យោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២៥  ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២៥។ នេះគឺជាស្ថានភាពវិវត្តថ្មីនៃវិវាទព្រំដែនកម្ពុជា-ថៃ ដែលបានផ្ទុះ​ឡើង​អស់​រយៈ​ពេលប្រមាណជាង ៩ខែកន្លងទៅហើយ ក្រោយការផ្ដើមវាយប្រហារយ៉ាង​បំពាន​ពី​សំណាក់​កងទ័ពថៃ មកលើអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និងការ​ចាប់ផ្ដើមសង្គ្រាមឈ្លានពានរបស់ថៃរំលោភលើអធិតេយ្យភាពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

 

          ដំណឹងនៃវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរួមពិធីចុះកិច្ចព្រមព្រៀង​សន្តិ​ភាពរវាងកម្ពុជានិងថៃនៅចុងខែនេះ ត្រូវបានចុះផ្សាយដំបូងគេដោយសារព័ត៌មាន Politico នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា លោកដូណាល់ត្រាំ នឹងចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេដឹក​នាំ​អាស៊ាន​​នៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ លុះត្រាតែ​រដ្ឋាភិបាល​ម៉ាឡេស៊ី​យល់ព្រម​អនុញ្ញាតឱ្យលោកធ្វើជាអធិបតី នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​រវាងកម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូល។ ប្រភពដដែលនោះ ក៏​បាន​លើកឡើង​បន្ថែម​ថា សេតវិមានក៏បានស្នើសុំជាពិសេសឱ្យអ្នករៀបចំកិច្ចប្រជុំកំពូល​ដក​តំណាងចិន​ចេញពី​ពិធី​នេះ​ផងដែរ ដើម្បីបញ្ជាក់ឱ្យគេឃើញយ៉ាងច្បាស់ថា លោក ដូណាល់​ត្រាំ តែម្នាក់ជាអ្នក​ផ្ដួច​ផ្ដើម​គំនិត​សន្តិភាព និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់​ជម្លោះ​ព្រំដែន​រវាងប្រទេសទាំងពីរ​ដែល​បាន​ឈានដល់សង្គ្រាមរយៈពេលខ្លីនៅចុងខែកក្កដា ឆ្នាំ២០២៥។ ក្រោយទទួលបានដំណឹងនេះ លោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី​ថៃ ដែលជា​ប្រទេស​តែងតែតាំងខ្លួនជាបងធំក្នុងតំបន់ ​បានឆ្លើយតបទៅកាន់សហរដ្ឋអាម៉េរិកថា ប្រទេស​ថៃ​យល់ព្រមចូលតុ​ចរចាសន្តិភាពជាមួយ​កម្ពុជា លុះ​ត្រា​តែកម្ពុជាយល់​ព្រម​លើ​លក្ខ​ខណ្ឌ ៤ចំណុចគឺ៖ ១. ការអាវុធ​ធុន​ធ្ងន់​ចេញ​ពី​តំបន់​ព្រំដែន ២. ការបណ្តេញប្រជាជន ៣. ការ​​បោស​សម្អាតមីន និង ៤. ការ​បញ្ជាក់​អំពី​ការ​គោរពទឹកដីថៃ (ក្នុងពេលដែល​ថៃ​ខ្លួន​ឯង​ជា​អ្នក​ឈ្លាន​ពានកម្ពុជាក្ដី)។ នេះបានបង្ហាញថា មេដឹកនាំថៃដែលជាភាគីបង្កសង្គ្រាម​ឈ្លាន​ពាន ពិតជាគ្មានចេតនានៅក្នុងការដោះស្រាយ​បញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ឬ​ចង់បញ្ឈប់មហិច្ឆតាឈ្លានពានរបស់ខ្លួន តាមរយៈអន្តរាគមន៍របស់មហាអំណាចណាមួយ​ឡើយ ព្រោះលក្ខខណ្ឌដែលថៃដាក់នោះ បានបង្កប់អត្ថន័យបង្ខំដល់រួចហើយកម្ពុជាថា ដើម្បី​ឈាន​ទៅ​ដល់​ការចរចាសន្តិភាពជាមួយថៃ កម្ពុជាត្រូវតែទទួលយកការចោទប្រកាន់​ថា​ប្រជាជនខ្មែរបាន​តាំង​ទីលំនៅក្នុង​ទឹកដីថៃដូចដែលពួកគេអះអាង និងទទួល​ការមួលបង្កាច់​ថា ​កម្ពុជាដែល​ជា​ប្រទេស​តូច គឺ​ជាអ្នកឈ្លានពាននិងបង្កហេតុនៅតាមព្រំដែន​ជាមួយ​ថៃ​ទៅ​វិញ។ លើសពីនេះ​ទៅ​ទៀត ប្រការដែល​ថៃដាក់លក្ខខណ្ឌឱ្យកម្ពុជា​ដកអាវុធ​ធុនធ្ងន់ចេញ​ពី​តំបន់ព្រំដែន ប្រៀប​បាន​ដូចជា ថៃ​បាន​បង្ហាញដោយឥតលាក់លៀម​នូវបំណង​ចូលមក​រំលោភ​បំពាន​ទឹក​ដី​កម្ពុជា​សារជាថ្មី ព្រោះ​ខណៈដែលបទឈប់បាញ់បានចូលជាធរមាន កង​ទ័ពថៃបែរជា​បាន​បើកការវាយប្រហារ និងប្រើល្បិចចាប់កងទ័ពកម្ពុជាទៅធ្វើជាចំណាប់ខ្មាំង ព័ទ្ធយកដីធ្លី​និង​ផ្ទះ​សម្បែង​ប្រជាជន​ខ្មែរ និងបានរាយលួសបន្លារំលោភយកទឹកដីខ្មែរ​យ៉ាង​គឃ្លើន​ជា​បន្ត​បន្ទាប់​ទៅវិញ។

