Royal Academy of Cambodia
កូវីដ១៩ ជំងឺរាតត្បាតសាកលបាននឹងកំពុងរីករាលដាលលើ២១០ប្រទេសនិងដែនដី។ ថ្ងៃទី១១ខែឧសភា ឆ្នាំ២០ ២០នេះមានអ្នកឆ្លងរហូតដល់៤,១៨១,០២១នាក់ អ្នកស្លាប់ចំនួន២៨៣,៨៦៨នាក់និងអ្នកព្យាបាលជាសះស្បើយចំនួន១,៤៩៣,៨៦៨នាក់[១]។ វាជាពេលវេលាដែលមិនប្រាកដប្រជា ហើយបញ្ហាប្រឈមនាពេលនេះគឺយើងមិនអាចដឹងអំពីជម្រៅនិងរយៈពេលនៃវិបត្តិនេះនៅឡើយទេ។ ដូច្នេះទំហំនៃភាពស្មុគស្មាញនៃវិបត្តិជំងឺកូវីដ ១៩ក៏នៅមិនទាន់ប្រាកដប្រជាដូចគ្នា។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតផលប៉ះពាល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបង្កមកពីជំងឺរាតត្បាតកូវីត១៩កាន់តែអាក្រក់ទៅៗ។
ក្នុងរបាយការណ៍របស់មូលនិធិរូបិយវត្ថុពិភពលោកដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេដ្ឋកិច្ចអាស៊ីទំនងជាមិនមានកំណើនឡើយនៅឆ្នាំ២០២០។ លោក Changyong Rhee ប្រធាន នាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា អ្នកធ្វើគោលនយោបាយគួរកំណត់គោលដៅ គាំទ្រដល់ក្រុមហ៊ុននិងក្រុមគ្រួសារទាំងឡាយណាដែលរងគ្រោះខ្លាំងដោយបម្រាមធ្វើដំណើរ គោលនយោបាយ គម្លាតសុវត្ថិភាពនិងវិធានការទាំងឡាយណាដែលរាំងខ្ទប់ការឆ្លងរបស់ជំងឺកូវីដ១៩។ លោកបន្ថែមទៀតថា «សេដ្ឋកិច្ចពិភពលោកនៅពេលនេះមានបញ្ហាប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់។ ចំណែកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏នឹងមិនអាចចៀសផុតបានដែរ។ ផលប៉ះពាល់នៃជំងឺកូវីតនឹងមានលក្ខណៈធ្ងន់ធ្ងរប៉ះពាល់ដល់មនុស្សគ្រប់រូបនិង មិនដែលធ្លាប់មានពីមុនមក»។
បើទោះបីជាសេដ្ឋកិច្ចអាស៊ីទទួលផលប៉ះពាល់តិចជាងតំបន់ដ៏ទៃមែន តែការព្យាករណ៍នេះមានសភាពធ្ងន់ធ្ងរជាងពេលមុន។ ជាក់ស្តែងបើធៀបទៅនឹងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក សេដ្ឋកិច្ចអាស៊ីមានកំណើន ៤,៧% និងក្នុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ីនៅចុងឆ្នាំ១៩៩០ សេដ្ឋកិច្ចអាស៊ីមានកំណើន១,៣ %។
ទោះជាយ៉ាងណាក្តី មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថានៅឆ្នាំក្រោយកំណើនសេដ្ឋកិច្ចនៅអាស៊ីអាច នឹងកើនឡើង ៧,៦ភាគរយវិញ ដោយរំពឹងថាគោលនយោបាយទប់ស្កាត់ការឆ្លងជំងឺទទួលបានជោគជ័យ ប៉ុន្តែបន្ថែមថាការព្យាករណ៍នេះមានភាពមិនប្រាកដប្រជាខ្ពស់។ ខុសពីវិបត្តិហិរញ្ញវត្ថុសាកលនៅឆ្នាំ២០០៨ដែល បណ្តាលមកពីការដួលរលំរបស់បណ្តាញហិរញ្ញវត្ថុសាកល Lehman Brothers ជំងឺរាតត្បាតនេះប៉ះពាល់ដោយ ផ្ទាល់ដល់វិស័យសេវាកម្ម ដោយបង្ខំឱ្យមនុស្សនៅផ្ទះនិងបិទអាជីវកម្ម[២]។
តាមរបាយការណ៍ពីអង្គការទេសចរណ៍ពិភពលោកបានឱ្យដឹងថា នាអំឡុងឆ្នាំ២០២០នេះភ្ញៀវទេសចរ ទូទាំងពិភពលោកនឹងមានការធ្លាក់ចុះពី២០% ទៅ៣០% ពោលគឺធ្លាក់ចុះពីកំណើនដែលបានប៉ាន់ស្មាន ពី៣% ទៅ៤% នាដើមខែមករាឆ្នាំ២០២០។ នេះអាចបណ្តាលឱ្យខាតបង់ពី៣០ទៅ៥០ពាន់លានដុល្លារអាម៉េរិក ក្នុងការ ចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិម[៣]។បើធៀបនឹងផលប៉ះពាល់នៃការវាយប្រហារអគារពាណិជ្ជកម្មសហរដ្ឋ អាម៉េរិកក្នុងឆ្នាំ២០០១ ការផ្ទុះឡើងនៃជំងឺសារកាលពីឆ្នាំ២០០៣ និងវិបត្តិសេដ្ឋកិច្ចសាកលឆ្នាំ២០០៩ វិបត្តិលើក នេះគឺធំជាង ព្រមទាំងមិនទាន់អាចប៉ាន់ស្មាននៅពេលណាដែលនឹងត្រូវបញ្ចប់។
តារាងទី១៖ ការប៉ាន់ស្មាននៃការធ្លាក់ចុះនៃភ្ញៀវទេសចរពិភពលោកក្នុងឆ្នាំ២០២០
ប្រភព៖ UNWTO
កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងអត្រា៧ភាគរយនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ប៉ុន្តែចាប់តាំងពីការ រាតត្បាតជំងឺកូវីដ១៩នៅប្រទេសចិនកាលពីដើមខែឆ្នូ ឆ្នាំ២០១៩និងបន្តរាលដាលនៅជុំវិញពិភពលោក បានបង្កឱ្យសេដ្ឋកិច្ចពិភពលោកជាប់គាំងស្ទើរគ្រប់វិស័យ ដោយរួមទាំងសេដ្ឋកិច្ចកម្ពុជាក៏រងផលប៉ះពាល់ដែរ។
«តាមការព្យាកររបស់យើង អត្រាកំណើន GDP កម្ពុជានឹងធ្លាក់ចុះដល់១,៥ ភាគរយក្នុងឆ្នាំ ២០២០»នេះបើតាមលោក Changyong Rhee ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ហើយលោកបានបន្ថែមថាកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០២០ នឹងមិនមានកំណើនជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ។ ការរងគ្រោះមិនធ្លាប់មានពីមុនមកនេះបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់ វិស័យសេវាកម្មនិងការនាំចេញទៅកាន់ទីផ្សារចម្បងៗ[៤]។
វិធានការមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មានដូចជាការបិតសាលារៀន ក្លឹបកំសាន្ត ឌីស្តូថេក ការ៉ាអូខេ ក្លឹបហាត់ប្រាណ និងការជួបជុំសាសនាជាដើម។ រដ្ឋាភិបាលក៏បានហាមទិដ្ឋាការពីបណ្តាប្រទេសមួយចំនួនក្នុងការចូលមកប្រទេសកម្ពុជា ក្នុងនោះរួមមានបារាំង អាល្លឺម៉ង់ អ៊ឺរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក ក្នុងន័យតែមួយគត់គឺទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ចូលក្នុងសហគមន៍។ វិធានការនេះត្រូវបានសាទរពីមហាជននឹងប្រជាពលរដ្ឋទូទៅ។ ជាលទ្ធផលនៅកម្ពុជា មានករណីឆ្លងតែ១២២នាក់ប៉ុណ្ណោះ ព្យាបាលជាមានចំនួន១២០នាក់និងមិនមានអ្នកស្លាប់ទេ។ អាត្រានេះ បានធ្វើឱ្យកម្ពុជាមានការព្យាបាលជាសះស្បើយច្រើនជាងគេ បើធៀបក្នុងប្រទេសដែលជាសមាជិកក្នុងសហគមន៍ អាស៊ាន។
តាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា តួលេខនៅខែកុម្ភៈឆ្នាំ ២០២០ អ្នកដំណើរតាមជើងយន្តហោះថយចុះ២០ភាគរយ នៅខែមីនាថយចុះជាង៥០ភាគរយ ហើយឈានចូល ដល់ខែមេសាឆ្នាំ២០២០ថយចុះយ៉ាងគំហុក រហូតដល់ទៅ៩០ភាគរយ។ នៅសល់៨ទៅ៩ភាគរយនៃដំណើរមក ដល់ពេលនេះភាគច្រើនគឺមកពីកូរ៉េ ជប៉ុន និងចិន។ ក្រុមហ៊ុនហោះហើរបរទេសនៅកម្ពុជាទាំងអស់ចំនួន៣៩ក្រុមហ៊ុន ភាគច្រើនគឺបានផ្អាកការហោះហើរ នៅសល់តែចន្លោះ៨ទៅ១០ភាគរយតែប៉ុណ្ណោះដែលនៅបន្តការហោះហើរ។ មិនមែនតែកម្ពុជាទេ ពិភពលោកទាំងមូលតែម្តងដែលរងផលប៉ះពាល់លើការបាត់បង់អ្នកធ្វើដំណើរតាមជើងហោះ ហើរដោយសារកូវីដ១៩។ មានមូលហេតុធំៗ២យ៉ាងក្នុងបញ្ហានេះគឺ ទី១អ្នកដំណើរមិនហ៊ានធ្វើដំណើរដោយ ខ្លួនឯង ទី២ប្រទេសខ្លះបានបិទប្រទេសរបស់ខ្លួនមិនឱ្យមានការធ្វើដំណើរចេញចូល[៥]។
តាមរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជានា៣ខែដើមឆ្នាំ២០២០ បានឱ្យដឹងថាភ្ញៀវទេសចរដែលបាន ចូលមកប្រទេសកម្ពុជាមានចំនួន១,១៥៥,២២៦នាក់ថយចុះ-៣៨.១% បើធៀបនឹង៣ខែដើមឆ្នាំ២០១៩មាន ចំនួន១,៨៧៧,៨៥៣នាក់។ ភ្ញៀវទេសចរអន្តរជាតិចូលតាមផ្លូវអាកាសមានចំនួន ៦៦៣,៦៤១នាក់ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២០ធ្លាក់ចុះ-៤៨.៩% បើធៀបនឹង៣ខែដើមឆ្នាំ២០១៩មានចំនួន១,២៩៩,១២២នាក់។ ភ្ញៀវ ទេសចរអន្តរជាតិចូលតាមផ្លូវគោកនិងផ្លូវទឹកក្នុងអំឡុង៣ខែដើមឆ្នាំ២០២០ មានចំនួន៤៩១,៥៨៥នាក់ ធ្លាក់ចុះ-១៥.១% បើធៀបនឹង៣ខែដើមឆ្នាំ២០១៩មានចំនួនភ្ញៀវទេសចរ៥៧៨,៧៣១នាក់ ។ ភ្ញៀវទេសចរ អន្តរជាតិនិងបន្តធ្លាក់ចុះទៀតក្នុងអំឡុងខែមេសានិងឧសភាឆ្នាំ២០២០ នេះបើតាមការលើកឡើងពីមន្រ្តី អាកាសចរ ស៊ីវិល ព្រមទាំងទិន្ន័យភ្ញៀវចូលទស្សនាតំបន់អង្គរចេញដោយអាជ្ញាធរអប្សារា។
