ព័ត៌មាន

«បណ្ឌិតសភាចារ្យ សុខ ទូច៖ ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» ដោយ៖ លឹម សុវណ្ណរិទ្ធ

2019-01-05 10:13:29 ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 05:13 PM
អ្នកមើល 8603
post_detail

ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាល​ដើមស្រល់» ដែលរៀប​ចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការឧទ្ទេសនាមផ្ទាល់ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ នេះ។        

ក្នុងបាឋកថាដែលមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបជាង១០០អង្គ/នាក់ដែលមកពីបណ្ដាមជ្ឈដ្ឋានផ្សេងៗគ្នា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងនូវប្រយោគ​មួយឃ្លានេះនៅក្នុងការបកស្រាយរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ទាក់ទងទៅនឹងសំណួរដែលបានចោទឡើងថា «ក្នុងក្របខណ្ឌនយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិ តើនៅក្នុងរដ្ឋាភិបាលដើមស្រល់ ត្រូវធ្វើយ៉ាងដូចម្ដេច?»។        

ជាការឆ្លើយតបទៅនឹងចម្ងល់ខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋាភិបាលមួយត្រូវតែមានភាពបត់បែនយ៉ាងឈ្លាសវៃ ដោយផ្លាស់ប្ដូរឥរិយាបថទៅតាមតថភាពនៃការវិវឌ្ឍ​នៃបរិបទនយោបាយពិភពលោក ដូចជាមនោគមជាដើម។ ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាគោរព គឺត្រូវបង្កើនការវិនិយោគឱ្យកាន់​តែ​ច្រើនបន្ថែមទៀតមកកម្ពុជា។        

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងនូវឧទាហរណ៍មួយថានៅពេលដែលសហភាពសូវៀតមិនទាន់ដួលរលំផង របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលប្រកាន់មនោគមវិជ្ជាកុំម្មុយនីស្តក្រោមសហភាពសូវៀត បែរជាហ៊ានទៅចរចាជាមួយ​នឹង​ក្រុមខ្មែរត្រីភាគីដែលដឹកនាំដោយសម្ដេចសីហនុទៅវិញ ខណៈដែលជំនាញការវៀតណាមកំពុងមានវត្តមានពេញប្រទេសកម្ពុជា។         

ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «ឧទាហរណ៍ ចាប់ពីឆ្នាំ១៩៧៩ដល់១៩៩៣ ពេលនោះសហភាពសូវៀតមិនទាន់ដួលរលំទេ កម្ពុជា គឺមើលនយោបាយនរណា? សហភាពសូវៀត ប៉ុន្តែមានបុរសមួយដែលហៅថាបុរសខ្លាំង គឺសមមិត្ត ហ៊ុន សែន ហ្នឹងឯង ដែលហ៊ានចរចាជាមួយសម្ដេចនរោត្ដមសីហនុ នៅឆ្នាំ១៩៨៧ ពេលហ្នឹងជំនាញការកំពុងនៅពេញប្រទេស»។        

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ការប្រែប្រួលនេះគឺដូចគ្នាទៅនឹងនយោបាយការបរទេសផងដែរ ដែលកាលពីសម័យកាលមុនកម្ពុជាចាត់ទុកអាម៉េរិក ជាប្រទេសឈ្លានពាននិងជាសត្រូវ ប៉ុន្តែពេលនេះក្នុងសម័យព្រះរាជាណាចក្រទី២ កម្ពុជានិងអាម៉េរិក គឺជាដៃគូ ជាមិត្តភាពនឹងគ្នា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នយោបាយការបរទេសក៏ដូចគ្នា នៅពេលនោះអាម៉េរិកជាចក្រពត្តិ អាម៉េរិកជាសត្រូវ ដល់តែឥឡូវអាម៉េរិកគឺជាមិត្តភក្តិ អាម៉េរិកគឺជាមហាអំណាចលេខមួយ ឃើញទេវាប្រែប្រួលលឿនណាស់ លឿនមែនទែន»។        

ដោយភ្ជាប់ប្រធានបទអំពីផ្លាស់ប្ដូរគោលនយោការបរទេសរបស់អាម៉េរិកពីរដ្ឋការលោកអូបាម៉ា មកក្រោមរដ្ឋការរបស់លោក ដូណាល់ត្រាំ ដែលជ្រើសយក នយោបាយ «American First» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់យ៉ាងច្បាស់​ថា បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន ហើយក្នុងទំនាក់​ទំនងរវាងកម្ពុជា ចិន និងអាម៉េរិក គឺជំនួយរបស់មហាអំណាចទាំងពីរនេះមានលក្ខណៈខុសគ្នាដោយ «ជំនួយរបស់​ចិន​គឺមានបំណង ចំណែកឯជំនួយរបស់អាម៉េរិកគឺមានចំណង» ហើយដែលចំណងរបស់អាម៉េរិកមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ ។ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកផងដែរថា ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាដើរតាម គឺត្រូវ​តែ​ផ្ដល់គុណតម្លៃដល់កម្ពុជា ពុំមែនត្រឹមតែការ វិនិយោគបន្តិចបន្តួចដូចបច្ចុប្បន្ននោះទេ។        

ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន។ ចិនជំនួយមានបំណង អាម៉េរិកជំនួយមានចំណង ដែលចំណងនេះមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ។ ប៉ុន្តែការដែលមហាអំណាចចង់ឱ្យគោរពនិងដើរតាម គឺត្រូវផ្ដល់ផលប្រយោជន៍ឱ្យគេ មិន​មែន​យកមកដាក់កម្ពុជា តែកូកាកូឡានិងហាំបឺហ្គ័រនោះទេ។ ហើយកម្ពុជាមិនមែនចាប់តែចិននោះទេ គឺកម្ពុជាក៏បានចាប់ជប៉ុន​ដែរ ដែលត្រង់នេះហើយខ្ញុំបានជប៉ុនថាត្រូវធ្វើផ្លូវឱ្យបានល្អមានគុណភាព ហើយដោយឡាននៅកម្ពុជាភាគច្រើនគឺ​ជា​ឡានជប៉ុនមិនមែនឡានចិននោះទេ» ។        

សរុបចុងក្រោយនៃការបកស្រាយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា «នយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិគឺប្រែប្រួលទៅតាមមេដឹកនាំ របបនយោបាយ និងមនោគមវិជ្ជា»។

RAC Media


អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ក្នុងអាណត្តិដឹកនាំថ្មីរបស់លោកដូណាល់ត្រាំ កម្ពុជាគួរតែច្បាមយកឱកាសពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយមហាអំណាច និងពង្រឹងតួនាទីរបស់ខ្លួនបន្ថែមនៅក្នុងឆាកអន្តរជាតិ

          នៅក្នុងឱកាសឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ បានក...

2025-01-23 03:46:35   ថ្ងៃព្រហស្បតិ៍, 23 មករា 2025 ម៉ោង 10:46 AM
បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយខ្មែរគួរតែបញ្ឈប់នយោបាយជាន់ពន្លិចប្រជាជាតិខ្លួន ចៀសវាងក្លាយខ្លួនទៅជាសត្រូវរបស់ប្រជាជាតិខ្លួនឯង

ស្របពេលដែលកម្ដៅនយោបាយនៅក្នុងប្រទេសកម្ពុជា ហាក់មិនថមថយ ដោយសារតែអ្នកនយោបាយមាននិន្នាការប្រឆាំងនៅបរទេស បានបន្តដុតរោល និងញុះញង់ឱ្យមានការបែកបាក់ជាតិក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការទាញព្រឹត្តិការណ...

2025-01-22 03:12:41   ថ្ងៃពុធ, 22 មករា 2025 ម៉ោង 10:12 AM
បណ្ឌិត យង់ ពៅ៖ លោក សម រង្ស៊ី តែងបរាជ័យលើមហិច្ឆតានយោបាយ ឆ្កឹះឆ្កៀលពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្ន...

2025-01-22 03:07:52   ថ្ងៃពុធ, 22 មករា 2025 ម៉ោង 10:07 AM
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម

          ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត...

2025-01-16 04:18:24   ថ្ងៃព្រហស្បតិ៍, 16 មករា 2025 ម៉ោង 11:18 AM
បណ្ឌិត យង់ ពៅ៖ ដំណើរដឹកនាំកម្ពុជាជាង៤០ឆ្នាំរបស់សម្ដេចតេជោ បានបង្ហាញពីវីរៈភាពបុរសខ្លាំងកម្ពុជា និងនាំមកនូវកិត្យានុភាពជាតិខ្មែរ

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញទស្សនៈយល់ឃើញរបស់លោក អំពីដំណើរវិវត្តនៃការកាន់តំណែង និងសមិទ្ធផលសំខាន់ៗដែលសម្...

2025-01-15 04:14:20   ថ្ងៃពុធ, 15 មករា 2025 ម៉ោង 11:14 AM
បណ្ឌិត យង់ ពៅ៖ សុឆន្ទៈកម្ពុជាចំពោះ កិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិក និងការកែប្រែទស្សនៈនយោបាយចំពោះទំនាក់ទំនង កម្ពុជា-សហរដ្ឋអាម៉េរិក

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបំណងបន្តកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលត្រូវបានកម្ពុជាលើកឡើងនៅថ្ងៃទី១៣ ខែមករា ដោយស្នើឱ្...

2025-01-15 02:24:14   ថ្ងៃពុធ, 15 មករា 2025 ម៉ោង 09:24 AM

សេចក្តីប្រកាស