ព័ត៌មាន

«ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ៖ មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង»

2019-12-05 03:58:18 ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2019 ម៉ោង 10:58 AM
អ្នកមើល 2543
post_detail

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍

«មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង» នេះបើតាមការធ្វើបទបង្ហាញរបស់ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបញ្ជាក់មកថា មានកត្តាផ្សេងៗពីគ្នាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។ កត្តាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍មាន៤យ៉ាងនោះមានដូចជា កត្តាមនុស្សដែលមានមានទំហំរហូតដល់ ៩៥% នៃករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈកត្តាយានយន្តមាន ៣% កត្តាផ្លូវថ្នល់មាន ១% និងកត្តាអាកាសធាតុមាន ១%។ ជាមួយគ្នានេះដែរ លោកឧត្ដមសេនីយ៍ទោ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩ ចំនួនគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ មានការកើនឡើង ៦០% ប្រៀបធៀបឆ្នាំ២០១៨ ពោលគឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ១ ៣៦៦ លើក (លើសឆ្នាំមុន ៨១៤លើក) ក្នុងនោះបណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៧៥ នាក់ របួសធ្ងន់ ៩៨១ នាក់ និងរបួសស្រាលចំនួន ៤៩១ នាក់ និងបង្កឱ្យខូចខាតយានយន្តសរុបចំនួន ២ ៣២៥ គ្រឿង (រថយន្តខូចខាត ៩៨៨ គ្រឿង, ម៉ូតូខូចខាត ១ ២៣៧ គ្រឿង និងយានផ្សេងៗខូចខាតចំនួន ១០០គ្រឿង)។

បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ពុំកើតមានឡើងចំពោះប្រជាជនទាំងអស់ ប៉ុន្តែអ្វីដែលជាបញ្ហាចោទមួយទៀត ដែលប្រជាពលរដ្ឋគ្រប់គ្នាបានជួបប្រទះនៅរាជធានីភ្នំពេញនោះគឺ បញ្ហាកកស្ទះចរាចរណ៍ប្រចាំថ្ងៃ។ នៅក្នុងបទបង្ហាញរបស់លោកស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ បានបង្ហាញ ពីកត្តាធំៗរហូតដល់ ៦យ៉ាង ដែលនាំឱ្យមានការកកស្ទះចរាចរណ៍។ ក្នុងនោះមានដូចជា កំណើនយ៉ាងគំហុកនៃមនុស្សនិងមធ្យោបាយធ្វើដំណើរ, កត្តាផ្លូវថ្នល់ (ចំនួនមិនតុល្យភាពនឹងកំណើនយានយន្ត, កង្វះស្ពានអាកាសនិងផ្លូវក្រោមដី, កង្វះគ្រឿងបរិក្ខារ និងការរំលោភចិញ្ចើមថ្នល់ធ្វើអាជីវកម្ម), កត្តាអ្នកប្រើប្រាស់ផ្លូវថ្នល់, ការដ្ឋានជួសជុលនិងកែលម្អបន្ថែម, កត្តាអាកាសធាតុ(ភ្លៀងលិចផ្លូវ) និងករណីកើតមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនិងការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានមានភាពយឺតយ៉ាវផងដែរ។

បន្ថែមពីលើនេះ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ បានបន្តបញ្ជាក់ថា នៅរាជធានីភ្នំពេញ វេលានៃការកកស្ទះមាន៣ដំណាក់កាលគឺ នៅពេលព្រឹក ពីម៉ោ ង ០៦:៣០ ដល់ម៉ោង ០៩:០០ ព្រឹក នៅពេលថ្ងៃរសៀល កកស្ទះចរាចរណ៍ខ្លាំងចាប់ពីម៉ោង ១១:០០ ដល់ម៉ោង ១២:៣០ ថ្ងៃត្រង់ និងនៅពេលល្ងាច បញ្ហាកកស្ទះចរាចរណ៍ មានចាប់ពីម៉ោង ១៦:៣០ ដល់ម៉ោង ១៩:០០ ល្ងាច។

ក្រៅពីនោះមានការកកស្ទះក៏បានកើតមានឡើងនៅតាមឱកាសមួយចំនួនផ្សេងទៀតផងដែរដូចជា ពិធីបុណ្យជាតិ-អន្តរជាតិ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់, គណៈប្រតិភូ កិច្ចប្រជុំធំៗ បាតុកម្ម កូដកម្ម និងការដង្ហែក្បួន, មានអគ្គិភ័យ យានយន្តខូចធ្ងន់នៅលើដងផ្លូវ គ្រោះថ្នាក់ចរាចរណ៍, ការដ្ឋានជួសជុលផ្លូវថ្នល់ ប្រព័ន្ធលូ កប់ខ្សែកាប និងជុំវិញទីផ្សារនានាជាដើម៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«សកម្មភាពជាទម្លាប់របស់អគ្គលេខាធិការ ចុះត្រួតពិនិត្យការងារមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យ​អំពី​សកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើ​តាម​ប្រសាសន៍​របស...

2018-08-16 10:39:38   ថ្ងៃព្រហស្បតិ៍, 16 សីហា 2018 ម៉ោង 05:39 PM
«ដំណើរការស្រាវជ្រាវឈានដល់ខេត្តស្ទឹងត្រែង...»

កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន បានដឹកនាំក្រុមស្រាវជ្រាវចុះសិក្សាស្រាវជ្រាវអំពី «សម្បត្តិបេ...

2018-08-14 14:18:47   ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 09:18 PM
«ការត្រួតពិនិត្យប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់រាជបណ្ឌិត្យសភាកម្ពុជា»

ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យ​​សភា​កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ...

2018-08-14 11:34:09   ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 06:34 PM
«កិច្ចសហប្រតិបត្តិការរវាងមូលនិធិខុនរ៉ាដ អាដិនណូអ៊ែររបស់អាល្លឺម៉ង់ និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាល...

2018-08-13 09:03:09   ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 04:03 PM
«ជំនួបដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យក្វាងតុង ...»

គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅ​តែ​​ជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បី​តែ​គ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជន​នានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...

2018-08-13 08:02:14   ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 03:02 PM
«ការស្រាវជ្រាវមរតកវប្បធម៌រូបី និងអរូបីនៅខេត្តក្រចេះ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈចុះសិក្សាស្រាវជ្រាវអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបី...

2018-08-10 07:03:16   ថ្ងៃសុក្រ, 10 សីហា 2018 ម៉ោង 02:03 PM

សេចក្តីប្រកាស