 

          នៅក្នុងពេលនេះ មេដឹកនាំថៃហាក់កំពុងព្យាយាមប្រើប្រាស់ល្បិចគ្រប់បែបយ៉ាង ធ្វើ​យ៉ាងណាដើម្បីលុប​លាង​ភាពអាម៉ាស់ ដែល​កន្លងមក ខ្លួន​បានរំលោភ​លើ​ច្បាប់​អន្តរ​ជាតិ​ដោយ​ប្រើ​ប្រាស់​ឥរិយាបថមនុស្សព្រៃវាយប្រហារទន្ទ្រានទឹកដីប្រទេសជិតខាង និងធ្វើ​យ៉ាង​ណាគ្រាន់តែចង់​បញ្ជៀសឱ្យ​បាន​ពី​ការ​ថ្កោល​​ទោស និងចង្អុលមុខពីសហគមន៍អន្តរជាតិ ពិសេសពីសំណាក់​សហរដ្ឋ​អាម៉េរិក ដែល​ជា​សម្ព័ន្ធមិត្តប៉ុណ្ណោះ។ ជាមួយគ្នានេះ ថៃ​ដែល​ត្រូវបានកម្ពុជាបកអាក្រាតនូវ​ទង្វើឈ្លាន​ពាន​អធិបតេយ្យភាពប្រទេសជិតខាង និង​បើក​បង្ហាញ​ចេតនាទុច្ចរឹតរបស់ប្រទេសនេះ​ចំពោះ​ច្បាប់​អន្តរ​ជាតិ ក៏ដូចជាសកម្មភាព​ដែល​ថៃ​គម្រាមកំហែងដល់សន្តិសុខ​និងសណ្ដាប់ធ្នាប់តំបន់និងសាកលលោកនោះ ថៃបាននិងកំពុង​តែ​ខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលផង គម្រាមកំហែង​ផង និងញុះញង់កំហឹងមហាជនកម្ពុជា​ផង ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្ទន់ឥរិយាបថ យល់ព្រមងាក​ទៅ​រក​​យន្ត​ការ​ទ្វេភាគីជាមួយខ្លួន ជាជាងបន្តនីតិវិធីនៅតុលាការយុត្តិធម៌អន្តរជាតិ។ ដូចដែល​យើង​បាន​ដឹងហើយថា សម្រាប់ប្រទេសថៃ ការតតាំងជាមួយនឹងកម្ពុជា នៅក្នុងយន្តការ​តុលាការ​យុត្តិធម៌អន្តរ​ជាតិ ថៃពិតជានឹងត្រូវបរាជ័យយ៉ាងអាម៉ាស់ជាថ្មីម្ដងទៀត ដូចករណីសំណុំ​រឿង​ប្រាសាទ​ព្រះវិហារ នាឆ្នាំ១៩៦២ និងការបកស្រាយសាលក្រមតុលាការយុត្តិធម៌​អន្តរ​ជាតិ​ក្នុង​សំណុំ​រឿងនេះ នៅក្នុងឆ្នាំ២០១៣។

