Royal Academy of Cambodia
ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០ ទើបមាន។ ការទាក់ទងគ្នារវាងសហរដ្ឋអាម៉េរិកនិងប្រទេសកម្ពុជា នៅសតវត្សទី១៩ និងដើមសតវត្សទី២០ មានត្រឹមតែកម្រិតអ្នកដើរផ្សព្វផ្សាយសាសនា អ្នកផ្សងព្រេង អ្នកបរបាញ់សត្វ និងអ្នកវិទ្យាសាស្ដ្រ ដោយមានរឿងខ្លះដូចជាសៀវភៅរបស់លោក Frank Vincent Jr. ដែលមានចំណងជើងថា ទឹកដីនៃដំរីស (The Land of the White Elephant) ដែលរៀបរាប់ដំណើររបស់លោកពីទីក្រុងបាងកក ទៅកាន់ប្រាសាទអង្គរវត្ដតាមទូក នៅទសវត្សរ៍ឆ្នាំ១៨៧០ ដោយបានធ្វើឱ្យមានការចាប់អារម្មណ៍ដល់ជនជាតិអាម៉េរិក។ ជាមួយនឹងការនាំចេញនូវទំនិញដូចជា ប្រេងកាត ឈើហ៊ុប ស្រូវ និងម្សៅមីចូលមកឥណ្ឌូចិន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង (ដែលកម្ពុជាបានចូលរួមក្នុងឆ្នាំ១៨៨៧ សហរដ្ឋអាម៉េរិក ក៏បានបង្កើតផងដែរនូវទំនាក់ទំនងសេដ្ឋកិច្ចខ្លះៗ នៅក្នុងតំបន់ក្នុងពេលដំបូងៗទៀត។
នៅសម័យក្រោយសង្គ្រាមលោកលើកទី២ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការប្រែប្រួលយ៉ាងច្បាស់ជាមួយនឹងការណ៍ដែលកងទ័ពរបស់ម៉ៅសេទុងជិតទទួលបានជោគជ័យនៅប្រទេសចិន ហើយកងទ័ពវៀតមិញប្រឆាំងនឹងអាណានិគមកាន់តែមានប្រៀបលើបារាំងនៅវៀតណាមភាគខាងជើង។ ក្នុងពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកកាន់តែផ្ដោតច្រើនឡើងលើការទប់ការរាលដាលនៃរបបកុម្មុយនីស្ដនៅអាស៊ីអាគ្នេយ៍ ទំនាក់ទំនងមិត្ដភាពរវាងសហរដ្ឋអាម៉េរិកនិងកម្ពុជា ក៏ចាប់មានសារសំខាន់មួយថ្មី។
សហរដ្ឋអាម៉េរិក បានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាលើកដំបូងជាមួយប្រទេសកម្ពុជានៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath ឱ្យធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាព។ លោកHeath បានថ្វាយសារតាំង ទៅព្រះករុណា សម្ដេចព្រះបាទ នរោត្ដម សីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ ការិយាល័យតំណាងសហរដ្ឋអាម៉េរិកបានបើកនៅភ្នំពេញនៅថ្ងៃទី១៤ ខែវិច្ឆិកា។ សណ្ឋាគារឡឺរ៉ូយ៉ាល់ ដែលមានឈ្មោះល្បី គឺជាកន្លែងធ្វើការដំបូងរបស់ស្ថានទូតអាម៉េរិករហូតដល់ការិយាល័យអគ្គរដ្ឋទូតមួយ និងបណ្ណាល័យផ្ដល់សេវាព័ត៌មានសហរដ្ឋអាម៉េរិកមួយ ត្រូវបានបង្កើតឡើងនៅកន្លែងថ្មីមួយ។ ការិយាល័យតំណាងទូតត្រូវបានដំឡើងឱ្យទៅជាស្ថានឯកអគ្គរដ្ឋទូតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ដោយនៅពេលនោះ លោក Heath បានក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកដំបូងគេប្រចាំនៅប្រទេសម្ពុជា។នៅទន្ទឹមនឹងនោះ សហរដ្ឋអាម៉េរិកបានចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយការពារប្រទេសទៅវិញទៅមកជាមួយប្រទេស កម្ពុជា ឡាវ និងវៀតណាម ដោយមានបញ្ចូលជំនួយយោធា និងសេដ្ឋកិច្ចចំនួន ៧,៨លានដុល្លារអាម៉េរិក ដែលត្រូវផ្ដល់ក្នុងរយៈពេល៤ឆ្នាំ។ លោក នង គិមនី (Nong Kimny) ដែលជាទូតតំណាងដំបូងគេរបស់ប្រទេសកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក នៅពេលធ្វើទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាម៉េរិក បានសម្ដែង «ការដឹងគុណយ៉ាងជ្រាល ជ្រៅ» របស់ប្រទេសកម្ពុជាចំពោះជំនួយរបស់សហរដ្ឋអាម៉េរិកក្នុងពេលលោកជួបជាមួយលោកប្រធានាធិបតី Truman ។ ជាកាយវិការសម្ដែងអំណរគុណបន្ថែមទៀត ព្រះករុណាព្រះមហាក្សត្រ នរោត្ដម សីហនុ បានផ្ញើជូនលោកប្រធានាធិបតីនូវដំរីសដ៏កម្រមួយ។ លោក Don V. Catlett ដែលជាភារធារីលើកដំបូងរបស់សហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសកម្ពុជា ត្រូវបានគេនៅចាំច្បាស់ជាងគេក្នុងការចាត់ចែងការងារដ៏ពិបាកក្នុងការដឹកយកដំរីស នោះទៅទីក្រុងវ៉ាស៊ីនតោន។
បន្ទាប់ពីមានការចរចាដ៏តឹងតែងរវាងព្រះករុណាព្រះមហាក្សត្រ នរោត្ដម សីហនុ និងរដ្ឋាភិបាលបារាំង ដែលជាញឹកញាប់មានសហរដ្ឋអាម៉េរិកធ្វើជាអាជ្ញាធរកណ្ដាលនោះ ប្រទេសកម្ពុជាបានប្រកាសឯករាជ្យពេញលេញរបស់ខ្លួននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ តែទោះជាយ៉ាងណាក៏ដោយ ដល់សន្និសីទក្រុងហ្សឺណែវក្នុងឆ្នាំបន្ទាប់ ទើបបារាំងសុខចិត្ដបោះបង់អំណាចពេញលេញ។ ក្នុងដំណើរការចរចាទាំងមូល សហរដ្ឋអាម៉េរិកគាំទ្រយ៉ាងសកម្មដល់ការទាមទារស្វ័យភាពរបស់ប្រទេសកម្ពុជា។
ក្រោយមានកិច្ចព្រមព្រៀងក្រុងហ្សឺណែវភ្លាម លោក Robert McClintock បានក្លាយជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា ដោយបានថ្វាយសារតាំងដល់ព្រះករុណានៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៤។ ស្ថានទូតបានបន្ដរីកធំដោយបានប្ដូរទីកន្លែងទៅកាន់កន្លែងធំទូលាយជាងមុនដោយសារមានបុគ្គលិកកាន់តែច្រើនឡើង។
ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាដែលមានសេរីភាពពេញលេញនោះ បានប្ដេជ្ញាចិត្ដយ៉ាងមោះ មុតក្នុងការរក្សាអព្យាក្រឹតភាពរបស់ខ្លួន ហើយព្រះករុណាព្រះបាទ នរោត្ដម សីហនុ បានបណ្ដុះឱ្យមានមិត្ដភាព ទាំងជាមួយប្រទេសលោកខាងលិច ទាំងជាមួយមហាអំណាចកុម្មុយនីស្ដ។ ដោយសារមានរបបកុម្មុយនីស្ដរបស់ហូជីមិញ វៀតណាមភាគខាងជើង និងការភ័យខ្លាចថា កងកម្លាំងទ័ពកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ការបះបោររបស់ពួកកុម្មុយនីស្ដដែលអាចកើតមានឡើងនោះ សហរដ្ឋអាម៉េរិកបានចាប់ផ្ដើមធ្វើ្វការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើនជំនួយយោធារបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា។ ចំណុចលម្អិតស្ដីពីកម្មវិធីហ្វឹកហ្វឺនយោធាដែលរួមមានផងដែរនូវការបង្កើតក្រុមផ្ដល់ប្រឹក្សាស្ដីពីជំនួយយោធា (MAAG) ត្រូវបានរៀបចំដោយឯកអគ្គរដ្ឋទូត McClintock និងឧបការី រដ្ឋមន្ដ្រីក្រសួងការបរទេស Walter S. Robinson ដោយមានរដ្ឋមន្ដ្រីការបរទេស John Foster Dulles បានមកធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញ (ដែលជាទស្សនកិច្ចផ្លូវការថ្នាក់ខ្ពស់បំផុតនៅពេលនោះ) នៅខែកុម្ភៈ ឆ្នាំ១៩៥៥ ដើម្បីជួបពិភាក្សា ស្ដីពីផែនការជាមួយព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។ កិច្ចព្រមព្រៀងយោធាការពារប្រទេស ត្រូវបានចុះហត្ថលេខានៅខែឧសភា ឆ្នាំ១៩៥៥។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត McClintock បានផ្ដោតការយកចិត្ដទុកដាក់លើការធានាឱ្យមានការដកកងទ័ពបារាំងបន្ដិចម្ដងៗ ចេញពីប្រទេសកម្ពុជា។
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានទទួលការជំរុញមួយថ្មីទៀតដោយមានការបង្កើតនៅឆ្នាំ១៩៥៥ នូវកម្មវិធីជំនួយមានទឹកប្រាក់ចំនួន៥០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដែលមានបំណងជំរុញដំណើរជឿនលឿនផ្នែកសេដ្ឋកិច្ច និងសង្គម ពង្រឹងឯករាជ្យ កែលម្អ និងពង្រីកការសិក្សាអប់រំសាធារណៈ ដោយមិនយកថ្លៃបង្កើនគុណភាព និងបរិមាណ ផលិតផលកសិកម្ម លើកកម្ពស់ខុសភាពសាធារណៈ សន្ដិសុខ និងហេដ្ឋានរចនាសម្ព័ន្ធ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ។ កម្មវិធីជំនួយនេះមានទំហំ និងកម្រិតធំជាងជំនួយបូករួមចូលគ្នាទាំងអស់ពីបណ្ដាប្រទេស និងអង្គការអន្ដរជាតិដទៃទៀត ដោយសហរដ្ឋអាម៉េរិកបានផ្ដល់ជំនួយ៤៩៣លានដុល្លារ គិតត្រឹមឆ្នាំ ១៩៦៣។
ជំនួយរបស់សហរដ្ឋអាម៉េរិក បានជួយបណ្ដុះបណ្ដាលគ្រូ និងជួយកសាង និងបំពាក់គ្រឿងបរិក្ខារដល់សាលាឯកទេសតាមវិស័យជាច្រើន សាលាមធ្យមសិក្សា និងសាលាបឋមសិក្សា។ ថវិកាពីសហរដ្ឋអាម៉េរិក បានបង្កើតមជ្ឈមណ្ឌលគរុកោសល្យបឋមលើកដំបូងរបស់ប្រទេសកម្ពុជានៅកំពង់កន្ទួត រួមជាមួយនិងសាលាបឋមសិក្សាចំនួន១៤ និងអគារសាលាមធ្យមសិក្សាចំនួន៥ ផ្សេងទៀត។ និស្សិតកម្ពុជាមួយចំនួនបានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាម៉េរិកក្នុងផ្នែកកសិកម្ម សុខភាពសាធារណៈ បច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីន និងវិស្វកម្ម។ គម្រោងដទៃទៀត រួមមានការកសាងមជ្ឈមណ្ឌលសុខភាព មន្ទីរពេទ្យកុមារ និងបណ្ឌិតសភានគរបាល រួមជាមួយនឹងការពង្រីក និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា ដូចជាការជួសជុលផ្លូវប្រវែង៨០០ម៉ៃល៍ និងស្ពានចំនួន៤៣ ជាដើម។
ចំណុចលេចធ្លោមួយទៀតរបស់អាម៉េរិក គឺការកសាងផ្លូវដែលមានប្រវែង១៤០ម៉ៃល៍ ភ្ជាប់ទីក្រុងភ្នំពញ ទៅនឹងកំពង់ផែដែលទើបតែកសាងថ្មីនៅទីក្រុងព្រះសីហនុដែលស្ថិតនៅតាមឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ ការធ្វើផ្លូវនេះបានចំណាយថវិកាអស់២៥លានដុល្លារអាម៉េរិក គឺជាគម្រោងជំនួយសហប្រតិបត្ដិការទោលធំជាងគេដោយមានកម្មករ អាម៉េរិក និងកម្មករខ្មែរធ្វើការជាមួយគ្នាទៀតផង។