តារាងទី២៖ ស្ថិតិភ្ញៀវទេសចរបរទេសមកកម្ពុជាក្នុងខែមករា-មីនាឆ្នាំ២០២០
ប្រភព៖ ក្រសួងទេសចរណ៍
វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ទាំងឡាយនៅទូទាំងប្រទេសត្រូវបានផ្អាកដំណើរការ និង បិទបញ្ចប់អាជីវកម្មមានចំនួនសរុប២,៨៦៥ទីតាំង ដោយបានធ្វើឱ្យប៉ះពាល់ការងាររបស់បុគ្គលិកចំនួន៤៦,៣៦៩ នាក់ ចំណែកឯមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានព្យួរអាជ្ញាបណ្ណទេសចរណ៍មានចំនួនសរុប ៩៦នាក់។
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី ២៩ខែមេសាកន្លងទៅនេះបានឱ្យដឹងថា «គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ដែលត្រូវ បានបិទ(បិទដោយការផ្អាកដំណើរការនិងបិទបញ្ចប់អាជីវកម្ម)នៅទូទាំងប្រទេស មានចំនួនសរុប២,៨៦៥ទីតាំង ស្មើនឹង២៩.៥៧%ធៀបនឹងទីតាំងអាជីវកម្មទេសចរណ៍សរុបដែលមាន៩,៦៨៩ទីតាំង (សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍) និងប៉ះពាល់ដល់បុគ្គលិកចំនួន៤៦,៣៦៩នាក់ស្មើនឹង៤២.៦% ធៀបនឹងបុគ្គលិកសរុប១០៨,៨៤៧នាក់ និង មគ្គុទ្ទេសក៍ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន៩៦នាក់ស្មើនឹង១.៥% ធៀបនឹងចំនួនមគ្គុទ្ទេសក៍ ទេសចរណ៍សរុប៦,៤១៦ នាក់»
* ចំពោះសេវាកម្មស្នាក់នៅផ្នែកសណ្ឋាគារ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន២៨២សណ្ឋាគារ (១៥,៤៨៨បន្ទប់) ស្មើនឹង២៧% ធៀបនឹងចំនួនសណ្ឋាគារសរុបដែលមាន១,០៤៤ទីតាំង(៤៨,៧៩១បន្ទប់) និងប៉ះពាល់បុគ្គលិក១៦,២០៣នាក់ស្មើនឹង៤១% ធៀបនឹងបុគ្គលិកសរុប៣៩,១៥១ នាក់។
* ចំពោះផ្ទះភ្ញៀវ(ផ្ទះសំណាក់)ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៤០៥ទីតាំង(៥,៦៤៤បន្ទប់) ស្មើនឹង១៥% ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមាន២,៦៤៣ទីតាំង(៣៤,៩៥៧បន្ទប់) និងប៉ះពាល់បុគ្គលិក ២,០៨៧នាក់ស្មើនឹង១៩.៥% ធៀបនឹងបុគ្គលិកសរុប១០,៦៦៩ នាក់។
* ចំពោះភោជនីយដ្ឋាន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៣៧១ទីតាំង(១៧,០២៧កៅអី) ស្មើនឹង ១០.៨% ធៀបនឹងចំនួនភោជនីយដ្ឋានសរុបដែលមាន៣,៤១៥ទីតាំង(១៦៧,៦៣៨កៅអី)ប៉ះពាល់បុគ្គលិក ចំនួន៣,២០១នាក់ ស្មើនឹង១១.១១% ធៀបនឹងបុគ្គលិកសរុប២៨,៧៣៨ នាក់។
* ចំពោះទីភ្នាក់ងារទេសចរណ៍ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៤៧ទីតាំងស្មើនឹង៦.៤៧% ធៀបនឹងចំនួនអាជីវកម្មទីភ្នាក់ងារទេសចរណ៍សរុប៧២៦ទីតាំង ប៉ះពាល់បុគ្គលិក២០៨នាក់ស្មើនឹង៦%ធៀបនឹង បុគ្គលិកសរុប៣,៤៤៤ នាក់។
* ចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ បានព្យួរអាជ្ញាបណ្ណទេសចរណ៍នៅទូទាំងប្រទេសមានចំនួន៩៦នាក់ ស្មើនឹង១.៥% ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប៦,៤១៦នាក់។
* ចំពោះសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ(ខារ៉ាអូខេ រង្គសាលឌីស្កូតែក បៀហ្គាឌិន)ត្រូវបានបិទ អាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសមានចំនួន១,១៤៧ទីតាំង ប៉ះពាល់បុគ្គលិកសរុប១៨,២០៤នាក់។ ប្រភេទ សេវាកម្មខារ៉ាអូខេត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៨៨០ទីតាំង(ស្មើនឹង១០០%) និងប៉ះពាល់បុគ្គលិក សរុប១៤,១៦១នាក់ ប្រភេទសេវាកម្មរង្គសាលឌីស្កូតែកត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន២០០ទីតាំង (ស្មើនឹង១០០%)និងប៉ះពាល់បុគ្គលិកសរុប៣,០៧៨នាក់ ប្រភេទសេវាកម្មបៀហ្គាឌិនត្រូវបានបិទនៅទូទាំង ប្រទេសមានចំនួន៦៧ទីតាំង(ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប៩៦៥ នាក់។
