ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ២) អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-02-25 02:37:06 ថ្ងៃចន្ទ, 25 កុម្ភៈ 2019 ម៉ោង 09:37 AM
អ្នកមើល 3279
post_detail

នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទៅច្បាំងនៅប្រទេសបារាំង បានជួបនឹងការមិនអើពើជាទូទៅ ទោះបីមានការឃោសនាយ៉ាងខ្លាំងក្លាក៏ដោយ។ សេចក្តីប្រកាស​ត្រូវគេ​បិទផ្សាយនៅគ្រប់ៗភូមិ ដោយរៀបរាប់ប្រាប់អំពីផលប្រយោជន៍ដែលត្រូវផ្តល់ឱ្យដល់អ្នកស្ម័គ្រចិត្ត ដូចជា ការឱ្យរួចពន្ធ​ខ្លួន​នៅឆ្នាំ១៩១៦ ការផ្តល់​ប្រាក់ឧបត្ថម្ភ២០០ហ្វ្រង់នៅពេលស្ម័គ្រចិត្ត ការផ្តល់ប្រាក់៣រៀលក្នុង១ខែសម្រាប់គ្រួសារ និងការ​ឧបត្ថម្ភប្រាក់១២០រៀលនៅពេលស្លាប់។ ៣ខែបន្ទាប់ពីការខិតខំជ្រើសរើស គឺនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩១៦ គេរើសបានចំនួន ២ ២៩៥នាក់ ដែលនៅក្នុងនោះមនុស្ ស៥០៨នាក់ ត្រូវបានគេបញ្ជូនទៅវិញព្រោះមិនស្ម័គ្រចិត្ត ស្ថិតនៅក្រោមការបង្ខិតបង្ខំពីពួកមន្ត្រី។ មនុស្សដែលនៅសល់ចំនួន១ ០០៨នាក់ត្រូវបានទទួលស្គាល់ថាអាចបម្រើកងទ័ពបាន។ ទោះជាយ៉ាងនេះក្តីក៏មានអ្នកស្លាប់ ២០នាក់ដោយជំងឺហើមសួត បណ្តាលមកពីការហ្វឹកហាត់ដោយបង្ខំ កន្លែងស្នាក់នៅ និងចំណីអាហារមិនសមស្រប និងមនុស្ស៣៤០នាក់ទៀតបានរត់ចោល[1]។

សកម្មភាពជ្រើសរើសអ្នកស្ម័គ្រចិត្តទៅច្បាំងនៅប្រទេសបារាំងនោះ   ក៏មានប្រភពមួយទៀតជា   «បណ្ណសារ»​ (Archive) (ឯកសារប្រភពទី១) គឺលិខិតរបស់ឧកញ៉ាវាំង (រដ្ឋមន្ត្រីព្រះបរមរាជវាំង) ​ជូនទៅលោករេស៊ីដង់ជាន់ខ្ពស់បារាំង ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦។ តាមលិខិតនោះ ព្រះបាទស៊ីសុវត្ថិបាន​យាងទៅជ្រើសរើសអ្នកស្ម័គ្រចិត្តនៅតាមខេត្តចំនួន២លើក ដើម្បីធ្វើជា«ក្រុមយុទ្ធនា និងជាង»[2] ក្នុងរាជការក្រុង​បារាំងសែសសម្រាប់សង្គ្រាមលោកលើកទី១។ ព្រះរាជដំណើរនេះមានរយៈពេលសរុប១៦ថ្ងៃ៖ លើកទី១ចំនួន២ថ្ងៃ និងលើកទី២ចំនួន១៤ថ្ងៃ ដែលមានខ្លឹមសារដើមនិងការកែសម្រួល​មួយចំនួន​ដូចខាងក្រោម[3]។