តែទន្ទឹមនឹងនោះ ក៏មានការប្រែប្រួលផងដែរ ក្នុងផ្នែកនយោបាយរបស់ប្រទេសកម្ពុជា។ នៅខែមីនា ឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ បានដាក់រាជ្យដើម្បីបង្កើតគណបក្សសង្គមរាស្ដ្រនិយម ហើយបានចូលរួមបោះឆ្នោតនៅចុងឆ្នាំនោះ។ «សម្ដេច» ដែលត្រូវបានគេហៅនៅពេលនោះ បានឈ្នះការបោះឆ្នោតខែកញ្ញា ដោយស្រួល ហើយបានឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី។
នៅខែតុលា ឆ្នាំ១៩៥៦ លោកឯកអគ្គរដ្ឋទូត McClintock បានបញ្ចប់បេសកកម្មរបស់លោក ហើយលោក Carl W. Strom ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបន្ទាប់របស់សហរដ្ឋអាម៉េរិក។ លោកបានថ្វាយសារតាំងដល់សម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៥៦ ហើយបានកាន់តំណែងនេះរហូតដល់ខែមីនា ឆ្នាំ១៩៥៩។ មុខងារមួយក្នុងចំណោមមុខងាររបស់លោកឯកអគ្គរដ្ឋទូត Strom គឺការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅចំពោះមុខការឈ្លានពានកាន់តែច្រើនឡើងពីកម្លាំងរបស់ថៃ និងវៀតណាម ដែលប្រទេសកម្ពុជាមានប្រវត្ដិជម្លោះទឹកដីជាមួយយូរមកហើយ។ ទោះបីជាទំនាក់ទំនង ត្រូវបានពង្រឹងរវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជាក្ដី តែគោលជំហររបស់សម្ដេចព្រះនរោត្ដម សីហនុ ក្នុងការប្រកាន់យកអព្យាក្រឹតភាព បានចាប់ផ្ដើមធ្វើឱ្យទំនាក់ទំនងមានភាពស្មុគស្មាញ។ សម្ដេចសីហនុ ម្ដងហើយម្ដងទៀត បានទោរទន់ទៅរកសាធារណរដ្ឋប្រជាមានិតចិន ដោយបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងប្រទេសកុម្មុយនីស្ដដទៃទៀតនៅឆ្នាំ១៩៥៧ ដោយនៅពេលនោះ សម្ដេចទទួលបានជំនួយសេដ្ឋកិច្ច។
ដោយកាន់តែធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅទៀតនៅក្នុងកាលៈទេសៈដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលប្រទេសថៃ និងវៀតណាមខាងត្បូង ដែលមានទំនោរទៅរកលោកខាងលិច សម្ដេច សីហនុ បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន នៅខែកក្កដា ឆ្នាំ១៩៥៨ ទោះបីមានការប្រឆាំងរបស់សហរដ្ឋអាម៉េរិកយ៉ាងណាក្ដី។ លោកឯកអគ្គរដ្ឋទូត Strom ត្រូវបានហៅត្រឡប់ទៅស្រុកវិញជាបណ្ដោះអាសន្ន តែសម្ដេច សីហនុ ដោយប្រឈមនឹងបរិយាកាសកាន់តែបាត់ស្ថិរភាពឡើងនៅក្នុងស្រុក បានខិតខំស្ដារទំនាក់ទំនងឡើងវិញ ហើយបានទទួលយកសេចក្ដីអញ្ជើញឱ្យធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គ រួមមានការឈប់សំចតនៅទីក្រុងវ៉ាស៊ីនតោន ទីក្រុងញូវយ៉ក Detroit Chicago និង Los Angeles ផងដែរ។
នៅពេលទៅដល់អាកាសយានដ្ឋានអន្ដរជាតិក្នុងទីក្រុង Los Angeles នៅខែកញ្ញា សម្ដេចបានប្រាប់អ្នកសារព័ត៌មានថា «យើងមិនបានបំភ្លេចទេថាសហរដ្ឋអាម៉េរិក ស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលស្គាល់ប្រទេសរបស់យើង ហើយបានផ្ដល់ការគាំទ្រ និងជំនួយដល់ប្រទេសកម្ពុជា។ ចាប់តាំងពីជំហានដំបូងរបស់យើង ក្នុងការទទួលបានឯករាជ្យ យើងបានបោះជំហានសំខាន់ៗខ្លះទៅមុខ ហើយដំណើរជឿនលឿនទៅមុខនេះត្រូវបានសម្រួលដោយមិត្ដភាព និងជំនួយសប្បុរសជាប្រចាំរបស់អ្នក។ បើកម្ពុជាអាចជំនះបានលើការពិបាកដ៏ធំធេងដែលបាន ជះស្រមោលទៅលើការចាប់កំណើតឡើងនៃឯករាជ្យរបស់កម្ពុជាមួយចំណែកធំ គឺដោយសារសហរដ្ឋអាម៉េរិក។ ប្រជាជនខ្មែរដឹងពីរឿងនេះ ហើយនឹងមិនអាចភ្លេចបានទេ»។
ទស្សនកិច្ចរបស់សម្ដេចព្រះនរោត្ដម សីហនុ បាននាំឱ្យមជ្ឈដ្ឋានអ្នកការទូត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីពិធីជប់លៀងទាក់ទងនឹងប្រទេសកម្ពុជាដែលព្រះអង្គបានរៀបចំឡើងនៅទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន ដោយមានរបាំខ្មែរបុរាណ សម្ដែងដោយម្ចាស់ក្សត្រីបុបា្ផទេវី ព្រះអង្គម្ចាស់ចក្រពង្ស និងអ្នករាំរបាំក្នុងក្រុមរបាំព្រះរាជទ្រព្យផ្សេងទៀត។ កាសែត The Washington Post និង Times-Herald បានហៅព្រះអង្គថា «អ្នករៀប ចំ ពិធីជប់លៀងដ៏ល្អបំផុតនៅពេលនោះ ដោយបានបន្ថែមថា ភ្ញៀវបានសរសើរយ៉ាងខ្លាំងចំពោះការតុបតែង អ្នករបាំ និងសម្លៀកបំពាក់ដ៏ចែងចាំង»។នៅទីក្រុងវ៉ាស៊ីនតោន សម្ដេចសីហនុបានប្រគល់ជូនលោកប្រធានាធិបតី Eisenhower នូវបដិមាករសម័យអង្គរ ក្នុងសតវត្សទី១២ ធ្វើពីថ្មក្រានីតតាន់ ដោយមានព្រះបន្ទូលថា «ដើម្បីជាការដឹងគុណចំពោះជំនួយដែលប្រទេសរបស់លោក បានផ្ដល់ឱ្យប្រទេសរបស់ខ្ញុំ»។ បដិមាករនេះឥឡូវត្រូវបានដាក់តាំងនៅវិចិត្រសាលជាតិ (National Gallery) ។ សម្ដេចព្រះនរោត្ដម សីហនុ ក៏ត្រូវបានទទួលផងដែរដោយលោករដ្ឋមន្ដ្រីការបរទេស Dulles ដោយព្រះអង្គបានបញ្ជាក់សាជាថ្មីដល់លោករដ្ឋមន្ដ្រីនូវការប្ដេជ្ញាចិត្ដរបស់ព្រះអង្គក្នុងការរក្សាអព្យាក្រឹតភាពនៃប្រទេសកម្ពុជា។ លោករដ្ឋមន្ដ្រី Dulles បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចំពោះឯករាជ្យភាពទាំងស្រុងនៃប្រទេសកម្ពុជា។
ទស្សនកិច្ចនោះ គឺជាចំណុចខ្ពស់បំផុត ក្នុងទំនាក់ទំនងទ្វេភាគីក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ដោយលោកឯកអគ្គរដ្ឋទូត Strom បានមានប្រសាសន៍ថា «ខ្ញុំសប្បាយចិត្ដណាស់នៅពេលខ្ញុំបានដឹងថាសម្ដេចបានធ្វើដំណើរដើម្បីបានដឹងពីសហរដ្ឋអាម៉េរិក និងប្រជាជនអាម៉េរិកឱ្យបានកាន់តែច្បាស់។ ខ្ញុំដឹងថា ការជួបជាមួយលោកប្រធានធិបតី Eisenhower និងលោករដ្ឋមន្ដ្រី Dulles មានផ្លែផ្កាច្រើន។ ខ្ញុំសង្ឃឹមថា វានឹងធ្វើឱ្យជនជាតិខ្មែរមានការយល់ដឹងកាន់តែច្បាស់ពីសហរដ្ឋអាម៉េរិក។ ខ្ញុំមានការប្រាកដក្នុងចិត្ដថា ការយល់គ្នាទៅវិញទៅមកបានល្អ ពិតជាធានាដល់ទំនាក់ទំនងមិត្ដភាពរបស់យើង»។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ១៩៥៩ លោក William C. Trimble បានថ្វាយសារតាំងជូនសម្ដេច ព្រះនរោត្ដម សីហនុ ហើយលោកគឺជាឯកអគ្គរដ្ឋទូតម្នាក់ក្នុងចំណោមឯកអគ្គរដ្ឋទូតដែលមានជោគជ័យជាងគេនៅប្រទេសកម្ពុជាក្នុងពេលដំបូងៗ។ ផែនការសម្រាប់ឱ្យមានអគា ស្ថានទូតជាផ្លូវការត្រូវបានផ្ដួចផ្ដើមឡើង។ នៅខែកក្កដា លោករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃសហរដ្ឋអាម៉េរិក