Royal Academy of Cambodia
បញ្ហាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសនីមួយៗ ពិតជាស្មុគស្មាញមិនថា ប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែប្រកាន់ជំហរការពារអធិបតេយ្យភាពរបស់ជាតិរៀងៗខ្លួន និងចង់កសាងក៏ដូចជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងពិភពលោក។ ប្រទេសនីមួយៗបានកំណត់គោលដៅនៃគោលនយោបាយការបរទេសរបស់ខ្លួនច្បាស់លាស់ក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗទៀត។ យ៉ាងណាមិញ ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស មិនប្រាកដថា មិនមានបញ្ហានោះទេ ពោលគឺតែងតែជួបបញ្ហាផ្អែមល្ហែម និងជូរចត់ចៀសមិនផុតឡើយ។ ប្រទេសមួយចំនួន ពេលខ្លះត្រូវបានគេមើលឃើញថា បានកំពុងតែលូកលាន់កិច្ចការផ្ទៃក្នុង ឬគាំទ្រក្រុម ឬប្រទេសមួយដើម្បីវាយប្រហារក្រុម ឬប្រទេសមួយផ្សេងទៀត និងចង់បង្ហាញឥទ្ធិពលរបស់ខ្លួន។ តួយ៉ាងដូចជា សង្គ្រាមស៊ីវិលដែលកំពុងតែបំផ្លិចបំផ្លាញនៅប្រទេសស៊ីរីបានអូសទាញបរទេសមួយចំនួន ជាពិសេសប្រទេសរុស្ស៊ី តួកគី និងសហរដ្ឋអាម៉េរិកឱ្យចូលពាក់ព័ន្ធក្នុងសង្គ្រាមនេះ ចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ ដែលរហូតដល់បច្ចុប្បន្ននៅមិនទាន់ចប់នៅឡើយ។ តើស្ថានភាពទំនាក់ទំនងប្រទេសតួកគី-រុស្ស៊ី-សហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីនឹងទៅជាយ៉ាងណា? ហើយប្រទេសទាំងបីចង់បានអ្វីក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីនេះ?
យោងតាមគេហទំព័របរទេសបានចុះផ្សាយថា ចាប់តាំងពីប្រទេសស៊ីរីមានជម្លោះក្នុងឆ្នាំ២០១១មក ប្រទេសតួកគីបានធ្វើអន្តរាគមន៍ផ្នែកការទូតនិងយោធា ដោយថ្កោលទោសរដ្ឋាភិបាលស៊ីរីនិងបានគាំទ្រក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរីថែមទៀត។ ជាមួយគ្នានេះដែរ សហរដ្ឋអាម៉េរិកក៏បានជួយគាំទ្រដល់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាម៉េរិកហាក់មានភាពល្អប្រសើរ ព្រោះបានដើរលើផ្លូវតែមួយជាមួយគ្នា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាដោយប្រធានាធិបតីអូបាម៉ា និងលោកនាយករដ្ឋមន្រ្តីអ៊ឺដូហ្គែននៃប្រទេសតួកគីកាលពីឆ្នាំ២០១៣ នៅឯសេតវិមាននៃសហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ពីសារសំខាន់នៃការសម្រេចបាននូវស្ថិរភាពនៅប្រទេសស៊ីរី។ ដោយឡែក លោក អូបាម៉ា បានថ្លែងថា «សហរដ្ឋអាម៉េរិកបានឈរជាមួយអ្នកក្នុងការស្វែងរកសន្តិសុខដ៏យូរអង្វែង យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសតួកគី ដើម្បីគាំទ្រដល់ច្បាប់ និងអភិបាលកិច្ចល្អនិងសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។ ទីបំផុតយើងបានចំណាយពេលវេលាជាច្រើនទៅលើបញ្ហាមួយ ដែលបានជះឥទ្ធិពលដល់តំបន់នោះ គឺបញ្ហានៅប្រទេសស៊ីរី។ សហរដ្ឋអាម៉េរិកនឹងបន្តជួយដល់ប្រទេសក្នុងតំបន់រួមទាំងប្រទេសតួកគី ដោយចូលរួមចំណែកក្នុងនាមជាម្ចាស់ជំនួយដ៏ធំនៃជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរីរួមទាំងជនភៀសខ្លួនទាំងនោះនៅក្នុងប្រទេសតួកគី ហើយយើងនឹងបន្តធ្វើការជាមួយដៃគូតួកគីដើម្បីផ្តល់ស្បៀងអាហារជំរកនិងថ្នាំពេទ្យដែលត្រូវការដើម្បីជួយសង្គ្រោះអាយុជីវិត។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាម៉េរិកនឹងបន្តបង្កើនសម្ពាធលើរបបអាសាដនិងធ្វើការជាមួយក្រុមប្រឆាំងស៊ីរី។ ប្រទេសតួកគីបានឈរនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៅប្រទេសស៊ីរីដែលគ្មានប្រជាធិបតេយ្យ និងដោយគ្មានលោកបាសាអាល់អាសាដ។ សហរដ្ឋអាម៉េរិកនិងប្រទេសតួកគីបានឯកភាពថារបបអាសាដត្រូវតែចប់។
បើយើងក្រឡេកមើលអំពីទំនាក់ទំនងរវាងប្រទេសតួកគី និងរុស្ស៊ីវិញ តាមរយៈគេហទំព័រ Global security បានឱ្យដឹងថា ក្នុងឆ្នាំ២០១៣ ប្រទេសរុស្ស៊ី និងតួកគីមិនមែនមើលមុខគ្នាមិនចំនោះទេ ព្រោះប្រទេសទាំងពីរចង់ស្តារសន្តិភាពឡើងវិញនៅប្រទេសស៊ីរី។ ទំនាក់ទំនងប្រទេសទាំងពីរមានភាពជិតស្និទ្ធ ទាំងសេដ្ឋកិច្ច និងនយោបាយ។ រហូតមកដល់ឆ្នាំ២០១៥ ទំនាក់ទំនងប្រទេសទាំងពីរចាប់ផ្តើមល្អក់កករនឹងគ្នា បន្ទាប់ពីប្រទេសតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី។ បញ្ហានេះបានអូសបន្លាយរហូតដល់ឆ្នាំ២០១៧ ទើបទំនាក់ទំនងប្រទេសទាំងពីរបានវិលត្រឡប់មកជាធម្មតាឡើងវិញ និងបានធ្វើកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ព្រមទាំងថាមពលពីប្រទេសរុស្ស៊ីទៀតផង។
សូមបញ្ជាក់ថា ការសម្រេចិត្តទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី គឺបន្ទាប់ពីប្រទេសតួកគីខឹងនឹងសហរដ្ឋអាម៉េរិក ដែលមិនបានធ្វើបត្យាប័នបញ្ជូន អាចារ្យកាតូលិកម្នាក់ឈ្មោះ Fethullah Gulen ដែលត្រូវបាន លោក អ៊ឺដូហ្គែនចោទប្រកាន់ថាជាអ្នករៀបចំគម្រោងរដ្ឋប្រហារកាលពីឆ្នាំ២០១៦ និងដោយសារតែសហរដ្ឋអាម៉េរិកដកប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ុតចេញពីប្រទេសតួកគី នេះបើយោងតាមលោក Mark Lowen ភ្នាក់ងារ BBC ប្រចាំនៅតួកគី។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសតួកគីបានជំទាស់នឹងសហរដ្ឋអាម៉េរិកដែលបានគាំទ្រផ្នែកយោធាដល់ក្រុមឧទ្ទាមឃឺដនៅប្រទេសស៊ីរី ដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមឃឺដនៅប្រទេសតួកគី។ រីឯ សហរដ្ឋអាម៉េរិកក៏មិនសប្បាយចិត្តជាមួយនឹងតួកគីដែលបានទិញ S-400 ពីរុស្ស៊ី ដែលជាហេតុធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងប្រទេសតួកគីមានភាពរអាក់រអួល។
លើសពីនេះទៀត តាមរយៈការចេញផ្សាយរបស់គហទំព័រ RFE ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានឱ្យដឹងថា លោកប្រធានាធិបតីតួកគី បានព្រមានសេតវិមានប្រឆាំងនឹងផែនការបំពាក់អាវុធដល់ក្រុមយុទ្ធជនសកម្មប្រយុទ្ធឃឺដនៅក្នុងប្រទេសស៊ីរី បើទោះបីជាលោកបានប្រាប់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថា លោកចង់ជួសជុលទំនាក់ទំនងដែលមានភាពតានតឹងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរក៏ដោយ។
អ្វីដែលកើតឡើងគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាម៉េរិកនោះ គឺសហរដ្ឋអាម៉េរិកចង់ឱ្យប្រទេសតួកគីបោះបង់ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី។ ជាការឆ្លើយតប លោក Erdogan បានលើកឡើងថាសម្ពាធរបស់សហរដ្ឋអាម៉េរិកក្នុងការកម្ចាត់ S-400 គឺជាការរំលោភសិទ្ធិអធិបតេយ្យរបស់ប្រទេសតួកគី។ បញ្ហានេះ សហរដ្ឋអាម៉េរិក បានព្រមានពីការដាក់ទណ្ឌកម្មលើប្រទេសតួកគី។ លោក Trump បានប្រាប់លោក Erdogan ថា សហរដ្ឋអាម៉េរិកត្រៀមលក់ប្រព័ន្ធមីស៊ីប៉ាទ្រីយ៉ូតរបស់សហរដ្ឋអាម៉េរិកឱ្យ ប្រសិនបើតួកគីទម្លាក់ប្រព័ន្ធ S-400 របស់រុស្ស៊ីចោល ពីព្រោះប្រព័ន្ធនេះមិនត្រូវគ្នានឹងប្រព័ន្ធការពារណាតូនិងបង្កការគំរាមកំហែងដល់យន្តហោះប្រយុទ្ធបំបាំងកាយ F-35 នេះបើយោងតាមគេហទំព័រ Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។
ថ្វីបើទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាម៉េរិកមិនទាន់បានល្អប្រសើរយ៉ាងក៏ដោយ ក៏ថ្មីៗនេះ ប្រទេសតួកគីហាក់មានភាពតានតឹងខ្លាំងឡើងជាមួយប្រទេសរុស្ស៊ីនៅក្នុងខេត្តអ៊ីដលីបនៃប្រទេសស៊ីរី។ ប៉ុន្តែ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងភាគីទាំងពីរ ភាគីទាំងពីរបានជំរុញឱ្យមានការចរចាជាច្រើនលើកច្រើនសារ ជាពិសេសកិច្ចពិភាក្សាគ្នារយៈពេលជិត៦ម៉ោង នៅទីក្រុងមូស្គូរវាងប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីតួកគី លោក អ៊ឺដូហ្គែន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានសម្រេចឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ បង្កើតច្រករបៀងសន្តិសុខរួមគ្នាដោយធ្វើល្បាតរួមគ្នារវាងប្រទេសរុស្ស៊ី-តួកគី។ សូមបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងតួកគីបានព្រមព្រៀងលើបទឈប់បាញ់គ្នាមួយសម្រាប់ប្រទេសស៊ីរី ហើយប្រទេសរុស្ស៊ីបានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្របទឈប់បាញ់គ្នានេះ។ ផ្ទុយទៅវិញ សហរដ្ឋអាម៉េរិក ដែលជាប្រទេសមានសិទ្ធិវេតូបែរជាបដិសេធនិងបានហៅបទឈប់បាញ់នេះថា«មិនទាន់ពេញវ័យ»ទៅវិញ។
ដោយឡែកទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាម៉េរិកក្នុងជម្លោះស៊ីរីវិញ បើផ្អែកតាមគេហទំព័រ Motherjone ចុះផ្សាយកាលពីឆ្នាំ២០១៩នេះ បាននិយាយាថា ទាំងប្រទេសរុស្ស៊ី ទាំងសហរដ្ឋអាម៉េរិក សុទ្ធតែមានគំនិតផ្ទុយគ្នាអំពីជម្លោះនៅប្រទេសស៊ីរី ព្រោះប្រទេសរុស្ស៊ីមិនចង់ឱ្យមានការផ្លាស់ប្តូររបបលោកបាស្សា អាល់អាសាដ ដោយលោកខាងលិចទេ។ មិនតែប៉ុណ្ណោះ ប្រទេសរុស្ស៊ីថែមទាំងបានគាំទ្រយ៉ាងពេញទំហឹងជួយដល់រដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយលោកបាស្សា អាល់អាសាដទៀតផង រួមមាន នយោបាយ បច្ចេកទេស ហិរញ្ញវត្ថុ និងយោធា ដើម្បីទប់ទល់នឹងកងកម្លាំងឧទ្ទាមប្រឆាំងរបបលោកបាស្សា អាល់អាសាដ។ រីឯ សហរដ្ឋអាម៉េរិក ក៏បានជួយដល់ក្រុមឧទ្ទាមនៃកងទ័ពស៊ីរីសេរីនូវជំនួយដែលមិនបង្កគ្រោះថ្នាក់រួមមានរបបអាហារ និងរថយន្តដឹកទំនិញ ផ្តល់ការបណ្តុះបណ្តាល ផ្តល់ហិរញ្ញវត្ថុ និងស៊ើបការណ៍សម្ងាត់ឱ្យក្រុមឧទ្ទាមស៊ីរីមួយចំនួនដែលខ្លួនបានជ្រើសរើស។ ប៉ុន្តែមហាអំណាចទាំងពីរមានគោលដៅរួមគ្នាមួយគឺជំរុញឱ្យមានដំណើរសន្តិភាព និងកម្ចាត់ ISIS (Islamic State of Iraq and Syria)។
នៅឆ្នាំ២០១៣ សហរដ្ឋអាម៉េរិក និងរុស្ស៊ីបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការប្រឆាំងនឹងអំពើភេរវកម្ម រួមមានការផ្លាស់ប្តូរព័ត៌មានរវាងស្ថាប័នស៊ើបការណ៍សម្ងាត់និងធ្វើប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា ក៏ដូចជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីកាត់បន្ថយ ហានិភ័យនៃជម្លោះនៅក្នុងពិភពអ៊ីនធឺណិតនិងការចុះហត្ថលេខាលើកម្មវិធីប្រឆាំងនឹងអំពើភេរវកម្ម។
នៅឆ្នាំ២០១៥ សហរដ្ឋអាម៉េរិកនិងប្រទេសរុស្ស៊ីក៏ចាប់ផ្តើមទំនាក់ទំនងយោធាឡើងវិញដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។ ជាមួយគ្នានេះដែរ លោក អូបាម៉ា និងលោក ពូទីន បានជួបគ្នានៅទីក្រុងញូវយ៉កពិភាក្សាពីមធ្យោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ ប៉ុន្តែ សហរដ្ឋអាម៉េរិកបានច្រានចោលកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមប្រទេសស៊ីរី។
បើយោងតាមគេហទំព័រ The guardian ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីមានការវាយប្រហារមីស៊ីលរបស់សហរដ្ឋអាម៉េរិកចំនួន៥៩គ្រាប់ទៅលើប្រទេសស៊ីរី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងប្រទេសរុស្សីអាចនឹងធ្លាក់ចុះគ្រប់ពេល។ វាចាំបាច់ត្រូវសងសឹកចំពោះការវាយប្រហារដោយអាវុធគីមី ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់រួមទាំងកុមារផង។ នៅក្នុងខែកក្កដា ឆ្នាំ២០១៧ សហរដ្ឋអាម៉េរិកក៏បានប្រកាសផ្តាច់ជំនួយយោធាដល់ក្រុមឧទ្ទាមស៊ីរី។
តាមការចុះផ្សាយរបស់គេហទំព័រ USA Today ចេញផ្សាយថ្ងៃទី ១៩ ខែធ្នូ ២០១៨ បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យដកទ័ពរបស់សហរដ្ឋអាម៉េរិកចេញពីប្រទេសស៊ីរី និងបានប្រកាសថា «យើងទទួលបានជ័យជំនះលើពួក ISIS ហើយ»។ ចំណែកឯប្រទេសរុស្ស៊ីវិញ អ្នកនាំពាក្យរដ្ឋមន្តី្រការបទេសរុស្ស៊ីបានសាទរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ហើយលោក បាននិយាយថា «ការសម្រេចចិត្តដកទ័ពសហរដ្ឋអាម៉េរិកចេញប្រទេសពីស៊ីរីនេះ អាចជួយបង្កើតទស្សនវិស័យពិតមួយ សម្រាប់ដំណោះស្រាយនយោបាយនៅប្រទេសស៊ីរីយ៉ាងពិតប្រាកដ។ រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិកបានដើរតួនាទីតិចតួចបំផុតនៅក្នុងជម្លោះនៅប្រទេសស៊ីរី ក្រៅពីការផ្តល់ជំនួយមនុស្សធម៌។
តើទាំងសហរដ្ឋអាម៉េរិក ទាំងប្រទេសតួកគី និងរុស្ស៊ី ដែលពាក់ព័ន្ធក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីគឺដើម្បីអ្វី?
យោងតាមការចេញផ្សាយរបស់គេហទំព័រ DW នៃប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា ការណ៍ដែលសហរដ្ឋអាម៉េរិកបើកប្រតិបត្កិការក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ព្រោះសហរដ្ឋអាម៉េរិកចង់បំផ្លាញ ISIS។ សហរដ្ឋអាម៉េរិកមានទំនាក់ទំនងតិចតួចជាមួយប្រទេសស៊ីរី ក្រៅពីការចង់សម្លាប់ក្រុម ISIS នោះទេ។ សហរដ្ឋអាម៉េរិកក៏ចង់ព្យាយាមរារាំងប្រទេសអ៊ីរ៉ង់និងកងជីវពលហេសបូឡាហ៍លីបង់ (The Lebanese Shiite militia Hezbollah) ពីការបង្កើតវត្តមានអចិន្រ្តៃយ៍នៅក្នុងប្រទេសស៊ីរី ដែលអាចគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែលដែរ។
ចំពោះ ប្រទេសរុស្ស៊ីវិញ គឺចង់រក្សារដ្ឋាភិបាលរបស់លោកអាសាដ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន និងរក្សាអំណាចនិងឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ានេះ ពោលគឺចង់ឱ្យសង្គា្រមស៊ីរីជាផ្នែកសំខាន់មួយនៃការបង្កើតប្រទេសរុស្ស៊ីជាមហាអំណាចនៅមជ្ឈិមបូព៌ា។ ព្រមទាំងចង់រក្សាមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយនៅខេត្តភាគខាងលិចនៃខេត្ត Latakia និងមូលដ្ឋានកងទ័ពជើងទឹកនៅទីក្រុងកំពង់ផែTartus នៃប្រទេសស៊ីរី។ ជាពិសេសប្រទេសរុស្ស៊ីមានបំណងប្រើសង្គ្រាមនៅប្រទេសស៊ីរីនេះ ដើម្បីបង្ហាញថាប្រទេសរុស្ស៊ីនៅតែអាចជារដ្ឋ ដែលមានឥទ្ធិពលនិងសំខាន់នៅក្នុងប្រព័ន្ធអន្តរជាតិ។
រីឯប្រទេសតួកគី ដែលខ្លួនជាប្រទេសមានកងកម្លាំងយោធាធំទី២របស់អង្គការណាតូ គឺចង់រារាំងការទទួលបានទឹកដីឃឺដរបស់ប្រទេសស៊ីរី និងរារាំងពួកគេពីការទទួលបានស្វ័យភាពក្នុងការតាំងទីលំនៅក្រោយសង្គ្រាម។ ប្រទេសតួកគី បង្ហាញថាយុទ្ធជនឃឺដស៊ីរីត្រូវបានចងភ្ជាប់ទៅនឹងគណបក្សពលករឃឺដ ដែលបានប្រយុទ្ធក្នុងសង្គ្រាមជាង៣ទសវត្សរ៍នៅប្រទេសតួកគី ហើយដែលប្រទេសតួកគីក៏ដូចជាសហគមន៍អឺរ៉ុបនិងសហរដ្ឋអាម៉េរិក ចាត់ទុកថា ក្រុមនេះជាក្រុមភេរវកម្ម។ ប្រទេសតួកគីក៏ចង់បានតំបន់អ៊ីដលីប (Idlib) ដែលគេហៅថា តំបន់មានសុវត្ថិភាពស្របច្បាប់នៅភាគខាងជើងប្រទេសស៊ីរី ហើយបានជំរុញឱ្យសហរដ្ឋអាម៉េរិករំសាយកងជីវពលឃឺដ។ លើសពីនេះទៀត តួកគីចង់ក្លាយជាប្រទេសមានឥទ្ធិពលក្នុងតំបន់នេះដែលគេមើលទៅមិនអាចទៅរួចក្រៅពីរុស្ស៊ីនិងអាម៉េរិក។
ជារួម ទំនាក់ទំនងគ្នារវាងប្រទេសទាំងបី ជាមួយសង្គ្រាមស៊ីវិលនៅស៊ីរីនេះ ទាំងតួកគី ក៏ដូចជា សហរដ្ឋអាម៉េរិក និងរុស្ស៊ី ទោះបីជា ពេលខ្លះមានការខ្វែងគំនិតគ្នានិងពេលខ្លះទៀតមានគោលដៅរួមគ្នា ក៏ព្រោះតែប្រទេសនីមួយៗគិតតែដើម្បីផលប្រយោជន៍រៀងខ្លួន។ ជាអាទិ៍ដូចជា សហរដ្ឋអាម៉េរិក និងប្រទេសតួកគីមានទំនាក់ទំនងល្អជាមួយគ្នាដោយសារខ្លួនមានគោលដៅរួមគ្នាចំពោះរឿងប្រទេសស៊ីរី។ ចំពោះប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិក មានទំនាក់ទំនងល្អ ក៏ព្រោះតែប្រទេសទាំងពីរនេះមានគោលបំណងដូចគ្នាចង់កម្ទេច ISIS ថ្វីបើមានការខ្វែងគំនិតគ្នាដោយសហរដ្ឋអាម៉េរិកចង់ផ្លាស់ប្តូររបបអាសាដ និងប្រទេសរុស្ស៊ីចង់រក្សារបបអាសាដក៏ដោយ។ ប្រទេសទាំងពីរនេះតែងតែដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកព្រោះតែជំហរផ្ទុយគ្នា។ ដោយឡែកចំពោះទំនាក់ទំនងប្រទេសតួកគីនិងប្រទេសរុស្សីវិញពេលខ្លះមានទំនាក់ទំនងមិនល្អ ពេលខ្លះមានទំនាក់ទំនងល្អ។ ប្រទេសតួកគីពេលមិនសប្បាយចិត្តជាមួយសហរដ្ឋអាម៉េរិកងាកទៅទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី និងពេលខ្លះមិនសប្បាយចិត្តនឹងប្រទេសរុស្ស៊ីងាកទៅទំនាក់ទំនងសហរដ្ឋអាម៉េរិកវិញ។
យ៉ាងណាក៏ដោយ ប្រទេសទាំងបីសុទ្ធតែមានគោលបំណងរបស់ខ្លួនច្បាស់លាស់ជាមួយសង្គ្រាមស៊ីវិលនៅស៊ីរី ទោះតិចក្តី ឬច្រើនក្តី ដើម្បីបង្ហាញថាប្រទេសរបស់ខ្លួនជាប្រទេសមហាអំណាច ឬ ប្រទេសរបស់ខ្លួនមានកម្លាំងយោធាខ្លាំង និងសេដ្ឋកិច្ចខ្លាំងក្នុងការស្វែងរកតុល្យភាពអំណាចនៅតំបន់មជ្ឈិមបូព៌ានេះផងដែរ៕
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...