ព័ត៌មាន

«ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ៖ មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង»

2019-12-05 03:58:18 ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2019 ម៉ោង 10:58 AM
អ្នកមើល 11444
post_detail

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍

«មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង» នេះបើតាមការធ្វើបទបង្ហាញរបស់ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបញ្ជាក់មកថា មានកត្តាផ្សេងៗពីគ្នាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។ កត្តាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍មាន៤យ៉ាងនោះមានដូចជា កត្តាមនុស្សដែលមានមានទំហំរហូតដល់ ៩៥% នៃករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈកត្តាយានយន្តមាន ៣% កត្តាផ្លូវថ្នល់មាន ១% និងកត្តាអាកាសធាតុមាន ១%។ ជាមួយគ្នានេះដែរ លោកឧត្ដមសេនីយ៍ទោ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩ ចំនួនគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ មានការកើនឡើង ៦០% ប្រៀបធៀបឆ្នាំ២០១៨ ពោលគឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ១ ៣៦៦ លើក (លើសឆ្នាំមុន ៨១៤លើក) ក្នុងនោះបណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៧៥ នាក់ របួសធ្ងន់ ៩៨១ នាក់ និងរបួសស្រាលចំនួន ៤៩១ នាក់ និងបង្កឱ្យខូចខាតយានយន្តសរុបចំនួន ២ ៣២៥ គ្រឿង (រថយន្តខូចខាត ៩៨៨ គ្រឿង, ម៉ូតូខូចខាត ១ ២៣៧ គ្រឿង និងយានផ្សេងៗខូចខាតចំនួន ១០០គ្រឿង)។

បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ពុំកើតមានឡើងចំពោះប្រជាជនទាំងអស់ ប៉ុន្តែអ្វីដែលជាបញ្ហាចោទមួយទៀត ដែលប្រជាពលរដ្ឋគ្រប់គ្នាបានជួបប្រទះនៅរាជធានីភ្នំពេញនោះគឺ បញ្ហាកកស្ទះចរាចរណ៍ប្រចាំថ្ងៃ។ នៅក្នុងបទបង្ហាញរបស់លោកស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ បានបង្ហាញ ពីកត្តាធំៗរហូតដល់ ៦យ៉ាង ដែលនាំឱ្យមានការកកស្ទះចរាចរណ៍។ ក្នុងនោះមានដូចជា កំណើនយ៉ាងគំហុកនៃមនុស្សនិងមធ្យោបាយធ្វើដំណើរ, កត្តាផ្លូវថ្នល់ (ចំនួនមិនតុល្យភាពនឹងកំណើនយានយន្ត, កង្វះស្ពានអាកាសនិងផ្លូវក្រោមដី, កង្វះគ្រឿងបរិក្ខារ និងការរំលោភចិញ្ចើមថ្នល់ធ្វើអាជីវកម្ម), កត្តាអ្នកប្រើប្រាស់ផ្លូវថ្នល់, ការដ្ឋានជួសជុលនិងកែលម្អបន្ថែម, កត្តាអាកាសធាតុ(ភ្លៀងលិចផ្លូវ) និងករណីកើតមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនិងការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានមានភាពយឺតយ៉ាវផងដែរ។

បន្ថែមពីលើនេះ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ បានបន្តបញ្ជាក់ថា នៅរាជធានីភ្នំពេញ វេលានៃការកកស្ទះមាន៣ដំណាក់កាលគឺ នៅពេលព្រឹក ពីម៉ោ ង ០៦:៣០ ដល់ម៉ោង ០៩:០០ ព្រឹក នៅពេលថ្ងៃរសៀល កកស្ទះចរាចរណ៍ខ្លាំងចាប់ពីម៉ោង ១១:០០ ដល់ម៉ោង ១២:៣០ ថ្ងៃត្រង់ និងនៅពេលល្ងាច បញ្ហាកកស្ទះចរាចរណ៍ មានចាប់ពីម៉ោង ១៦:៣០ ដល់ម៉ោង ១៩:០០ ល្ងាច។

ក្រៅពីនោះមានការកកស្ទះក៏បានកើតមានឡើងនៅតាមឱកាសមួយចំនួនផ្សេងទៀតផងដែរដូចជា ពិធីបុណ្យជាតិ-អន្តរជាតិ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់, គណៈប្រតិភូ កិច្ចប្រជុំធំៗ បាតុកម្ម កូដកម្ម និងការដង្ហែក្បួន, មានអគ្គិភ័យ យានយន្តខូចធ្ងន់នៅលើដងផ្លូវ គ្រោះថ្នាក់ចរាចរណ៍, ការដ្ឋានជួសជុលផ្លូវថ្នល់ ប្រព័ន្ធលូ កប់ខ្សែកាប និងជុំវិញទីផ្សារនានាជាដើម៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

សសរស្តម្ភនៅវត្តប្រាសាទព្រះធាតុ ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា, វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-01-12 08:01:08   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 03:01 PM
«ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ»

(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...

2021-01-03 06:43:08   ថ្ងៃអាទិត្យ, 03 មករា 2021 ម៉ោង 01:43 PM
តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»

នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? ...

2021-01-02 00:58:31   ថ្ងៃសៅរ៍, 02 មករា 2021 ម៉ោង 07:58 AM
ហេតុអ្វីដាក់សម្ពាធលើកម្ពុជា? ដោយ៖ បណ្ឌិត ស៊ឺន សម

«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហ...

2021-01-01 04:31:38   ថ្ងៃសុក្រ, 01 មករា 2021 ម៉ោង 11:31 AM
តើប្រទេសស៊ុយអែតសម្រេចចិត្តដកស្ថានទូតចេញពីកម្ពុជាព្រោះតែបញ្ហាសិទ្ធិមនុស្សឬ? ដោយ៖ បណ្ឌិត ស៊ឺន សម

ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេស​ស៊ុយអែត​ស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេស​កម្ពុជានៅចុងឆ...

2020-12-31 07:56:50   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:56 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយសមិទ្ធផលវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម...

2020-12-31 07:00:45   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:00 PM

សេចក្តីប្រកាស