យោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ នេះគឺជាស្ថានភាពវិវត្តថ្មីនៃវិវាទព្រំដែនកម្ពុជា-ថៃ ដែលបានផ្ទុះឡើងអស់រយៈពេលប្រមាណជាង ៩ខែកន្លងទៅហើយ ក្រោយការផ្ដើមវាយប្រហារយ៉ាងបំពានពីសំណាក់កងទ័ពថៃ មកលើអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និងការចាប់ផ្ដើមសង្គ្រាមឈ្លានពានរបស់ថៃរំលោភលើអធិតេយ្យភាពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ដំណឹងនៃវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅចុងខែនេះ ត្រូវបានចុះផ្សាយដំបូងគេដោយសារព័ត៌មាន Politico នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា លោកដូណាល់ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ លុះត្រាតែរដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមអនុញ្ញាតឱ្យលោកធ្វើជាអធិបតី នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូល។ ប្រភពដដែលនោះ ក៏បានលើកឡើងបន្ថែមថា សេតវិមានក៏បានស្នើសុំជាពិសេសឱ្យអ្នករៀបចំកិច្ចប្រជុំកំពូលដកតំណាងចិនចេញពីពិធីនេះផងដែរ ដើម្បីបញ្ជាក់ឱ្យគេឃើញយ៉ាងច្បាស់ថា លោក ដូណាល់ត្រាំ តែម្នាក់ជាអ្នកផ្ដួចផ្ដើមគំនិតសន្តិភាព និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរដែលបានឈានដល់សង្គ្រាមរយៈពេលខ្លីនៅចុងខែកក្កដា ឆ្នាំ២០២៥។ ក្រោយទទួលបានដំណឹងនេះ លោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ ដែលជាប្រទេសតែងតែតាំងខ្លួនជាបងធំក្នុងតំបន់ បានឆ្លើយតបទៅកាន់សហរដ្ឋអាម៉េរិកថា ប្រទេសថៃយល់ព្រមចូលតុចរចាសន្តិភាពជាមួយកម្ពុជា លុះត្រាតែកម្ពុជាយល់ព្រមលើលក្ខខណ្ឌ ៤ចំណុចគឺ៖ ១. ការអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២. ការបណ្តេញប្រជាជន ៣. ការបោសសម្អាតមីន និង ៤. ការបញ្ជាក់អំពីការគោរពទឹកដីថៃ (ក្នុងពេលដែលថៃខ្លួនឯងជាអ្នកឈ្លានពានកម្ពុជាក្ដី)។ នេះបានបង្ហាញថា មេដឹកនាំថៃដែលជាភាគីបង្កសង្គ្រាមឈ្លានពាន ពិតជាគ្មានចេតនានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងមិនចង់បញ្ឈប់មហិច្ឆតាឈ្លានពានរបស់ខ្លួន តាមរយៈអន្តរាគមន៍របស់មហាអំណាចណាមួយឡើយ ព្រោះលក្ខខណ្ឌដែលថៃដាក់នោះ បានបង្កប់អត្ថន័យបង្ខំដល់កម្ពុជារួចហើយថា ដើម្បីឈានទៅដល់ការចរចាសន្តិភាពជាមួយថៃ កម្ពុជាត្រូវតែទទួលយកការចោទប្រកាន់ថាប្រជាជនខ្មែរបានតាំងទីលំនៅក្នុងទឹកដីថៃដូចដែលពួកគេអះអាង និងទទួលការមួលបង្កាច់ថា កម្ពុជាដែលជាប្រទេសតូច គឺជាអ្នកឈ្លានពាននិងបង្កហេតុនៅតាមព្រំដែនជាមួយថៃទៅវិញ។ លើសពីនេះទៅទៀត ប្រការដែលថៃដាក់លក្ខខណ្ឌឱ្យកម្ពុជាដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ប្រៀបបានដូចជា ថៃបានបង្ហាញដោយឥតលាក់លៀមនូវបំណងចូលមករំលោភបំពានទឹកដីកម្ពុជាសារជាថ្មី ព្រោះខណៈដែលបទឈប់បាញ់បានចូលជាធរមាន កងទ័ពថៃបែរជាបានបើកការវាយប្រហារ និងប្រើល្បិចចាប់កងទ័ពកម្ពុជាទៅធ្វើជាចំណាប់ខ្មាំង ព័ទ្ធយកដីធ្លីនិងផ្ទះសម្បែងប្រជាជនខ្មែរ និងបានរាយលួសបន្លារំលោភយកទឹកដីខ្មែរយ៉ាងគឃ្លើនជាបន្តបន្ទាប់។
