ព័ត៌មាន

ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ ចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួច

2020-10-09 11:03:42 ថ្ងៃសុក្រ, 09 តុលា 2020, 11:03 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បាននិមន្តព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលទើបនឹងត្រូវបានប្រគេនតួនាទីជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទូលព្រះតេជគុណអំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទូលព្រះអង្គអំពីប្រវត្តិនៃការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលកើតចេញពីគណៈកម្មាធិការជាតិភាសាខ្មែរ និងគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបង្កើតស្ថាប័នជាន់ខ្ពស់ភាសាខ្មែរនេះ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលព្រះតេជគុណ ហាក់ សៀងហៃ អំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឧបសគ្គមួយចំនួននៅក្នុងការស្វែងរកការឯកភាពគ្នារវាងអ្នកជំនាញភាសាវិទ្យា ដើម្បីឈានទៅធ្វើការអនុម័តពាក្យថ្មីនាពេលកន្លងមក។

ថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តគូសបញ្ជាក់ អំពីតួនាទីមិនអាចខ្វះបានរបស់អ្នកជំនាញភាសាដែលមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាវ័យចាស់ឬក្មេង អ្នកមានទំនោរអភិរក្សនិយម ឬអ្នកជំនាញភាសាមានទំនោរទំនើបនិយមនោះទេ គឺត្រូវការស្វែងរកការឯកភាពគ្នា និងអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមក្រៅពីនេះ អ្នកជំនាញភាសាបាលី-សំស្ក្រឹត ត្រូវបានថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ ផ្ដោតនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ សារពាក្យខ្មែរជាច្រើនជាពាក្យកម្ចីពីបាលី-សំស្ក្រឹត។

ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានធ្វើការកត់សម្គាល់និងផ្ដល់តម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃការបង្រៀននិងផ្សព្វផ្សាយវិស័យអក្សរសាស្ត្រខ្មែរតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ព្រះតេជគុណ ហាក់ សៀងហៃ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលសុំព្រះអង្គចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗដែលមាននៅក្នុងសទ្ទានុក្រមបច្ចេកទេស ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអនុម័តរួចកន្លងមក ដោយរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេនសទ្ទានុក្រមពាក្យបច្ចេកទេសថ្មីទាំង១១ក្បាល ដែលជាសទ្ទានុក្រមពាក្យបច្ចេកទេសទាំង១១ជំនាញ ដែលមាននិយមន័យតាមមុខជំនាញនីមួយៗ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

Still Cambodians Go Abroad for Health Check-Up During the Covid 19? By: Seun Sam

Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....

2020-08-13 09:28:31   Thu, 13,08,2020, 09:28 AM
តើនរណាជាទស្សនវិទូ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-08-10 10:07:56   Mon, 10,08,2020, 10:07 AM
«ជំនួបជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលការអនុញ្ញាតចូលជួបសំណេះសំណាល និងធ្វើបទសម្ភាសដោយផ្ទាល់់ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្...

2020-08-06 10:41:06   Thu, 06,08,2020, 10:41 AM
តើវប្បធម៌មានតែចំពោះមនុស្សឬ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-08-06 07:47:46   Thu, 06,08,2020, 07:47 AM
កិច្ចប្រជំុក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទី១ លេីកទី២

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...

2020-08-06 03:29:22   Thu, 06,08,2020, 03:29 AM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...

2020-08-05 09:33:35   Wed, 05,08,2020, 09:33 AM

សេចក្តីប្រកាស