ព័ត៌មាន

សក្ដានុពលវប្បធម៌និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុក នៅខេត្តពោធិ៍សាត់

2020-01-12 06:41:19 ថ្ងៃអាទិត្យ, 12 មករា 2020, 06:41 AM
post_detail

ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ដោយ៖ ផុន កសិកា, ហឿង សុធារស់ និង តាកេត ស័កដា

នៅថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារជំនាញប្រវត្តិសាស្ត្រ និង បុរាណវត្ថុវិទ្យា ដែលមានលោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, លោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ និងកញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ចុះសិក្សាស្រាវជ្រាវវាយតម្លៃពីសក្តានុពលស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ (និយាមការ : x: 48P 0426143, Y: 1370116) ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ស្ថានភាពភូមិសាស្ត្រនៃតំបន់នោះគឺជាទីតាំងភ្នំដែលមានព្រៃប្រឹក្សា ដើមឈើដុះច្រើន ព្រមទាំងមានថ្មធម្មជាតិ​ផុស​អណ្ដែត​ពី​ដី​ដែល​ជាប្រភេទសិលាបន្ទុះភ្នំភ្លើង ឬសិលាម៉ាក់ម៉ា ដែលកើតចេញពីបន្ទុះភ្នំភ្លើងបណ្ដាលពីការកករឹងនៃម៉ាក់ម៉ានៅពេលចុះត្រជាក់។ ក្រៅពីសិលាម៉ាក់ម៉ា យើងសង្កេតឃើញមានសិលាកម្ទេចកំណដែលជាប្រភេទកើតឡើងពីការចាក់គរជាស្រទាប់នៃកម្ទេច​កំណ ឬកម្ទេចចាក់គរ ដោយសារការដឹកជញ្ជូនរបស់ទឹកនិងខ្យល់។ នៅទីនោះក៏មានសិលាបាសាល់ដែរ។ នៅប្រទេស​កម្ពុជា​សិលាបាសាល់មានច្រើននៅតំបន់ខ្ពង់រាបខេត្តកំពង់ចាម។ ប្រភេទសិលាបាសាល់ច្រើនមានវាយនភាពប្រហោង ឬមានរន្ធ​ច្រើន។ កាលពីសម័យហ្វូណនក្នុងរចនាបថភ្នំដា ខ្មែរបុរាណក៏បានយកថ្មបាសាល់មកសង់ជាប្រាសាទ ដូចនៅប្រាសាទអាស្រម​​មហាឫស្សីនៅខេត្តតាកែវ និងប្រាសាទហាន់ជ័យនៅខេត្តកំពង់ចាម។ យើងសង្កេតឃើញថា សិលាដែលមាននៅទីនោះ មាន​រូបរាងប្លែកៗពីគ្នា មានជាលក្ខណៈផ្ទាំងតូច ឬធំ។ ផ្ទាំងធំៗមើលទៅដូចជារូបរាងអ្វីមួយដែលអាចធ្វើឱ្យគេច្រឡំថាជាស្នាដៃមនុស្ស​កែច្នៃសិលានេះបន្ថែម។ ប៉ុន្តែ រូបរាងទាំងអស់គឺជាធម្មជាតិរបស់ថ្មដែលកាលពីដំណើរនៃការផ្ទុះភ្នំភ្លើង ម៉ាក់ម៉ាបានហៀរចេញ​ពី​ស្រទាប់ផែនដី និងចុះត្រជាក់តាមទីតាំងផ្សេងៗ ហើយក៏ចេញជារូបរាងផ្សេងៗគ្នាបែបនេះ។

ប៉ុន្ដែនៅទីតាំងមួយ មានផ្ទាំងថ្មជាប្រភេទសិលាប្រែកំណើត (មិនស្គាល់ឈ្មោះពិតប្រាកដ) មានស្មាមដាប់យកថ្ម ហាក់ដូចជា​ទី​យក​ថ្មសម័យបុរាណ។ បើទីនេះជាស្ថានីយយកថ្មមែន នេះបង្ហាញថាជាទីតាំងមានមនុស្សមករស់នៅក្នុងសម័យកាលណាមួយ។

នៅមានបដិមាព្រះពុទ្ធឆ្លាក់លើផ្ទាំងថ្មធម្មជាតិមានប្រវែង ៦,៦០ម៉ែត្រ និងប្រវែងដងខ្លួនព្រះពុទ្ធ២,៥០ម៉ែត្រ ព្រះសិរបែរទៅទិសខាងកើត ដែលព្រះសិរទ្រដោយព្រះហស្ដខាងឆ្វេង។ ចម្លាក់ព្រះពុទ្ធបដិមាស្លៀកសំពត់ តែមិនគ្រងស្បង់ជីពរទេ។ ចំណែក ភ្នួងសក់គេរចនាកេសាដោយបួងពីរជាន់។ នៅជិតព្រះបាទមានស្នាមរន្ធសរសរសម្រាប់ដាក់សរសរសង់រោងប្រក់ពីលើការពារចម្លាក់ព្រះពុទ្ធ និងសម្រាប់ជាទីម្លប់ដល់ពុទ្ធសាសនិកដែលមកគោរពបូជាផងដែរ។ ជាការសន្និដ្ឋានបណ្ដោះអាសន្ន ចម្លាក់ព្រះពុទ្ធនេះប្រហែលកសាងនៅសម័យក្រោយ ប៉ុន្តែក្រុមការងារក៏មិនអាចវាយតម្លៃពេលវេលាពិតប្រាកដពេលណាដែលរូបព្រះពុទ្ធត្រូវបានគេឆ្លាក់នោះទេ។

នៅពីមុខចម្លាក់ព្រះពុទ្ធ មានផ្ទាំងសិលាឆ្លាក់គំនូររូបមនុស្សក្នុងកាយវិការឱនឈ្ងោកមើលអ្វីមួយ និងគំនូររូបសត្វដំរី មានមនុស្សជិះពីលើ។ យ៉ាងណា ទឹកដៃនិងសម្រស់នៃគំនូរ ហាក់មិនមានមាត្រដ្ឋានជាក់លាក់។ តាមការសង្កេត ស្នាមគំនូរទាំងពីរនេះ ក្រុមការងារមិនអាចសន្និដ្ឋានថាជាស្នាមចម្លាក់សម័យបុរាណ ឬ គេគូសនៅសម័យក្រោយៗថ្មីៗទេ។

ភស្ដុតាងចុងក្រោយផ្សេងទៀតដែលយើងបានឃើញមាននៅស្ថានីយ៍ គឺកុលាលភាជន៍ចំនួន២។ កុលាលភាជន៍ទាំងពីរមានរូបរាងជាថូ ធ្វើពីដីដុត ជាប្រភេទកុលាលភាជន៍រឹង (stoneware) មានស្រទាប់រលោង។ តាមការវិភាគជាបឋម កុលាលភាជន៍ទាំងពីរផលិតនៅសម័យអង្គរ ក្នុងសម័យកាលយ៉ាងហោចណាស់ចាប់ពីសតវត្សរ៍ទី១២-១៣។

ជាសន្និដ្ឋាន ស្ថានីយនេះមានសក្តានុពលធនធានធម្មជាតិមានដូចជាព្រៃឈើ សត្វព្រៃ ផ្ទាំងសិលាដែលមានរូបរាងប្លែកៗ និងធនធានវប្បធម៌ដែលមានរូបចម្លាក់ព្រះពុទ្ធ គំនូរលើផ្ទាំងថ្ម និងកុលាលភាជន៍នាសម័យអង្គរ។


អត្ថបទទាក់ទង

«សាកលវិទ្យាល័យវ៉ាសេដា Waseda ប្រទេសជប៉ុន មានបំណងក្នុងការសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា»

នារសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នា២០២០ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត តាបាតា (Dr. Yukitsugu TABATA) ដែលលោកជា ប្រធានវិទ្យាស្ថានបេតិកភណ្ឌវប...

2020-12-28 10:50:22   Mon, 28,12,2020, 10:50 AM
ឡុញ ឡាយ៖ បទពិសោធន៍ជិត៣០ឆ្នាំជាអ្នកជំនាញកំណាយបុរាណវត្ថុវិទ្យា នៅតំបន់អង្គរ ដោយ៖ បណ្ឌិត ផុន កសិកា

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-12-27 06:45:29   Sun, 27,12,2020, 06:45 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...

2020-12-25 09:52:18   Fri, 25,12,2020, 09:52 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ធនធានធម្មជាតិប្រើប្រាស់កាន់តែច្រើនកាន់តែរេចរឹល តែធនធានមនុស្ស កាន់តែប្រើ កាន់តែរីកចម្រើន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូលនៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹង...

2020-12-25 08:10:17   Fri, 25,12,2020, 08:10 AM
រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   Fri, 25,12,2020, 04:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   Thu, 24,12,2020, 05:40 AM

សេចក្តីប្រកាស