៣ចំណុចរួមមាន៖ ១. ការតស៊ូទាំងកម្លាំងចិត្ត និងកម្លាំងកាយ។ ២. វិន័យ ឆន្ទៈ និងការងារលឿន និង៣. ត្រូវមានភាពបត់បែន និងវិធីសាស្រ្តដែលត្រូវតាមសភាពការណ៍ ទិន្នន័យ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សក្នុងការស្រាវជ្រាវរបស់ខ្លួន ហើយអ្នកស្រាវជ្រាវទាំងអស់ត្រូវតែចេះបើកបេះដូងរបស់ខ្លួនឱ្យបានទូលំទូលាយក្នុងការទទួលយកការរិះគន់ពីអ្នកដទៃ ដែលជាធាតុចូល ដើម្បីយកមកវិភាគវែកញែកពិចារណា រកដំណោះស្រាយ និងការដាក់ចេញគោលនយោបាយនានាឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលរាជបណ្ឌិត្យសភាកម្ពុជារៀបចំឡើងមានគោលបំណងចម្បង៖ ១. ចង់បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវ ក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាង អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព និងព្រមទាំងចូលរួមចំណែកក្នុងការបណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវ និង២. ចែករំលែកចំណេះដឹងខាងការស្រាវជ្រាវជូនដល់សិស្ស និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅបានដឹងពីអត្ថប្រយោជន៍នៃការស្រាវជ្រាវ៕


អត្ថបទទាក់ទង

Job Announcement Project Assistant

Job Title: Project Assistant Location: Phnom Penh, Cambodia Employment Type: Full-Time Contract   Job Summary: The Royal Academy of Cambodia has received grant from the Mekong Institute to i...

2025-03-07 05:07:31   ថ្ងៃសុក្រ, 07 មីនា 2025 ម៉ោង 12:07 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយនឹងប្រតិភូក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន ដឹកនាំដោយលោក OHNUMA Kazuyoshi នាយកិច្ចការអន្តរជាតិរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាប...

2025-03-05 10:28:39   ថ្ងៃពុធ, 05 មីនា 2025 ម៉ោង 05:28 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត...

2025-03-05 03:14:01   ថ្ងៃពុធ, 05 មីនា 2025 ម៉ោង 10:14 AM
បណ្ឌិត យង់ ពៅ៖ ថៃកំពុងយកបញ្ហានយោបាយខ្លួនឯង មកផ្លោងដាក់បន្ទុកលើកម្ពុជា

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាទំនាក់ទំនងកម្ពុជា-ថៃ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងពេលនេះ ថៃដែលកំពុងមានបញ្ហានយោបា...

2025-03-03 07:44:16   ថ្ងៃចន្ទ, 03 មីនា 2025 ម៉ោង 02:44 PM
Rain Schools progress in Cambodia

As Cambodia and Korea position themselves as leaders in rainwater awareness, education and training, Cambodia has launched the Rain School Initiative which is aiming to establish 1,000 ‘Rain Sch...

2025-02-27 02:05:53   ថ្ងៃព្រហស្បតិ៍, 27 កុម្ភៈ 2025 ម៉ោង 09:05 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN

          នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោក...

2025-02-25 09:50:01   ថ្ងៃអង្គារ, 25 កុម្ភៈ 2025 ម៉ោង 04:50 PM

សេចក្តីប្រកាស