 

          ជាច្រើនលើកច្រើនសារ និងច្រើនជំនាន់មកហើយ ដែលប្រទេសថៃ​បាន​ទាត់​ចោល​នូវ​ការកំណត់ខ្សែបន្ទាត់ព្រំដែន និងស្វែងរកដំណោះស្រាយព្រំដែនជាមួយ​ប្រទេសជិតខាង ពិសេសព្រំដែន​កម្ពុជា​ដោយ​ផ្អែកលើច្បាប់​អន្តរ​ជាតិ ខណៈដែលព្រំដែនកម្ពុជា-ថៃ គឺជាខ្សែ​បន្ទាត់​ព្រំដែន​អន្តរ​ជាតិបន្សល់ដោយអាណានិគមបារាំង ដែលត្រូវបានចុះ​ហត្ថលេខា​ដោយ​ភាគី​​ទាំង​ពីរ រួមមាន ​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ឆ្នាំ​១៩០៧ រវាង​បារាំង-សៀម, អនុស្ស​រណៈ​យោគ​យល់គ្នា (MoU) ឆ្នាំ២០០០ សាលក្រមរបស់​តុលាការ​អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ (ដែល​មេដឹកនាំថៃបានប្រកាសមិនទទួលស្គាល់សាលក្រមរបស់តុលាការនេះ តែក្រោយមក  ត្រូវ​បាន​មហាអំណាចបរិហារថៃថាជាប្រទេសអសីលធម៌នឹងច្បាប់អន្តរជាតិ ហើយព្រមាន​ឱ្យ​ថៃ​ដក​ខ្លួនចេញពីអង្គការសហប្រជាជាតិ) និងការរំលោភបំពានលើអ្វីដែល​ខ្លួនបាន​ឯក​ភាព​គ្នា​នៅ​ក្នុង​យន្តការទ្វេភាគី កម្ពុជា-ថៃនា​ពេល​កន្លង​មកជាបន្តបន្ទាប់។ នេះ​ជា​ការបញ្ជាក់​យ៉ាង​​ច្បាស់ថា ចំពោះប្រទេសថៃ ការអនុវត្តច្បាប់អន្តរជាតិ​ឬកិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគីជាមួយ​នឹង​ប្រទេសជិតខាងដែលមានទំហំសេដ្ឋកិច្ចតូច ប្រជាជនតិច និងមាន​កម្លាំង​យោធាខ្សោយ​ជាង​ខ្លួន មិនមែនជាកាតព្វកិច្ចដែលមានលក្ខណៈដាច់ខាតនោះទេ។

 

          ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែល​អាច​នឹង​ត្រូវ​បាន​ចុះ​​ហត្ថលេខានាពេលខាងមុខនេះ គឺជាកិច្ចព្រមព្រៀងដែលមានការចូលរួមជាសាក្សី ដោយ​សហរដ្ឋអាម៉េរិក ជាមហាអំណាចទីមួយពិភពលោកដែល​បានផ្ដួចផ្ដើម​ជំរុញ​ឱ្យ​មាន​បទ​​ឈប់​បាញ់​កន្លងមកនេះ នឹងធ្វើជាអ្នកទទួលដឹងឭបន្ថែមទៀតថា ប្រទេសទាំងពីរបាន​បង្ហាញឆន្ទៈកសាងសន្តិភាពនៅតាមព្រំដែន។ មានន័យថា កិច្ចព្រម​ព្រៀង​នេះ​អាច​នឹង​មាន​ទម្ងន់ជាងកិច្ចព្រមព្រៀងទ្វេភាគីដែលធ្វើឡើងដោយគ្មានភាគីទីបី ឬមហាអំណាច​ពិភព​លោកជាសាក្សី។ ត្រង់ចំណុចនេះ គេក៏ត្រូវពិចារណាផងដែរថា អនុសញ្ញា ឆ្នាំ១៩០៤ និង​សន្ធិ​សញ្ញា ឆ្នាំ១៩០៧ ក៏ត្រូវបានសៀមចុះជាមួយនឹងបារាំងដែលជាមហាអំណាចពិភព​លោក​ផង​ដែរ ប៉ុន្តែម្ដងហើយម្ដងទៀត ភាគីថៃបានគេចវេសពីទំនួលខុសត្រូវដែលខ្លួនត្រូវ​បំពេញអនុសញ្ញានិងសន្ធិសញ្ញាអន្តរជាតិនេះ។ ដូច្នេះនាពេលខាងមុខនេះ ប្រសិនបើគ្មាន​យន្ត​ការ​តាមដានការអនុវត្តកិច្ច​ព្រម​ព្រៀងសន្តិភាពឱ្យបានជាក់លាក់នោះទេ ​ប្រទេស​ថៃ​ក៏​ទំនងជានឹងមិនមានជំហរគោរព​កិច្ច​ព្រម​ព្រៀង​ជាមួយប្រទេសតូចដូចជាកម្ពុជានោះដែរ។ ជាមួយគ្នានេះ ក្រោយ​កិច្ច​ព្រម​ព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចូលជាធរមាន ទោះ​ជា​ក្នុង​ករណី​ដែល​ថៃ​បំពានលើកិច្ចព្រមព្រៀង ក៏សហរដ្ឋអាម៉េរិកនឹងមិនអាច​​ធ្វើ​អន្តរាគមន៍​យោធា ឬ​ជំរុញ​ឱ្យ​មានការពង្រាយ​កងកម្លាំងរក្សាសន្តិភាពនៅតាមព្រំដែនប្រទេសទាំងពីរនោះទេ ហើយ​សូម្បី​តែ​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរកាល និងក្រុមអ្នកសង្កេតការអាស៊ាន ក៏ហាក់​ពុំ​សូវ​មាន​ឥទ្ធិ​ពល​លើការ​សម្រេច​ចិត្ត​របស់កងទ័ពថៃនោះឡើយ។