ក-ព្រះរាជដំណើរលើកទី១ 

ព្រះអង្គបានយាងចេញពីក្រុងភ្នំពេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩១៦ ទៅដល់ព្រែកបាណាម ខេត្តបាភ្នំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩១៦ វេលាម៉ោង២រសៀលដែលនៅសល់តែ១ម៉ោងទៀតនឹងដល់ទីរួមខេត្តព្រៃវែង។ លោកឧកញ៉ាវាំងបានទទួលតេឡេក្រាម[4] ពីលោករេស៊ីដង់ជាន់ខ្ពស់លេខ១១២ ចុះថ្ងៃដដែលដើម្បីក្រាបបង្គំទូលព្រះអង្គសូមឱ្យបង្អង់ព្រះរាជដំណើរ ដោយសារលោកអគ្គទេសាភិបាល[5] នឹងអញ្ជើញមកដល់ក្រុងភ្នំពេញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩១៦។ ក្នុងវេលាព្រឹកនោះព្រះអង្គក៏បានទ្រង់យាងវិលមកដល់ក្រុងភ្នំពេញវិញក្នុងថ្ងៃទី២៤ ខែកុម្ភៈ វេលាអាធ្រាត្រ។ក្នុងព្រះរាជដំណើរជ្រើសរើសអ្នកស្ម័គ្រចិត្តលើកទី១នេះ មានព្រះរាជបុត្រា៤អង្គ របស់ព្រះបាទ​ស៊ីសុវត្ថិ គឺព្រះអង្គម្ចាស់មុនីវង្ស, ខណារ៉ាក់, សុភានុវង្ស និងវង្កត់[6] ព្រមទាំងព្រះអង្គម្ចាស់ និងឧកញ៉ាមួយចំនួនទៀតតាមហែផងដែរ។

ខ-ព្រះរាជដំណើរលើកទី២

ព្រះអង្គបានយាងទៅកាន់ទីរួមខេត្តព្រៃវែងម្តងទៀតដោយមានក្រុមតាមហែព្រះអង្គដដែលដូចព្រះរាជដំណើរលើកទី១ដែរ ប៉ុន្តែព្រះអង្គម្ចាស់វង្កត់មិនបានចូលរួមទេ។ ព្រះបាទស៊ីសុវត្ថិដែលអមព្រះរាជដំណើរដោយក្សត្រាក្សត្រី និងមន្ត្រីនានានោះ បានចេញពីក្រុងភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩១៦ វេលាម៉ោង១១កន្លះយប់ដោយព្រះទីនាំងកប៉ាល់(ឈ្មោះអម្រឹតរង្សី), សាលុព្វ[7](ឈ្មោះឥន្ទ្រីសំបូរ) និងវេដេត[8]។ ក្នុងព្រះរាជដំណើរពីបាណាមខេត្តបាភ្នំទៅកាន់ព្រៃវែងទឹករាក់ព្រះអង្គប្រថាប់លើព្រះទីនាំងទូក ធំ-តូច ទាំងអស់៧ ដោយមានកប៉ាល់តូចៗ សណ្តោងព្រមទាំងមានអ្នកតាមហែផងនោះបានមកដល់ទីរួមខេត្តព្រៃវែងនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩១៦វេលាម៉ោង១២និង២០នាទី។ ទ្រង់ប្រថាប់ក្នុងព្រះទីនាំងទូកចតនៅកំពុងជំនួញព្រៃវែងហើយបានគិតអំពីការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅទីនេះ ដោយជ្រើសរើសក្នុងបណ្តាប្រជាជនទាំង៨ខេត្តរួមមាន៖

  • ៥ខេត្តនៅក្រោមឱវាទ “ទីរេស៊ីដង់” ព្រៃវែង គឺខេត្តបាភ្នំ ខេត្តព្រៃវែង ខេត្តពារាំង ខេត្តស៊ីធរកណ្តាល និងខេត្តល្វាឯម
  • ៣ខេត្តនៅក្រោមឱវាទ“ទីប៉ុស្តិ៍រាជការ” ស្វាយរៀង គឺខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក។


