ព័ត៌មាន

ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ ចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួច

2020-10-09 11:03:42 ថ្ងៃសុក្រ, 09 តុលា 2020 ម៉ោង 06:03 PM
អ្នកមើល 4505
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បាននិមន្តព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលទើបនឹងត្រូវបានប្រគេនតួនាទីជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទូលព្រះតេជគុណអំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទូលព្រះអង្គអំពីប្រវត្តិនៃការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលកើតចេញពីគណៈកម្មាធិការជាតិភាសាខ្មែរ និងគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបង្កើតស្ថាប័នជាន់ខ្ពស់ភាសាខ្មែរនេះ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលព្រះតេជគុណ ហាក់ សៀងហៃ អំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឧបសគ្គមួយចំនួននៅក្នុងការស្វែងរកការឯកភាពគ្នារវាងអ្នកជំនាញភាសាវិទ្យា ដើម្បីឈានទៅធ្វើការអនុម័តពាក្យថ្មីនាពេលកន្លងមក។

ថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តគូសបញ្ជាក់ អំពីតួនាទីមិនអាចខ្វះបានរបស់អ្នកជំនាញភាសាដែលមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាវ័យចាស់ឬក្មេង អ្នកមានទំនោរអភិរក្សនិយម ឬអ្នកជំនាញភាសាមានទំនោរទំនើបនិយមនោះទេ គឺត្រូវការស្វែងរកការឯកភាពគ្នា និងអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមក្រៅពីនេះ អ្នកជំនាញភាសាបាលី-សំស្ក្រឹត ត្រូវបានថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ ផ្ដោតនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ សារពាក្យខ្មែរជាច្រើនជាពាក្យកម្ចីពីបាលី-សំស្ក្រឹត។

ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានធ្វើការកត់សម្គាល់និងផ្ដល់តម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃការបង្រៀននិងផ្សព្វផ្សាយវិស័យអក្សរសាស្ត្រខ្មែរតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ព្រះតេជគុណ ហាក់ សៀងហៃ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលសុំព្រះអង្គចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗដែលមាននៅក្នុងសទ្ទានុក្រមបច្ចេកទេស ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអនុម័តរួចកន្លងមក ដោយរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេនសទ្ទានុក្រមពាក្យបច្ចេកទេសថ្មីទាំង១១ក្បាល ដែលជាសទ្ទានុក្រមពាក្យបច្ចេកទេសទាំង១១ជំនាញ ដែលមាននិយមន័យតាមមុខជំនាញនីមួយៗ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«ពិធីប្រកាសមុខតំណែងថ្មី ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ៩រូប»

ឆ្លៀតក្នុងឱកាសនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ នៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ចំនួន ៩រូប ទទួលបានកិត្តិយសក្នុងការប្រកាសមុខតំណែងថ្មី ចំពោះមុខថ្នាក់ដ...

2019-04-04 08:44:49   ថ្ងៃព្រហស្បតិ៍, 04 មេសា 2019 ម៉ោង 03:44 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍»

ថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានច...

2019-04-03 14:12:05   ថ្ងៃពុធ, 03 មេសា 2019 ម៉ោង 09:12 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី៣ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងវគ្គទី៣ ដែលជាវគ្គបញ្ចប់នៃភាគទី៥នេះ យើងសូមបង្ហាញអំពីលិខិតរបស់លោកឡឺរេស៊ីដង់ សុប៉េរីយ៉ើរ និងលោកឡឺរេស៊ីដង់ក្រុមមឿង ចំនួន២ច្បាប់ផ្ញើទៅកាន់លោកសេនាប្រមុខ សុព រួមទាំងលិខិតឆ្លើយតបរបស់លោកសេនាប្រមុខ សុព ដ...

2019-04-01 11:14:04   ថ្ងៃចន្ទ, 01 មេសា 2019 ម៉ោង 06:14 PM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៣៥ ត្រូវបានអនុម័ត កាលពីសប្តាហ៍ទី៤ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន៣៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុ...

2019-03-31 07:22:51   ថ្ងៃអាទិត្យ, 31 មីនា 2019 ម៉ោង 02:22 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា »

កាលពីថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័...

2019-03-30 10:20:55   ថ្ងៃសៅរ៍, 30 មីនា 2019 ម៉ោង 05:20 PM
«វប្បធម៌ដឹងគុណ និងការបន្តនិរន្តរភាពនៃរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការី បានអញ្ជើញទៅសួរសុខទុក្ខ និង ជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ដែលជាបណ្ឌិតសភាចារ្យ ស្ថាបនិក និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាដំបូងបំផុត តាំងពី ពេលបង្កើត រាជ...

2019-03-28 04:18:57   ថ្ងៃព្រហស្បតិ៍, 28 មីនា 2019 ម៉ោង 11:18 AM

សេចក្តីប្រកាស