ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

2020-10-22 07:51:07 ថ្ងៃព្រហស្បតិ៍, 22 តុលា 2020, 07:51 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សា ស្ដីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» ក្រោមអធិបតីភាព​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីអ្នកជំនាញប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវទាកទងនឹងប្រវត្តិសាស្ត្រ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន ២៥រូប ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាពិភាក្សានេះ មានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និងបានប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់លោក គង់ វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

វាគ្មិនអញ្ជើញចូលរួមក្នុងវេទិកានេះ បានបកស្រាយលើប្រធានបទដូចខាងក្រោម៖

- ប្រធានបទទី១៖ «ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមជា ចក្រពត្រាធិរាជ» ធ្វើបទបង្ហាញដោយ លោក សួ ប៉ុណ្ណារ៉ាត់
- ប្រធានបទទី២៖ «របៀបដឹកជញ្ជូនថ្មក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧៖ ករណីសិក្សានៅប្រាសាទបន្ទាយឆ្មា» ធ្វើបទបង្ហាញដោយ លោក អ៊ឹម សុខរិទ្ធី
- ប្រធានបទទី៣៖ «ផ្ទាំងចម្លាក់ឥន្ទ្រាភិសេក» ធ្វើបទបង្ហាញដោយ កញ្ញា តាកេត ស័កដា
- ប្រធានបទទី៤៖ «ព្រះបរមរូបនៃព្រះបាទជ័យវរ្ម័នទី៧» ធ្វើបទបង្ហាញដោយ លោក ព្រាប ចាន់ម៉ារ៉ា
- ប្រធានបទទី៥៖ «ព្រះរូបព្រះបាទជ័យវរ្ម័នទី៧ នៅតាមចម្លាក់ថែវប្រាសាទ៖ ករណីសិក្សានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ» ធ្វើបទបង្ហាញដោយ ឯកឧត្ដមបណ្ឌិត ផុន កសិកា

ក្នុងវេទិកាពិភាក្សានាព្រឹកនេះ វាគ្មិនទាំង៥រូបនិងអ្នកជំនាញដែលបានចូលរួម បានពិនិត្យនិងពិភាក្សាទៅលើរូបភាពនៃចម្លាក់​ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដិតយករូបភាពពីថែវប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ សរុបមានចំនួន៦៤រូប។ វេទិកាពិភាក្សាបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ និងការរៀប​ចំ​ឈាន​​ទៅកំណត់អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧ ដើម្បីសិតជាព្រះបរមរូបបដិមាព្រះមហាវីរក្សត្រដ៏ល្បីល្បាញរបស់ខ្មែរ ដើម្បីឱ្យប្រជា​ពលរដ្ឋ​ខ្មែរ អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាជនបរទេស បានដឹងនិងស្គាល់កាន់តែច្បាស់អំពីអត្តសញ្ញាណព្រះ​មហាក្សត្រដែលបានកសាងចក្រភពអង្គរ ក្លាយទៅជាមហាអំណាចក្នុងប្រវត្តិសាស្ត្រ ទាំងនៅលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកម្លាំងកងទ័ព។

ក្រោយពីការធ្វើបទបង្ហាញវាគ្មិន និងការពិភាក្សាផ្លាស់ប្ដូរយោបល់និងទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងវេទិកា​ពិភាក្សាដ៏មានសារសំខាន់នេះ អង្គវេទិកាបានឯកភាពគ្នាសម្រេចជ្រើសរើសយកព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ក្នុងឥរិយាបថដែលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ធ្វើជាមូលដ្ឋានសម្រាប់សិតជាបដិមាទោលដើម្បីបង្ហាញដល់សាធារណជន និងជនបរទេស បានស្គាល់និងយល់ដឹងកាន់តែច្បាស់លាស់អំពីព្រះរាជលក្ខណៈសម្បត្តិរបស់វីរបុរសជាតិខ្មែរអង្គនេះ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីព្រះបរមរូបផ្សេងទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយរៀបចំចងក្រងជាឯកសារពិស្ដារអំពីព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដើម្បីក្លាយជាមូលដ្ឋាន​សម្រាប់កូនខ្មែរជំនាន់ក្រោយក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ ធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែមអំពីព្រះមហាក្សត្រដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រខ្មែរ៕

RAC Media

អត្ថបទទាក់ទង

«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...

2019-01-24 11:32:52   Thu, 24,01,2019, 11:32 AM
«ទំនាក់ទំនងការទូតកម្ពុជាអាម៉េរិកមុនសម័យកម្ពុជាប្រជាធិបតេយ្យ» ដោយ ស៊ឺន សម

ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...

2019-01-24 08:02:52   Thu, 24,01,2019, 08:02 AM
«ស្រុកតាំងគោក៖ ស្រុកបង្កើតថ្មី ក្នុងទឹកដីកំពង់ធំ»

ដោយយោងតាមអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីមួយ ដោយកាត់ឃុំចេញ​ពីស្រុកបារាយណ៍ បន្ថែមទៅលើស្រុក​ ក្រុង ដ...

2019-01-22 04:26:20   Tue, 22,01,2019, 04:26 AM
«សាកលវិទ្យាល័យ Northwestern Polytechnical University មកបំពេញទស្សនកិច្ចនៅរាជ បណ្ឌិត្យសភាកម្ពុជា» ដោយ៖ ស៊ឺន សម

នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...

2019-01-20 04:47:39   Sun, 20,01,2019, 04:47 AM
«រាជបណ្ឌិត្យសភាកម្ពុជា កំពុងចូលរួមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក!»

គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...

2019-01-17 07:05:30   Thu, 17,01,2019, 07:05 AM
«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   Wed, 16,01,2019, 09:14 AM

សេចក្តីប្រកាស