ក្នុងព្រះរាជដំណើរមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩១៦នេះ គឺបានចំនួន១០ថ្ងៃ ហើយចំនួនអ្នកស្ម័គ្រចិត្តដែលជ្រើសរើសបានសរុបទាំងអស់៥០៦នាក់ ដោយពុំមានអ្នកស្ម័គ្រចិត្តមកពីខេត្តល្វាឯមនោះទេ។ អ្នកស្ម័គ្រចិត្តដែលជ្រើសរើសបានទាំងនោះត្រូវបានបញ្ជូនមកភ្នំពេញដើម្បីទទួលការត្រួតពិនិត្យ។ អ្នកខ្លះត្រូវគេជ្រើសរើសយក ដោយសារមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើជារាជការបាន ចំណែកអ្នកខ្លះទៀតត្រូវគេបញ្ជូនឱ្យត្រឡប់ទៅវិញ ពីព្រោះពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រីឯអ្នកខ្លះទៀតពេលមកដល់ក្រុងភ្នំពេញក៏ផ្លាស់ប្តូរគំនិតថាមិនធ្វើរាជការវិញ។ ដោយសារតែមូលហេតុ ខាងលើនេះហើយបានជាព្រះបាទស៊ីសុវត្ថិបញ្ជាក់ទៅចៅហ្វាយស្រុកនៃខេត្តទាំង៨ខាងលើ(ក្នុងទីរួមខេត្តរេស៊ីដង់ព្រៃវែង និងទាំងប៉ុស្តិ៍រាជការស្វាយរៀង) ឱ្យជ្រើសរើសអ្នកស្ម័គ្រចិត្តដែលមានគ្រប់​លក្ខណៈ​សម្បត្តិឱ្យហើយ ឱ្យបានចំនួន៥០០ឬ៦០០នាក់​(ដោយមិនបាច់ជ្រើសរើសជាលើកទី២​នៅភ្នំពេញ​ទៀតទេ)។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩១៦ ទូរលេខរបស់ឧកញ៉ាវាំង លេខ៣៧ បានឱ្យដឹងថា ព្រះអង្គបានយាងពីបាណាមមកដល់ភូមិកោះកែវខេត្តល្វាឯម នៅម៉ោង៦ល្ងាច។ ​ដោយព្រះអង្គមិនសព្វព្រះទ័យគង់​នៅ​ទីនោះព្រះអង្គក៏យាងហួសមកចតព្រះទីនាំងកប៉ាល់ ទូក នៅភូមិទឹកឃ្លាំង(ទីតាំងសាលាខេត្តល្វាឯម)នៅម៉ោង៨យប់។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩១៦ ពីម៉ោង៥រសៀល ចៅហ្វាយស្រុកខេត្តល្វាឯមបានរៀបទទួលព្រះអង្គដើម្បីជួបជុំនឹងព្រះសង្ឃ ក្រមការ អ្នកស្រុក ដើម្បីពន្យល់អំពីមូលហេតុនៃការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅ​ទីនោះ។ ក្នុងពេលនោះដែរ អ្នកស្រុកមកថ្វាយបង្គំគាល់មិនទាន់គ្រប់ឃុំនៅឡើយ ដូច្នេះព្រះអង្គទ្រង់ប្រថាប់នៅភូមិទឹកឃ្លាំងចាំទទួលរាស្ត្រនៅព្រឹកស្អែកបន្តទៀត។

នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦ ព្រះអង្គម្ចាស់មុនីវង្សនិងលោកឧកញ៉ាវាំង បានធ្វើជាព្រះរាជតំណាងក្នុងការជួបជាមួយបណ្តារាស្ត្រហើយបានបញ្ចុះបញ្ចូលរាស្ត្រទាំងនោះឱ្យស្ម័គ្រចិត្តធ្វើរាជការ ក្នុងពេលនោះក៏ជ្រើសរើសបានអ្នកស្ម័គ្រចិត្តចំនួនតែ១០នាក់ដែលចូលធ្វើជាជាង ដោយសារតែអ្នកស្រុកខេត្តល្វាឯមមួយចំនួនបានចូលក្នុងក្រុងភ្នំពេញដោយខ្លួនឯងដើម្បីស្ម័គ្រធ្វើរាជការរួចហើយ។ ឯការជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងខេត្តនេះតទៅទៀត ព្រះអង្គក៏បានដាក់បញ្ញត្តិទៅចៅហ្វាយស្រុកនិងក្រមការខេត្ត-ឃុំ ឱ្យយកចិត្តទុកដាក់នឹងបន្តជ្រើសរើសឱ្យបានខ្លះទៀត។ រហូតមកដល់ថ្ងៃទី១៣ ខែមីនា​ ឆ្នាំ១៩១៦ វេលាម៉ោង៩ព្រឹក ព្រះអង្គជ្រើសរើសបានអ្នកស្ម័គ្រចិត្តសរុបចំនួន៥១៦នាក់ ក្នុងទីរួមខេត្តព្រៃវែង។ព្រះបាទស៊ីសុវត្ថិ បានយាងចេញពីភូមិទឹកឃ្លាំងនៅវេលាម៉ោង៩កន្លះ មកដល់ក្រុងភ្នំពេញ​នៅម៉ោង១២ថ្ងៃត្រង់។ (នៅមានត...)