នៅក្នុងពេលនេះ មេដឹកនាំថៃហាក់កំពុងព្យាយាមប្រើប្រាស់ល្បិចគ្រប់បែបយ៉ាង ធ្វើយ៉ាងណាដើម្បីលុបលាងភាពអាម៉ាស់ ដែលកន្លងមក ខ្លួនបានរំលោភលើច្បាប់អន្តរជាតិដោយប្រើប្រាស់ឥរិយាបថមនុស្សព្រៃវាយប្រហារទន្ទ្រានទឹកដីប្រទេសជិតខាង និងធ្វើយ៉ាងណាគ្រាន់តែចង់បញ្ជៀសឱ្យបានពីការថ្កោលទោស និងចង្អុលមុខពីសហគមន៍អន្តរជាតិ ពិសេសពីសំណាក់សហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្តប៉ុណ្ណោះ។ ជាមួយគ្នានេះ ថៃដែលត្រូវបានកម្ពុជាបកអាក្រាតនូវទង្វើឈ្លានពានអធិបតេយ្យភាពប្រទេសជិតខាង និងបើកបង្ហាញចេតនាទុច្ចរឹតរបស់ប្រទេសនេះចំពោះច្បាប់អន្តរជាតិ ក៏ដូចជាសកម្មភាពដែលថៃគម្រាមកំហែងដល់សន្តិសុខនិងសណ្ដាប់ធ្នាប់តំបន់និងសាកលលោកនោះ ថៃបាននិងកំពុងតែខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលផង គម្រាមកំហែងផង និងញុះញង់កំហឹងមហាជនកម្ពុជាផង ដើម្បីធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្ទន់ឥរិយាបថ យល់ព្រមងាកទៅរកយន្តការទ្វេភាគីជាមួយខ្លួន ជាជាងបន្តនីតិវិធីនៅតុលាការយុត្តិធម៌អន្តរជាតិ។ ដូចដែលយើងបានដឹងហើយថា សម្រាប់ប្រទេសថៃ ការតតាំងជាមួយនឹងកម្ពុជា នៅក្នុងយន្តការតុលាការយុត្តិធម៌អន្តរជាតិ ថៃពិតជានឹងត្រូវបរាជ័យយ៉ាងអាម៉ាស់ជាថ្មីម្ដងទៀត ដូចករណីសំណុំរឿងប្រាសាទព្រះវិហារ នាឆ្នាំ១៩៦២ និងការបកស្រាយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិក្នុងសំណុំរឿងនេះ នៅក្នុងឆ្នាំ២០១៣។
ជាច្រើនលើកច្រើនសារ និងច្រើនជំនាន់មកហើយ ដែលប្រទេសថៃបានទាត់ចោលនូវការកំណត់ខ្សែបន្ទាត់ព្រំដែន និងស្វែងរកដំណោះស្រាយព្រំដែនជាមួយប្រទេសជិតខាង ពិសេសព្រំដែនកម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិ ខណៈដែលព្រំដែនកម្ពុជា-ថៃ គឺជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិបន្សល់ដោយអាណានិគមបារាំង ដែលត្រូវបានចុះហត្ថលេខាដោយបារាំងនិងសៀមគឺ អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ មិនតែប៉ុណ្ណោះ ថៃក៏ធ្វើសកម្មភាពបំពាននឹងស្មារតីនៃអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០០ រវាងភាគីទាំងពីរ កម្ពុជា-ថៃ គេចវេសមិនអនុវត្តសាលក្រមរបស់តុលាការអន្តរជាតិ (ICJ) ឆ្នាំ១៩៦២ (ដែលពេលនោះមេដឹកនាំថៃបានប្រកាសមិនទទួលស្គាល់សាលក្រមរបស់តុលាការនេះ ប៉ុន្តែក្រោយមក ត្រូវបានមហាអំណាចបរិហារថៃថាជាប្រទេសអសីលធម៌នឹងច្បាប់អន្តរជាតិ ហើយព្រមានឱ្យថៃដកខ្លួនចេញពីអង្គការសហប្រជាជាតិ) និងការរំលោភបំពានលើអ្វីដែលខ្លួនបានឯកភាពគ្នានៅក្នុងយន្តការទ្វេភាគី កម្ពុជា-ថៃនាពេលកន្លងមកជាបន្តបន្ទាប់។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា ចំពោះប្រទេសថៃ ការអនុវត្តច្បាប់អន្តរជាតិឬកិច្ចព្រមព្រៀងទ្វេភាគីជាមួយនឹងប្រទេសជិតខាងដែលមានទំហំសេដ្ឋកិច្ចតូច ប្រជាជនតិច និងមានកម្លាំងយោធាខ្សោយជាងខ្លួន មិនមែនជាកាតព្វកិច្ចដែលមានលក្ខណៈដាច់ខាតនោះទេ។