Fred A. Seaton បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីសម្ពោធផ្លូវមិត្ដភាពកម្ពុជា-អាម៉េរិក ដែលទើបតែសង់ហើយថ្មីៗនៅពេលនោះ។ ផ្លូវនោះដែលគេច្រើនស្គាល់ថាជាផ្លូវជាតិលេខ៤ រហូតមកដល់ពេលនេះ ត្រូវបានគេចាត់ទុកថាជានិមិត្ដរូបនៃចំណងមិត្ដភាពរវាងរដ្ឋាភិបាលអាម៉េរិក និងរដ្ឋាភិបាលកម្ពុជា។ ស្លាកសម្គាល់នៅចុងទាំងសងខាងនៃផ្លូវនោះ មានចារឹកព្រះបន្ទូលរបស់សម្ដេចព្រះនរោត្ដម សីហនុ និងប្រសាសន៍របស់លោកប្រធានាធិបតី Eisenhower ដែលមានន័យដូចខាងក្រោមនេះ៖
នៅពេលថ្លែងក្នុងឆ្នាំ១៩៦១ និងក្រឡេកមើលទៅទសវត្សរ៍នៃសហប្រតិបត្ដិការគ្នាកន្លងទៅនោះ លោកឯកអគ្គ រដ្ឋទូត Trimble បានមានប្រសាសន៍ថា «វាជាទសវត្សរ៍នៃជោគជ័យដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេល១០ឆ្នាំនេះ ប្រជាជាតិដ៏ចំណាស់ តែមានភាពទំនើបនេះ បានចាក់មូលដ្ឋានគ្រឹះចាំបាច់សម្រាប់ឱ្យមានភាពជឿនលឿន និងវិបុលភាពជាបន្ដទៀត។ ប្រជាជនកម្ពុជាចូលរួមយ៉ាងខ្លាំងក្លាក្នុងការពង្រឹងនិងពង្រីកមូលដ្ឋានគ្រឹះទាំងនេះក្នុងបរិយាកាសនៃសេរីភាព និងសន្ដិសុខ»។នៅក្រោមសម័យការនៃការដឹកនាំរបស់សម្តេចព្រះនរោត្ដមសីហនុ ទំនាក់ទំនងរបស់កម្ពុជា និងសហរដ្ឋអាម៉េរិក មានការកាត់ផ្តាច់ចំនួនពីរលើក ហើយក្នុងអំឡុងរយៈពេលកាត់ផ្ដាច់នោះ ប្រទេសអូស្ដ្រាលីធ្វើជាតំណាងឱ្យសហរដ្ឋអាម៉េរិកនៅភ្នំពេញ ចំណែកប្រទេសបារាំងតំណាងឱ្យប្រទេសកម្ពុជា ក្នុងការទាក់ទងជាមួយក្រុងវ៉ាស៊ីនតោន។ ភាពតានតឹងនៅមានជាបន្ដដោយសហរដ្ឋអាម៉េរិកបានធ្វើការចោទប្រកាន់ថា ពួកកុម្មុយនីស្ដវៀតណាមកំពុងដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់តាមកំពង់ផែក្រុងព្រះសីហនុ ភ័ស្ដុតាងខ្លះបង្ហាញថា កម្ពុជាមានកិច្ចព្រមព្រៀងជាមួយចិន និងវៀត ណាមខាងជើង ក្នុងការរក្សាទុកអាវុធចំនួន ១០ភាគរយ នៃអាវុធទាំងអស់ដែលត្រូវបានដឹកឆ្លងកាត់។ ថ្នាំពេទ្យ និងជាង១ភាគ៤ នៃផលិតផលស្រូវរបស់កម្ពុជា ត្រូវបានលក់ទៅឱ្យវៀតណាមខាងជើង។ នៅមានកង្វល់ផងដែរថា សម្ដេចព្រះនរោត្ដម សីហនុ បានចងសម្ព័ន្ធមិត្ដជាមួយប្រទេសចិន។ នៅត្រឹមចុងឆ្នាំ១៩៦៥ លោកប្រធានាធិបតី Lyndon Johnson បានអនុញ្ញាតឱ្យមានប្រតិបត្ដិការសម្ងាត់ចូលក្នុងប្រទេស កម្ពុជាដើម្បីកម្ទេចមូលដ្ឋានរបស់ពួកវៀតកុង។
ទស្សនកិច្ចរបស់ជំទាវ Jacqueline Kennedy មកប្រទេសកម្ពុជា នៅខែវិច្ឆកា ឆ្នាំ១៩៦៧ ហាក់ដូចជាសញ្ញានៃការប្រែប្រួលល្អនៃទំនាក់ទំនង។ ព្រះអង្គបានរៀបចំសម្រាប់ដំណើរទាំងមូលរបស់លោកជំទាវ ហើយបានស្វាគមន៍លោកស្រីជាភ្ញៀវពិសេស ដោយលោកជំទាវគឺជាជនជាតិអាម៉េរិកដំបូងគេដែលទទួលបាននូវកិត្ដិយសថ្នាក់រដ្ឋខ្ពស់តាំងពីទំនាក់ទំនងត្រូវបានកាត់ផ្ដាច់មក។ កាសែត The New York Times បានសរសេរថា មានមនុស្សប្រមាណ ១០ ០០០នាក់ បានទទួលលោកជំទាវនៅព្រលាន យន្ដហោះ។ អតីតជំទាវទី១ ត្រូវបានស្វាគមន៍ដោយ«នារីក្នុងសម្លៀកបំពាក់ក្រហមនិងស