(ភាគទី៣ នឹងផ្សាយជូនជាបន្តនៅសប្តាហ៍ក្រោយ)

[1] Alain Forest, ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច (១៨៩៧-១៩២០),​ Editions L’Harmattan, ១៩៨០, ទំព័រ១៣៨-១៣៩។
[2] ក្រុមយុទ្ធនានិងជាង គឺទាហានប្រយុទ្ធនិងទាហានជាង។
[3] ចុម្មាយ ឧកញ៉ាវាំង្គវរៈវៀងជៃ្យ គណៈរដ្ឋមន្ត្រី លេខ៦២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦។
[4] ពាក្យបារាំងថា Télégramme គឺទូរលេខជាសំបុត្រទាក់ទងគ្នាតាមប្រៃសណីយ៍ឬសំបុត្រខ្សែលួស។
[5] Gouverneur Général គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋទាំង៥ គឺកូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។
[6] ស៊ន សំណាង, ការវិវត្តនៃសង្គមកម្ពុជានៅចន្លោះសង្គ្រាមលោកទាំង២ (១៩១៩-១៩៣៩), និក្ខេបបទថ្នាក់បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យបារីស៧, ឆ្នាំ១៩៩៥, ទំព័រ៩៤ (ព្រះបាទស៊ីសុវត្ថិមានព្រះរាជបុត្រ១អង្គទៀតឈ្មោះដួងលក្ខិណា)។
[7] សាលុព្វ (Chaloupe) ជាកប៉ាល់ឬកាណូតធំលឿនដោយចែវឬបើកក្តោង។
[8] វេដេត (Vedette) ជានាវាចម្បាំងខ្នាតតូចសម្រាប់យាមល្បាត។


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញចូលរួមកិច្ចប្រជុំប្រមូលទិន្ន័យ និងផ្តល់ព័ត៌មានសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤ នៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ ឆ្នាំ២០១៧-២០២៥

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភា​កម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បី​ប្រមូលទិន្ន័យ និង...

2024-10-22 02:14:39   ថ្ងៃអង្គារ, 22 តុលា 2024 ម៉ោង 09:14 AM
ក្រដាសប្រាក់ថ្មី ក្លាយជាប្រធានបទថ្មី ដើម្បីវិទ្ធង្សនា បម្រើមហិច្ឆតានយោបាយប្រឆាំង?

ដោយ៖ លឹម សុវណ្ណរិទ្ធ           ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យប្រើប្រាស់ធនប័ត្រអនុ​ស្សាវរីយ៍ (ក្រដាសប្រាក់) ប្រភេទថ្មី ប្រភេទ ២០០ ០០...

2024-10-21 12:55:04   ថ្ងៃចន្ទ, 21 តុលា 2024 ម៉ោង 07:55 PM
ប្រសិនបើរដ្ឋាភិបាលមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្មើនឹងមិនគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា?

ដោយ៖ បណ្ឌិត យង់ ពៅ ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យ...

2024-10-21 08:12:14   ថ្ងៃចន្ទ, 21 តុលា 2024 ម៉ោង 03:12 PM
បណ្ឌិត យង់ ពៅ៖ អាស៊ានពិបាកដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រោះតែគ្មានជំហររួម និងផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរៀងខ្លួន

  សម្រាប់វិបត្តិមីយ៉ាន់ម៉ា គឺជាករណីមួយដែលអាស៊ានពិបាកនឹងចូលរួមជួយស្ដារវិបត្តិនេះ ព្រោះអាស៊ានមិនមានការប្រកាន់ជំហររួម ដោយប្រទេសជាសមាជិកបានប្រកាន់ជំហរផ្សេងៗគ្នារៀងខ្លួន បើទោះបីជាធម្មនុញ្ញអាស៊ានបានចែ...

2024-10-20 11:26:05   ថ្ងៃអាទិត្យ, 20 តុលា 2024 ម៉ោង 06:26 PM
បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត

ដោយ៖ បណ្ឌិត យង់ ពៅ ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហា...

2024-10-18 02:59:13   ថ្ងៃសុក្រ, 18 តុលា 2024 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនពីរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធ...

2024-10-17 08:07:58   ថ្ងៃព្រហស្បតិ៍, 17 តុលា 2024 ម៉ោង 03:07 PM

សេចក្តីប្រកាស