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលអាចនឹងត្រូវបានចុះហត្ថលេខានាពេលខាងមុខនេះ គឺជាកិច្ចព្រមព្រៀងដែលមានការចូលរួមជាសាក្សី ដោយសហរដ្ឋអាម៉េរិក ជាមហាអំណាចទីមួយពិភពលោកដែលបានផ្ដួចផ្ដើមជំរុញឱ្យមានបទឈប់បាញ់នោះ សហរដ្ឋអាម៉េរិកនឹងធ្វើជាអ្នកទទួលដឹងឭបន្ថែមទៀតថា ប្រទេសទាំងពីរបានបង្ហាញឆន្ទៈកសាងសន្តិភាពនៅតាមព្រំដែន។ មានន័យថា កិច្ចព្រមព្រៀងនេះអាចនឹងមានទម្ងន់ជាងកិច្ចព្រមព្រៀងទ្វេភាគីដែលធ្វើឡើងដោយគ្មានភាគីទីបី ឬមហាអំណាចពិភពលោកជាសាក្សី។ ត្រង់ចំណុចនេះ គេក៏ត្រូវពិចារណាផងដែរថា អនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ ក៏ត្រូវបានសៀមចុះជាមួយនឹងបារាំងដែលជាមហាអំណាចពិភពលោកផងដែរ ប៉ុន្តែម្ដងហើយម្ដងទៀត ភាគីថៃបានគេចវេសពីទំនួលខុសត្រូវដែលខ្លួនត្រូវអនុវត្តតាមខ្លឹមសារនៃអនុសញ្ញានិងសន្ធិសញ្ញាអន្តរជាតិនេះ។ ដូច្នេះ នាពេលខាងមុខនេះ ប្រសិនបើគ្មានយន្តការតាមដានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឱ្យបានជាក់លាក់នោះទេ ប្រទេសថៃក៏ទំនងជានឹងគ្មានជំហរគោរពកិច្ចព្រមព្រៀងជាមួយប្រទេសតូចដូចជាកម្ពុជានោះដែរ។ ជាមួយគ្នានេះ ក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចូលជាធរមាន ទោះជាក្នុងករណីដែលថៃបំពានលើកិច្ចព្រមព្រៀង ក៏សហរដ្ឋអាម៉េរិកទំនងជានឹងមិនធ្វើអន្តរាគមន៍យោធា ឬជំរុញឱ្យមានការពង្រាយកងកម្លាំងរក្សាសន្តិភាពនៅតាមព្រំដែនប្រទេសទាំងពីរនោះទេ ហើយសូម្បីតែក្រុមអ្នកសង្កេតការណ៍អន្តរកាល និងក្រុមអ្នកសង្កេតការអាស៊ាន ក៏ហាក់ពុំសូវមានឥទ្ធិពលលើការសម្រេចចិត្តរបស់កងទ័ពថៃនោះឡើយ។
ម្យ៉ាងវិញទៀត ក្រៅពីត្រូវពិនិត្យពិចារណាលើយន្តការតាមដានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព គេត្រូវចោទសួរថា តើថៃមានភាពស្មោះត្រង់នឹងស្មារតីនៃកិច្ចព្រមព្រៀងកម្រិតណា? គេអាចប៉ាន់ស្មានអំពីជំហររបស់ភាគីថៃក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខបាន តាមរយៈការពិនិត្យមើលឡើងវិញអំពីសកម្មភាពកន្លងទៅរបស់ក្រុមយោធាថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលក្នុងនោះរាប់ចាប់តាំងពីការបន្តវាយប្រហារនិងប្រើល្បិចចាប់កងទ័ពកម្ពុជាជាចំណាប់ខ្មាំង ការបណ្ដេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងក្នុងដែនអធិបតេយ្យភាពកម្ពុជា ការព័ទ្ធលួសបន្លារំលោភយកដីខ្មែរ និងការផ្ទុះអាវុធតូចធំដើម្បីបង្កហេតុនៅតាមព្រំដែនជាដើម។ ទាំងអស់នេះ មិនត្រឹមតែជាសកម្មភាពធ្វើឡើងក្នុងគោលបំណងញុះញង់ភាគីកម្ពុជាឱ្យអស់ការអត់ធ្មត់រួចតបតវិញ ដើម្បីមានលេសចោទប្រកាន់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការសាកល្បងជំហរប្រតិកម្មរបស់សហរដ្ឋអាម៉េរិកជាសម្ព័ន្ធមិត្តរបស់ខ្លួន និងម៉ាឡេស៊ីជាប្រធានអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិផងដែរ។ មានន័យថា ដរាបណាដែលគ្មានប្រតិកម្មជាក់លាក់ណាមួយពីភាគីទីបី ពិសេសមហាអំណាច ថៃនឹងមិនបញ្ឈប់មហិច្ឆតាឈ្លានពាននិងការប៉ុនប៉ងបង្កអរិភាពនៅតាមព្រំដែនជាមួយកម្ពុជា ដើម្បីបញ្ឆេះចរន្តជាតិនិយមនិងទាញយកប្រជាប្រិយភាពពីប្រជាជនខ្លួននោះទេ។