* ចំពោះសេវាកម្មស្ប៉ានិងម៉ាស្សាត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៥៩០ទីតាំង(៤,៦៤៤គ្រែ) ស្មើនឹង៨៨%ធៀបនឹងចំនួនអាជីវកម្មស្ប៉ានិងម៉ាស្សាសរុបដែលមាន៦៦៨ទីតាំង(៥,២៩៣គ្រែ) ប៉ះពាល់បុគ្គលិក ចំនួន៥,៩៤៨នាក់ស្មើនឹង៩៥% ធៀបនឹងបុគ្គលិកសរុប៦,២៤៧ នាក់។
* ចំពោះអាជីវកម្មកីឡាទេសចរណ៍ (កីឡាប៊ូលីង អាងហែលទឹក ទូកកៃយ៉ាក់ បាឡុងបង្ហោះ ស្នូកឃ័រ ម៉ាស៊ីនហ្គេម) ត្រូវបានផ្អាកបណ្តោះអាសន្ននៅទូទាំងប្រទេសមានចំនួន២៣ទីតាំងស្មើនឹង៥០%ធៀបនឹងចំនួន អាជីវកម្មកីឡាទេសចរណ៍សរុប៤៦ទីតាំង និងប៉ះពាល់បុគ្គលិក៥១៨នាក់ស្មើនឹង២២%ធៀបនឹងបុគ្គលិកសរុប ២,៣២២នាក់[៧]។
បន្ថែមលើនេះទៀត ប្រជាពលរដ្ឋដែលកំពុងមានមុខរបរក្នុងលក្ខណៈជាសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ ម៉ូតូកង់បី នឹងអ្នកលក់ដូរកំបិកកំប៉ុក រទេះរុញ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុក៏កំពុងប្រឈម នឹងបញ្ហាថវិកានេះខ្លាំងដែរ។ នៅខេត្តសៀមរាបនិងខេត្តព្រះសីហនុពួកគេរកចំណូលបានម្នាក់ក្នុងមួយថ្ងៃជាមធ្យម ១ម៉ឺនរៀលប៉ុណ្ណោះ ខណៈលើកមុនចំណូលពួកគាត់ម្នាក់ក្នុង១ថ្ងៃយ៉ាងតិចបំផុតចំនួន៦ម៉ឺនរៀលគឺស្មើនឹង១៥ ដុល្លារ។ ដោយឡែកនៅភ្នំពេញវិញក្នុងមួយថ្ងៃពួកគេរកបានប្រមាណ២០ដុល្លារ តែពេលនេះបានធ្លាក់មកនៅត្រឹម ៣ម៉ឺនរៀលជាមធ្យម[៨]។ នេះមិនទាន់គិតពីអ្នកលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ក៍ដូចជាកម្មកររោងចក្រដែលត្រូវបាន ព្យួរការងារឬក៏បានបិទជាបន្តបន្ទាប់កន្លងមក។
ផលប៉ះពាល់ដែលបណ្តាលមកពីកូវីដ១៩ មានលក្ខណៈធំធេងទៅលើសេដ្ឋកិច្ចសង្គមជាច្រើនទៀត ។ សាលាត្រូវបានបិត ដោយក្រសួងអប់រំតម្រូវឱ្យសាលាទាំងនោះបង្រៀនតាមលក្ខណៈបច្ចេកវិទ្យាអនឡាន (E-Learning)។ មាតាបិតាសិស្សមួយចំនួនត្រូវជួបបញ្ហាសេដ្ឋកិច្ចមួយផ្នែក រីឯមួយផ្នែកទៀតត្រូវឆ្លៀតដើម្បីបង្ហាត់បង្ហាញ កូនតូចរបស់ខ្លួនក្នុងការរៀនតាមអនឡាននេះ ពួកគេនៅតូចមិនទាន់អាចធ្លាប់ទៅនឹងវិធីបង្រៀនតាមលក្ខណៈ បច្ចេកវិទ្យានេះទេ ដែលជាផលលំបាកមួយសម្រាប់មាតាបិតាគ្រប់រូប។ ប្រសិនបើឪពុកម្តាយទាំងនោះមានចំណេះ សមល្មមដើម្បីបង្ហាត់បង្ហាញកូនទាំងនោះមិនថ្វីទេ ប៉ុន្តែបើពួកគាត់ពុំសូវយល់ពីការប្រើប្រាស់បច្ចេកវិទ្យានោះនឹងជួប ការលំបាកកាន់តែខ្លាំងឡើងថែមទៀត។ ផលលំបាកមួយទៀតនោះគឺសម្រាប់សិស្សក្រីក្រនៅទីជនបទដាច់ ស្រយាលដែលគ្មានទូរទស្សន៍ គ្មានអ៊ិនធើណែតសម្រាប់ការសិក្សាពីចំងាយតាមលក្ខណៈបច្ចេកវិទ្យាទំនើបនេះ បានធ្វើអោយប៉ះពាល់ដល់ការសិក្សារបស់ពួកគេជាខ្លាំង។
ក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩។ ជំហានដំបូងគឺការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍។ បន្ទាប់មក គឺការគិតគូរដោះស្រាយពីផលប៉ះពាល់ផ្សេងៗមកលើសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ៣០០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់បម្រុងជួយគាំពារសង្គម និងសន្តិសុខស្បៀងក្នុងអំឡុងពេលវិបត្តិកូវីដ ១៩។ ក្រសួងសេដ្ឋកិច្ចបានបញ្ចេញ «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ជួយសម្រួលដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី។ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានធនាគារសហគ្រាសធុនតូចនិងមធ្យម (SMEs Bank) ដើម្បីសម្រាប់ផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធនតូចនិងមធ្យមដែលមានអត្រាការទាប ផ្តល់ជូនដល់អ្នកវិនិយោគ លើវិស័យSMEsត្រឹមតែ៧ភាគរយក្នុង១ឆ្នាំ ខណៈដែលមានដើមទុនដំបូងរបស់ធនាគារមានចំនួន១០០លាន ដុល្លារ។ រហូតមកដល់ពេលនេះមានសេចក្ដីរាយការណ៍ថាមានធនាគារចំនួន៣៣ទៀតបានបរិច្ចាគជួយដល់ធនាគារ SMEs។ ដូច្នេះធនាគារSMEsមានទុនចូលដល់១៥០លានដុល្លារ ដែលផ្ដល់ឲ្យកម្ចីក្នុងអត្រាការប្រាក់៧ភាគរយ។ ចំពោះឥណទាននេះផ្ដល់ឱកាសឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមទទួលឥណទានទុនបង្វិល២០ម៉ឺនដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៊ីន បានរហូតដល់៣០ម៉ឺនដុល្លារក្នុងមួយក្រុមហ៊ុន ។ រាជរដ្ឋាភិបាលក៏ បានគិតគូរទៅដល់អ្នកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរតាមរយៈមូលនិធិជួយសង្គម ទៅលើពលរដ្ឋ ដែលមានបណ្ណ័ក្រីក្រនិងជនដែលងាយរងគ្រោះ។
រីឯវិស័យទេសចរណ៍រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាអទិភាពជាបន្តបន្ទាប់ ដើម្បីសម្រាលការ លំបាកនិងជួយដល់វិស័យឯកជន កម្មករនិយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ១៩។ ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ទីភ្នាក់ងារទេសចរណ៍ដែលបានព្យួរឬនឹងត្រូវព្យួរដាក់ពាក្យ ស្នើសុំព្យួរកិច្ចសន្យាការងារនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមរយៈមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈរាជធានី-ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់រយៈពេលពីរខែពីរាជ រដ្ឋាភិបាល ដោយមិនភ្ជាប់លក្ខខណ្ឌតម្រូវឱ្យកម្មករនិយោជិតចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) រយៈពេលខ្លីដែលមានក្នុងវិធានការអន្តរាគមន៍ជុំទី១និងជុំទី២នោះទេ។ ចំពោះមុខអនុវត្តតែរាជធានីភ្នំពេញ ខេត្ត សៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត និងចំពោះតែអាជីវកម្មដែលបានដាក់ពាក្យព្យួរកិច្ចសន្យា ការងារស្របតាមការណែនាំរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតែប៉ុណ្ណោះ។
ស្របពេលនឹងស្ថានភាពនៅទំនេររបស់កម្មករនិយោជិត និងដើម្បីប្រែក្លាយស្ថានភាពប្រឈមបច្ចុប្បន្ន ជាឱកាសក្នុងការពង្រឹងនិងអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍និងសិស្សនិស្សិត ក្រសួងទេសចរណ៍បាននិង កំពុងជំរុញរៀបចំកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ សម្រាប់អ្នកបម្រើការនៅក្នុងវិស័យទេសចរណ៍ក៏ដូចជាសម្រាប់សិស្សនិស្សិតដែលសិក្សានៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចនិងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អាចសិក្សានៅគ្រប់ទីកន្លែងនិងគ្រប់ពេល វេលាបាន។
ក្នុងស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារជាតិ នៃកម្ពុជាស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជនដើម្បីជួយសម្រាល បន្ទុករបស់ពួកគាត់ ជាពិសេសបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួនរហូតដល់ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ[១០]។
ទោះបីជាមានការយកទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការទប់ទល់និងវិបត្តិផ្សេងៗកើតឡើងដោយជំងឺកូវីដ ១៩យ៉ាងណាក្តី ក៏ក្រុមហ៊ុនធុរកិច្ចជាច្រើនកំពុងប្រឈមមុខនឹងការជិតដួលរលំទាំងស្រុង បន្ទាប់ពីពួកគាត់បាន ព្យាយាមបន្តដំណើរការអជីវកម្ម ចាប់តាំងពីមានការធ្លាក់ចុះប្រាក់ចំណូលយ៉ាងធំធេង ចាប់តាំងពីដើមឆ្នាំ២០២០ កន្លងទៅ នេះបើតាម(លិខិតរបស់ក្រុមហ៊ុនធុរកិច្ចផ្ញើជូនទៅប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៤ខែ មេសាឆ្នាំ២០២០)។ លិខិតនេះបន្តទៀតថាទោះបីជារាជរដ្ឋាភិបាលនិងធនាគារជាតិកម្ពុជាបានជំរុញឱ្យម្ចាស់ជួល អចលនទ្រព្យនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់ការគាំទ្រ និងភាពបត់បែនកាន់តែច្រើនដល់ផ្នែកឯកជនយ៉ាងណា ក្តីប៉ុន្តែម្ចាស់ជួលអចលនទ្រព្យ និងស្ថាប័នទាំងនោះភាគច្រើនបដិសេធមិនអនុវត្តតាមការអំពាវនាវនេះឡើយ ដោយ សារតែការរំពឹងទុកមានលក្ខណៈមិនស្របតាមភាពជាក់ស្តែង។ ជាសំណូមពរក្រុមហ៊ុនធុរកិច្ចទាំងនោះបានស្នើ ដល់រាជរដ្ឋាភិបាលមេត្តាផ្តល់មូលនិធិចាំបាច់ដល់គ្រឹះស្ថានហិរញ្ញវត្ថុនិងធានាឥណទានអនុគ្រោះ ដើម្បីទប់ទល់នឹង ហានិភ័យនេះ[១១]។ វិធានការពិសេសទាំងនេះរួមមាន (ឥណទានដែលធានាដោយរាជរដ្ឋាភិបាលនិងការលើកលែង សារពើរពន្ធ) គឺជាមធ្យោបាយតែមួយ គត់ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងតែលិចលង់ តាមរយៈកិច្ច ខិតខំប្រឹងប្រែងរួមរបស់ភាគីពាក់ព័ន្ធទាំងអស់។ រាជរដ្ឋាភិបាលត្រូវជួយតាមរយៈការផ្តល់ការធានាចាំបាច់សម្រាប់ ឥណទាននិងលើកលែងចោលនូវចំណូល សារពើពន្ធ រីឯវិស័យឯកជនត្រូវជួយតាមរយៈការធ្វើកិច្ចសន្យាបំណុល និងប្តេជ្ញារក្សាចំនួនបុគ្គលិករបស់ខ្លួន ហើយជាការឆ្លើយតបបុគ្គលិកត្រូវជួយតាមរយៈការធ្វើការងារមិនពេញម៉ោង ។
មិនខុសគ្នាពីក្រុមហ៊ុនធុរកិច្ចជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា២លាន៥សែននាក់ កំពុង ជាប់បំណុលក្នុងធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុជាមួយអាត្រាកម្ចីជាមធ្យម៣៨០០ដុល្លារ។ គិតត្រឹមថ្ងៃទី០៩ខែ ឧសភាកន្លងទៅនេះមានប្រជាពលរដ្ឋជាអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុប្រមាណជា១០០,០០០នាក់ ដែលបាន ដាក់ពាក្យរៀបចំឥណទានឡើងវិញ បន្ទាប់ពីមានការណែនាំពីធនាគារជាតិនៃកម្ពុជា[១២]។រាជរដ្ឋាភិបាលនិង ធនាគារជាតិកម្ពុជាគួរស្វែងរកវិធីដែលជាក់លាក់ច្បាស់លាស់ងាយយល់ ដាក់ជូនស្ថានប័នធនាគារឯកជនក៏ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយ ដោះស្រាយបញ្ហាប្រឈមដែលពលរដ្ឋកំពុងជួបប្រទះឈរលើស្មារតីឈ្នះទាំងអស់គ្នា។ ជឿជាក់ថាទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋទូទៅនឹងឆ្លងផុតគ្រាលំបាកនេះនាពេលដ៏ខ្លីខាងមុខ។
សរុបសេចក្តីមក ផលប៉ះពាល់ដែលកើតឡើងដោយវិបត្តិជំងឺកូវីដ១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម ទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពុំទាន់អាចប៉ាន់ស្មានថាពេលណាដែលត្រូវបញ្ចប់។ កិច្ចខំប្រឹងប្រែងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺការរក្សាបាននូវសេចក្តីសុខ សុវត្ថិភាពសុខភាព ទប់ស្កាត់ការរីករាល ដាលនៃកូវីត១៩ទៅក្នុងសហគមន៍។ជំហានជាបន្តបន្ទាប់គឺត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិធានការផ្សេងៗដែលបាន ចេញដោយអង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូចជាការលាងដៃឱ្យ បានញឹកញាប់ខ្ជាប់ខ្ជួន ការរក្សាគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាសនៅពេលទៅកន្លែងដែលមានមនុស្ស ច្រើននិង វិធានការចាំបាច់ផ្សេងៗមួយចំនួនទៀត។ កិច្ចប្រជុំរបស់អង្គការទេសចរណ៍ពិភពលោកនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញដោយមានការចូលរួមពីលោក ហ្ស៊ូរ៉ាប់ ផូឡូលិក សាស្វីល្លី (Zurab Pololiksashvili)អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក តំណាង អង្គការសុខភាពពិភពលោក អង្គការអន្តរជាតិផ្សេងៗនិងបណ្ដាប្រទេសជាសមាជិកជាង១០០ប្រទេសរួមទាំង កម្ពុជាផងដែរ។អ្នកជំនាញនិងអង្គការទេសចរណ៍ពិភពលោកបានបង្ហាញអំពីដំណោះស្រាយមួយចំនួន ដែលរដ្ឋជា សមាជិកអាចពិចារណាដើម្បីដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និង ដំណាក់កាលក្រោយវិបត្តិ ក្នុងនោះរួមមានការអនុវត្តវិធានសុវត្ថិភាពអនាម័យសុខភាពស្របតាមវិធាននានាណែនាំ ដោយអង្គការសុខភាពពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការរៀបចំផែនការបន្ទាប់វិបត្តិនិងការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍កាន់តែខ្លាំងឡើង។ មិនថាវិស័យទេសចរណ៍ពិភពលោកឬ ទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលនេះគឺឆ្លងកាត់នៅភាពលំបាកដូចគ្នា។ ដើម្បីចូលរួមទប់ស្កាត់និងដោះស្រាយ បញ្ហាប្រឈមទាំងនេះក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែង បង្កើតស្តង់ដាថ្មីបន្ថែម ទៀតដូចជាស្តង់ដាសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍សហគមន៍-រមណីយដ្ឋាន ទេសចរណ៍ ដើម្បីបង្ហើបឱ្យមានសកម្មភាពទេសចរណ៍ឬចលនាទេសចរក្នុងប្រទេសឡើងវិញ ដែលធានាបាននូវសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់គ្នាជាដាច់ខាត។ ស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីនេះ នឹងមានការចេញប្រកាសឱ្យអនុវត្តជាផ្លូវការយ៉ាងយូរត្រឹមចុងខែឧសភាឆ្នាំ២០២០។ បន្ថែមទៀតក្រសួងក៏បាន និងកំពុងបង្កើតកម្មវិធីសិក្សាបង្រៀនជាលក្ខណៈអនឡាញ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សដែលកំពុង បម្រើក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានសមត្ថភាពប្រសើរជាងមុន ដើម្បីត្រៀមទទួលការត្រឡប់មកវិញនៃភ្ញៀវ ទេសចរគ្រប់ជាតិសាសន៍បន្ទាប់ពីវិបត្តិកូវីដ១៩។ មជ្ឈមណ្ឌល China Ready Center ដែលមានការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ នឹងត្រៀមបង្កើតនៅរាជបណ្ឌិត្យសភាកម្ពុជាដើម្បីសិក្សាស្រាវជ្រាវនិងរៀបចំ យុទ្ធសាស្រ្តថ្មីៗទទួលការត្រឡប់មកវិញនៃទេសចរចិន។ ការពង្រឹងបន្ថែមទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ភាពស្អាតនៃផ្លូវធ្វើដំណើរ ភាពស្អាតនៃចំណីអាហារ ភាពស្អាតកន្លែងស្នាក់នៅ ភាពស្អាតនៃស្នាមញញឹមរួសរាយ រាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ភាពស្អាតនៃតម្លៃសេវាកម្មផ្សេងៗ ភាពស្អាតនៃតំបន់រមណីយដ្ឋានទេសចរណ៍ ប្រកបដោយភាពទាក់ទាញច្នៃប្រឌិត ដែលទាំងនេះកើតឡើងពីស្ថាបន័រដ្ឋ ឯកជន សហគមន៍ព្រមទាំងប្រជាពលរដ្ឋ ទូទៅត្រូវតែចូលរួមទាំងអស់គ្នា ព្រមទាំងមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ផងដែរ។ ក្រសួងទេសចរណ៍គួរតែ ត្រៀមកញ្ចប់ថវិកាដើម្បីត្រៀមផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក នៅពេលដែលវិបត្តិកូវីដ១៩បាន បញ្ចប់។ ប្រសិនបើស្ថានភាពវិបត្តិនេះនៅបន្តរយៈពេលយូរទៀតក្រសួងទេសចរណ៍កម្ពុជាគួរតែស្នើទៅអង្គការ ទេសចរណ៍ពិភពលោកដើម្បីរកចំណុចរួមមួយក្នុងការសម្រាលនិងស្រោចស្រង់ដល់វិស័យនេះ ដូចជាការចេញ បណ្ណធ្វើដំណើរដល់ពលរដ្ឋណាដែលគ្មានជំងឺកូវីដ១៩អាចធ្វើដំណើរទូទាំងពិភពលោកបាន។ វិបត្តិកូវីដ១៩បាន ផ្តល់ឱកាសដល់វិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើងជាងមុន ដោយរាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ ថវិកាដើម្បីជួយទ្រទ្រង់ដល់វិស័យនេះឱ្យមានដំណើរការកាន់តែល្អប្រសើរដើម្បីផ្គត់ផ្គង់ស្បៀងសម្រាប់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់។ បន្ថែមលើនេះរដ្ឋក៏មានវិធានការផ្សេងៗក្នុងការទប់ស្កាត់ផលិតផលកសិកម្មដែលនាំចូលពីបណ្តា ប្រទេសជិតខាងផងដែរ។ វិស័យកសិកម្មនឹងកាន់តែខ្លាំងជាងមុននៅពេលដែលវិបត្តិកូវីតត្រូវបានបញ្ចប់ ហើយក៏ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលកំពុងតែប្រឈមនឹងបញ្ហាកូវីដ១៩នេះដែរ ប៉ុន្តែទាមទារអោយស្ថាប័ន ពាក់ព័ន្ធត្រូវមានយន្តការនិងផែនការច្បាស់លាស់។ ភាពធ្លុះធ្លាយសេដ្ឋកិច្ចដែលកើតឡើងពីការនាំចូលផលិតផលកសិកម្មផ្សេងៗសម្រាប់បម្រើដល់វិស័យទេសចរណ៍នឹងត្រូវកាត់បន្ថយ នៅពេលដែលដំណើរការទេសចរណ៍ជាតិ និងអន្តរជាតិចាប់ផ្តើមឡើងវិញ។ បទពិសោធន៍មួយទៀតដែលបង្រៀនប្រជាពលរដ្ឋកម្ពុជានាអំឡុងពេលវិបត្តិកូវីដ ១៩គឺការជំរុញឱ្យពលរដ្ឋគ្រប់រូបដើរឱ្យទាន់បច្ចេកវិទ្យា៤.០ រាប់ទាំងការធ្វើការពីចម្ងាយ ការរៀនតាមអនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យាចាំបាច់ផ្សេងៗជាច្រើនទៀត៕
ឯកសារពិគ្រោះ
១. www.worldometers.info ចេញផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០
២. www.thmeythmey.com/ ចុះផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០
៣. World tourism organization, impact assessment of the COVID-19 outbreak on international tourism, 24 march 2020.
៤. https://thmeythmey.com/ចុះផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០
៥.https://thmeythmey.com/ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០
៦. Ministry of Tourism, tourism statistics report in March 2020
៧. http://freshnewsasia.com/ ចេញផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០
៨. http://www.rfi.fr/km ផ្សាយថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០
៩. http://freshnewsasia.com/ផ្សាយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០
១០. សេចក្តីប្រកាសរបស់ ធនាគារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០
១១. http://www.rfi.fr/km/ ផ្សាយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០
១២. លិខិតសមាគមន៍ក្រុមហ៊ុនធុរកិច្ចជាតិនិងអន្តរជាតិ ផ្ញើជូនប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០៕
នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព KEI-RAC-LASES-VASS ល...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងសិក្ខាសាលារួមគ្នាដែលរៀបចំដោយវិទ្យាស្ថានបរិស្ថានកូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងស...
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំព...
ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស...
រយៈពេលកន្លងទៅនេះ មានការលើកឡើងនូវទស្សនៈផ្ទុយគ្នាអំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានទស្សនៈនយោបាយមួយចំនួន ដែលអ្នកនយោបាយបានដុតរោលបញ្ហានេះ ដើម្បីបំភ័ន្តសាធារណៈមតិកម្ពុជាថា ការច...