 

          ម្យ៉ាងវិញទៀត ក្រៅពីត្រូវពិនិត្យ​ពិចារណាលើយន្តការតាមដានការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព គេត្រូវចោទសួរថា តើថៃមានភាពស្មោះត្រង់នឹងស្មារតីនៃ​កិច្ច​ព្រម​ព្រៀង​កម្រិត​ណា? គេអាចប៉ាន់ស្មានអំពីជំហររបស់ភាគីថៃក្នុងការអនុវត្ត​កិច្ចព្រម​ព្រៀង​សន្តិភាព​នា​ពេលខាងមុខបាន ​តាម​រយៈការពិនិត្យមើលឡើងវិញអំពីសកម្ម​ភាពកន្លង​ទៅ​របស់​ក្រុម​យោធា​ថៃ ក្រោយ​បទ​ឈប់​បាញ់ចូលជាធរមាន ដែលក្នុងនោះរាប់ចាប់តាំងពីការ​បន្តវាយ​ប្រហារ​និងប្រើល្បិច​ចាប់កងទ័ពកម្ពុជាជាចំណាប់ខ្មាំង ការបណ្ដេញប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​ផ្ទះសម្បែងក្នុង​ដែន​អធិបតេយ្យភាពកម្ពុជា ការព័ទ្ធលួសបន្លារំលោភយកដីខ្មែរ និង​ការ​ផ្ទុះអាវុធតូចធំដើម្បីបង្កហេតុជាដើម។ ទាំងអស់នេះ មិនត្រឹមតែជាសកម្មភាពធ្វើ​ឡើង​ក្នុង​គោល​បំណង​ញុះ​ញង់​ភាគីកម្ពុជាអស់ការអត់ធ្មត់រួចតបតវិញ ដើម្បីមានលេស​ចោទ​ប្រកាន់​កម្ពុជា​ប៉ុណ្ណោះទេ តែក៏ជាការសាកល្បងជំហរប្រតិកម្មរបស់សហរដ្ឋអាម៉េរិកជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន និងម៉ាឡេស៊ីជាប្រធានអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិផងដែរ។ មាន​ន័យ​ថា ដរាប​ណាដែលគ្មានប្រតិកម្មជាក់លាក់ណាមួយពីភាគីទីបី ពិសេសមហាអំណាច ថៃ​នឹង​មិន​បញ្ឈប់មហិច្ឆតាឈ្លានពាននិងបង្កើតបញ្ហាតាមព្រំដែនជាមួយកម្ពុជា ដើម្បីបញ្ឆេះចរន្តជាតិនិយម​និងទាញ​យក​ប្រជា​​ប្រិយភាពពីប្រជាជនខ្លួននោះទេ។

 