ជារួម ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពដែលអាចនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ នឹងមិនអាចអាចបញ្ចប់មហិច្ឆតាឈ្លានពានរបស់ថៃក្ដី តែកិច្ចព្រមព្រៀងនេះនឹងនាំមកនូវការធានាក្នុងកម្រិតមួយដែលមានមហាអំណាចពិភពលោកជាសាក្សីដឹងឭ ដើម្បីបញ្ចៀសការប្រឈមខាងយោធា ឬបង្ការលទ្ធភាពនៃសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃជាថ្មី និងអាចសម្រួលស្ថានការណ៍តាមព្រំដែនបន្តិចម្ដងៗឆ្ពោះទៅរកប្រក្រតីភាព។ ទោះជាយ៉ាងណា យើងជឿជាក់ថា មានតែយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុណ្ណោះ ដែលអាចបិទបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅត្រង់ទីតាំងដែលកំពុងប្រឈម ហើយក្រោយការចេញសាលក្រមសម្រេចរបស់តុលាការអន្តរជាតិ ប្រសិនបើភាគីថៃបន្តព្យាយាមគេចវេសមិនអនុវត្តឬគោរពតាមសាលក្រមនេះ កម្ពុជាចាំបាច់ត្រូវតែបន្តប្រើប្រាស់យន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធឱ្យថៃអនុវត្តតាមនិងបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជា។ បន្ថែមពីនេះ ប្រឈមមុខនឹងភាគីថៃដែលគ្មានចេតនាបញ្ចប់មហិច្ឆតាឈ្លានពាន និងការយកបញ្ហាព្រំដែនជាមួយកម្ពុជាជាដើមទុននយោបាយ ដើម្បីកសាងប្រជាប្រិយភាពនិងទទួលនិងរក្សាអំណាចនោះ កម្ពុជាត្រូវតែបន្តពង្រឹងនិងពង្រីកសមត្ថភាពការពារជាតិ តាមរយៈការបន្តជំរុញអភិវឌ្ឍសមត្ថភាពយោធិន ការបន្តធ្វើទំនើបកម្មយោធា និងការពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយដៃគូចាស់និងថ្មីៗបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈការពារប្រឆាំងនឹងការឈា្លនពាន ហើយមានលទ្ធភាពជំរុញឱ្យថៃគោរពអធិបតេយ្យភាព និងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងដែលខ្លួនចុះហត្ថលេខា។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងខាងការទូត ដែលក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាបានអនុវត្តការទូតយ៉ាងសកម្មនិងលេចធ្លោនោះ ក៏គួរត្រូវបានបន្តទៀត ដើម្បីបញ្ជ្រាបការយល់ដឹងអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពិតប្រាកដ និងទាក់ទាញការគាំទ្រពីបណ្ដាប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិ ដោយឈរនៅលើភាពត្រឹមត្រូវ យុត្តិធម៌ និងគោលការណ៍គោរពច្បាប់អន្តរជាតិ៕
លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ
បញ្ជាក់៖ រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