ដៃកាន់ផ្ដិលប្រាក់មានដាក់ផ្កាម្លិះ ដែលគេរាយនៅពីមុខជំទាវ ជាលក្ខណៈស្វាគមន៍តាមប្រពៃណី ព្រះពុទ្ធសាសនា»។ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ Kennedy បានទៅទស្សនាប្រាសាទអង្គរវត្ដ ចូលរួមក្នុងពិធីសម្ពោធផ្លូវមួយដែលបានដាក់ឈ្មោះរបស់លោកប្រធានាធិបតី Kennedy ហើយបានចូលគាល់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ដែលជាមាតារបស់សម្ដេចព្រះនរោត្ដម សីហនុ។
បន្ទាប់ពីនោះបន្ដិច ព្រះអង្គបានបង្ហាញឱ្យឃើញថា ទ្រង់នឹងទទួលបេសកជនរបស់ប្រធានាធិបតី។ លោក Chester A. Bowles បានមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៦៨ ហើយបានពិភាក្សាប្រកបដោយផ្លែផ្កា ស្ដីពីកម្រិតនៃវត្ដមានរបស់ពួកវៀតកុងនៅប្រទេសកម្ពុជា និងពីកង្វល់របស់សម្ដេចព្រះនរោត្ដម សីហនុ លើបូរណភាពព្រំដែនរបស់ប្រទេសកម្ពុជា។ ព្រះអង្គបានគូសបញ្ជាក់ថា ការទទួលស្គាល់ព្រំដែនទាំងនេះ គឺជាការចាំបាច់សម្រាប់ស្ដារទំនាក់ទំនងការទូតឡើងវិញ។ សម្ដេចថែមទាំងបានយល់ព្រមឱ្យមានការធ្វើសកម្មភាពយោធាទ្រង់ទ្រាយតូចរបស់អាម៉េរិកនៅតាមតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ដរាបណាសកម្មភាពទាំងនោះមានកម្រិតតិចតួចមែនទែន។ បន្ទាប់ពីការប្រជុំនោះមក លោក Bowles មានសុទិដ្ឋិនិយម ហើយសង្ឃឹមថាទំនាក់ទំនងនឹងត្រូវបានស្ដារឡើងវិញ។ តែការបង្កើនការវាយប្រហារតាមបណ្ដោយព្រំដែន ដែលជំរុញមួយផ្នែកដោយការវាយប្រហារ Tet Offensive នៅវៀតណាមខាងត្បូង នៅចុងខែមករា ឆ្នាំ១៩៦៨ បានបង្អាក់បញ្ហានេះម្ដងទៀត។
លោក Richard M. Nixon បានស្បថចូលកាន់តំណែងប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៩។ ដោយពួកកុម្មុយនីស្ដវៀតណាមជ្រៀតចូលក្នុងប្រទេសរបស់ព្រះអង្គកាន់តែជ្រៅ ពេលនោះសម្ដេចព្រះនរោត្ដម សីហនុ ចង់ស្ដារទំនាក់ទំនងឡើងវិញ។ លោកប្រធានាធិបតី Nixon បានចាត់វិធានការដោយត្រង់ក្នុងរឿងនេះ ហើយនៅថ្ងៃទី២ ខែមេសា សហរដ្ឋអាម៉េរិកបានចេញសេចក្ដីប្រកាសស្ដីពីព្រំដែន ដោយទទួលស្គាល់អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា។
នៅពេលនោះ ជោគវាសនានៃប្រទេសកម្ពុជា មានសារសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការទទួលបានជោគជ័យ របស់សហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមវៀតណាម។ ភស្ដុតាងបង្ហាញថា មកដល់ឆ្នាំ១៩៧០ ប្រទេសកម្ពុជាចំនួនពី ១ភាគ៥ ទៅ ១ភាគ៣ ត្រូវបានកាន់កាប់ដោយកម្លាំងវៀតកុង និងកម្លាំងវៀតណាមខាងជើង។ ដើម្បីបំបាត់ ឬទប់ដំណើរទៅមុខនៃពួកកុម្មុយនីស្ដ លោកប្រធានាធិបតី Nixon បានអនុញ្ញាតឱ្យមានយុទ្ធនាការទម្លាក់គ្រាប់បែកដោយសម្ងាត់ នៅភាគខាងកើតប្រទេសកម្ពុជា ដែលត្រូវបានគេហៅថា Operation Menu ។ យុទ្ធនាការរយៈពេល ១៤ខែ ដែលបានចាប់ផ្ដើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ មានជើងយន្ដហោះចំនួនជាង ២៣០ ៥១៦ជើង ហើយគ្រាប់ដែលបានទម្លាក់មានទម្ងន់សរុបចំនួន ២ ៧៥៦ ៩៤១ តោន ។ រហូតមកដល់ឆ្នាំ ១៩៧៣ ទើបសាធារណជនអាម៉េរិក ដឹងពីការទម្លាក់គ្រាប់បែកនេះ។
ស្ថានទូតអាម៉េរិក បានចាប់ផ្ដើមបើកឡើងវិញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦៩ ដោយមានលោក Lloyd M. Rives ជាភារធារី ហើយមានបុគ្គលិកចំនួន៨នាក់ ។ ក្រោយមកនៅក្នុងខែដដែលនោះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្ដថ្មីរបស់ក្រុងវ៉ាស៊ីនតោនចំពោះប្រទេសកម្ពុជា លោកព្រឹទ្ធសមាជិកសភា Mansfield បានត្រឡប់មកភ្នំពេញវិញជាលើកទី៣ ដើម្បីការប្រជុំមិត្ដភាពជាមួយសម្ដេចព្រះនរោត្ដម សីហនុ ដែលបានហៅលោកព្រឹទ្ធសមាជិកថាជា «មិត្ដម្នាក់របស់កម្ពុជា ដែលអស្ចារ្យ និងស្មោះត្រង់បំផុត»។ លោក Mansfield បានរួមចំណែកជួយស្ដារទំនាក់ទំនងឡើងវិញ។
ទោះបីទំនាក់ទំនងត្រូវបានសា្តរឡើងវិញក្ដី តែឧប្បត្ដិហេតុរាប់រយនៅតាមបណ្ដោយព្រំដែន និងការទម្លាក់គ្រាប់បែកដោយយន្ដហោះ B-52 រួមជាមួយនឹងការបន្ដរុលចូលមករបស់វៀតណាម ធ្វើឱ្យភាពតានតឹងនៅតែខ្លាំង។ ទន្ទឹមនឹងនោះ ដោយប្រឈមនឹងការស្លាប់និងរបួសក្នុងចំណោមទាហានអាម៉េរិកកាន់តែច្រើន គួបផ្សំនឹងចលនាប្រឆាំងសង្គ្រាមមានកាន់តែច្រើននៅសហរដ្ឋអាម៉េរិក ការដកកងទ័ពអាម៉េរិកពីប្រទេសវៀតណាមក៏បានចាប់ផ្ដើម។
RAC Media | ស៊ឺន សម
ដកស្រង់ចេញពី៖
-សៀវភៅខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាអាម៉េរិក បោះពុម្ពដោយស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា
-The United States and Cambodia, 1879-1969, by Kenton Clymer
-The Unites States and Cambodia, 1969-2000, by Kenton ClymerSeun
គ្រិស្តសាសនា គឺជាសាសនាដែលមានសាសនិកច្រើនជាងគេបង្អស់ក្នុងចំណោមសាសនាធំៗនៃពិភពលោក។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគ្រប់ទ្វីបទាំងអស់។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយគ្រ...
រឿងធម្មបាលកុមារ ដែលគេច្រឡំហៅថា រឿងកបិលមហាព្រហ្ម គឺជាទេវកថាមួយដែលបានបង្កប់នូវខ្លឹមសារទស្សនវិជ្ជាសង្គមនិងនយោបាយខ្មែរយ៉ាងជ្រាលជ្រៅ។ រឿងនេះបាននិងកំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ជនជាតិខ្មែរគ្រប់វ័យ ជាច្រ...
និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រ...
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...
នៅលើលោកនេះមិនថាប្រទេសណាឬប្រទេសណា គឺគ្រប់ជាតិសាសន៍ទាំងអស់ តែងតែមានការប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងខ្លួន គ្រាន់តែថាគេកំណត់ពេលវេលានៃការរៀបចំបុណ្យនេះផ្សេងគ្នា ដោយស្របទៅតាមជំនឿទំនៀម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជាការឆ្លើយតបទៅនឹងការរារាំងគ្រប់រូបភាពចំពោះការកសាងព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ...