Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នសិក្សាស្រាវជ្រាវសហរដ្ឋអាម៉េរិក។
នៅក្នុងជំនួបពិភាក្សាការងារដែលប្រព្រឹត្តទៅក្នុងសាលស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ស្វាគមន៍មន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាដែលបានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិខ្មែរ។
ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ទៅកាន់មន្ត្រីការទូតអាម៉េរិក ដោយបង្ហាញអំពី ទិដ្ឋភាពការងារទូទៅ រចនាសម្ព័ន្ធ ចក្ខុវិស័យ និងទស្សនវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានប្រសាសន៍ថា អំឡុងពេលឯកឧត្តមបណ្ឌិតសភាចារ្យបានចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា រយៈពេលអស់ប្រមាណ ២ឆ្នាំមកបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជាបានទទួលសមិទ្ធផលជារូបវន្ត និងអរូបវន្តជាច្រើន ក្នុងនោះ រួមមាន ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ សំណង់អគារបណ្តុះបណ្តាល និងស្រាវជ្រាវ ការពង្រឹងសមត្ថភាពនិងធនធានមនុស្ស និងរចនាសម្ព័ន្ធស្ថាប័នឧបសម្ព័ន្ធរាជបណ្ឌិត្យសភាកម្ពុជា។
លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជូនជាតិ និងប្រជាជន និងការបណ្តុះបណ្តាល និងស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ ក្នុងនោះ រួមមាន ការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត) ការស្រាវជ្រាវអំពី កិច្ចការងារព្រំដែនកម្ពុជា ការស្រាវជ្រាវអំពី វិស័យមីក្រូហិរញ្ញវត្ថុ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។
ដោយផ្តោតលើគោលការណ៍ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តហើយត្រូវមានសីលធម៌ក្នុងការបណ្តុះបណ្តាល និងការស្រាវជ្រាវជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានជម្រាបជូនមន្ត្រីការបរទេសអាម៉េរិកបន្ថែមថា ក្រៅពីទទួលសមិទ្ធផលស្នាដៃស្រាវជ្រាវធំៗជូនរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជាបាន និងកំពុងអនុវត្តការស្រាវជ្រាវការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងស្រុកឆែប ខេត្តព្រះវិហារទៀតផង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើមន្ត្រីការបរទេសអាម៉េរិកពិចារណាសហការផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវជាភាសាអង់គ្លេស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នសិក្សាស្រាវជ្រាវរបស់អាម៉េរិក។
ជាការឆ្លើយតបនឹងសំណើរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងជំនួបពិភាក្សាការងារអស់រយៈពេលប្រមាណមួយម៉ោង លោក Steve Goldrup មន្ត្រីក្រសួងការបរទេសអាម៉េរិកបានមានប្រសាសន៍ថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតសភាចារ្យដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបពិភាក្សាការងារ និងបង្ហាញពីគោលបំណងសហប្រតិបត្តិការងារសិក្សាស្រាវជ្រាវ នាពេលនេះ។ លោក Steve Goldrupបានសន្យាថា លោកនឹងរាយការណ៍លទ្ធផលជំនួបពិភាក្សាការងារនាពេលនេះជូនសហការីនៅក្នុងស្ថានទូតអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសអាម៉េរិក ដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចប្រតិបត្តិការរវាងស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ភាគីទាំងពីរ នាពេលដ៏ឆាប់ខាងមុខ៕
RAC Media
ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះក...
In response to a journalist's question about Samdech BovorThibadei Prime Minister's announcement regarding the preservation of the Pochentong International Airport as state...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាល...