Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជារបស់ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមពីការអភិវឌ្ឍរបស់ប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២០នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមអំពីការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដោយជប៉ុនជាមិត្តប្រកបដោយភាពចាស់ទុំរបស់កម្ពុជា ហើយបើទោះជាកម្ពុជាមានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន ក៏ជប៉ុននៅតែបន្តពង្រឹងនិងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជាក្នុងរូបភាពជាមិត្តដ៏ល្អម្នាក់។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សមិទ្ធផលរបស់ជប៉ុនដែលប្រជាជនកម្ពុជារូបណាក៏បានមិនអាចបំភ្លេចបាននោះគឺ ស្ពានជ្រោយចង្វារដែលជប៉ុនបានជួយកសាងនៅឆ្នាំ១៩៦៦ ជំនួយសាងសង់មជ្ឈមណ្ឌលគាំពារមាតានិងទារកក្នុងឆ្នាំ១៩៩៥ និងការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានដ៏ធំក្នុងឆ្នាំ២០១៥គឺ ស្ពានត្សឺបាស្សា (ហៅស្ពានអ្នកលឿង) ជាដើម។
ក្នុងជំនួបជាលើកទីមួយនារសៀលនេះ ឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតនៃប្រទេសជប៉ុន បានពិភាក្សានិងស្វែងយល់បន្ថែមអំពីបេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចបាននាពេលកន្លងមក និងទស្សនវិស័យរបស់ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនេះ ក្នុងការពង្រឹងការសិក្សាស្រាវជ្រាវលើវិស័យសំខាន់ៗ កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងការសិក្សាស្រាវជ្រាវស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានានៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្ដមឯកអគ្គរាជទូត បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី បេសកកម្ម និងសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលកន្លងមកបានផ្ដល់ការបណ្ដុះបណ្ដាលភាសាខ្មែរជូនដល់មន្ត្រីស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជាផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នា ភាគីទាំងពីរបានឯកភាពគ្នាទៅលើ៣ចំណុចគឺ៖
១. កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវទូទៅ
២. ការផ្ដល់កិច្ចសហការគ្នាលើវិស័យកសិកម្ម
៣. ការពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល៕
RAC Media | លឹម សុវណ្ណរិទ្ធ
រូបថតបណ្ឌិត យង់ ពៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨ នៅផ្សារជើងប្រាសាទព្រះវិហារ ដែលក្រោយមកត្រូវទាហាថៃបាញ់ដុតកម្ទេច ហេតុការណ៍ឈ្លានពាន និងបាញ់ប្រហារពីសំណាក់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្...
នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធគ្នានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកល...
ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះក...
In response to a journalist's question about Samdech BovorThibadei Prime Minister's announcement regarding the preservation of the Pochentong International Airport as state...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...