          ជារួម ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពដែលអាចនឹងត្រូវចុះហត្ថលេខានា​ពេល​ខាង​មុខ​នេះ នឹងមិនអាចអាចបញ្ចប់មហិច្ឆតាឈ្លានពានរបស់ថៃក្ដី តែកិច្ចព្រមព្រៀងនេះ​នឹង​នាំមក​នូវ​ការ​ធានាក្នុងកម្រិតមួយដែលមានមហាអំណាចពិភពលោកជាសាក្សីដឹងឭ ដើម្បី​បញ្ចៀស​ការ​ប្រឈមខាងយោធា ឬការឈានដល់សង្គ្រាមតាមព្រំដែនកម្ពុជា-ថៃជាថ្មី និង​អាច​សម្រួលស្ថានការណ៍តាមព្រំដែនបន្តិចម្ដងៗឆ្ពោះទៅរកប្រក្រតីភាព។ បន្ថែមពីនេះ យើង​ជឿ​ជាក់ថា មាន​​​តែ​យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុណ្ណោះ ដែល​អាច​បិទ​បញ្ចប់ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅត្រង់ទីតាំងដែលកំពុងប្រឈម ហើយក្រោយ​ការចេញ​សាល​ក្រម​សម្រេច​របស់​តុលាការអន្តរជាតិ ប្រសិនបើភាគីថៃបន្តព្យាយាម​គេចវេស​មិន​អនុ​វត្តឬគោរព​តាមសាលក្រមនេះ កម្ពុជាចាំបាច់ត្រូវតែបន្តប្រើប្រាស់យន្តការក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហប្រជាជាតិ  ដើម្បីដាក់សម្ពាធឱ្យថៃអនុវត្តតាមនិង​បញ្ឈប់​ជាបន្ទាន់នូវ​ការ​រំលោភ​​បំពាន​មកលើ​អធិប​តេយ្យភាពរបស់កម្ពុជា។ ទោះជាយ៉ាងណា ប្រឈមមុខ​នឹង​ភាគី​ថៃ​​ដែល​គ្មាន​ចេតនា​បញ្ចប់មហិច្ឆតាឈ្លានពាន និងការយកបញ្ហាព្រំដែនជាមួយ​កម្ពុជា​ជា​ដើម​ទុន​នយោបាយ ដើម្បីកសាងប្រជាប្រិយភាពនិងទទួលនិងរក្សាអំណាចនោះ កម្ពុជា​ត្រូវ​តែ​បន្ត​ពង្រឹង​និងពង្រីកសមត្ថ​ភាព​ការពារជាតិ តាមរយៈការបន្តជំរុញ​អភិវឌ្ឍ​សមត្ថ​ភាព​យោធិន ការ​បន្តធ្វើទំនើបកម្មយោធា និងការពង្រីក​កិច្ចសហប្រតិបត្តិការយោធាជាមួយ​ដៃ​គូ​ចាស់​និង​ថ្មីៗ​បន្ថែមទៀត ដើម្បីត្រៀមលក្ខណៈ​ការពារប្រឆាំង​នឹង​ការ​ឈា្លន​ពាន ហើយ​មាន​លទ្ធ​ភាព​ជំរុញ​​ឱ្យ​ថៃ​គោរពអធិបតេយ្យភាព និងអនុវត្តតាម​ស្មារតី​នៃកិច្ច​ព្រម​ព្រៀងដែលខ្លួន​ចុះ​ហត្ថ​លេខា។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែង​ខាង​ការ​ទូត ដែលក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ ​កម្ពុជាបានអនុវត្តការទូតយ៉ាងសកម្មនិងលេច​ធ្លោ​នោះ ក៏​គួរ​ត្រូវ​បាន​បន្តទៀត ដើម្បី​បញ្ជ្រាប​ការ​យល់ដឹងអំពីស្ថានការណ៍​ព្រំដែនកម្ពុជា-ថៃ​ពិត​ប្រាកដ និង​ទាក់​ទាញ​ការ​គាំទ្រ​​ពី​បណ្ដា​ប្រទេស​ជាមិត្តនិងសហគមន៍អន្តរជាតិ ដោយ​ឈរ​នៅ​លើ​ភាពត្រឹមត្រូវនិង​យុត្តិ​ធម៌ និង​គោល​​ការណ៍គោរពច្បាប់អន្តរជាតិ៕

 

លឹម សុវណ្ណរិទ្ធ

គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ

 

បញ្ជាក់៖ រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