Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី «អត្ថប្រយោជន៍នៃការសិក្សាភាសាចិន»ដល់សិក្ខាកាមសរុប២០០នាក់ដែលជាលោកគ្រូ អ្នកគ្រូបង្រៀនភាសាចិននៅតាមគ្រឹះស្ថានអប់រំភាសាចិននានានៅកម្ពុជា។ សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់នេះមានរយៈពេល១០ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងការធ្វើបទបង្ហាញតាមរយៈប្រព័ន្ធវីដេអូ Conference ឯកឧត្តមបណ្ឌិត គិន ភា បានឱ្យតម្លៃខ្ពស់លើការអប់រំ ជាពិសេសការសិក្សាភាសាចិន ដោយឯកឧត្តមបណ្ឌិតបានមានប្រសាសន៍លើកឡើងថា អ្នកសិក្សាភាសាចិននឹងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗ, អាចស្រាវជ្រាវឯកសារផ្សេងៗតាមរយៈភាសាចិន និងអាចសិក្សាប្រព័ន្ធច្បាប់របស់ប្រទេសចិន ជាពិសេសអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន។
បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតបានមើលឃើញថា ដោយសារប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ហើយស្ទើរតែមួយភាគ៤ នៃប្រជាជនលើពិភពលោកចេះនិយាយភាសាចិន ដូច្នេះចេះភាសាចិនអាចមាន លទ្ធភាពទទួលបានការងារច្រើន មានទីផ្សារការងារច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់។
ឯកឧត្តមបណ្ឌិតបានលើកឡើងបន្ថែមថា ការសិក្សាភាសាចិនគឺជាយានមួយដ៏សំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ដោយសារមហាយក្សចិនជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ថ្នាក់ទីពីរនៅលើពិភពលោក ដូច្នេះសិក្សាភាសាមួយនេះ អាចបង្កើននូវវិនិយោគមួយផ្នែកធំទៅសេដ្ឋកិច្ចជាតិ ការបង្កើនអាជីវកម្មផ្សេងៗ តាមរយៈការទំនាក់ទំនងដោយប្រើភាសាចិន។ ជាមួយនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការសិក្សាភាសាចិនជាសារមួយដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការយល់ដឹងពីវប្បធម៌ដ៏ចំណាស់របស់ប្រទេសចិន និងអាចផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ជនជាតិបរទេសតាមរយៈភាសាចិន ព្រមទាំងនយោបាយនិងទំនាក់ទំនងការទូតជាមួយប្រទេសចិនដែលកំពុងត្រូវបានរឹតចំណងមិត្តភាព កម្ពុជា-ចិនដែលមានតាំងពីយូរណាស់មកហើយ និងបង្កើតកម្មវិធីផ្សេងៗដែលទាក់ទង មិត្តភាពកម្ពុជា-ចិនឲ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានបញ្ជាក់ថា៖«ចិនជាប្រទេសមហាអំណាចមានប្រជាជនច្រើន សេដ្ឋកិច្ចទីពីរលើពិភពលោក និងវប្បធម៌ដ៏ចំណាស់។ នេះជាហេតុនាំឲ្យមានសារប្រយោជន៍ជាច្រើនដល់ការសិក្សាភាសាចិន»៕
RAC Media
ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួ...
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅ...
ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព...
នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង៩៖៣០នាទីព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេ...