ព័ត៌មាន

«ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-03-03 04:59:33 ថ្ងៃអង្គារ, 03 មីនា 2020, 04:59 AM
post_detail

ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិតយុទ្ធសាស្រ្តថ្មី តាមរយៈការធ្វើកំណែទម្រង់និងការបើកចំហរបស់ខ្លួន។ ព្រមជាមួយគ្នានោះបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានធ្វើសកម្មភាព ទប់ស្កាត់ប្រទេសចិនក្នុងក្របខណ្ឌថ្មីនៃការកើនឡើងនូវឥទ្ធិពលនៅក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន។ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកមានគោលបំណងការពារប្រឆាំងនឹងឥរិយាបថគោលនយោបាយសន្តិសុខរបស់ចិន។

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ អ៊ីស អេស៊ា ហ្វ័ររ៉ុម កាលពីថ្ងៃទី២៣ ខែសភា ឆ្នាំ ២០១៨ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានណែនាំនិងគាំទ្រដោយប្រទេសផ្សេងៗខាងលើ ប៉ុន្តែមិនមែនប្រទេសចិនទេ។ លោក ស៊ីនហ្សូអាបេ បានកោតសរសើរគោលនយោបាយ «សកម្មភាពឆ្ពោះទៅទិសខាងកើត» របស់ឥណ្ឌា។ អ្នកសិក្សាជនជាតិចិនជឿជាក់ថា ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក យុទ្ធសាស្ត្រថ្មី គឺមានភាពចាំបាច់ ដោយសារវប្បធម៌យុទ្ធសាស្ត្រនិងតម្រូវការនៃតុល្យភាពអំណាចរបស់សហរដ្ឋអាម៉េរិក។

មេដឹកនាំអាស៊ានបានឯកភាពថា អាស៊ានត្រូវការចក្ខុវិស័យផ្ទាល់ខ្លួនសម្រាប់សណ្តាប់ធ្នាប់ក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកកក្នុងខែមិថុនា ឆ្នាំ២០១៩។ ប៉ុន្តែបញ្ហាប្រឈមជាយុទ្ធសាស្រ្តដែលអាស៊ានកំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺខុសគ្នាពីអតីតកាល ហើយបញ្ហាប្រឈមផ្សេងៗគ្នានេះក៏ត្រូវការការឆ្លើយតបខុសគ្នាដែរ។ អាស៊ានសង្ឃឹមថា ចក្ខុវិស័យខុសគ្នាមួយនឹងផ្សះផ្សានូវទស្សនវិស័យប្រកួតប្រជែងនៃបទបញ្ជាក្នុងតំបន់ ដែលត្រូវបានគាំទ្រដោយប្រទេសមហាអំណាច។ ការទទួលយកទស្សនវិស័យនេះនឹងរម្លឹកអាស៊ាននិងមហាអំណាចក្រៅតំបន់ នូវសារដ៏សាមញ្ញមួយ គឺជាសមត្ថភាពក្នុងការបង្ហាញតួនាទីរបស់ខ្លួនក្នុងចំណោមប្រទេសមហាអំណាច។ យោងតាមអំណះអំណាងក្នុងអំឡុងសង្រ្គាមត្រជាក់ អាស៊ានជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព (ZOPFAN)។

សព្វថ្ងៃ ប្រជាជនឥណ្ឌូនេស៊ី បានចាប់ផ្តើមព្រួយបារម្ភអំពីសន្តិភាពនិងស្ថិរភាពនៅអាស៊ីអាគ្នេយ៍នាពេលអនាគត គឺអាស៊ានបានបង្ហាញខ្លួននៅក្នុងស្ថានភាពថ្មី។ ពិភពលោកកំពុងតែពិបាកកំណត់ពីរបៀបដែលរដ្ឋមានឥរិយាបថឆ្ពោះទៅរកគ្នា។ ប្រទេសចិនកំពុងតែក្លាយទៅជាមហាអំណាចមួយដែលមានអំណាចខ្លាំងយ៉ាងឆាប់រហ័ស ដែលជាកត្តាជំរុញឱ្យសហរដ្ឋអាម៉េរិកកំពុងព្យាយាមរក្សានិរន្តរភាពរបស់ខ្លួននៅលើពិភពលោកតាំងពីឆ្នាំ១៩៤៥។ មានការវិវត្តចំនួនបីដែលបានលេចចេញពីដំណើរនៃការផ្លាស់ប្តូរនេះគឺ ទីមួយ ល្បែងថាមពលដ៏អស្ចារ្យកំពុងវិលត្រឡប់មកអាស៊ីអាគ្នេយ៍វិញ។ ទីពីរ អនាគតនៃអាស៊ីអាគ្នេយ៍ត្រូវបានកំណត់កាន់តែខ្លាំងឡើងដោយរបៀបដែលមហាអំណាចក្រៅតំបន់ធ្វើអន្តរកម្មជាមួយ។ ហើយទីបី មហាអំណាចក្រៅតំបន់សំខាន់ៗកំពុងចាប់ផ្តើមលើកកម្ពស់ចក្ខុវិស័យផ្ទាល់ខ្លួនស្ដីអំពីសណ្តាប់ធ្នាប់ក្នុងតំបន់។

ចក្ខុវិស័យរបស់អាស៊ាន គឺនឹងបន្តរក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងនិម្មាបនកម្មក្នុងតំបន់ដែលកំពុងវិវត្តនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញរបស់ខ្លួន និងបន្តធ្វើជា «ឈ្មួញកណ្តាលដ៏ស្មោះត្រង់នៅក្នុងបរិយាកាសយុទ្ធសាស្ត្រនៃផលប្រយោជន៍ប្រកួតប្រជែង»។ តម្លៃរបស់អាស៊ាន គឺការរួមចំណែកយ៉ាងធំធេងដល់ស្ថិរភាពនិងវិបុលភាពក្នុងតំបន់តាំងពីឆ្នាំ១៩៦៧ ហើយក៏បានបង្កើតអង្គការតំបន់មួយផ្សេងទៀតគឺ វេទិកាតំបន់អាស៊ាន (ARF) ដែលឥឡូវនេះមាន សមាជិកចំនួន២៧ប្រទេស។ តាំងពីឆ្នាំ១៩៩៤មក អាស៊ានបានដំណើរការជាទៀងទាត់នូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិ។

ជាទស្សនវិស័យរួម អាស៊ានគួរប្រកាន់នយោបាយការបរទេសរបស់ខ្លួនជាលក្ខណៈ អព្យាក្រឹតក្នុងការរក្សាទំនាក់ទំនងជាមួយប៉ូលអំណាចនានានៅលើសកលលោក ប៉ុន្តែការលើកឡើងនេះ មិនអាចលេចឡើងបានទេ ដោយសារបណ្តារដ្ឋជាសមាជិកទាំងដប់មានជំហរនិងអត្ថប្រយោជន៍ផ្សេងៗគ្នាក្នុងបរិបទយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលកំពុងមានឥទ្ធិពលក្នុងតំបន់ ទោះបីជាអាស៊ាននៅតែអាចរក្សាគោលការណ៍អាស៊ានមានសំឡេងតែមួយក៏ដោយ៕


អត្ថបទទាក់ទង

ទស្សនវិជ្ជាសង្គមនិងទស្សនវិជ្ជានយោបាយខ្មែរ តាមរយៈរបាំត្រុដិ ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ជារៀងរាល់ឆ្នាំ របាំត្រុដិ ដែលជារបាំប្រជាប្រិយខ្មែរតាំងពីបុរាណ បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេសអ្នកដឹកនាំខ្មែរស្ទើរគ្រប់ស្ថាប័ន លើកលែងតែស្ថាបន័មួយចំនួនតូចប៉ុណ្ណោ...

2024-05-06 08:46:02   Mon, 06,05,2024, 08:46 AM
«ពិធីបើកការដ្ឋានជីកប្រឡាយព្រំដីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប»

(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិតនៃរាជ...

2024-05-06 08:36:14   Mon, 06,05,2024, 08:36 AM
ការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប

នៅថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា...

2024-05-05 06:38:43   Sun, 05,05,2024, 06:38 AM
បណ្ឌិត គិន ភា : បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស!

ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរទូទាំងប្រទេសនិងប្រជាជនខ្មែរដ៏ច្...

2024-05-04 03:39:28   Sat, 04,05,2024, 03:39 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថៃ អំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ថៃ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថៃ Thai Public Broadcasting Service (Thai PBS...

2024-05-02 10:16:36   Thu, 02,05,2024, 10:16 AM
ការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកូរ៉េខាងត្បូង

សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយនឹងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន គឺជាថា្នក់ដឹកនាំកម្ពុជាមួយរូបដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងព...

2024-05-02 03:51:18   Thu, 02,05,2024, 03:51 AM

សេចក្តីប្រកាស